កូនប្រុស​លោក ឈុត វុទ្ធី ថា​១០ឆ្នាំ​មកហើយ​យុត្តិធម៌​សម្រាប់​ឪពុក​របស់​ខ្លួន​នៅ​តែ​មិន​មាន​ពន្លឺ

​ស្ថាបនិកនិង​​ជា​ប្រធាន​អង្គការ​ការពារ​ធនធាន​ធម្មជាតិ លោក​ ឈុត វុទ្ធី។ (Global Witness)

ក្រុមគ្រួសារ​លោក ឈុត វុទ្ធី អ្នកការពារបរិស្ថានដ៏ល្បីល្បាញដែលត្រូវបានឃាតករបាញ់សម្លាប់នៅខេត្តកោះកុង បាន​​​​​​ហៅ​​យុត្តិ​ធម៌ដែលផ្ដល់ដោយរដ្ឋាភិបាលកាលពី១០ឆ្នាំមុន ថាគ្រាន់​តែ​ជា​យុត្តិ​ធម៌​​បែប​​​​សិប្ប​​និ​​ម្មិ​​​​ត​​​​​​ប៉ុ​​​​ណ្ណោះ ដែល​​វាមិនបានឆ្លុះបញ្ចាំង​​ទៅនឹងអង្គ​ហេតុ​ដែល​បាន​កើត​ឡើង​ជាក់​ស្ដែង​នោះ​ទេ។

លោក ឈុត វុទ្ធី ត្រូវបានគេបាញ់សម្លាប់​នៅលើរថយន្តរបស់លោក កាលពីថ្ងៃទី​២៦ ខែ​មេសា ឆ្នាំ​​២​​០​​១២ នៅស្រុកថ្មបាំង ខេត្តកោះកុង។ ករណីឃាតកម្មនេះ មន្រ្តីកងរាជអាវុធហត្ថម្នាក់ឈ្មោះ អ៊ិន រតនា បាន​រងការ​​​ចោទ​​​ប្រកាន់ថាជាអ្នកបាញ់សម្លាប់លោក ឈុត វុទ្ធី នៅលើរថយន្តរបស់​លោក ក្នុង​​ពេលដែលមាន​​ការ​​ទាស់ពាក្យសម្ដីគ្នាជាមួយសន្តិសុខ​យាមឱ្យក្រុមហ៊ុន ធីម​ប៊ឺគ្រីន ​(Timber Green)។

មាន​ការចុះផ្សាយផ្សេងៗគ្នាជាច្រើន​ពីបណ្ដាញព័ត៌មានថា ក្រុមហ៊ុន​នេះ គឺជាក្រុមហ៊ុនរបស់​​លោ​ក​ឧកញ៉ា ទ្រី ភាព ដែលជាមនុស្សស្និទ្ធនឹង​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន ហើយក្រុមហ៊ុន​នេះទទួល​​​បាន​​​សិទ្ធិ​កាប់ព្រៃ​សម្អាត​បាត​អាង ដើម្បីធ្វើទំនប់វារីអគ្គិសនី​តាតៃ ដែលស្ថិតនៅ​​ក្នុងស្រុកថ្ម​​បាំង ខេត្ត​កោះកុង។ ប៉ុន្តែមានរបាយការណ៍ផ្សេងទៀតចុះផ្សាយ​ថា ក្រុមហ៊ុន ធីមប៊ឺ​គ្រីន ​​​​គឺ​​​ជា​​របស់​​​​ម្ចាស់​ភាគហ៊ុន​រកស៊ីកាប់ឈើដ៏ធំមួយរបស់អ្នកស្រី ខៀវ សស៊ីលាភ និងឈ្មួញម្នាក់ទៀតមាន​​​តួ​​នា​ទីជាឧកញ៉ា ហើយជាមន្រ្តីយោធាផង ឈ្មោះ ហួរ ហាប់។ អ្នកទាំងពីរនេះក៏ជាមនុស្ស​​ដែល​​​​ស្និទ្ធនឹង​លោក​នាយក​រដ្ឋ​មន្រ្តី​ដែរ។

ចំណែកកូនប្រុសច្បងលោក ឈុត វុទ្ធី គឺលោក ឆឺយ ឧត្ដមរស្មី បាន​ប្រាប់ ​វីអូឌី តាម​បណ្តាញ​ទំ​​នាក់​ទំ​​នង​​​សង្គម​​​ហ្វេស​ប៊ុក នៅថ្ងៃទី​២១ ខែ​មេសា​នេះ​ថា បើនិយាយ​ពី​យុត្តិ​ធម៌ គឺ​មិន​​​មាន​​​​ទាល់​​តែ​​សោះ​​សម្រា​​ប់​​​​​​ឪពុករបស់ខ្លួន ព្រោះ​អស់រយៈពេលប្រមាណ១០ឆ្នាំមក​នេះ យុត្តិធម៌​ដែល​​​ក្រុម​​គ្រួសារ​លោក​ទទួល​បាន​នោះគ្រាន់​តែ​ជា​យុត្តិធម៌​ក្លែង​ក្លាយ​តែ​ប៉ុណ្ណោះ។

លោកបន្តថា៖ «មិនមានយុត្តិធម៌នេះ ខ្ញុំគិតថា​ជាល្ខោនដែលគេរៀបចំ ពេលដែលគេសម្លាប់​​គាត់​​រួច​​​នេះ​​។ ខ្ញុំ​មិនឯកភាព ឬក៏មិនព្រមទទួល​យកទេ អ្វីដែលតុលាការខេត្ត​​កោះកុងបានចេញសេចក្តី​​ថ្លែង​​ការ​ណ៍ ឬក៏រដ្ឋាភិបាលចេញសេចក្តីសម្រេចថា អ៊ិន រតនា ជាឃាតករ​ហ្នឹង​ទេ​។ ខ្ញុំនៅ​តែ​យល់​ថា ​​​យុត្តិ​​​​ធម៌​​​​​​សម្រាប់​ពួកខ្ញុំនៅតែមិនទាន់មានក្នុងរយៈពេល១០ឆ្នាំមកនេះ»។

បើទោះបែបណា ក្រោយអំពើបាញ់ប្រហារបានកើតឡើងភ្លាមៗ គណៈកម្មការចំពោះកិច្ចមួយត្រូវ​​បាន​​​បង្កើតឡើងដោយរដ្ឋាភិបាល។ ក្រោយការស្រាវជ្រាវនិងបើកការស៊ើបអង្កេត គណៈ​​កម្មកា​​រ​​នេះបានរកឃើញថា មូលហេតុដែលឈានទៅដល់ការបាញ់សម្លាប់នេះ គឺកើតឡើង​ដោយ​​ការ​​ទាស់​​ពាក្យសម្ដីគ្នារហូតឈានទៅដល់ការផ្ទុះអាវុធ។

គិតត្រឹមថ្ងៃទី១០ ខែ​មេសា ឆ្នាំ២០២២ គឺជាខួប១០ឆ្នាំហើយដែលអ្នកការពារបរិស្ថាន​ដ៏ល្បី​​ល្បា​​​ញ​​​​រូប​នេះត្រូវបានឃាតករបាញ់សម្លាប់។ មុនពេល​កើតហេតុ​ ប្រធានអង្គការ​ការពារធនធាន​ធម្ម​ជាតិ លោក ឈុត វុទ្ធី រួម​ទាំង​អ្នកកាសែត​ពីរ​នាក់​ទៀត បា​ន​ចុះទៅថតគំនរវល្លិរមៀត នៅក្នុង​បរិវេណ​ក្រុម​ហ៊ុន​ ធីមប៊ឺគ្រីន ​នេះ។

របាយការណ៍​ដែលចេញដោយមជ្ឈមណ្ឌលសិទ្ធិមនុស្ស​​កម្ពុជា ​ឆ្នាំ​២០១៩ បង្ហាញ​ពី​ដំណើរ​ក្ដីដែល​ចេញ​​​ដោយ​​​តុលាការ​ខេត្ត​កោះ​កុង ដោយ​បញ្ជាក់​ថា កាលពីខែ​តុលា ឆ្នាំ២០១២ សាលា​ដំបូង​ខេត្ត​នេះបាន​បិទ​សំណុំរឿងនេះ​ត្រឹម​សម្អាង​ហេតុថា​ លោក ឈុត វុទ្ធី ត្រូវបានសម្លាប់ដោយ​​ទាស់​​ពាក្យ​​សម្ដី​គ្នាជាមួយមន្រ្តីអាវុធហត្ថ និងសន្តិសុខ​ដែលស៊ីឈ្នួលឱ្យក្រុមហ៊ុន ក្នុងពេលពួកគេទាមទារឱ្យ​លោក ឈុត វុទ្ធី ប្រគល់កាមេរ៉ាដែលមានផ្ទុករូបភាព​នៃទីតាំងក្រុមហ៊ុន។

បន្ទាប់មកទៀត សន្តិសុខដែលរង​ការចោទប្រកាន់ក្នុងបទល្មើសនេះ ត្រូវបានតុលាការផ្តន្ទា​​ទោស​​ដាក់​​​ពន្ធនាគារ១៨ខែ តែទោសនេះ​​ត្រូវ​​បានព្យូរ ហើយសន្តិសុខរូបនេះត្រូវបានដោះលែង​​វិញ​​ភ្លាម​​ៗក្រោយប្រកាសសាលក្រមរួច។

បើតាមលោក ឆឺយ ឧត្តមរស្មី បញ្ជាក់ថា ក្នុងរយៈពេល១០ឆ្នាំមកនេះ បើទោះជាដឹងថាយុត្តិធម៌​​បាន​​​​​​​​ក​ប់​​យ៉ាងជ្រៅ តែក្រុមគ្រួសាររបស់លោកមិនដែលពឹងពាក់ស្ថាប័នជាតិទេ ព្រោះដឹងថា បើទោះ​​ជា​​​​ប្រឹង​​រក​​យ៉ាង​​​ណាក៏មិនបានមកវិញដែរ ប្រសិនបើមិនមានការកែប្រែរបៀបដឹកនាំថ្មីទេ។

លោកបន្តថា៖ «ក្នុងរយៈពេល១០ឆ្នាំមកនេះ ខ្ញុំក៏មិនចង់ទាមទារទៀត​​ ដោយសារថា ខ្ញុំគិតថា​​​រដ្ឋាភិ​​​បា​​ល​​​​មិន​​មានឆន្ទៈក្នុងការស្វែងរកឃាតករពិតជូនឪពុកខ្ញុំ។ ហើយរដ្ឋាភិបាលខ្លួនឯងផ្ទាល់ក៏​មិន​មាន​​​ឆន្ទៈ​​​ក្នុង​ការ​ការ​ពារធនធានធម្មជាតិដែរ។ ដូច្នេះ ប្រសិនបើឃាតករពិតនឹង​អាច​មាន​សង្ឃឹមនិង​រក​ឃើញ ​លុះត្រាតែមាន​ការ​ផ្លាស់​ប្តូរ​រដ្ឋាភិបា​ល ឬក៏​ផ្លាស់​ប្តូរ​មន្រ្តី​ណា​មួយ​ដែល​ពាក់​ព័ន្ធ​រឿង​ក្តី​នេះ»។

ឆ្លើយតបរឿងនេះ អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោកឧត្ដមសេនីយ៍ ខៀវ សុភ័គ ទទួលស្គាល់ថា រឿង​​ក្តី​នេះពិតជាបានអូសបន្លាយពេលវេលា​យូរឆ្នាំមកហើយមែន។ បើតាម​លោក​ចាំ គឺ​អ្នក​ពាក់​​ព័ន្ធ​​​ក្នុង​រឿងក្តីនេះមានការចាប់ខ្លួនអស់ហើយដែរក្នុងពេលកន្លងទៅ។

ជាងនេះទៀត លោក ខៀវ សុភ័គ ថ្លែងថា តាមពិតទៅ ក្រុមគ្រួសារលោក ឈុត វុទ្ធី ហាក់​បាន​ស្ងប់​ចិត្ត​រួច​ទៅ​ហើយអំពីរឿង​​​យុត្តិ​​​​ធម៌​នេះ ប៉ុន្តែ​​លោក​​ថា ណាស់តែ​​ឆ្នាំង​​មិន​ក្ដៅ ទៅ​ក្ដៅ​គ្រប​​ទៅវិញ​ទេ។

លោកបន្តថា៖ «តែពូដូចជាភ្លេចអស់ហើយ វាជាង១០ឆ្នាំទៅហើយ ពូមិន​​ចាំអស់ទេ។ ​​យើង​​​​​ដូច​មាន​​​ចាប់​ខ្លួន​ចាប់​អី​កន្លង​មក​ហ្នឹង។ ពូមិនចាំអស់ទេ វាច្រើនពេក។ វាដូចជារឿង​​ដដែលៗ ​​តាមពិត​​គ្រួសារគាត់ដូចគ្មានអើពើស្អីផងមែន​ទែនទៅ តាមតែពូស្គាល់​គាត់ គាត់និយាយថា​​​​គេ​​​យ​​ក​​​​សព​គ្រួសារ​គាត់​ធ្វើ​អាជីវកម្ម»។

នៅចំថ្ងៃខួប១០ឆ្នាំ​នៃអំពើបាញ់ប្រហារនេះ កូនប្រុសច្បងរបស់លោក ឈុត វុទ្ធី បានបង្ហោះសារ​​​នៅ​លើបណ្តាញទំនាក់ទំនងសង្គម ដោយលើកឡើងពីវីរភាព​របស់អ្នកការពារបរិស្ថាននិងព្រៃ​​ឈើ​​រូប​នេះ។ តាមរយៈសំណេរនេះ លោក ឆឺយ ឧត្តមរស្មី លើកឡើងថា លោក ឈុត វុទ្ធី ​​កើត​​​នៅ​​ឃុំ​វិហារ​សួគ៌ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។ លោកបាន​បញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតផ្នែក​​សិក្សា​​​​​ធិការយោធាពីប្រទេសរុស្ស៊ី ក្នុងឆ្នាំ១៩៩២។

លោក ឈុត វុទ្ធី ក៏​ធ្លាប់ជាគ្រូបង្វឹក​នៅសាលាយោធានៃ​ក្រសួងការ​​ពារ​ជាតិ និងជាមន្រ្តី​បម្រើ​ការ​នៅ​មជ្ឈ​មណ្ឌល​​​កម្ពុជា​​​កម្ចាត់​​មីន ហើយក៏ធ្លាប់ធ្វើ​ជានាយករង​នៃ​​អង្គ​​ការ​​អន្ត​​រ​​ជាតិ គ្លូបល វីនេស មុន​នឹង​ក្លាយ​​​​​ជា​​​ប្រ​​ធាន​​អង្គការ​ការពារធនធានធម្មជាតិ ក្រោយពីរដ្ឋា​​ភិ​​បាល​​បណ្តេញអង្គការ ​គ្លបល វី​នេស ​ចេញ​​ពី​​​កម្ពុជា​។

ចំណែកនាយកទទួលបន្ទុកកិច្ចការទូទៅ​នៃអង្គការ​ការពារសិទ្ធិមនុស្ស​លីកាដូ (Licadho) លោក អំ សំ​​អាត ក៏ឯកភាពដូចក្រុមគ្រួសារជនរងគ្រោះដែរ​ ដោយថា យុត្តិធម៌សម្រាប់លោក ឈុត វុទ្ធី នៅ​តែ​ជា​រឿងដែលអាថ៌​កំបាំង​​នៅ​ឡើយ។ ​​លោក​​បន្ត​ថា បញ្ហានេះត្រូវបើកការស៊ើបអង្កេតបន្តទៀត ព្រោះបើ​ពិនិត្យលើអង្គហេតុ​ដែលកើ​ត​​​ឡើង នៅ​​តែ​មិន​​អាច​​ជឿទុកចិត្តបាន និង​នៅ​មាន​ភាព​ខ្វះ​ចន្លោះ​ជា​ច្រើន​ចំណុច​ក្នុងរឿង​ក្តីមួយ​​នេះ​។

លោកបន្តថា៖ «យុត្តិធម៌សម្រាប់ក្រុមគ្រួសារលោក ឈុត វុទ្ធី និងក្រុមគ្រួសារហ្នឹង គឺ​​មានមិនទាន់​​ពេញ​​​​លេញនៅឡើយទេ។ យើងទាមទារឱ្យមានការស្រាវជ្រាវ ធ្វើការស៊ើបអង្កេតបន្ថែមទៀត ដើម្បី​​ស្វែង​​រកយុត្តិធម៌ពេញលេញសម្រាប់គ្រួសារលោក ឈុត វុទ្ធី នោះ»។

​​បើតាមលោក អំ សំអាត បើផ្អែកលើរបាយការណ៍ស៊ើបអង្កេតរបស់សមត្ថកិច្ច គឺមានការ​​ប្រែ​ប្រួល​រហូត ដោយ​​​ម្តង​​​ថាលោក ឈុត​ វុទ្ធី ស្លាប់ដោយការបាញ់សម្លាប់ពី​កងរាជអាវុធហត្ថ ហើយ​គ្រាប់​ផ្លាត​មក​​​ត្រូវ​​​ខ្លួន​​ឯង​​​ស្លាប់​​ក្នុងពេលតែមួយ។ ប៉ុន្តែរបាយការណ៍ក្នុងជំហានទី២ បែរជារកឃើញថា កង​រាជអាវុធ​​ហត្ថ​​​បាញ់​រួច​ហើយ​ មានយុវជន​ម្នាក់​រត់​មក​ជួយ ហើយ​ក៏​កាំភ្លើង​រាល​កៃ​ត្រូវ​ខ្លួន​ឯង​ក៏​ស្លាប់​ទៅ។ ​​ក្នុង​​ន័យ​​នេះ លោក សំអាត បញ្ជាក់ថា គេមិនដឹងថាតើកាំភ្លើងដែលមានកាណុងវែង ហើយរាលកៃ​​ត្រូវ​​ដោយ​​​រ​​បៀ​ប​​​​ណាកើតទេ។

អង្គការ​ការពារសិទ្ធិមនុស្ស​លីកាដូ ធ្លាប់បានចេញរបាយ​​ការណ៍​របស់ខ្លួន ដោយបង្ហាញថា គិត​​ចាប់​​​ពី​​ឆ្នាំ​១៩៩៣​មក ការសម្លាប់​មនុស្សក្រៅ​ប្រព័ន្ធតុលាការនេះ មានមិនតិច​ជាង១០០​ករណី​ទេ ក្នុង​​​រយៈ​​​ពេល​ប្រមាណ​ជាង២០ឆ្នាំមកនេះ។ ជនរងគ្រោះទាំងនោះភាគច្រើនជាអ្នកនយោបាយ អ្នក​​​​​​កា​​​​​​សែត អ្នកការពារសិទ្ធិមនុស្ស អ្នកសិល្បៈ សហជីព និងអ្នកការពារបរិស្ថាន ជាដើម។ ​​ក្នុង​​ចំ​​ណោ​​​​ម​​​ករណី​​ទាំង​នោះ អង្គការលីកាដូ​​ថាមិនដែលឃើញ​សមត្ថកិច្ច​ចាប់​ខ្លួន​អ្នក​ប្រព្រឹត្ត​បទ​ល្មើស ដើម្បី​​យក​មក​​ផ្តន្ទា​​​ទោស​​បាន​​ទេ​​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ