សមត្ថកិច្ចខេត្តកណ្ដាល ឱ្យដឹងថា មន្ត្រីនគរបាល២នាក់បានស្លាប់ និងម្នាក់ទៀតរងរបួសស្រាល ក្នុងប្រតិបត្តិការបង្ក្រាបគ្រឿងញៀននៅក្នុងខេត្តនេះ ខណៈជនល្មើសម្នាក់បានរងរបួសធ្ងន់។
អធិការនគរបាលស្រុកអង្គស្នួល លោក មាន សំណាង ប្រាប់វីអូឌីថា មន្ត្រីនគរបាលទាំង២រូបដែលបានស្លាប់នោះ រួមមាន នាយប៉ុស្តិ៍ឃុំទួលព្រិច លោក ជុច សុភា និងមន្ត្រីនគរបាលផ្នែកគ្រឿងញៀននៃអធិការដ្ឋាននគរបាលស្រុកអង្គស្នួល លោក រឹម សុផាន់ណា ខណៈមន្ត្រីនគរប៉ុស្តិ៍ឃុំទួលព្រិចម្នាក់ទៀត លោក វ៉ន រុទ្ធី បានរងរបួសស្រាល ដោយសារក្រុមជនល្មើសដែលប្រើប្រាស់និងជួញដូរគ្រឿងញៀនបានបាញ់តដៃ ក្នុងប្រតិបត្តិការបង្ក្រាបគ្រឿងញៀននៅថ្ងៃព្រហស្បតិ៍នេះ ស្ថិតក្នុងឃុំទួលព្រិច ស្រុកអង្គស្នួល ខេត្តកណ្តាល។
អធិការនគរបាលរូបនេះបន្តថា ជនសង្ស័យនិងជាឃាតករត្រូវសមត្ថកិច្ចចាប់ខ្លួនបាន២នាក់់ ក្នុងនោះមានម្នាក់រងរបួសធ្ងន់។ លោកថា ជនសង្ស័យទាំង២នាក់នោះជាមុខសញ្ញាប្រើប្រាស់និងជួញដូរគ្រឿងញៀន ដោយមានដីកាឱ្យចាប់ខ្លួនពីតុលាការផងដែរ៕












