អ្នកនយោបាយ​ម៉ាឡេស៊ី​ថ្លែងថា ពលរដ្ឋ​របស់ខ្លួន​នៅតែ​បន្ត​ជាប់​ក្នុង​ប្រតិបត្តិការ​ឆបោក​នៅ​កម្ពុជា

ប្រធានយុវជននៃគណបក្ស Malaysian Chinese Association (MCA) ដែលតំណាងឱ្យជនជាតិចិន-ម៉ាឡេស៊ី អ្នកស្រី Nicole Wong ឆ្លើយ​សំណួរ​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ថ្ងៃ​ទី១២ ខែ​មេសា ឆ្នាំ​២០២២ អំពី​ពលរដ្ឋ​ដែល​ត្រូវ​បានជាប់ក្នុងប្រតិបត្តិការ​ឆបោក និង​លេង​ល្បែង​តាម​អ៊ីនធឺណិត​នៅ​កម្ពុជា។ (ផ្ដល់ដោយ៖ Nicole Wong)

មេដឹកនាំគណបក្សនយោបាយម៉ាឡេស៊ីមួយរូបបានប៉ាន់ប្រមាណថា មានពលរដ្ឋម៉ាឡេស៊ីជាង៣០០នាក់នៅតែបន្តជាប់ក្នុងទីតាំងប្រតិបត្តិការឆបោកតាមប្រព័ន្ធអនឡាញក្នុងប្រទេសកម្ពុជា បើទោះបីជាមានពលរដ្ឋរបស់ខ្លួនមួយចំនួនត្រូវបានជួយសង្រ្គោះឱ្យត្រលប់ទៅកាន់ប្រទេសរបស់ពួកគេវិញកាលពីពេលថ្មីៗនេះក៏ដោយ។

ជនរងគ្រោះមួយរូបដែលទើបតែបានជួយសង្រ្គោះចេញពីទីតាំងប្រតិបត្តិការឆបោកក្នុងខេត្តព្រះសីហនុកាលពីពេលថ្មីៗនេះ បានថ្លែងប្រាប់វីអូឌីថា ប្រតិបត្តិការមួយបាន​ពង្រីកខ្លួនដើម្បីឆបោកជាភាសាអង់គ្លេសបន្ថែមទៀត ក្នុងអំឡុងពេលដែលលោកនៅទីនោះ ខណៈទីតាំងមួយទៀតបានបន្តការលេងល្បែងស៊ីសងតាមរូបិយបណ្ណអេឡិចត្រូនិចដោយប្រើប្រាស់កម្លាំងកម្មករដោយបង្ខំផងដែរ។

ប្រធានយុវជននៃគណបក្ស Malaysian Chinese Association (MCA) ដែលតំណាងឱ្យជនជាតិចិន-ម៉ាឡេស៊ី អ្នកស្រី Nicole Wong បានប្រាប់ វីអូឌី នៅសប្ដាហ៍នេះថា គណបក្សរបស់ខ្លួនបានឆ្លើយតបទៅនឹងសំណើសុំឱ្យមានការជួយសង្រ្គោះចាប់តាំងពីខែមករាមក ដែលភាគច្រើនទទួលបានពីសមាជិកគ្រួសារដែលអះអាងថា កូនៗរបស់ពួកគេជាប់នៅក្នុងប្រទេសកម្ពុជា។

អ្នកស្រីថា៖ «ជនរងគ្រោះមួយរូបដែលបានទាក់ទងដោយសម្ងាត់មកកាន់គណបក្ស បានលាតត្រដាងឱ្យដឹងថា មានមនុស្សប្រមាណជា៥០នាក់កំពុងតែត្រូវបានជាប់នៅក្នុងអគារចាក់សោរមួយរបស់ក្រុមប្រព្រឹត្តប្រតិបត្តិការឆបោក។ យើងក៏ទទួលបានដំណឹងថា ក្នុងតំបន់នោះក៏មានអគារស្រដៀងគ្នានេះជាច្រើនផងដែរ ដែលធ្វើឱ្យយើងអាចសន្មតបានថាមានមនុស្សជាច្រើនផ្សេងទៀតកំពុងតែជាប់នៅទីនោះ»។

គួរបញ្ជាក់ថា ពលរដ្ឋម៉ាឡេស៊ីចំនួន១៦នាក់កាលពីដើមខែមេសានេះ ត្រូវបានជួយសង្គ្រោះដោយអាជ្ញាធរកម្ពុជា ក្រោមកិច្ចសហការជាមួយអាជ្ញាធរម៉ាឡេស៊ី និងប៉ូលិសអន្តរជាតិ បន្ទាប់ពីរដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី និងគណបក្ស MCA លើកឡើងពីការព្រួយបារម្ភអំពីប្រជាពលរដ្ឋរបស់ខ្លួនដែលត្រូវបានជួញដូរឱ្យមកធ្វើការនៅកម្ពុជា។

អ្នកស្រី Nicole Wong បានពន្យល់ថា ដំណើរការជួយសង្រ្គោះនេះបានចាប់ផ្ដើមដំបូងតាមរយៈការបញ្ជូនព័ត៌មានទៅកាន់ក្រុមប្រឹក្សាប្រឆាំងការជួញដូរមនុស្ស និងជួញដូរជនចំណាកស្រុក (MAPO) របស់រដ្ឋាភិបាលម៉ាឡេស៊ី ហើយបន្ទាប់មកបញ្ជូនព័ត៌មានទៅកាន់ប៉ូលិស​អន្តរជាតិ​ Interpol និងអង្គភាពនគរបាលអាស៊ាន (Aseanapol)។

អ្នកស្រីថា៖ «បើ​ទោះបី​ជា​រដ្ឋាភិបាល​កម្ពុជា​រក​ឃើញ​ថា មានករណីប្រព្រឹត្ត​សកម្មភាព​ខុស​ច្បាប់ទាំងនេះ​ក្នុងប្រទេស​ក៏​ដោយ ប៉ុន្តែពួកគេហាក់មិនបានចាត់វិធានការ​ផ្លូវ​ច្បាប់​ណាមួយលើករណីនេះនោះទេ»។

ទោះជាយ៉ាងណា អ្នកស្រី Nicole Wong បន្ថែមថា គណបក្សរបស់អ្នកស្រីកំពុងតែបន្តព្យាយាមជួយសង្រ្គោះអ្នកដែលទាក់ទងមកកាន់ខ្លួន ដោយគិតរហូតមកដល់ពេលនេះ ពួកគេបានទទួលការស្នើឱ្យជួយជាង១០០ករណីហើយ។ ក្នុងនោះមានករណីមួយដែលប្រជាពលរដ្ឋមួយរូបបានអះអាងថា ប្អូនថ្លៃរបស់ខ្លួនជាប់នៅក្នុងប្រទេសកម្ពុជា។

យោងតាមអ្នកស្រី Nicole Wong ករណីដែលរៀបរាប់ខាងលើនេះ ក៏ស្រដៀងគ្នាទៅនឹងករណីជនរងគ្រោះជាច្រើនផ្សេងទៀតដែលអះអាងថា ខ្លួនត្រូវបានឃុំខ្លួន ធ្វើទារុណកម្ម និងជំរិតទារប្រាក់នៅក្នុងប្រតិបត្តិការឆបោកនៅទូទាំងប្រទេសកម្ពុជាផងដែរ។

អ្នកស្រីថា​៖ «​យោងតាមការអះអាងនៅក្នុងករណីខាងលើ ជនរងគ្រោះត្រូវ​បាន​បង្ខំ​ឱ្យ​ធ្វើ​ការ​ថែម​ម៉ោង ហើយ​និង​ត្រូវ​រងនូវការ​វាយ​ដំ​ប្រសិន​បើ​ខ្លួន​ជំទាស់។ យើងក៏ទទួលបានដំណឹងថា ជនរងគ្រោះទាំងឡាយក៏កំពុងតែស្ថិតក្នុងប្រតិបត្តិការកាស៊ីណូអនឡាញក្រោមសម្ពាធការងារធ្ងន់ធ្ងរ និងមិនត្រូវបានអនុញ្ញាតឱ្យចាកចេញពីកន្លែងធ្វើការរបស់ពួកគេដោយសេរីនោះទេ។ ជនរងគ្រោះម្នាក់ៗត្រូវបានបង្ខំឱ្យបំពេញតាមអ្វីដែលក្រុមហ៊ុនចង់បាន ខណៈការបរាជ័យក្នុងការសម្រេចបាននូវគោលដៅនៃការលក់ដូរ នឹងធ្វើឱ្យពួកគេរងនូវការរំលោភបំពានលើរូបរាងកាយ»។

យោងតាមរបាយការណ៍ដែលទទួលបានដោយគណបក្ស MCA ប្រជាជនម៉ាឡេស៊ីក៏ត្រូវបានជួញដូរសម្រាប់ការងារនៅក្នុងប្រទេសមីយ៉ាន់ម៉ា និងប្រទេសថៃផងដែរ ប៉ុន្តែអ្នកស្រី Nicole Wong បានឱ្យដឹងថា វាមិនមែនជាករណីថ្មីនោះទេ។

ទាក់ទិននឹងករណីនេះ អ្នកស្រីបានឱ្យដឹងថា គណបក្សរបស់ខ្លួនកំពុងតែជំរុញឱ្យរដ្ឋាភិបាល និងអាស៊ាន បង្កើតផែនការឆ្លើយតបមួយទៅនឹងការជួញដូរមនុស្ស រួមទាំងការពង្រឹងធនធានសម្រាប់ការជួយសង្គ្រោះ ការគាំទ្រ និងការសម្របសម្រួលការអនុវត្តច្បាប់ ដើម្បីធ្វើឱ្យអ្នកជួញដូរមនុស្សមានការទទួលខុសត្រូវចំពោះមុខច្បាប់។

អ្នកស្រីបន្ថែមថា៖ «ដោយសារតែកត្តាហិរញ្ញវត្ថុ ការកើនឡើងកាន់តែច្រើននៃពលរដ្ឋក្រីក្រក្នុងសង្គមរបស់យើង គឺធ្វើឱ្យពួកគេងាយធ្លាក់ចូលទៅក្នុងការជួញដូរមនុស្សណាស់ ហើយចំនួនករណីទាំងនេះក៏បានកើនឡើងយ៉ាងខ្លាំងក្នុងអំឡុងពេលមានជំងឺរាតត្បាតផងដែរ»។

ការធ្លាក់ខ្លួនចូលក្នុងប្រតិបត្តិការឆបោក

ជន​ជាតិ​ម៉ាឡេស៊ី​មួយរូប​ដែល​ទើប​តែ​ត្រូវបានជួយ​សង្គ្រោះ​ បាន​ឱ្យដឹង​ថា ​អ្វីដែលជាអាទិភាព​ដំបូង​របស់​ខ្លួនបន្ទាប់ពី​ចាក​ចេញ​ពី​ខេត្ត​ព្រះសីហនុ​ គឺ​ការជួយ​មិត្តស្រីរបស់​គាត់ ប៉ុន្តែ​លោក​ក៏​ចង់​លើក​បញ្ហា​នេះ​ទៅ​កាន់​ពិភពលោកឱ្យដឹងផង​ដែរ។

បុរសខាងលើនេះបានចំណាយពេលរបស់ខ្លួននៅទីក្រុងភ្នំពេញ ក្នុងខែនេះ នៅស្ថានទូតថៃ ដើម្បីព្យាយាមជួយមិត្តស្រីរបស់គាត់ជាជនជាតិថៃឱ្យរួចផុតពីប្រតិបត្តិការឆបោកនៅខេត្តព្រះសីហនុ។ ថ្លែងទៅកាន់អ្នកសារព័ត៌មានដោយសុំមិនបញ្ចេញឈ្មោះ បុរសរូបនេះអះអាងថា ពួកគេទាំងពីរនាក់បានចាញ់បោកក្នុងការទទួលបានការងារសមស្របក្នុងប្រទេសកម្ពុជា។

ដំបូងឡើយ ពួកគេទាំងពីរនាក់នេះបានចាប់ផ្ដើមធ្វើការនៅក្នុងប្រទេសកម្ពុជា ដោយរំពឹងថានឹងទទួលបានការងារជាអ្នកផ្ដល់សេវាកម្មដល់អតិថិជន និងបកប្រែ។ ប៉ុន្តែនៅពេលពួកគេមកដល់ខេត្តព្រះសីហនុ បុរសជាជនរងគ្រោះបានឱ្យដឹងថា គាត់ត្រូវបានគេនាំមកកាន់ប្រតិបត្តិការឆបោកទៅវិញ។

ដោយសារតែលោកអាចនិយាយភាសាអង់គ្លេសបាន បុរសរូបនេះបន្ថែមថា លោកត្រូវបានណែនាំដោយថៅកែឱ្យទៅសិក្សាអំពីវិធីក្នុងការបោកប្រាស់ដោយផ្ដោតលើជនជាតិផ្សេងៗដែលនិយាយភាសាអង់គ្លេស។

បុរសដដែលបន្តថា រូបលោកបានចាប់ផ្ដើមព្យាយាមទាក់ទងទៅកាន់ប៉ូលិសតាមរយៈបណ្ដាញសង្គមហ្វេសប៊ុក (Facebook) ហើយបានផ្ញើទីតាំងនៃកន្លែងដែលគាត់ជាប់ និងច្បាប់ចម្លងនៃលិខិតឆ្លងដែនរបស់ខ្លួន។ បន្ទាប់មក នៅចុងខែកុម្ភៈ ថៅកែម្នាក់របស់លោកក៏បានយកសារផ្ទាល់ខ្លួនរបស់គាត់ដែលទាក់ទងជាមួយប៉ូលិស យកមកបង្ហាញ។

តាមការអះអាងរបស់បុរសដដែលនេះ អ្នកគ្រប់គ្រងធនធានមនុស្សនៃប្រតិបត្តិការឆបោកក្នុងក្រុងព្រះសីហនុ បានប្រាប់​លោកថា ពួកគេបានដឹងពីករណីដែលលោកកំពុងតែព្យាយាមទាក់ទងទៅកាន់ប៉ូលិស ដោយពួកគេបានបង់ប្រាក់ចំនួន៥ ០០០ដុល្លារដល់ប៉ូលិស ជាថ្នូរនឹងការមិនចុះមកអន្តរាគមន៍លើករណីនេះ។

បុរសជាជនរងគ្រោះបន្តថា៖ «អ្នកគ្រប់គ្រងធនធានមនុស្សរបស់ក្រុមហ៊ុនបានប្រាប់ថា ពួកគេមិនអាចឱ្យខ្ញុំស្នាក់នៅទីនោះបន្តទៀតបានទេ។ ដូច្នេះថៅកែនឹងត្រូវលក់ខ្ញុំទៅឱ្យក្រុមហ៊ុនមួយផ្សេងទៀតក្នុងតម្លៃ១១ ០០០ដុល្លារ ដែលក្នុងនោះពួកគេទាមទារឱ្យខ្ញុំចូលរួមបង់ប្រាក់ឱ្យគេចំនួន៦ ០០០ដុល្លារផងដែរ»។

ទាក់ទិននឹងករណីមន្ត្រី​ទទួល​សំណូក​ជាថ្នូរមិន​អើពើ​ចំពោះការ​ជួញ​ដូរ​មនុស្ស​ ស្នងការនគរបាលខេត្តព្រះសីហនុ លោក ជួន ណារិន បានឆ្លើយតបថា លោក​មិន​បាន​ឮពី​ការកើតឡើងនៃករណី​នេះណា​មួយនោះឡើយ ដោយលោកចាត់ទុកថា​ជា​រឿង​ប្រតិដ្ឋ​។

លោក​​ថា​៖ «​មាន​​ករណីរាប់រយ​ដែល​ពួកគេជា​ជនបរទេស​ចង់​ផ្លាស់ប្ដូរ​ការងារ​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយផ្សេងទៀត ​ដូច្នេះ​ពួកគេ​បាន​បង្កើតជា​សេណារីយ៉ូ​មួយ​ថា​មាន​ការជួញដូរ ឬ​ការចាប់​ជំរិតអីជាដើម»​។

ទោះជាយ៉ាងណា លោកបន្ថែមថា អាជ្ញាធរខេត្តនឹងចាត់វិធានការយ៉ាងតឹងរ៉ឹង ប្រសិនបើខ្លួនទទួលបានភស្តុតាងច្បាស់លាស់នៃការជួញដូរពិតប្រាកដមែន។

ជាមួយគ្នានេះ ស្នងការនគរបាលខេត្តព្រះសីហនុដដែល ក៏បានថ្លែងរំឭកពីករណីស្ត្រីជនជាតិថៃមួយរូប និងបុរសជនជាតិចិនមួយរូប ដែលបានអះអាងកាលពីពេលកន្លងទៅថា ឈាមរបស់ពួកគេត្រូវបានគេបូមយកទៅលក់ ​ប៉ុន្តែក្រោយមកបែរជា​ថារឿងនោះ គឺជាការប្រតិដ្ឋព័​ត៌​មានទៅវិញ។

ត្រលប់មកកាន់បុរស​​រងគ្រោះជាជនជាតិម៉ាឡេស៊ីវិញ លោកបានឱ្យដឹងថា ខ្លួនត្រូវបានក្រុមហ៊ុនបញ្ជូនបន្តទៅកាន់តំបន់អគារ Kaibo ក្នុងសង្កាត់លេខ៤ កាលពីថ្ងៃទី២១ ខែកុម្ភៈ ដែលលោកត្រូវស្នាក់នៅទីនោះ និងមិនត្រូវបានអនុញ្ញាតឱ្យចេញទៅខាងក្រៅនោះទេ រហូតដល់លោកត្រូវបានជួយសង្គ្រោះក្នុងខែមេសា។

លោកបន្តថា ប្រតិបត្តិការនៅក្នុងទីតាំងថ្មីនោះ គឺជាកន្លែងលេងល្បែងតាមប្រព័ន្ធអនឡាញស្ដង់ដារមួយ ដោយប្រើប្រាស់រូបិយបណ្ណឌីជីថល Crypto ដើម្បីធ្វើការភ្នាល់។ អំឡុងពេលនោះ​ លោកមានតួនាទីជាអ្នកផ្សព្វផ្សាយលើគេហទំព័រ។

លោកបន្ថែមថា ខ្លួនបានសម្រេចចិត្តទាក់ទងទៅកាន់អាជ្ញាធរយ៉ាងឆាប់រហ័ស ដោយស្វែងរកការជួយតាមប្រព័ន្ធផ្សព្វផ្សាយសង្គម ហើយនៅពេលនោះលោកបានដាក់ពាក្យស្នើសុំទៅកាន់ស្ថានទូតម៉ាឡេស៊ី ដែលលោកក៏ត្រូវបានជួយសង្គ្រោះក្នុងរយៈពេលពីបីទៅបួនសប្ដាហ៍បន្ទាប់។

បុរសរូបនេះបានឱ្យដឹងទៀតថា ថៅកែក៏បានប្រគល់លិខិតឆ្លងដែន និងទ្រព្យសម្បត្តិទាំងអស់មកឱ្យលោកវិញផងដែរ ក្នុងអំឡុងពេលដែលប៉ូលិសមកអន្តរាគមន៍ជួយសង្គ្រោះ។

លោកថា៖ «នៅក្រុមហ៊ុនទី២ វាមិនមានជាបញ្ហាអ្វីធ្ងន់ធ្ងរសម្រាប់ខ្ញុំនោះទេ។ ប៉ុន្តែដោយសារតែទីតាំងនោះមានការជួញដូរមនុស្ស។ ដូច្នេះហើយ ខ្ញុំមិនអាចទទួលយកបានទេ ដែលឈានទៅដល់ការរាយការណ៍ទៅកាន់ស្ថានទូត [ម៉ាឡេស៊ី] និងប៉ូលិស»៕

បកប្រែកែសម្រួលដោយលោក ភុន ច័ន្ទឧសភា ចេញពីអត្ថបទដើមភាសាអង់គ្លេស៖ After Malaysian Rescues From Cambodia, Politician Warns More People Trapped

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ