សហគមន៍​នេសាទ​នៅ​ខេត្ត​ជាប់​សមុទ្រ​ចំនួន២​ប្រឈម​ផល​ប៉ះពាល់​ពី​គម្រោង​អភិវឌ្ឍន៍​នៅ​តំបន់ឆ្នេរ

បឹងហ្គាឡូ ដែលត្រូវបានក្រុមហ៊ុនវិស័យឯកជនសាងសាង់នៅត្រើយម្ខាង ទល់មុខសហគមន៍ត្រពាំងសង្កែ ថ្ងៃទី០២ ខែសីហា ឆ្នាំ២០២១។ (សហគមន៍នេសាទត្រពាំងសង្កែ)

សហគមន៍នេសាទនៅខេត្តកំពត និងខេត្តកែប បន្តរងការគំរាមកំហែងដោយគម្រោងអភិវឌ្ឍន៍នានានៅតំបន់ឆ្នេរ ដោយសារតំបន់អាស្រ័យផលរបស់ពួកគេរងការទន្ទ្រានយក និងបំផ្លិចបំផ្លាញដោយមហិច្ឆតាចង់បង្កើតជាតំបន់ទេសចរណ៍។

ក្នុងខែមេសា ឆ្នាំ២០២២នេះ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) បានចេញផ្សាយសលាកបត្រព័ត៌មានបន្ថែមទៀត ពាក់ព័ន្ធការសិក្សាលើគម្រោងអភិវឌ្ឍន៍ដែលគំរាមកំហែងដល់សហគមន៍នេសាទតំបន់ឆ្នេរ នៃខេត្តកំពត និងខេត្តកែប ដែលបង្កឡើងដោយក្រុមហ៊ុន «អុមនីកំពត ឌីវេឡុបម៉ិន ខូអិលធីឌី»

មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ឱ្យដឹងថា កាលឆ្នាំ២០១៨ គម្រោងអភិវឌ្ឍន៍ដ៏ធំមួយរបស់ក្រុមហ៊ុន អុមនីកំពត នៅក្នុងតំបន់ បានគំរាមកំហែងដល់សហគមន៍នេសាទចំនួន៥នៅខេត្តកំពត និងខេត្តកែប ដោយគម្រោង​នេះគ្រោងអភិវឌ្ឍលើផ្ទៃដី៣ ៩១០ហិកតា នៅស្រុកទឹកឈូ ខេត្តកំពត និងខេត្តកែប ដើម្បីធ្វើកោះសិប្បនិម្មិតសម្រាប់វិស័យទេសចរណ៍។ តែគម្រោងនេះបានត្រួតគ្នាលើផ្ទៃដីដែលគ្រប់គ្រងដោយសហគមន៍នេសាទ។

CCHR លើកឡើងថា ប្រសិនបើគម្រោងរបស់ក្រុមហ៊ុននេះដំណើរការដូចការគ្រោងទុកមែននោះ វានឹងបំផ្លិចបំផ្លាញសមាជិកសហគមន៍នេសាទទាំង៥ ដែលមានមនុស្សរាប់ពាន់នាក់ និងប៉ះពាល់ដល់ផ្ទៃដីសហគមន៍នេសាទចាប់ពី៤៧ភាគរយ ទៅ៧៨ភាគរយ។

CCHR បន្តថា តាមការស្រាវជ្រាវ គឺតំណាងក្រុមហ៊ុន អុមនីកំពត បានជួបប្រជុំជាមួយតំណាងសហគមន៍នេសាទ និងអាជ្ញាធរពាក់ព័ន្ធនៅឆ្នាំ២០១៨ និង២០១៩ ដើម្បីបង្ហាញគម្រោងរបស់ក្រុមហ៊ុន និងរបកគំហើញ នៃការវាយតម្លៃផលប៉ះពាល់បរិស្ថាន សង្គម និងឱកាសការងារដែលគម្រោងនឹងផ្ដល់ឱ្យប្រជាសហគមន៍នេសាទ។ ប៉ុន្តែមិនបានសួរយោបល់របស់សហគមន៍នេសាទជុំវិញគម្រោងការអភិវឌ្ឍន៍នេះឡើយ។

មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ឱ្យដឹងថា តាមការផ្តល់បទសម្ភាសន៍ពីតំណាងសហគមន៍ គឺពួកគេបានប្រាប់ទៅអាជ្ញាធរ និងតំណាងក្រុមហ៊ុនថា ពួកគេមិនយល់ស្របចំពោះគម្រោងអភិវឌ្ឍន៍នេះឡើយ និងបានស្នើឱ្យទៅអភិវឌ្ឍនៅតំបន់ផ្សេង ដោយពួកគេព្រួយបារម្ភពីផលប៉ះពាល់ចំពោះសហគមន៍នេសាទ អន្តរាយដល់បរិស្ថាន និងបំផ្លិចបំផ្លាញធនធានធម្មជាតិនៅតាមតំបន់ឆ្នេរសមុទ្រ និងជីវចម្រុះ។

យ៉ាងណា CCHR​ បានឱ្យដឹងថា ក្រុមហ៊ុន អុមនី ហាក់ស្ងាត់ស្ងៀមតាំងពីកិច្ចប្រជុំចុងក្រោយដែលធ្វើឡើងអំឡុងឆ្នាំ២០១៩ ខណៈអាជ្ញាធរមូលដ្ឋាន និងអាជ្ញាធរខេត្ត ពុំដឹងច្បាស់ថាក្រុមហ៊ុននេះកំពុងបន្តប្រតិបត្តិការរបស់ខ្លួនទៀត ឬយ៉ាងណានោះទេ។ ការស្ងាត់ស្ងៀមនិងបាត់ព័ត៌មានពាក់ព័ន្ធក្រុមហ៊ុននេះ បានធ្វើឱ្យសហគមន៍នេសាទកំពុងមានក្ដីបារម្ភ ដោយថា ប្រសិនបើគម្រោងរបស់ក្រុមហ៊ុននេះនឹងដំណើរមែននោះ ពួកគេនឹងបាត់បង់អ្វីៗគ្រប់យ៉ាងពីទឹកដី និងធនធានធម្មជាតិដែលកំពុងអាស្រ័យតាមលក្ខណៈប្រពៃណី និងអនាគតកូនចៅ។

បើតាមសលាកបត្រព័ត៌មាន គឺក្រុមហ៊ុន អុមនី បានចុះបញ្ជីនៅក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៧ ដែលតំណាងដោយនាយក និងនាយិការបស់ក្រុមហ៊ុនចំនួន២នាក់ គឺឈ្មោះ ឃឹម រ៉ានី ជាភរិយារបស់មន្ត្រីជាន់ខ្ពស់ក្នុងជួររដ្ឋាភិបាល និងម្នាក់ឈ្មោះ មាង ចាន់ធី

អនុប្រធានសហគមន៍នេសាទត្រពាំងសង្កែ លោក សេន ណោះ ប្រាប់ វីអូឌី នៅថ្ងៃសុក្រនេះថា សហគមន៍នេសាទទាំង៥ដែលប្រឈមប៉ះពាល់ដោយគម្រោងអភិវឌ្ឍន៍របស់ក្រុមហ៊ុន អុមនី នោះ រួមមាន សហគមន៍ត្រពាំងសង្កែ សហគមន៍កំពង់សាមគ្គីនៅខេត្តកំពត និងសហគមន៍​អូរក្រសា សហគមន៍កំពង់ត្រឡាច និងសហគមន៍ភូមិថ្មី នៅខេត្តកែប។

យ៉ាងណា លោកថា ក្រុមហ៊ុននេះមានតែគម្រោងប៉ុណ្ណោះ គឺមិនទាន់បានអនុវត្តនៅឡើយទេ ក្រោយពីមានការជំទាស់ពីប្រជាសហគមន៍នេសាទ។ លោកថា ប្រសិនបើគម្រោងនេះអនុវត្តមែននោះ នឹងធ្វើប៉ះពាល់ធ្ងន់ធ្ងរដល់ប្រជាសហគមន៍នេសាទ ជាពិសេសមុខរបររបស់ពួកគេ។

លោកបន្ថែមថា៖ «ប្រជាសហគមន៍ បើគាត់ព្រមឱ្យគេអភិវឌ្ឍ គាត់នឹងប៉ះពាល់ធំ ជាពិសេសមុខរបរ។ គាត់ជាអ្នកនេសាទ គាត់គ្មានចំណេះដឹងអ្វីខ្ពស់ទេ។ គាត់ចេះតែនេសាទ ដើម្បីចិញ្ចឹមកូនៗរបស់គាត់ឱ្យបានរៀនសូត្រ។ បើគាត់ឱ្យគេ គាត់ប៉ះពាល់ធំហើយ អ៊ីចឹងគាត់សម្រេចថាមិនឱ្យទេ។ ប៉ុន្តែឈ្នះមិនឈ្នះ រដ្ឋាភិបាលត្រូវការអភិវឌ្ឍ អាហ្នឹងសម្រេចលើរដ្ឋាភិបាលទេ។ បើឱ្យក្រុមហ៊ុន អុមនី អភិវឌ្ឍ ប្រជាពលរដ្ឋប៉ះពាល់ធ្ងន់ធ្ងរបំផុត»។

អនុប្រធានសហគមន៍នេសាទត្រពាំងល្ពៅព្រែកត្រែង លោក ទិត្យ រីន ឱ្យដឹងថា មិនមានតែសហគមន៍នេសាទ៥នោះទេដែលប៉ះពាល់ដោយគម្រោងអភិវឌ្ឍន៍ឆ្នេររបស់ក្រុមហ៊ុន គឺមានសហគមន៍នេសាទជាច្រើនផ្សេងទៀត។

អនុប្រធានសហគមន៍រូបនេះបន្តថា សហគមន៍នេសាទរបស់លោករងផលប៉ះពាល់ដោយគម្រោងអភិវឌ្ឍន៍របស់ក្រុមហ៊ុន «ជីងគ័រ» ខណៈសហគមន៍ផ្សេងប៉ះពាល់ដោយក្រុមហ៊ុនរបស់លោកឧកញ៉ា ទ្រីភាព។

លោកបន្ថែមថា៖ «​កាលណាគេអភិវឌ្ឍ គេចាក់ដីទៅ វាធ្វើប៉ះពាល់ដល់ធនធានសមុទ្រ ដូចជា ផ្កាថ្ម ស្មៅសមុទ្រ ព្រៃកោងកាង ជីវចម្រុះគ្រប់ប្រភេទ»។

អភិបាលខេត្តកំពត លោក ម៉ៅ ធនិន បានចុចផ្តាច់ទូរសព្ទបន្ទាប់ពីប្រាប់ថាហៅទូរសព្ទចេញពីវីអូឌី។ ចំណែកអភិបាលស្រុកទឹកឈូ លោក នាក់ សុវណ្ណារី និងអភិបាលខេត្តកែប លោក សោម ពិដ្ឋ ទូរសព្ទចូលច្រើនដង គ្មានអ្នកទទួល។

សហគមន៍នេសាទបង្កើតឡើងជាផ្លូវការដោយព្រះរាជក្រឹត្យឆ្នាំ២០០៥ ដោយផ្តល់សិទ្ធិឱ្យប្រជាពលរដ្ឋកម្ពុជារួមគ្នាបង្កើតសហគមន៍នេសាទតាមតំបន់ដែលពួកគេរស់នៅ ដើម្បីធ្វើឱ្យប្រសើរឡើងក្នុងការគ្រប់គ្រងជលផលថ្នាក់មូលដ្ឋាន។

តាមក្របខណ្ឌច្បាប់ ស្តីពី «សហគមន៍នេសាទ ដីធ្លី និងសិទ្ធិបរិស្ថាន» បានលើកឡើងថា ការបំផ្លាញនិងទន្ទ្រានយកដែននេសាទដែលសហគមន៍ពឹងអាស្រ័យ ដោយគ្មានការយល់ព្រម និងការពិគ្រោះយោបល់ គឺជាការរំលោភបំពានសិទ្ធិមនុស្សជាអន្តរជាតិដែលមានចែងក្នុងសន្ធិសញ្ញាផ្សារភ្ជាប់កាតព្វកិច្ចមួយចំនួនដែលប្រទេសកម្ពុជាបានផ្ដល់សច្ចាប័ន។

មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានស្នើដល់រដ្ឋាភិបាលឱ្យពង្រឹងសមត្ថភាពអាជ្ញាធរមូលដ្ឋាន និងស្ថាប័នពាក់ព័ន្ធ យល់ដឹងពីសិទ្ធិកាន់កាប់ស្របច្បាប់របស់សហគមន៍នេសាទនៅតំបន់ឆ្នេរ រួមទាំងចេញបណ្ណកម្មសិទ្ធិឱ្យសហគមន៍នេសាទនៅតំបន់ឆ្នេរ។

មួយទៀតនោះ ត្រូវធ្វើការវាយតម្លៃផលប៉ះពាល់បរិស្ថាននិងសង្គមឱ្យបានច្បាស់លាស់ មុនអនុញ្ញាតឱ្យគម្រោងអភិវឌ្ឍឬធ្វើហេដ្ឋារចនាសម្ព័ន្ធ ហើយត្រូវធានាឱ្យមានការចូលរួមសម្រេចចិត្តពីសហគមន៍ដែលរងផលប៉ះពាល់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ