កម្ពុជា​អាច​នឹង​មិនមាន​កូនរដូវប្រាំង​ក្នុង​រដូវវស្សា​នៅក្នុង​ឆ្នាំ២០២២

ស្ថានភាពភ្លៀងធ្លាក់នៅ រសៀលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ ខេត្តប៉ៃលិន។ (ហ្វេសប៊ុក៖ ក្រសួងធនធានទឹក និងឧតុនិយម/Ministry of Water Resources and Meteorology)

ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា វត្តមានកូនរដូវប្រាំងក្នុងរដូវវស្សាដែលកម្ពុជាធ្លាប់មានរាល់ឆ្នាំ អាចនឹងមិនមានទេក្នុងឆ្នាំ២០២២នេះ។ ​

សេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹកកាលពីថ្ងៃអង្គារ ស្ដីពីការ​ព្យាករអាកាសធាតុលើកទី២ សម្រាប់ឆ្នាំ២០២២ ដោយយោងតាមបាតុភូតសកល ស្ដីពីស្ថានភាពសីតុណ្ហភាពលើផ្ទៃមហាសមុទ្រប៉ាស៊ីហ្វិក បញ្ជាក់ថា ចាប់ខែឧសភា រហូតដល់ខែកក្កដា កម្ពុជានឹងទទួលរ​ងបាតុភូត Neutral ដែលជាបាតុភូតអន្ដរកាលចន្លោះរវាងបាតុភូត El Nino (ក្ដៅ) ​៦០% និងបាតុភូត La Nina (ត្រដាក់) ​៤០%។

​ដោយឡែក ចាប់ពីខែកញ្ញា ដល់ខែធ្នូ កម្ពុជានឹងទទួលរង​បាតុភូត Neutral ៦០%,​ ​​បាតុភូត La Nina ​៣០% និងបាតុភូត​ El Nino ១០%។

សេចក្ដីជូនដំណឹងដដែលបង្ហាញថា ដើមរដូវវស្សានឹងចាប់ផ្ដើមនៅសប្ដាហ៍ទី១ ខែឧសភា ជាមួយបរិមាណទឹកភ្លៀងពីមធ្យមទៅច្រើន និងអាចខ្ពស់ជាងមធ្យមភាគច្រើនឆ្នាំ​ ហើយរបាយ​ទឹកភ្លៀងធ្លាក់រាយប៉ាយបានល្អ ប៉ុន្តែអាចមានភ្លៀងលាយឡំផ្គរ រន្ទះ និងខ្យល់កួចរយៈពេលខ្លី កើតមានច្រើនផងដែរ។

ជាមួយគ្នានេះ វត្តមានកូនរដូវប្រាំងក្នុងរដូវវស្សា ដែលស្ថិតនៅក្នុងខែកក្កដា សម្រាប់នៅឆ្នាំនេះ អាចនឹងមិនមាននោះទេ។

សេចក្ដីជូនដំណឹងបន្តថា៖ «ក្នុងរដូវវស្សានៅឆ្នាំ២០២២នេះ អាចនឹងមិនមាន​កូនរដូវប្រាំងនោះទេ ប៉ុន្តែបរិមាណទឹកភ្លៀងអាចមានសភាពថមថយខ្លះ [អំឡុងចុងខែកក្កដា ឬដើមខែសីហា] តែក្នុងរយៈពេលខ្លីប៉ុណ្ណោះ»។

ប្រភពដដែលបន្តថា ពាក់កណ្ដាលរដូវវស្សា ចាប់ពីខែសីហា ដល់ខែតុលា ​ភ្លៀងនឹងអាចធ្លាក់រាយប៉ាយល្អនៅផ្ទៃប្រទេស ក្នុងបរិមាណទឹកភ្លៀងពីបង្គួរទៅច្រើន។ នៅពាក់កណ្ដាលរដូវវស្សានេះនឹងអាចមានភ្លៀងលាយឡំផ្គរ រន្ទះ និងបណ្ដុំខ្យល់កួច បន្ដកើតមានច្រើនក្នុងខេត្តមួយចំនួន ហើយមានភូមិសាស្រ្ត​ជាប់​តំបន់ភ្នំ និងទីទំនាបជាប់ផ្លូវទឹក ប្រឈមខ្ពស់នឹងជំនន់ទឹកភ្លៀង។

ក្រសួងបញ្ជាក់ថា ចុងរដូវវស្សានឹងបញ្ចប់នៅចុង​ខែវិច្ឆិកា ជាមួយ​បរិមាណទឹកភ្លៀងពីមធ្យមទៅបង្គួរ ហើយក៏អាចមានផ្គរ រន្ទះ ខ្យល់កន្ត្រាក់ លាយឡំជាមួយក្នុងកម្រិតមធ្សមផងដែរ៕  ​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ