លោក ហ៊ុន សែន ថ្លែងថា​បើ​បក្សប្រជាជន​ឈ្នះឆ្នោត​ទៀត ពលរដ្ឋ​គ្រប់រូប​អាច​រួមរស់នៅ​ជាមួយគ្នា

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវកំណាត់ផ្លូវជាតិលេខ៥ ពីខេត្តបាត់ដំបង ទៅក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ថ្ងៃទី១០ ខែមករា ឆ្នាំ២០២២។ (រូប៖​ ហ្វេសប៊ុក​លោក ហ៊ុន សែន)

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងថា បើសិនជាគណបក្សប្រជាជនកម្ពុជាឈ្នះឆ្នោតបានដឹកនាំប្រទេសកម្ពុជាបន្តទៀត ពលរដ្ឋគ្រប់រូប​អាចរួមរស់នៅជាមួយគ្នាបានដោយសុខសាន្ត ខណៈថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិដែលត្រូវតុលាការរំលាយបានព្យាយាមចរចាបញ្ចប់ជម្លោះនយោបាយ និងបានវិលចូលមករស់នៅកម្ពុជាវិញ តែត្រូវបានបក្សកាន់អំណាចបដិសេធ។

ក្នុងពិធីដាក់សម្ពោធសមិទ្ធផលនានា ដែលជាគម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ-លូ ក្នុងរាជធានីភ្នំពេញ ជំហានទី៤ នាថ្ងៃពុធនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អំពាវនាវទៅមន្ត្រីនិងអាជ្ញាធរត្រូវធ្វើយ៉ាងណា ដើម្បីឱ្យប្រជាពលរដ្ឋបានចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ដោយសេរី និងគ្មានអំពើហិង្សាកើតឡើង។

លោកបន្តថា​ បើសិនជាគណបក្សប្រជាជនកម្ពុជាឈ្នះឆ្នោតបានដឹកនាំប្រទេសបន្តទៀតនោះ អ្នកណាក៏អាចរស់នៅជាមួយគ្នាបានដែរ។

លោកថា​៖ «បងប្អូនប្រជាពលរដ្ឋអាចនឹងយល់បានហើយ​ អ្វីទៅដែលគួរធ្វើ អ្វីទៅដែលមិនគួរធ្វើ​ ពេលដែលគណបក្សប្រជាជននៅគ្រប់គ្រងអំណាច​ បងប្អូនយល់ឃើញយ៉ាងម៉េច រស់នៅបានយ៉ាងម៉េច អីយ៉ាងម៉េច​! និយាយតាមមួយបែបខ្លីថា ​បើសិនជាគណបក្សប្រជាជនឈ្នះដឹកនាំ​ប្រទេស អ្នកណាក៏នៅជាមួយបានដែរ ព្រោះឥលូវជាក់ស្ដែងកំពុងនៅជាមួយ​ចំនួន១៧គណបក្ស​ចូលរួមបោះឆ្នោត មួយចំនួនគាត់មិនចូលរួមបោះឆ្នោតឃុំ-សង្កាត់ទេ ​គាត់ត្រៀមចូលរួមបោះឆ្នោតថ្នាក់ជាតិវិញ»។

លោក ហ៊ុន សែន ចាត់ទុកការថ្លែងរបស់លោកនាថ្ងៃនេះ មិនមែនជាការឃោសនាទេ ប៉ុន្តែលោកថា គ្រាន់តែជាការបញ្ជាក់ ដើម្បីទប់ស្កាត់​កុំឱ្យមានអំពើហិង្សាទាំងការវាយឬការជេរប្រមាថគ្នា​ ក្នុងដំណើរការបោះឆ្នោតនៅកម្ពុជាតែប៉ុណ្ណោះ។

បន្ថែមពីនេះ លោកក្រើនរម្លឹកទៅអាជ្ញាធរទាំងអស់ត្រូវបង្កលក្ខណៈងាយស្រួលដល់គណបក្សនយោបាយ អំឡុងពេល​ឃោសនាបោះឆ្នោត ដោយគណបក្ស​ទាំងអស់មានសិទ្ធិដូចៗគ្នា​ ដើម្បីជាការបង្ហាញពីបរិយាកាសនយោបាយអព្យាក្រឹត្យ​។

អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក ហង្ស ពុទ្ធា ចាត់ទុកការលើកឡើងរបស់លោក ហ៊ុន សែន ថាមិនស្ថិតនៅក្នុងដែនសមត្ថកិច្ចរបស់ គ.ជ.ប នោះទេ។

លោកថា៖ «សូមជម្រាបថា នេះគឺជាសម្ដីរបស់នាយករដ្ឋមន្ត្រី ក្នុងនាមជាអ្នកគ្រប់គ្រងប្រទេស មិនស្ថិតក្នុងអំឡុងពេលឃោសនាដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតត្រូវធ្វើតាមដានកំណត់នោះទេ។ ការទទួលខុសត្រូវនិងដែនសមត្ថកិច្ចរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គឺសម្រាប់ថ្ងៃទី២១ រហូតដល់ថ្ងៃទី៣ អំឡុងពេលនៃការឃោសនាបោះឆ្នោត ទើបជាដែនសមត្ថកិច្ចគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ក្នុងការពិនិត្យពិចារណាលើការងារឃោសនាបោះឆ្នោត»។ 

នាយកប្រតិបត្តិគណៈកម្មាធិការអព្យាក្រឹត និងយុត្តិធម៌ ​ដើម្បីការបោះឆ្នោតដោយសេរី និងត្រឹមត្រូវ (និចហ្វិក) លោក សំ គន្ធាមី ចាត់ទុកការលើកឡើងរបស់ គ.ជ.ប មិនមែនជារឿងថ្មីនោះទេ ដោយសារគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបច្ចុប្បន្នមានតែមកពីគណបក្សប្រជាជនកម្ពុជាតែប៉ុណ្ណោះ។

លោកបន្តថា បើតាមការសម្រេចរបស់ ​គ.ជ.ប មិនអនុញ្ញាតឱ្យមន្ត្រីរាជការឆ្លៀតឱកាសយកម៉ោងរដ្ឋបាលមកឃោសនាគណបក្សរបស់ខ្លួនខុសពីសេចក្ដីសម្រេចនោះឡើយ។

លោកថា៖ «គ.ជ.ប គាត់ថាផុតដែនសមត្ថកិច្ចគាត់! គាត់និយាយតែអ៊ីចឹង កាលណាគាត់អត់ចាត់វិធានការ ថាមិនមែនដែនសមត្ថកិច្ចគាត់ទេ ព្រោះអីអត់ទាន់ដល់ពេលឃោសនាផង។ តាមពិតអាហ្នឹងមិនទាន់ឃោសនា ក៏ច្បាប់គេមានដែរ ច្បាប់លក្ខន្តិកៈមន្ត្រីរាជការ ស៊ីវិល កងកម្លាំងប្រដាប់អាវុធស្អីៗហ្នឹង គេតម្រូវមិនឱ្យពាក់ព័ន្ធនឹងនយោបាយ ឃោសនាហ្នឹង»។

កាលពីឆ្នាំ២០១៩ ថ្នាក់ដឹកនាំរបស់គណបក្សសង្រ្គោះជាតិមួយក្រុមរស់នៅក្រៅប្រទេស ដែលមានលោក សម រង្ស៊ី នាំមុខនោះ​ បានព្យាយាមកៀរគរកម្លាំងដើម្បីវិលចូលកម្ពុជាវិញ ប៉ុន្តែត្រូវបានបរាជ័យ ក្រោយពេលរដ្ឋាភិបាលដាក់កម្លាំងស្ទើរគ្រប់ច្រក ទាំងច្រកព្រំដែនគោក ទឹក និងអាកាស ដើម្បីហាមឃាត់ពួកគេពេលនោះ។

ក្រោយបរាជ័យក្នុងដំណើរមាតុភូមិនិវត្តន៍របស់លោក សម រង្ស៊ី រួចមក គណបក្សសង្រ្គោះជាតិដែលត្រូវបានតុលាការរំលាយ ក្រុមអ្នកនៅក្រៅប្រទេសដដែលនោះ នៅខែធ្នូ ឆ្នាំ២០២០ បានប្រកាសវិលចូលស្រុកជាថ្មីទៀតនៅដើមខែមករា ឆ្នាំ២០២១ ដែលដឹកនាំដោយអនុប្រធានគណបក្សមួយនេះ គឺលោកស្រី មូរ សុខហួរ។ ប៉ុន្តែគម្រោងវិលចូលកម្ពុជាដើម្បីចរចាជាមួយគណបក្សកាន់អំណាចរបស់ក្រុមអ្នកស្រី មូរ សុខហួរ ត្រូវបានបរាជ័យជាថ្មីទៀតផងដែរ ស្របពេលប្រធានគណបក្សប្រជាជនកម្ពុជា លោក ហ៊ុន សែន ធ្លាប់ប្រកាសហើយថា គ្មានអ្វីត្រូវចរចាជាមួយគ្នាទៀតនោះឡើយ។

អនុប្រធានបណ្ដោះអាសន្នគណបក្សកែទម្រង់កម្ពុជា លោក អ៊ូ ច័ន្ទរ័ត្ន យល់ថា ការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រី ជាការពិត ប៉ុន្តែការរស់នៅនោះមិនស្មើភាពនិងគ្មានយុត្តិធម៌ឡើយ ដោយសារបច្ចុប្បន្ន សិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋត្រូវបានរឹតត្បិតនិងកំពុងរងភាពអយុត្តិធម៌ ដោយការរំលោភដីធ្លី ជាដើម។ ចំណែកគណបក្សនយោបាយក្រុមប្រឆាំងវិញ មកដល់សព្វថ្ងៃនេះ នៅតែរងការធ្វើទុក្ខបុកម្នេញដដែល។

លោកថា៖ «រឿងឈ្នះនិងចាញ់ជារឿងធម្មតាទេ ប៉ុនឈ្នះដោយការធ្វើទុក្ខបុកម្នេញ ឈ្នះដោយភាពអយុត្តិធម៌ អាហ្នឹងមិនអាចធ្វើឱ្យមនុស្សមានសេចក្ដីសុខបាន រួមរស់ជាមួយគ្នាដោយសុខដុមរមនាបានទេ។ ដូច្នេះ អ្វីគួរគិត គួរតែកែប្រែ អ្វីដែលកន្លងហើយ ឱ្យវាផុតទៅ ប៉ុន្តែកែប្រែសម្រាប់អនាគតកូនចៅជំនាន់ក្រោយៗ តើគ្នារស់នៅដោយសុខដុមរមនា ឬរស់នៅដោយប្រឆាំងតទល់គ្នារវាងខ្មែរនឹងខ្មែរតទៀត»។

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បង្ហាញថា ការបោះឆ្នោតជ្រើសរើសក្រុម​​ប្រឹ​​ក្សា​​​​​​​ឃុំ​​សង្កា​​ត់​​​​​​​អាណត្តិទី៥ មានគណបក្សនយោបាយចំនួន១៧គណបក្ស បានចុះបញ្ជី ដើម្បីចូល​​​រួម​​ប្រ​​​កូត​​​​ប្រ​​ជែ​​​ងនៅខែមិថុនា ខាងមុខនេះ។

ក្នុងចំណោមគណបក្សនយោបាយទាំងនោះ មានតែ៤គណបក្ស​​ន​​យោបា​យដែលបានដាក់បេក្ខភាពបានច្រើនជាងគេនៅទូទាំង​២៥រា​ជធានី-ខេត្ត។ គណបក្ស​​ទាំង៤​​នោះ ​​រួមមាន គណបក្សប្រជាជនកម្ពុជា គណបក្សភ្លើងទៀន គណបក្សខ្មែររួបរួម​​ជាតិ និងគណបក្ស​​ហ្វ៊ុនស៊ិន​​ប៉ិច​​។ ប៉ុន្តែគណបក្សដែលដាក់បេក្ខជនបានច្រើនជាងគេលំដាប់ទី២ បន្ទាប់ពី​​គណ​​បក្ស​​កាន់អំណាច គឺ​​គ​​ណ​​​​​​បក្ស​​​ភ្លើងទៀន ដែលមាន១ ៦២៣ឃុំ-សង្កាត់ ក្នុងចំណោម​​ឃុំសង្កាត់​​សរុប​​ចំនួន១​​៦ ​​៥៤ឃុំ-​​សង្កាត់​​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ