សង្គមស៊ីវិល​ថា​កិច្ចគាំពារ​សង្គម​ជា​ឧបករណ៍​កាត់បន្ថយ​ភាពងាយរងគ្រាះ​របស់​ពលរដ្ឋ

តំណាងមកពីស្ថាប័នសង្គមស៊ីវិល ក្រសួងសេដ្ឋកិច្ច និង GIZ ថ្លែងក្នុងកិច្ចប្រជុំមួយពាក់ព័ន្ធនឹងសេវាគាំពារសង្គម ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២។ (ប៉ា សុខេង)


សង្គមស៊ីវិលមួយចំនួនអះអាងថា កិច្ចគាំពារសង្គមជាឧបករណ៍ដ៏សំខាន់មួយសម្រាប់កាត់បន្ថយភាពងាយរងគ្រោះ​ពីផលប៉ះពាល់សេដ្ឋកិច្ច និងជីវភាពរស់នៅពេញមួយជីវិតរបស់ពលរដ្ឋ ខណៈពួកគេទាមទារឱ្យមានការបញ្ជ្រាបចំណេះដឹងពាក់ព័ន្ធកិច្ចគាំពារសង្គមដល់ប្រជាជនបន្ថែមទៀត។

ការអះអាងនេះធ្វើឡើងក្នុងកិច្ចប្រជុំប្រកាសព័ត៌មានរបស់អង្គការសង្គមស៊ីវិលចំនួន៧ ដូចជា អង្គការអុកស្វាម, វេទិការអង្គការមិនមែនរដ្ឋាភិបាលស្ដីពីកម្ពុជា (​NGO-Forum), អង្គការជនជាតិដើមភាគតិចកម្ពុជា, គណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា, អង្គការបណ្ដាញកសិករនិងធម្មជាតិ, គណៈកម្មាធិការសម្របសម្រួលសកម្មភាពសុខភាព និងក្រុមសម្ព័ន្ធសកម្មភាពជលផល ក្នុងន័យផ្សព្វផ្សាយអំពីកិច្ចគាំពារសង្គម នៅថ្ងៃទី២១ ខែមេសានេះ។

សង្គមស៊ីវិលទាំងនោះអះអាងថា យុទ្ធនាការនេះផ្ដោតលើសារៈសំខាន់នៃបណ្ណសមធម៌ឬបណ្ណក្រីក្រ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ និងមូលនិធិសមធម៌សុខាភិបាល ដែលត្រូវផ្សព្វផ្សាយតាមបណ្ដាញនានា និងដោយផ្ទាល់នៅតាមសហគមន៍ ដើម្បី​ផ្តល់ព័ត៌មានដល់ពលរដ្ឋនៅតំបន់ដាច់ស្រយាលបំផុត និងក្រុមជនជាតិដើមភាគតិច ជាដើម។

នាយិកាអង្គការអុកស្វាម លោកស្រី ភាណ សោភ័ណ មានប្រសាសន៍ថា កិច្ចគាំពារសង្គមពិតជាបានសម្រួលដល់ជនងាយរងគ្រោះ ពោលគឺពលរដ្ឋដែលរស់នៅក្នុងភាពក្រីក្រ ឬអ្នកដែលប្រឈមមុខនឹងការធ្លាក់ទៅក្នុងភាពក្រីក្រ ឱ្យមានជីវភាពប្រសើរឡើងវិញ។ លោកស្រីថា ក្រុមងាយរងគ្រោះទាំងនោះ ដូចជា គ្រួសារក្រីក្រ ជនចាស់ជរា ស្ត្រីមេមាយ កុមារ និងជនមានពិការភាព។

បើតាមមន្ត្រីសង្គមស៊ីវិលរូបនេះ កិច្ចគាំពារសង្គមក្នុងន័យនេះ គឺសំដៅដល់គោលនយោបាយទាំងឡាយណាដែលរដ្ឋាភិបាលដាក់ចេញដើម្បីជួយទ្រទ្រង់ដល់បុគ្គលឬគ្រួសារ ដើម្បីធានាបានសន្តិសុខស្បៀង និងសុវត្ថិភាពនៅពេលដែលមាន​វិបត្តិក្នុងជីវភាព ពោលគឺធ្វើយ៉ាងណាឱ្យពលរដ្ឋទទួលបានជំនួយ ការវិនិយោគលើសុខភាព ការសិក្សារបស់កូន និងមានលំនឹងក្នុងការប្រកបរបរចិញ្ចឹមជីវិតបាន។

លោកស្រីថា៖ «អ្នកខ្លះនៅដែលពេលគាត់ឈឺ គាត់អាចលក់ផ្ទះសម្បែង លក់ដីធ្លី គោក្របីអីហ្នឹង ដែលជាទ្រព្យសម្បត្តិសកម្មដែលអនុញ្ញាតឱ្យគាត់រកលុយប្រកបរបរចិញ្ចឹមជីវិតបានហ្នឹង គឺលក់ចោលបាត់ហើយ។ អ៊ីចឹងគាត់អត់មានអីទេ ក្រៅពីបាត់បង់ដីធ្លី បាត់បង់អាជីព ហើយបើសិនជាជំងឺហ្នឹងធ្ងន់ធ្ងរ អាចបាត់បង់លទ្ធភាពពលកម្មទៀត។ អ៊ីចឹងហើយបានសេវាសុខភាពដែលឥតគិតថ្លៃទៅលើគ្រួសារទាំងអស់នោះ មានសារៈសំខាន់ណាស់នៅក្នុងពេលដែលគាត់ជួបបញ្ហា»។

លោកស្រី ភាណ សោភ័ណ បន្តថា គ្រួសារក្រីក្រងាយរងវិបត្តិផ្សេងៗ។ ជាក់ស្ដែង អំឡុងវិបត្តិកូវីដ-១៩ គ្រួសារក្រីក្របានបាត់បង់ការងារ ​បាត់ចំណូល គ្មានប្រាក់បម្រុង និងខ្វះស្បៀងអាហារ ជាដើម។

លោកស្រីបន្ថែមថា ករណីនេះចាំបាច់ណាស់ដែលស្ថាប័នពាក់ព័ន្ធត្រូវ​ដោះស្រាយបញ្ហាប្រឈមរបស់ពួកគេ ព្រមទាំងបញ្ហាកង្វះខាតចំណេះដឹងពាក់ព័ន្ធកិច្ចគាំពារសង្គមដល់ពលរដ្ឋផងដែរ។

ប្រធានគ្រប់គ្រងកម្មវិធីគាំពារសុខុមាលភាពសង្គមរបស់អង្គការ GIZ លោកស្រី Corinna HEINEKE លើកឡើងថា ប្រព័ន្ធគាំពារសង្គមគាំទ្រដល់ជនក្រីក្រ​ ជារឿងសំខាន់ ដែលពលរដ្ឋត្រូវទទួលបានព័ត៌មានថាតើពួកគេនឹងទទួលបានប្រព័ន្ធគាំពារសង្គមតាមរូបភាព​ណាខ្លះពីរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធ នៅពេលពួកគេត្រូវការជំនួយ។

លោកស្រីថា នេះជាមូលហេតុដែលអង្គការ GIZ បានសហការផ្សព្វផ្សាយអំពីប្រព័ន្ធគាំពារសង្គម ដើម្បីបញ្ជ្រាបការយល់ដឹងដល់ពលរដ្ឋ​ និងកាត់បន្ថយភាពក្រីក្រ។

មន្ត្រីអង្គការ GIZ រូបនេះថា អង្គការបានគាំទ្រជាបច្ចេកទេសផ្ទាល់ដល់ក្រុមការងារអគ្គលេខាធិការគាំពារសង្គមកម្ពុជា ដោយប្រឹក្សាយោបល់លើបណ្ដាញផ្សព្វផ្សាយ រៀបចំយន្តការ និងគាំទ្រជាថវិកា ជាដើម។ ​

លោកស្រី Corinna HEINEKE ថា៖ «GIZ ផ្ដល់ថវិកាដល់អង្គការអុកស្វាម សម្រាប់បន្តកិច្ចសហការជាមួយនឹងដៃគូពាក់ព័ន្ធទាំងនៅថ្នាក់ជាតិនិងក្រោមជាតិ។ យើងមានការផ្សព្វផ្សាយទូលាយបានច្រើនរហូតដល់ថ្នាក់មូលដ្ឋាន ដែលពលរដ្ឋនៅតាមតំបន់ដាច់ស្រយាលគាត់មានផលលំបាកនៅក្នុងការទទួលបានព័ត៌មាន។ អ៊ីចឹងតាមរយៈយន្តការដែលគាំទ្រដោយ GIZ នេះ គឺយើងធានាថា ប្រជាពលរដ្ឋគ្រប់រូបគាត់ទទួលបានព័ត៌មានមិនថានៅទីប្រជុំជន និងទីជនបទនោះទេ»។   

ជនជាតិដើមភាគតិចពូនង រស់នៅក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី អ្នកស្រី រឿន ហែង ប្រាប់ថា បណ្ណក្រីក្រនឹងជួយសម្រួលដល់ជនក្រីក្រពិតប្រាកដ ព្រោះអាចប្រើប្រាស់ពេលឈឺថ្កាត់ ដោយ​មិនចាំបាច់បង់ថ្លៃ​ព្យាបាល។

យ៉ាងណា ស្ត្រីមានពិការភាពរូបនេះប្រាប់ថា បច្ចុប្បន្ន ជនងាយរងគ្រោះពិតប្រាកដខ្លះក៏ទទួលបានបណ្ណនេះ ខណៈមួយចំនួនទៀតពុំទាន់ទទួលបាននៅឡើយ។

អ្នកស្រីចង់ឃើញរដ្ឋាភិបាល និងអាជ្ញាធរមូលដ្ឋាន ផ្ដល់បណ្ណសមធម៌ ឬបណ្ណក្រីក្រ ដល់ពលរដ្ឋដោយតម្លាភាពជាជាងប្រកាន់បក្ខពួក។

អ្នកស្រីថា៖ «ប៉ុន្តែមើលទៅរាល់ថ្ងៃហ្នឹង បណ្ណហ្នឹង វាអត់ទាន់បាន [ដល់ដៃជនក្រីក្រពិតប្រាកដ] គ្រប់គ្រាន់ទេ ព្រោះអីអ្នកខ្លះទៅក៏បានទៅ អ្នកខ្លះទៅក៏អត់ទៅ។ អ្នកខ្លះ គ្រួសារធូរធារក៏បានទៅ អ្នកខ្លះគ្នាអ្នកអត់មែនទែនក៏អត់បានទៅ វាអីចឹងណា! [ហេតុអីបានជាអ៊ីចឹង?] អាហ្នឹងវាអាស្រ័យទៅលើអាជ្ញាធរភូមិឃុំយើង មានតែពួកគាត់ទេដឹងថានៅក្នុងសហគមន៍យើងហ្នឹង អ្នកណាដែលគាត់ខ្វះខាតមែនទែន អ្នកណាដែលគាត់មិនសូវខ្វះខាត ហើយអ្នកណាដែលគាត់អត់មានអ្នកពឹងពាក់ ដូចជាចាស់ជរាអីអ៊ីចឹងទៅ។ ប៉ុន្តែការ[តាមមើលទៅ]ទៅ ប្រហែលជាឬក៏ខ្សែអីមិនដឹង យើងមិនដឹងទេ»។

អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក ចន ណារិទ្ធ ថ្លែងសាទរចំពោះយុទ្ធនាការរបស់អង្គការសង្គមស៊ីវិលដែលបានសហការផ្ដល់ជំនួយដល់រដ្ឋាភិបាល ក្នុងការផ្សព្វផ្សាយពីកិច្ចគាំពារសង្គមដល់ពលរដ្ឋ។ លោកបន្ថែមថា កិច្ចគាំពារសង្គមជាការអភិវឌ្ឍ​ក្នុងគោលបំណងកាត់បន្ថយភាពក្រីក្រ វិសមភាពក្នុងសង្គម និងទប់ស្កាត់ការធ្លាក់ចូលទៅក្នុងភាពក្រីក្រ។

លោកថា កម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់ជនងាយរងគ្រោះ គឺអាចបញ្ជាក់តាមរូបភាពផ្សេងៗ ដូចជា បណ្ណសមធម៌ ឬបណ្ណក្រីក្រ ជាដើម។ យ៉ាងណា នៅពេលអនុវត្តកម្មវិធីឧបត្ថម្ភ​ដល់ជនងាយរងគ្រោះនៅទូទាំងប្រទេសតែងមានភាពខ្វះចន្លោះ ដែលទាមទារឱ្យមានការបំពេញបន្ថែម។

លោក ចន ណារិទ្ធ ថា៖ «ធម្មជាតិនៃមនុស្សក៏មានការវាយតម្លៃ ជាពិសេសគាត់ [ពលរដ្ឋ] អាចនឹងវាយតម្លៃខ្លួនឯង ដែលគាត់ថាមិនជឿជាក់ទៅលើប្រព័ន្ធ ឬក៏គាត់ថាប្រព័ន្ធហ្នឹងគឺមានប្រសិទ្ធភាពខ្វះចន្លោះយ៉ាងណា អ៊ីចឹងគាត់ចេះតែវាយតម្លៃខ្លួនឯង។ គាត់អាចនឹងវាយតម្លៃខ្លួនឯងថា គាត់គួរទទួលបាន [បណ្ណសមធម៌ ឬបណ្ណក្រីក្រ] ប៉ុន្តែប្រព័ន្ធប្រាប់ថា គាត់ទទួលអត់បាន។ អ៊ីចឹងហើយការវាយតម្លៃខ្លួនឯងនេះ វាជាធម្មជាតិរបស់មនុស្សតែម្តង។ ដូច្នេះ ខ្ញុំនិយាយមិនមែនបានសេចក្តីថាចោទប្រកាន់បែបណាមួយនោះទេ ប៉ុន្តែនេះគឺជាធម្មជាតិ»។

តាមការវាយតម្លៃមួយដែលធ្វើឡើងដោយអង្គការអុកស្វាម ទៅលើកម្រិតនៃការយល់ដឹង និងការទទួលបានព័ត៌មានស្តីពីគម្រោងគាំពារសង្គមក្នុងចំណោមប្រជាពលរដ្ឋកម្ពុជា កាលពីខែតុលា ឆ្នាំ២០២១ បង្ហាញថា ពលរដ្ឋកម្ពុជាមិនស្គាល់ជាទូទៅនូវកម្មវិធីគាំពារសង្គមសំខាន់ៗ ដូចជា កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ និងមូលនិធិសុខាភិបាល​ឡើយ។

ការសិក្សាដដែលបង្ហាញថា ពលរដ្ឋកម្ពុជាត្រឹមតែ ៥៤% ប៉ុណ្ណោះដែលបានដឹងពីកម្មវិធីគាំពារសង្គម​ ដោយឡែកមានត្រឹម ៤១% ប៉ុណ្ណោះដែលបានដឹងអំពីមូលនិធិសមធម៌សុខាភិបាល៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ