លោក ពូទីន ប្រកាស​ពី​ជ័យជម្នះ​ក្នុង​ការដណ្ដើម​បាន​ទីក្រុង​ម៉ារីយូប៉ូល​យក​មក​គ្រប់គ្រង

ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន។ (ហ្វេសប៊ុក៖ Vladimir Putin)

ប្រធានាធិបតីរុស្សី លោក ​វ្លាឌីមៀរ ពូទីន នៅថ្ងៃព្រហស្បតិ៍ម្សិលមិញ បានប្រកាសពីជ័យជម្នះនៅក្នុងសមរភូមិដ៏ធំមួយនៃសង្រ្គាមឈ្លានពានអ៊ុយក្រែន ខណៈពួកគេលើកឡើងពីការដណ្ដើមយកបានទីក្រុងកំពង់ផែ ​ម៉ារីយូប៉ូល (Mariupol) មកគ្រប់គ្រង។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters

គួរបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំមួយនៅវិមានក្រឹមឡាំង លោកប្រធានាធិបតី ​វ្លាឌីមៀរ ពូទីន បានអបអរសាទរដល់រដ្ឋមន្ត្រីការពារជាតិ និងកងទ័ពរុស្ស៊ីរបស់ខ្លួន ដែលបានបញ្ចប់កិច្ចខិតខំប្រឹងប្រែងប្រយុទ្ធ ដើម្បីរំដោះ​ទីក្រុង​ម៉ារីយូប៉ូលដោយជោគជ័យ។

ទោះជាយ៉ាងណា សហរដ្ឋ​អាមេរិក​បាន​ជំទាស់​នឹង​ការ​អះអាង​របស់​លោក​ពូទីនខាងលើនេះ ដោយ​ខ្លួន​លើកឡើង​ថា ​កង​កម្លាំង​អ៊ុយក្រែន​នៅ​តែ​បន្តមានវត្តមាន​ក្នុង​ទីក្រុង​ម៉ារីយូប៉ូល ដើម្បីត្រៀមតបតទៅនឹងកងទ័ពរុស្ស៊ីវិញ។

ទាក់ទិននឹងករណីនេះ អ៊ុយក្រែនក៏បានឱ្យដឹងដោយ​អំពាវនាវ​សុំ​ឱ្យមានការជួយ​ជម្លៀស​ជន​ស៊ីវិលនិង​ទាហាន​ដែល​រង​របួស ថាលោក ពូទីន ហាក់មិនចង់ធ្វើការវាយប្រហារកងទ័ពរបស់ខ្លួនដែលនៅសេសសល់ចុងក្រោយនៅក្នុងតំបន់ម៉ារីយូប៉ូលឡើយ ខណៈដែលពួកគេ [រុស្សី] ក៏កំពុងតែជួបប្រទះបញ្ហាកង្វះកងទ័ពផងដែរ។

គិតរហូតមកដល់ពេលនេះ ការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែនបានឈានចូលមកដល់សប្ដាហ៍ទី៨ហើយ ដែលបានបង្កឱ្យជនស៊ីវិលរាប់ពាន់នាក់បានស្លាប់បាត់បង់ជីវិត តំបន់ទីក្រុងជាច្រើនប្រែក្លាយទៅជាគំនរបាក់បែក និងបង្កឱ្យមានជាវិបត្តិមនុស្សធម៌ធ្ងន់ធ្ងរកើតឡើង ខណៈមនុស្សរាប់លាននាក់ក៏បានភៀសខ្លួនចេញពីប្រទេសផងដែរ។

ទោះជាយ៉ាងណា រុស្ស៊ីធ្លាប់បានលើកឡើងកាលពីពេលកន្លងទៅថា សកម្មភាពរបស់ខ្លួននេះ គឺជាការអនុវត្ត «ប្រតិបត្តិការយោធាពិសេសមួយ» ដើម្បីបញ្ឈប់រដ្ឋាភិបាលអ៊ុយក្រែនពីការប្រព្រឹត្តអំពើប្រល័យពូជសាសន៍ប្រឆាំងនឹងប្រជាជនរបស់ខ្លួន ខណៈដែលការចោទប្រកាន់នេះត្រូវបានប្រទេស​លោកខាងលិច​ចាត់ទុកថា ជាការ​លើកឡើងដោយ​គ្មានមូលដ្ឋានច្បាស់លាស់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ