អ្នកជំនាញ​ថា ជំនួប​ការទូត​មេបក្សប្រឆាំង​ជាមួយ​បស្ចិមលោក​មិន​អាច​ជួយ​ឱ្យ​មាន​ដំណោះស្រាយ​នយោបាយ​បានទេ

លោក កឹម សុខា ជួបពិភាក្សាការងារជាមួយលោក Jacques PELLET ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋបារាំងប្រចាំព្រះរាជាណាចក្រកម្ពុជា នៅស្ថានទូតបារាំងក្នុងរាជធានីភ្នំពេញ ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២។ (ហ្វេសប៊ុកលោក កឹម សុខា)

ក្រុមអ្នកជំនាញផ្នែកគោលនយោបាយដែលមានជំហរឯករាជ្យមួយចំនួនមើលឃើញថា ​​ជំនួបទ្វេភាគីជាមួយបណ្ដាទូតលោកខាងលិច ទំនងជាមិនអាចជួយអ្វីបានច្រើនអំពីភាព​​ជាប់​​គាំង​​ផ្នែក​​នយោបាយរបស់មេដឹកនាំបក្សប្រឆាំងបានទេ ខណៈសំណុំរឿងដែលកំពុង​​ក្ដីក្ដាំគ្នានៅ​​ក្នុង​​តុ​​លា​ការនេះកំពុងស្ថិតនៅក្នុងភាពចម្រូងចម្រាស។

ទំព័រហ្វេសប៊ុកផ្លូវការរបស់លោក កឹម សុខា បានផ្សព្វផ្សាយនៅថ្ងៃសុក្រនេះ អំពីជំនួបទ្វេភាគីជា​មួយ​​ឯក​​អគ្គ​​រដ្ឋ​​ទូត​​បារាំង កាលពីថ្ងៃទី២១ ខែមេសានេះ នៅឯស្ថានទូតបារាំង​​ប្រចាំ​​កម្ពុជា​​។ ​​តាម​​រយៈជំនួបនេះ លោក កឹម សុខា បានប្រាប់ដោយត្រង់អំពីស្ថានការណ៍នយោបាយ បញ្ហា​​សិទ្ធិ​​មនុស្ស ភាពគាប់គាំង និងដំណើរការក្ដីរបស់លោកដ៏យូរនៅតុលាការ។

បើទោះបែបណា សម្រាប់ក្រុមអ្នកជំនាញផ្នែកគោលនយោបាយមើលឃើញថា ជំនួបបែបការទូត​​ជា​​មួយបណ្ដាប្រទេសបស្ចិមលោករបស់មេដឹកនាំបក្សប្រឆាំង ទាំងពេលមុន និងថ្មីៗនេះ ហាក់​​មិន​​អាច​​​ជួយស្រាយ​ចំណង​​អ្វី​បាន​​ច្រើនទេ ចំពោះវិបត្តិនយោបាយសម្រាប់កម្ពុជានៅពេលនេះ។

សាស្រ្តាចារ្យផ្នែកវិទ្យាសាស្រ្តនយោបាយ លោក ឯម សុវណ្ណរ៉ា ចាត់ទុកជំនួបរវាងលោក កឹម សុខា និង​តំណាងស្ថានទូតបារាំងលើកនេះ មិនខុសពីជំនួបជាមួយបណ្ដាតំណាងទូតលោកខាង​​លិច​​ផ្សេង​​ទៀត​ប៉ុ​​ន្មាន​​នោះទេ។

លោកមើលឃើញថា លទ្ធផលជាផ្លែផ្កាសម្រាប់ជាដំណោះ​​ស្រាយនយោ​​បាយដែលអាចនឹងឈាន​​ទៅ​​បើកផ្លូវឱ្យលោក កឹម សុខា ហក់ចូលក្នុងឆាកនយោ​​បាយជា​​ថ្មី​​ទៀត​​នោះ វាមិនងាយទេ។ ប៉ុន្តែយ៉ាង​ណា ការបង្ហាញវត្តមានជាញឹកញាប់របស់បស្ចិមលោកនេះ អ្នក​​ជំ​​នាញ​ផ្នែកគោលនយោបាយ លោក ឯ​ម សុវណ្ណរ៉ា ចាត់ទុកថា វាបានឆ្លុះ​​បញ្ចាំ​ង​​ឱ្យ​​ឃើញពីការគាំ​​ទ្ររបស់​ប្រទេសប្រកាន់​​គោល​​ការណ៍ប្រជាធិបតេយ្យនៅបន្តគាំទ្រចំពោះអ្វីដែលមេ​​បក្សប្រ​​​ឆាំងរូប​​នេះ​ធ្វើក្នុងផ្លូវត្រូវ។

លោកបន្តថា៖ «ក្នុងន័យមួយ គឺថានៅរក្សា នៅគាំទ្រប្រជាធិបតេយ្យ។ ជាជំហរ​​មួយដែលគេផ្ដល់​​តម្លៃ​​ថា ​​លោក កឹម សុខា មិនទាន់មានបទចោទ ឬការចោទប្រកាន់​​ណាមួយដែលប្រព្រឹត្ត​​ខុសទៅនឹង​​គោលការណ៍ប្រជាធិបតេយ្យណាមួយទេ។ នេះដែលយើងមើលឃើញពីការគាំទ្ររបស់លោកខាងលិច។ ហើយក៏ជាស្មារតីមួយជាការដាស់តឿនទៅអាជ្ញាធរមានសមត្ថកិច្ចរបស់រដ្ឋា​​ភិបាលហ្នឹង ឱ្យ​ងាក​មកដោះ​​ស្រាយបញ្ហាហ្នឹង ពីព្រោះលោកខាងលិចនៅតែបន្តគាំទ្រនិងចាប់អារម្មណ៍»។

គេសង្កេតឃើញថា នៅក្រោយគណបក្សប្រឆាំងដ៏ធំត្រូវបានតុលាការកំពូលរំលាយកាលពី​​ឆ្នាំ​​២០​១​​៧ និងជាបន្តបន្ទាប់ទៀត អង្គការ និងស្ថាប័នសារព័ត៌មានមួយចំនួនត្រូវបិទទ្វារហើយដក​​ខ្លួន​​ចេញ​​​ពីកម្ពុជា សម្ពាធពីសហគមន៍អន្តរជាតិបានបន្តធ្លាក់ចុះជាហូរហែ។

​មិនយូរប៉ុន្មាន គណៈ​​កម្ម​​កា​​រ​​អឺរ៉ុបបាន​​សម្រេច​​​ចិត្តក្នុងការដកការលើកលែងពន្ធតាមប្រព័ន្ធអនុ​គ្រោះ​​ពន្ធ​​ EBA ២០​​ភាគ​​រយ​​​​ ពីកម្ពុជា។ តែទីបំផុតទៅ រដ្ឋាភិបាលនៅតែប្រកាន់គោលការណ៍មិនចរចាដើម្បីរក្សាប្រព័ន្ធ​​អនុគ្រោះ​​ពន្ធ​​នេះ បើ​​ទោះ​ជាគណៈកម្មការអឺរ៉ុបប្ដេជ្ញាថា ខ្លួននឹងនៅចាំបើកទ្វារចំហសម្រាប់កម្ពុជាជានិច្ច បើរដ្ឋាភិបាល​​ស្ដារប្រជាធិបតេយ្យ ហើយ​​ជំរុញឱ្យស្ថានការណ៍បាន​​វិលទៅរកប្រក្រតីភាពឡើងវិញ ដូចនៅ​​មុន​​ឆ្នាំ​​២០១៧។

បើទោះជាបែបណា អ្នកជំនាញផ្នែកវិទ្យាសាស្រ្តនយោបាយ លោក វណ្ណ ប៊ុនណា បញ្ជាក់ថា តាម​​រយៈ​​​​ជំនួប​ចុង​​ក្រោយ​នេះទៀត ជាមួយឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅកម្ពុជា នៅតែមើលឃើញថា វាមិន​​អាចធ្វើ​​ឱ្យមាន​​ការ​​ប្រែប្រួលទៅដល់ការសម្រេចរបស់ភ្នាក់ងាររដ្ឋទេ។ មិនតែប៉ុណ្ណោះ ជំនួ​ប​​ទ្វេ​ភាគីទាំងពេលនេះ និងក្នុងពេលកន្លងទៅ វាគ្រាន់តែជាការឆ្លុះបញ្ចាំងពីសមានចិត្តពី​​បណ្ដា​​ប្រទេសបស្ចិមលោក ហើយ​​ក៏មិនអាចជួយឱ្យដំណើរការក្តីនៅតុលាកា​​រមានភាព​​ជឿន​លឿ​ន​​នោះ​​ដែ​រ។

លោកបន្តថា៖ «បើយើងគិតពីឥទ្ធិពលនៃជំនួបរបស់បណ្ដាអង្គទូតទាំងអស់ហ្នឹងមកលើរឿងក្ដីរបស់លោក កឹម សុខា ខ្ញុំគិតថា វាមិនមានសញ្ញាណាដែល​​ថា វាជួយបានធំដុំអីទេ។​​ តែវាគ្រាន់តែថា នេះ​​ជា​​កា​របង្ហាញតាមបែបសីលធម៌ និងបែបការទូតតែប៉ុណ្ណឹង។​ ហើយឥទ្ធិពលទាំងអស់ហ្នឹង ​​វាមិនអាចជះ​​ផលវិជ្ជមានឬក៏ធ្ងន់ធ្ងរណាមួយទៅលើការសម្រេចចិត្តរបស់រដ្ឋាភិបាលឬតុលាការទេ»។

លោក កឹម សុខា ត្រូវបានសមត្ថកិច្ចក្រុងភ្នំពេញចូលចាប់ខ្លួនកាលពីដើមខែកញ្ញា ឆ្នាំ២០១៧ នៅ​​គេ​​ហដ្ឋាន​របស់លោកទាំងយប់ ទាំងដែលនៅមានអភ័យឯកសិទ្ធិភាព​​នៅឡើយផង។ ក្រោយ​​ចាប់​​ខ្លួន​​ លោកត្រូវបានតុលាការក្រុងភ្នំពេញចោទប្រកាន់ពីបទ «សន្ទិដ្ឋិភាព» ឬត្រូវរ៉ូវជាមួយរដ្ឋបរទេស ចង់​​ផ្តួល​​រំ​លំ​រដ្ឋាភិបាល។ គិតពីថ្ងៃចាប់ខ្លួនមកដល់ពេលនេះ មានរយៈពេល៤ឆ្នាំ ដែលមេបក្សប្រឆាំង​​ដ៏ធំ​​មួយ​​នេះត្រូវបាត់បង់សិទ្ធិ។

នៅក្នុងជំនួបទ្វេភាគីជាមួយតំណាងស្ថានទូតបារាំង កាលពីថ្ងៃទី២១ ខែមេសា ភាគីទាំងពីរបានលើកឡើង​​ដោយ​​ត្រង់ៗអំពីបញ្ហានយោបាយ និងសិទ្ធិមនុស្ស។ តាមរយៈសំណេរផ្លូវការរបស់ឯកអគ្គរដ្ឋទូត​បា​​​​រាំង​ លោក ស្សាក ភែលឡេតិ៍ (Jacques Pellet) លោកបានបង្ហាញការព្រួយបារម្ភ ចំពោះដំ​​ណើ​​​​រ​​ការក្ដីដ៏យូរ ដែលកំពុងស្ថិតនៅក្នុងដៃតុលាការសព្វថ្ងៃនេះនៅឡើយ។

ចំណែកប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា លោកបណ្ឌិត ប៉ា ចន្ទរឿន យល់ឃើញថា ជំនួប​​ប្រ​​​​មុខ​​​ដឹកនាំបក្សប្រឆាំងជាមួយតំណាងប្រទេសបស្ចិមលោក​នេះ នឹងមិនបានជួយស្រាយចំណងនៃ​​ការជាប់គាំង​​ផ្នែកនយោបាយទេ។

លោកមើលឃើញថា ភាពរួមរឹតនៃវិបត្តិនយោបាយនេះនឹង​​បន្ត​​​​អូសបន្លាយតទៅទៀត ហើយតួ​​អង្គ​លោក កឹម សុខា នឹងមិនអាចធ្វើអ្វីបានច្រើនដូចនៅមុន​​ឆ្នាំ​​២​​​​០​១៧នោះដែរ។ វិបត្តិនយោបាយ ដែ​ល​​​​អ្នកជំនាញផ្នែកប្រជាធិបតេយ្យរូបនេះមើលឃើញថា អាច​​នឹងមានច្រកចេញទៅកើត លុះ​​ត្រា​​​​​តែរដ្ឋាភិបាលបើកចិត្តឱ្យទូលាយ និងងាកមករកគន្លងប្រជាធិបតេយ្យឡើងវិញ ទើបអាច​​មាន​​ផ្លូវ​​​ខ្លះ​​។

លោកបន្តថា៖ «ជាការពិត រឿងការស្រាយចំណងវិបត្តិនយោបាយនៅកម្ពុជា ក្នុងរឿងគណបក្ស​​សង្រ្គោះ​​ជាតិ​​នេះ វាមានអ្នកស្រាយហ្នឹង៣ធំៗ ទី១ គឺរដ្ឋាភិបាល ទី២ មន្រ្តី ឬក៏អ្នកគាំទ្រគណ​​បក្ស​​សង្រ្គោះ​ជាតិហ្នឹងខ្លួនឯង ហើយទី៣ គឺសហគមន៍អន្តរជាតិ»។

សម្រាប់សហមេធាវីការពារសិទ្ធិឱ្យជនត្រូវចោទប្តេជ្ញាថា ខ្លួននឹងរៀបចំលិខិតអញ្ជើញ ក្នុង​​ពេល​​ឆា​ប់​​​​​​​ៗ​នេះ ទៅក្រុមប្រទេសដែលពាក់ព័ន្ធក្នុងបទចោទឱ្យមកចូលឆ្លើយបំភ្លឺនៅក្នុងសវនាការ ដូច​​មាន​​​​ក្នុងបញ្ជី​​នៃការ​​ចោទ​​ប្រកាន់របស់មេធាវីរដ្ឋាភិបាល បើទោះជាសវនាការនេះត្រូវមាន​​ការ​​ប្រែ​​ប្រួល​​​បែបណាក្តី។ បើតាមមេធាវី លោក អាង ឧត្តម ការរុញសភាពការណ៍ឱ្យដល់គោលដៅ​​បែប​​នេះមានន័យថា គឺដើម្បីបង្ហាញពីភាពស្អាតស្អំកូនក្តីរបស់ខ្លួន ចំពោះបទចោទប្រកាន់នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ