ពន្ធនាគារ​មួយចំនួន​មិនទាន់​ទទួល​បាន​ព្រះរាជក្រឹត្យ​លើកលែង​ទោស​ទណ្ឌិត​នា​ឱកាស​បុណ្យចូលឆ្នាំ​នៅឡើយ

រថយន្តពន្ធនាគារដែលដឹកអ្នកជាប់ចោទមកចូលសវនាការនៅសាលាដំបូងរាជធានីភ្នំពេញ ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១។ (ហ៊ី ឆាយ)

ប្រធានពន្ធនាគារនៅបណ្ដាខេត្តមួយចំនួនអះអាងថា ពួកគេមិនទាន់ទទួលបានព្រះរាជក្រឹត្យលើកលែងនិងបន្ធូរបន្ថយទោសដល់ទណ្ឌិតនាឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ​​នៅឡើយទេ ​ខណៈសង្គមស៊ីវិលថាភាពយឺតយ៉ាវនេះនឹង​ប៉ះពាល់ដល់ដល់ទណ្ឌិត​ ព្រមទាំងបង្កឱ្យមានភាពចង្អៀតណែនក្នុងពន្ធនាគារ​។

បើតាមព្រះរាជក្រឹត្យកាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ បញ្ជាក់ថា ចំពោះលក្ខខណ្ឌ បែបបទ និងនីតិវិធីនៃការបន្ធូរបន្ថយ​និងលើកលែងទោសចំពោះទណ្ឌិត ត្រូវកំណត់អាចស្នើសុំ «៥ដងក្នុងមួយឆ្នាំ» ដោយធ្វើឡើងនៅក្នុងឱកាសនៃពិធីបុណ្យជាតិ ឬព្រឹត្ដិការណ៍ធំៗ ដូចជា ទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ ពិធីបុណ្យវិសាខបូជា ពិធីបុណ្យឯករាជ្យជាតិ និងព្រះរាជពិធីបុណ្យអុំទូក។

ប្រធានពន្ធនាគារខេត្តបន្ទាយមានជ័យ លោក អ៊ុង ស៊ីថាន ថ្លែងប្រាប់ វីអូឌី នៅថ្ងៃទី២០ ខែមេសានេះថា ​ពន្ធនាគារខេត្តបន្ទាយមានជ័យក៏បានប្រជុំគណៈកម្មការស្នើឱ្យដោះលែងទណ្ឌិតទៅតាមនីតិវិធីច្បាប់រួចហើយដែរ ប៉ុន្តែពុំទាន់មានការឆ្លើយតបពីថ្នាក់លើនៅឡើយ។

លោក អ៊ុង ស៊ីថាន ថា៖ «អត់ទាន់មានគោលការណ៍ [ដោះលែងនាឱកាសចូលឆ្នាំប្រពៃណីជាតិ ២០២២] ហ្នឹងផង! គ្រាន់តែថាគោលការណ៍ [កន្លងមក] យើងធ្វើតាមកម្មវិធី តាមព្រះរាជក្រឹត្យ បន្ធូរបន្ថយទោសរាល់ឆ្នាំ។ [ឆ្នាំនេះ] យើងធ្វើ [ស្នើ] ទៅហើយ ប៉ុន្តែមិនទាន់ធ្លាក់មកផងសម្រាប់ចូលឆ្នាំ ពិសាខបូជា»។

ចំណែកប្រធានពន្ធនាគារខេត្តកំពង់ចាម លោក ហ៊ុន ខី មានប្រសាសន៍ថា នាឱកាសចូលឆ្នាំប្រពៃណីជាតិកន្លងទៅនេះ មិនទាន់មានព្រះរាជក្រឹត្យលើកលែងទោសដល់ទណ្ឌិតសម្រាប់ខេត្តលោកនៅឡើយទេ ខណៈលោកមិនដឹងច្បាស់ទេថាការដោះលែងនិងបន្ធូរបន្ថយទោសនេះនឹងប្រព្រឹត្តទៅនៅពេលណា។

លោក ហ៊ុន ខី ថា៖ «ដោះលែងពេលបុណ្យមែន? មិនទាន់ចេញផង មាន[ដោះលែង] តែមិនទាន់ចេញ! ព្រះរាជក្រឹត្យមិនទាន់ចេញ»។

ដោយឡែក ប្រធានពន្ធនាគារខេត្តរតនគិរី លោក អ៊ុក គឹមជន ប្រាប់ថា ខេត្តនេះបានស្នើទៅថ្នាក់ជាតិឱ្យមានការលើកលែងនិងបន្ធូរបន្ថយទោសទណ្ឌិតនាឱកាសបុណ្យចូលឆ្នាំប្រពៃណជាតិរួចហើយ ប៉ុន្តែពុំទាន់មានការឆ្លើយតបនៅឡើយ។

លោកថា៖ «រឿងលើកលែងហ្នឹង អត់ទាន់មានទេ! អត់ទាន់ធ្លាក់ទេអាហ្នឹងនោះ [ការលើកលែងទោសសម្រាប់ទណ្ឌិតនាឱកាសបុណ្យចូលឆ្នាំ]។ តែការដោះលែងដែលគាត់អនុវត្តទោសចប់ អាហ្នឹងមានមែន។ ក្នុងឆ្នាំហ្នឹង អត់ទាន់ធ្លាក់ទេ! យើងស្នើរួចហើយ ប៉ុន្តែអត់ទាន់ធ្លាក់ បុណ្យចូលឆ្នាំ»។

យ៉ាងណា លោកថា ពន្ធនាគារខេត្តរតនគិរីបានស្នើឱ្យមានការដោះលែងនិងបន្ធូរបន្ថយទោសទណ្ឌិតច្រើនរូបដែរ ប៉ុន្តែពុំដឹងថាថ្នាក់ជាតិនឹងសម្រេចដោះលែងប៉ុន្មានរូបនោះទេ ត្បិតពុំទាន់មានការសម្រេចពីថ្នាក់លើនោះទេ។

អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារ លោក នុត សវនា ថ្លែងថា ការដោះលែងនាឱកាសបុណ្យជាតិធំៗតាំងពីឆ្នាំ២០២១ មកដល់បុណ្យចូលឆ្នាំប្រពៃណីក្នុងឆ្នាំ២០២២ ពិតជាមាន។ យ៉ាងណា លោកប្រាប់ឱ្យអ្នកសារព័ត៌មានបង្វែរសំណួរទៅកាន់ក្រសួងយុត្តិធម៌វិញ។

លោកថា៖ «ខ្ញុំគិតថាមាន [ការដោះលែងនាឱកាសបុណ្យជាតិធំៗ] តែបើសិនជាអាច ខ្ញុំសុំឱ្យសួរទៅកាន់ក្រសួងយុត្តិធម៌វិញ រឿងដោះលែងហ្នឹង ព្រោះខាងហ្នឹងគណៈកម្មាការលើកលែងនិងបន្ធូរបន្ថយទោស គេជាប្រធាន»។

អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន ​បានបង្វែរសំណួរបន្តទៅរដ្ឋលេខាធិការក្រសួងយុត្តិធម៌ លោក គឹម សន្តិភាព ព្រោះគាត់ជាអ្នកទទួលបន្ទុកលើកិច្ចការនេះ។

លោកថា៖ «ទាក់ទងឯឧត្ដម គឹម សន្តិភាព! ដោយសារគាត់ទទួលបន្ទុកការងារហ្នឹង»។

វីអូឌី មិនអាចសុំការឆ្លើយតបពីរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក គឹម សន្តិភាព បានទេ នៅថ្ងៃពុធនេះ។

នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត មានប្រសាសន៍ថា ជាធម្មតា ក្រុមគ្រួសារអ្នកជាប់ឃុំតែងទន្ទឹង និងសង្ឃឹមថាទណ្ឌិតដែលជាសាច់ញាតិ នឹងមានការបន្ធូរបន្ថយឬលើកលែងទោស​នាឱកាសបុណ្យជាតិធំៗ ដើម្បីបានជួបជុំគ្រួសារ។ ​

យ៉ាងណា លោក សំអាត ថានីតិវិធីរបស់ស្ថាប័នពាក់ព័ន្ធដែលដំណើរការ​នេះហាក់មានភាពយឺតយ៉ាវ ដែលធ្វើឱ្យការបន្ធូរបន្ថយនិងលើកលែងទោសទណ្ឌិតនៅឆ្នាំនេះមិនទាន់ឃើញមាននៅឡើយ។

លោកថា បើសិនមិនមានការបន្ធូរបន្ថយនិងលើកលែងទោសតាមព្រះរាជក្រឹត្យទេ នោះនឹង​ប៉ះពាល់ដល់ដល់ទណ្ឌិតផ្ទាល់ ​និងបង្កឱ្យមានភាពចង្អៀតណែនក្នុងពន្ធនាគារទៀតផង។ ​

លោកថា៖ «អ៊ឹចឹងបើសិនជាយើងអត់បានដំណើរការទៅតាមព្រះរាជក្រឹត្យហ្នឹងទេ។ អាហ្នឹងឃើញថា យើងអត់បានគោរពឱ្យបានពេញលេញទៅតាមព្រះរាជក្រឹត្យហ្នឹង។ ហើយទី២ ការពន្យារពេលហ្នឹង វាធ្វើឱ្យអ្នកដែលត្រូវលើកលែងទោសនិងបន្ធូរបន្ថយទោសមានការរង់ចាំដោយអន្ទះសារ ជាពិសេសគឺ[ចង់បាន]ការលើកលែងទោស ហើយបានវិលត្រលប់ទៅជួបជុំគ្រួសារវិញហ្នឹង»។

បើតាមមន្ត្រីសង្គមស៊ីវិលរូបនេះ ការបន្ធូរបន្ថយទោស គឺលុះត្រាទណ្ឌិតអនុវត្តទោសបាន ១ភាគ៣ នៃកម្រិតទោស។ ចំណែកទណ្ឌិតដែលត្រូវលើកលែងទោស គឺលុះត្រាអនុវត្តទោសបាន ២ភាគ៣ និងម្យ៉ាងទៀតត្រូវបានពិចារណាតាមរយៈការសង្កេតលើអត្តចរិតរបស់ទណ្ឌិតផ្ទាល់ផងដែរ៕ ​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ