លោក សៀម ភ្លុក ប្រកាស​ថា​នឹង​ចូលខ្លួន​ឆ្លើយបំភ្លឺ​តាមការ​កោះហៅ​របស់​តុលាការ

លោក សៀម ភ្លុក និងមេធាវី ជូង ជូងី ធ្វើដំណើរចាកចេញពីតុលាការកំពូល ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១។ (អ៊ូច សូនី)

ស្ថាបនិកគណបក្សបេះដូងជាតិ លោក សៀម ភ្លុក ប្រកាសថា លោកនឹងចូលខ្លួនទៅឆ្លើយបំភ្លឺតាមការកោះហៅរបស់តុលាការ ដោយមិនមានចេតនាចង់គេចវេះនោះឡើយ។

ការប្រកាសនេះបានធ្វើឡើងតាមរយៈសេចក្ដីប្រកាសព័ត៌មានមួយដែលផ្សព្វផ្សាយតាមរយៈគណនីហ្វេសប៊ុករបស់លោកនៅព្រឹកថ្ងៃទី២០ ខែមេសានេះ និងក្រោយពីមានការផ្សព្វផ្សាយ​ថា លោកកំពុងគេចខ្លួន។

ប៉ុន្តែលោក សៀម ភ្លុក បានច្រានចោលចំពោះព័ត៌មាននៃការគេចខ្លួនរបស់លោក ដោយថា​ លោកមិនមានចេតនាគេចវេះពីការទទួលខុសត្រូវ ដូចការផ្សព្វផ្សាយពាក្យចចាមអារ៉ាមតាមបណ្ដាញសង្គមនិងសារព័ត៌មានខ្លះនោះឡើយ។

លោកបានសរសេរថា៖ «ខ្ញុំបាទសូមប្រកាសជាសាធារណៈថា នឹងចូលខ្លួនបំភ្លឺការពិតចំពោះមុខចៅក្រមស៊ើបសួរ បន្ទាប់ពីបានពឹងពាក់មេធាវី និងទទួលបានឯកសារពាក់ព័ន្ធសំណុំរឿងពីតុលាការរួចរាល់»។

កាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២២ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ លោក លិ សុខា បានចេញដីកាបង្គាប់ឱ្យកងកម្លាំងមានសមត្ថកិច្ចនាំខ្លួនតំណាងស្ថាបនិកគណបក្សបេះដូងជាតិ លោក សៀម ភ្លុក ឱ្យចូលខ្លួន​ឆ្លើយបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញ ឱ្យបានមុនថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២។ ការចូលបំភ្លឺនោះពាក់ព័ន្ធនឹងបទចោទ «ក្លែងបន្លំ និងប្រើប្រាស់លិខិតក្លែង» ក្នុងការបង្កើតគណបក្សបេះដូងជាតិ ដើម្បីធានាដល់ការស៊ើបសួរឱ្យបានពេញលេញនៅចំពោះមុខចៅក្រមស៊ើបសួរ។

លោក សៀម ភ្លុក ត្រូវបានសាលាដំបូងរាជធានីភ្នំពេញចេញដីកាកោះហៅឱ្យចូលខ្លួនទៅឆ្លើយបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញម្ដងរួចមកហើយ កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ ពាក់ព័ន្ធនឹងរឿងក្លែងបន្លំស្នាមមេដៃសមាជិកដើម្បីបង្កើតគណបក្សនយោបាយ។ ប៉ុន្តែនៅថ្ងៃទី២២ ខែមីនានោះ លោកមិនបានចូលទៅបំភ្លឺទេ ដោយសារមិនបានទទួលដីកាពីតុលាការ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ