ក្រសួង​នឹង​តាមដាន​មន្ត្រី​ក្នុង​ប្រព័ន្ធ​យុត្តិធម៌ ក្រោយ​រកឃើញ​អ្នកខ្លះ​កន្លះឆ្នាំ​មិនទាន់​ទៅ​កន្លែង​ធ្វើការ​ម្ដង

ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២ លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ថ្លែងក្នុងពិធីសន្និបាតបូកសរុបការងារយុត្តិធម៌ឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២។ (ក្រសួងយុត្តិធម៌)

មន្ត្រីជាន់ខ្ពស់ក្រសួងយុត្តិធម៌ អះអាងថា ក្រសួងនឹង​តាមដានចំពោះមន្ត្រីក្របខណ្ឌប្រព័ន្ធយុត្តិធម៌​ចាប់តាំងពីឆ្នាំ២០២២តទៅ ក្រោយ​រកឃើញថាមានមន្ត្រីខ្លះទៅធ្វើការតែ១ថ្ងៃក្នុង១ខែ ហើយមន្ត្រីខ្លះទៀតរហូតដល់កន្លះឆ្នាំមិនទាន់ទៅកន្លែងធ្វើការម្ដងផងក៏មាន។

ក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់ក្រសួងយុត្តិធម៌ កាលពីថ្ងៃ១២ ខែមេសា ឆ្នាំ២០២២ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ បានទម្លាយថា មានមន្រ្តីខ្លះទៅធ្វើការតែ១ថ្ងៃក្នុង១ខែ និងខ្លះទៀត កន្លះឆ្នាំមិនទាន់ទៅកន្លែងធ្វើការម្ដងផង។ ករណីនេះ លោកបានព្រមានចាត់វិធានការច្បាប់លើមន្ត្រីទាំងនោះ ដោយថា ដើម្បីពង្រឹងវិស័យយុត្តិធម៌នៅកម្ពុជាឡើងវិញ។

លោកក៏បានចាត់តាំងរដ្ឋលេខាធិការក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន និងលោក ផូវ សំភី អគ្គនាយកកិច្ចការរដ្ឋបាលតុលាការនៃក្រសួងយុត្តិធម៌ ត្រូវ​ត្រួតពិនិត្យ និងស្រង់វត្តមានរបស់មន្រ្តីក្នុងប្រព័ន្ធយុត្តិធម៌ទាំងអស់ជាប់ជានិច្ច ដើម្បីដឹងច្បាស់ថា អ្នកណាខ្លះទៅបំពេញការងារ ហើយអ្នកណាខ្លះ មិនទៅបំពេញការងារ។

លោក កើត រិទ្ធ បញ្ជាក់ថា មិនមែនតែព្រះរាជអាជ្ញា និងចៅក្រមនោះទេ ប៉ុន្តែមន្រ្តីផ្សេងទៀតក្នុងប្រព័ន្ធយុត្តិធម៌ ក៏ត្រូវត្រួតពិនិត្យ និងត្រូវស្រង់វត្តមានដែរ។

រដ្ឋលេខាធិការ​ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន  ប្រាប់វីអូឌីតាមប្រព័ន្ធតេឡេក្រាមថា ការពង្រឹងវិន័យ ក្រសួងបានធ្វើរួចហើយ ​ដោយមន្ត្រីខ្លះ លោកថា បានទទួលទណ្ឌកម្មពាក់ព័ន្ធនឹងការមិនគោរពវិន័យនេះ ប៉ុន្តែចំពោះទណ្ឌកម្មបែបណា ហើយមាន​មន្ត្រីប៉ុន្មាននាក់ដែលទទួល​ទណ្ឌកម្មផ្នែកវិន័យ​នោះ លោកសុំមិនធ្វើអត្ថាធិប្បាយឡើយ។

លោលថា៖ «យើងនឹងបន្តធ្វើការងារនេះបន្តទៀត ក៏ប៉ុន្តែលទ្ធផល​ប៉ុន្មាននាក់ដែល​ប្រព្រឹត្តកំហុសវិន័យ​ ហើយទណ្ឌកម្មបែបណាៗ​ គឺយើងមិនផ្សព្វផ្សាយទេ ដើម្បី​រក្សាមុខមាត់ កិត្តិយស​របស់មន្ត្រី ទុកឱកាសឱ្យគេ​ធ្វើការកែប្រែខ្លួន​។ ក្រុមការងារនឹងធ្វើការហ្នឹងបន្តទៀត ពាក់ព័ន្ធនឹងការតាមដាន​ ការអនុវត្តវិន័យរបស់មន្ត្រី​ ហើយនិងយន្តការទណ្ឌកម្មផ្នែកវិន័យដែលត្រូវ​សម្រេច​ចំពោះកំហុសអ្នកដែលប្រព្រឹត្តកំហុសផ្នែកវិន័យ»។

ប្រធានមជ្ឈមណ្ឌល​​ប្រជាព​លរដ្ឋ ដើម្បីកា​រអភិវឌ្ឍ​ និង​ស​ន្តិភាព លោ​ក យង់ គិមអេង សង្កេតឃើញថា បញ្ហានេះបានកើតឡើងយូរណាស់មកហើយ ប៉ុន្តែរដ្ឋាភិបាលមិនអាចដោះស្រាយបាន។ មូលហេតុដោះស្រាយមិនបាន លោកថា ដោយសារការជ្រើសរើសមន្ត្រីចូលបម្រើការងារ ពាក់ព័ន្ធនឹងអំពើពុករលួយ និងការដាក់បញ្ជូនសែស្រឡាយ រួមទាំងបក្ខពួកនិយម ជាដើម។

លោកបន្តថា រដ្ឋាភិបាលពិបាកនឹងធ្វើកំណែទម្រង់ ដោយសារតែនៅក្រសួងឬស្ថាប័នខ្លះមានទាំងឪពុក មានទាំងកូន និងសាច់ញាតិផងដែរ។ លោកថា ករណីនេះហើយដែលធ្វើឱ្យពិបាកក្នុងការពង្រឹងផ្នែកវិន័យ​​ ហើយថែមទាំងឱ្យពួកគេចរួចផុតពីទណ្ឌកម្ម​​ទៀតផង។

លោ​ក យង់ គិមអេង បន្តថា នៅពេល​មន្ត្រីរាជការ​មិនទៅធ្វើការផង ប៉ុន្តែបើកប្រាក់ខែធម្មតានេះ ជាបញ្ហាប្រឈមធំមួយក្នុងការ​ផ្ដល់សេវា​សាធារណៈជាក់លាក់​ និងមានគុណភាពទៅដល់ប្រជាពលរដ្ឋ​​ ជាពិសេស​ការផ្ដល់សេវាយុត្តិធម៌ជូនពលរដ្ឋ។

លោកថា៖ «ធ្វើឱ្យយឺតយ៉ាវ​ក្នុងការផ្ដល់យុត្តិធម៌​ដល់ប្រជាពលរដ្ឋ។ ជាមួយគ្នានោះទៀតសោត ​ក៏យើងឃើញថា អ្នកដែល​នៅក្នុងស្ថាប័នទាំងអស់ហ្នឹង ​មិនថាស្ថាប័នយុត្តិធម៌ឬ​ក៏ក្រសួងផ្សេងទៀតទេ យើងឃើញថាបញ្ហានៅមានអំពើពុករលួយ​នៅក្នុងការជ្រើសរើសមន្ត្រី​ ក្នុងការដំឡើងតួនាទី​ បុណ្យសក្តិដោយមន្ត្រី នៅតែមាន​! នៅតែមានហ្នឹងហើយ ​​គឺអ្នកដែលចូលមកតាមសែស្រឡាយ​ អ្នកចូលមកតាមអំពើពុករលួយ​ គឺអត់សូវបានគោរពបទបញ្ជា​ផ្ទៃក្នុង វិស័យរបស់ក្រសួងអីទេ ​ព្រោះគាត់អាងអ្នកការពាររបស់គាត់រឹងមាំហើយ។ ដល់អ៊ីចឹង ​ដែលធ្វើឱ្យពួកគាត់រួចផុតពីទណ្ឌកម្ម»។

នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា លោក ប៉ិច ពិសី ចាត់ទុកករណីនេះថា ឆ្លុះបញ្ចាំងពីការមិនទទួលខុសត្រូវរបស់មន្ត្រី បើទោះបីជាមន្ត្រីទាំងនោះ ទទួលបានប្រាក់​បៀវត្ស និងផលប្រយោជន៍ផ្សេងៗពីថវិការបស់ជាតិ ដែលបង់ពន្ធដោយប្រជាពលរដ្ឋ ប៉ុន្តែមិនបានបម្រើសេវាជូន​ពលរដ្ឋឡើយ។

លោកបន្តថា ក្រសួងត្រូវពង្រឹងការតាមដានលើមន្ត្រីរបស់ខ្លួនបន្ថែមទៀត អំឡុងពេលពួកគេបំពេញការងារក្នុងប្រព័ន្ធយុត្តិធម៌។ លោកថា ប្រសិនបើ​មន្ត្រីទាំងនោះមិនបានបំពេញការងារត្រឹមត្រូវតាមច្បាប់​ទេ ក្រសួងគួរតែបញ្ឈប់ឬជម្រុះចេញ ដោយផ្ដល់ប្រាក់បៀវត្សលើកទឹកចិត្តដល់មន្ត្រីផ្សេងទៀតដែលសកម្មវិញ។

លោកបញ្ជាក់ថា បើបញ្ហានេះមិនត្រូវបាន​ដោះស្រាយទេ ​នឹងជះឥទ្ធិពលអាក្រក់​ដល់សង្គមកាន់តែខ្លាំង ព្រមទាំងខាតបង់ថវិកាជាតិថែមទៀតផង​។ ​

លោកថា៖ «ស្ថាប័នសាធារណៈ​ គឺត្រូវដើរតួនាទីក្នុងការ​ពង្រឹងបរិយាកាសវិនិយោគ​ បរិយាកាសនៃការផ្ដល់សេវាឱ្យ​សមស្រប សម្រាប់ជំរុញ​សេវាក្នុងស្រុក​ សេវាអ្នករកស៊ី​ បម្រើប្រជាពលរដ្ឋផង ហើយជំរុញសេវាវិនិយោគផង។ អ៊ីចឹង បើសិនជាយើងមិនធ្វើការឱ្យទាន់​ពេលវេលា ឱ្យមានប្រសិទ្ធភាព​ ហើយឱ្យមានប្រសិទ្ធផលទេ ​ខ្ញុំគិតថាយើងអត់អាចដើរទាន់គេទេ។ អ៊ីចឹងយើងអាចនឹងប៉ះពាល់​ការលូតលាស់​សឹងគ្រប់វិស័យ ជាពិសេស​វិស័យសុខាភិបាល អប់រំ​ជាដើម ដែលជាវិស័យចាំបាច់សម្រាប់ពលរដ្ឋហ្នឹង»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ