សហមេធាវី​នឹង​ដាក់​លិខិត​ស្នើ​តំណាង​ប្រទេស​ដែល​ពាក់ព័ន្ធ​រឿងក្ដី​លោក កឹម សុខា ចូលរួម​សវនាការ

លោក កឹម សុខា ធ្វើដំណើរត្រលប់ទៅគេហដ្ឋានវិញ ក្រោយចេញពីសវនាការនៅសាលាដំបូងរាជធានីភ្នំពេញ ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២។ (គួយ ឡង់ឌី)

សហមេធាវីការពារសិទ្ធិឱ្យ​​​​លោក​ កឹម សុខា បញ្ជាក់​ថា​ នឹង​ដាក់​លិខិត​​ទៅ​កាន់​​តំ​​ណាង​​​​ប្រទេស និង​ភាគី​ពាក់​ព័ន្ធ​ផ្សេង​ទៀត ក្នុង​សំណុំ​រឿង​ «សន្ទិដ្ឋិភាព ដែល​ត្រូវ​រ៉ូវ​ជាមួយ​​​រដ្ឋ​​​បរទេស» ក្នុង​ពេល​ឆាប់ៗ​នេះ​​​ ដើម្បីឱ្យ​ចូល​​​​​រួម​​​​ស​​​​វ​នាការដោយផ្ទាល់ នៅ​ពេលមាន​ការ​ជំនុំ​ជម្រះ​បន្ត​បន្ទាប់​ទៀត។

ការអះអាងដូច្នេះរបស់ក្រុមសហមេធាវីការពារសិទ្ធិឱ្យជនជាប់ចោទនេះ ធ្វើឡើង​នៅ​ចំ​ថ្ងៃ​សវនា​ការ​លើក​​​​ទី​​​៣​​៧ របស់លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិដែលត្រូវបានតុលាការ​រំលាយ នៅថ្ងៃ​ពុធ​នេះ។

ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាននៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ ក្រោយចេញពី​​បន្ទប់​​ជំនុំ​​ជ​​ម្រះ​ លោក អាង ឧត្ដម ដែលជាសហមេធាវីម្នាក់ ក្នុងចំណោមមេធាវីការពារសិទ្ធិឱ្យលោក កឹម សុខា ទាំង​​៤រូប ឱ្យដឹង​ថា យ៉ាងយូរដើមខែ​ឧសភាខាងមុខនេះ ក្រុមមេធាវីនឹងធ្វើលិខិត​​អញ្ជើញ​​តំ​ណាង​ប្រទេសដែលពាក់ព័ន្ធក្នុងបទចោទនេះ ឱ្យចូលរួមសវនាការ និងសួរដេញដោលដោយផ្ទាល់។

ប្រភពបន្តថា ភាគីមេធាវីការពារសិទ្ធិឱ្យជនជាប់ចោទ គ្មានសមត្ថកិច្ច ដែល​​ត្រូវ​​​កោះ​​ហៅឬ​ចេញ​ដីកា​ទៅ​ឱ្យ​ភាគី​ណា​មួយ​ទេ ប៉ុន្តែដោយ​សារ​តុលាការ​បង្ខំ ហេតុដូច្នេះ ច​ង់ឬមិន​​ចង់ ​​ក្រុម​​មេ​​ធាវី​ការ​ពារ​សិទ្ធិ​ឱ្យ​លោក កឹម សុខា នឹងអនុវត្តចេញ​លិខិត​ឆាប់ៗនេះជំនួសតុលាការវិញ។

លោកបន្តថា៖ «ដល់គាត់រុញមកអ៊ីចឹង បានន័យថា គាត់រុញខុស។ យើងនឹងរុញ​ដាក់​មាត់​គាត់​វិញ ​ឱ្យ​គាត់​ទទួល។ គាត់ធ្វើតាមឬមិនធ្វើតាម ជារឿងគាត់។ ហើយពេលហ្នឹង បើមានសវនាការ យើង​នឹង​​បើក​​​​​​កកាយឱ្យអស់ថាតើមានអ្នកណាខ្លះនៅក្នុងហ្នឹង។ តាមពិត ពួកខ្ញុំអត់ត្រូវនិ​​យាយរឿង​​ហ្នឹង​​​​មុ​​ន​ទេ​ ព្រោះមិនចង់ព្រលយឬហុចឱ្យដឹងមុនទេ តែបើបានសួរបែប​​ហ្នឹងទៅហើយ យើង​​ត្រៀម!​​ បើ​មិន​ចុង​ខែ​ហ្នឹង ក៏ដើមខែក្រោយដែរ»។

ការបញ្ជាក់ជំហរ​​របស់លោកមេធាវី អាង ឧត្ដម គឺឆ្លើយតបទៅនឹងប្រធានក្រុមប្រឹក្សា​​ជំនុំ​​ជម្រះ ​​​លោក កូយ សៅ ដែលថ្លែងនៅក្នុងអង្គសវនាការ នៅនាទីចុងក្រោយនៃសវនាការ។ ​​

នៅក្នុងសវនាការ​​ សហមេធាវីការពារសិទ្ធិ​​ឱ្យជន​ជាប់​​​​ចោទ​​ម្នាក់​​​​ទៀត គឺលោកមេធាវី ចាន់ ចេន ស្នើ​ទៅ​តុលាការគួរ​ចេញដីកាកោះ​ហៅ​ប្រទេស​ដែល​​​ជា​​ប់​​​​ពាក់ព័ន្ធនឹងបទចោទ​នេះ ឱ្យមក​ចូល​រួម​សវនាការ ដើម្បី​ជម្រះ​មន្ទិល​សង្ស័យ និងបង្ហាញ​​ពី​ភាព​​​​ស្អា​តស្អំ​កូនក្ដីរបស់​ខ្លួន​ផង។

ជាការ​ឆ្លើយតបភ្លាមៗ លោក កូយ សៅ បាន​ណែនាំ​ឱ្យ​លោកមេធាវីការពារសិទ្ធិ​ឱ្យ​​ជន​​​​​ជាប់​​ចោទ ​​ពិនិត្យ​​មើល​​ពី​អនុ​​​សញ្ញា​ទីក្រុងវីយ៉េនផង ព្រោះ​អនុសញ្ញា​នេះគ្មាន​លក្ខខណ្ឌ​ណា​មួយ​ដែល​​​អាច​បើក​​ផ្លូវ​​ឱ្យ​​​មាន​​ការកោះ​​អញ្ជើញ​​ប្រ​ទេស ឬ​​តំណាងប្រទេសទាំងនោះ មករួមសវនាការ​ទៅ​​តាម​​ការ​កោះ​​ហៅរបស់​​កម្ពុជា​​បាន​​ទេ​​។ ​​លើ​​ស​​​​ពីនេះទៅទៀត លោក កូយ សៅ អះអាងថា បើពិត​​អាច​​​ចូ​​ល​​​​​​រួម​​សួរដេញដោលនៅក្នុងអង្គ​សវនាការបានមែន ត្រូវតែចូលស្បថ និង​​អនុ​​វត្ត​​តាម​​​យុត្តាធិការរបស់​តុលាការកម្ពុជាដែរ។

លោក កឹម សុខា ត្រូវបានតុលាការចោទប្រកាន់ពីបទ «សន្ទិដ្ឋិភាព ត្រូវរ៉ូវជាមួយរដ្ឋបរទេសចង់ផ្ដួល​​រំ​​លំ​​​រដ្ឋាភិបាល»។ តាមរយៈ​លិខិតស្នើសុំចាត់វិធានការមួយច្បាប់ដែល​​ចេញ​​កាល​​​​ពីខែ​កញ្ញា ឆ្នាំ​២០១៧ គឺ​​មា​នភ្ជាប់មកជា​​មួយ​​​ឈ្មោះ​​ប្រទេសចំនួន​៩ អង្គការអន្តរជាតិចំនួន​៨ និងបុគ្គល​​ដែល​​​​​ជាប់​ពាក់​ព័ន្ធ​ក្នុង​បទ​ចោទចំនួន​៥នាក់​​។

មន្រ្តីអង្កេតជាន់ខ្ពស់​នៃសមាគមការពារសិទ្ធិមនុស្ស​អាដហុក (Adhoc) លោក ស៊ឹង សែនករុណា យល់​ឃើញ​ថា សវនាការដែលអាចទទួលបាននូវយុត្តិធម៌ លុះត្រាគ្រប់ភាគីពាក់ព័ន្ធក្នុងរឿងក្ដី បាន​​ចូល​​​រួមតាំងពីដំណាក់កាលសួរដេញដោលរហូតដល់សវនាកា​​រលើអង្គសេចក្ដី។

ប៉ុន្តែលោក​​មាន​​ជំ​នឿថា​ ​ប្រសិនបើមេធាវីពង្រីកនីតិវិធីបន្តទៀត មានន័យថា រឿងក្ដីមួយ​នេះ​នឹង​បន្ត​អូស​បន្លាយរក​​ទី​​បញ្ចប់​​គ្មាន​ទេ។ បើតាមលោក ករុណា បើទោះជានៅពេលនេះ មេធាវី​ព្យាយាម​បន្ត​នីតិ​វិធី តែ​​ការ​​​សម្រេច​នៅនាទី​​ចុង​​​ក្រោយ គឺអាស្រ័យលើ​តុលាការ​ជា​អ្នក​កំណត់​ផ្លូវ​ដើរ​ដដែល​ទេ។

លោកបន្តថា៖ «អ៊ីចឹងយើងក៏មិនទាន់ដឹងថាតើពេលវេលាហ្នឹង​នឹងត្រូវចប់នៅពេលណាផង​ ហើយ​​ទ​ម្រាំ​តែ​​មាននីតិវិធីដែលមេធាវីបន្តនេះទៀត ខ្ញុំគិតថា វាកាន់តែមាន​​ភាពវែងឆ្ងាយបន្តទៅ​ទៀត។​​ ហើយ​​​​​​ក៏​​​មិនប្រាកដថា រដ្ឋបរទេស ឬក៏អង្គការបរទេស គេចូលរួមដែរ»។

ត្រលប់មកកាន់សវនាការវិញ​ ក្នុងនាមជាជនជាប់ចោទ​​​ឈរ​​ក្នុង​​​​រង្វង់​​ក្រចកសេះ លោក កឹម សុខា ត្រូវ​រង​​ការ​សួរ​ដេញ​ដោលតាំង​​​ពី​​តំ​ណាង​​​អយ្យ​​ការ​​​ផង មេធាវី​ការ​ពារ​ក្ដីឱ្យ​ដើម​បណ្ដឹង​រដ្ឋប្ប​វេណី​ផង និង​ពីក្រុមប្រឹក្សាជំនុំជម្រះផង។

សំណួរភាគច្រើន គឺនៅបន្តផ្ដោត​ទៅលើ​ការចុះឈ្មោះបោះឆ្នោត ការពិនិត្យបញ្ជីឈ្មោះបោះឆ្នោត និង​នី​​តិ​​វិធី​នៃដំណើរការបោះឆ្នោត កាលពីឆ្នាំ២០១២។ គេសង្កេតឃើញថា ចម្លើយ​ជារួម​របស់​​លោក កឹម សុខា នៅតែរក្សាដូចដើម គឺមិនចាំ មិនសូវប្រាកដ និងឆ្លើយរួច​ហើយ​ ជាដើម។

ផ្ដើម​ចេញ​ពី​បញ្ហានេះ បង្កទៅជាមានភាពតាន​តឹងទៅៗនៅក្នុងអង្គសវនាការ។ លោក កឹម សុខា បាន​​​ហៅការ​​សួរដេញដោលរបស់តំណាងអយ្យការ ដែល​តាំង​សំណួរ​ឡើង​ដោយ​លោក ឆាយ ហុង ថាជា​​សំណួរច្រំដែលៗ ឬជាសំណួរត្រឡប់ត្រឡិន។

ភ្លាមៗ តំណាងអយ្យការម្នាក់ទៀត គឺលោក ប្លង់ សុផល ដែលនៅចាំការពារ​រាល់​ពេល​មាន​​​ប្រតិ​​​កម្ម​​ណា​មួយ​ពីភាគីចុងចោទ បានឡើង​ជំទាស់ ដោយ​សម្អាង​ហេតុ​ថា មូលហេតុ​​ដែលនាំ​​ឱ្យតំ​​ណា​​ង​​​អយ្យការនៅបន្តសួរ ដោយសារជនជាប់ចោទឆ្លើយមិនចំទៅនឹង​អ្វីដែល​​តំណាងអយ្យការ​​ចង់​​បាន​​​​។ បើទោះជាបែបណា ការខ្វែងគំនិតគ្នាកាន់តែបន្តក្ដៅទៅៗរវាងភាគីអយ្យការ និងសហមេ​​ធា​​វី​​​​​​ការ​​​​ពារសិទ្ធិឱ្យជនជាប់ចោទ ប៉ុន្តែការទាស់ដោយសម្ដីនេះ គេសង្កេតឃើញភាគច្រើនហាក់ឆ្លើយ​​ឆ្លង​​​​​ជា​​រឿង​​ផ្ទាល់​ខ្លួនច្រើនជាងបទចោទទៅវិញ។

សម្រាប់លោក ស៊ឹង សែនករុណា អ្នកជំនាញផ្នែកសិទ្ធិមនុស្ស ដែលចូលរួមអង្កេត​នៅក្នុងសវ​នា​​ការ​​​​​​ដោយ​ផ្ទាល់ កត់សម្គាល់ឃើញថា ការបន្តនីតិវិធីសួរដេញដោលនេះ ហាក់មិនបានចំណេញ​ដល់​​​ជន​ជាប់​ចោទ​ទាល់​តែ​សោះ។

លោកបន្តថា៖ «លោក កឹម សុខា ខ្លួនឯងក៏ហាក់ដូចជាធុញទ្រាន់​ដែរ​ នូវការសាក​សួរដដែល​ដែរ ហើយ​​​ទាំងសំណួរហ្នឹងក៏បានសួរហើយដែរ។ នៅពេលលោក កឹម សុខា ឆ្លើយសំណួរ ខាង​​តំណាង​​អយ្យការក៏ឆ្លៀតបន្ថែមនូវការសន្និដ្ឋានរបស់ខ្លួន គ្រប់សំណួរដែលខ្លួន​​បានសួរហើយ​​មានការឆ្លើយ​​តប​ហើយ ក៏នៅធ្វើការសន្និដ្ឋាន ជាហេតុធ្វើឱ្យចម្រូងចម្រាសមានការលើកឡើង​​តតាំងគ្នារវាង​​មេ​​ធា​​​​វីដែលការពារឱ្យលោក កឹម​ សុខា អ៊ីចឹងទៅ »។

បើទោះជាបែបណា សហមេធាវីការពារឱ្យដើមបណ្ដឹងរដ្ឋប្បវេណីម្នាក់ បានឆ្លើយតបក្រៅផ្លូវការនៅ​​ចុងបញ្ចប់​នៃការជំនុំជម្រះ ដោយចាត់ទុកការតតាំងនៅក្នុងអង្គសវនាការ​របស់មេធាវីការ​​ពារ​​សិទ្ធិ​​​ឱ្យ​លោក កឹម សុខា ថាព្យាយាមពន្លាតរឿងដែល​គ្មាន​ប្រយោជន៍ និងបរិហារ​ខុស​អង្គ​ហេតុ។

លោក កឹម សុខា ត្រូវបានសមត្ថកិច្ចចាប់ខ្លួន​ទាំងនៅមានអភ័យឯកសិទ្ធស​​ភា កាលពី​ដើមខែកញ្ញា ឆ្នាំ​២០១៧ ហើយ​​សវនាការលើសំណុំរឿងនេះ​ បានបន្តអូសបន្លាយប្រមាណ២ឆ្នាំមក​ហើយ។ ប្រធានក្រុមប្រឹក្សាជំនុំជម្រះ លោក កូយ សៅ បានសម្រេចនៅក្នុងអង្គសវនាការថា នឹង​​បន្តនីតិវិធី​​សួរ​​​ដេញ​​ដោលជាថ្មីទៀតចំពោះរឿងក្ដីនេះ នៅថ្ងៃទី​២៧ ខែ​មេសា ខាងមុខនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ