លោក ហ៊ុន សែន ថាកម្ពុជា​បាន​ចាត់​ទុក​ទឹក​ថាជា «មាស ស» ​ជំរុញ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចូលរួម​ក្នុង​ពិធី​បើក​កិច្ចប្រជុំ​កំពូល​លើក​ទី៤ ស្តីពី​បញ្ហាទឹក នៅ​តំបន់​អាស៊ី-ប៉ាស៊ីហ្វិក ប្រទេស​ជប៉ុន​ ថ្ងៃទី​ ២៣​ មេសា​ ឆ្នាំ២០២២។ (រូប៖ ហ្វេសប៊ុកនាយករដ្ឋមន្ត្រី ហ៊ុន សែន)

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ចាត់​ទុក​ទឹក​ជា​ប្រភព​ចាំបាច់​សម្រាប់​ជំរុញ​ការ​អភិវឌ្ឍជាតិ ស្រប​ពេល​របាយការណ៍​របស់​គណៈ​កម្មាធិការ​ទន្លេ​មេគង្គ​បង្ហាញ​ថា ​លំហូរទឹកទន្លេ​បាន​ធ្លាក់ចុះ​ទាប​រយៈពេល​៣ ឆ្នាំ​ជាប់ៗ​គ្នា។

ការលើកឡើងរបស់លោក ហ៊ុន សែន បានធ្វើឡើងនៅក្នុងកិច្ចប្រជុំកំពូលស្តីពីបញ្ហាទឹកនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក (APWS) លើកទី៤ ដែលប្រារព្ធធ្វើឡើង​នៅទីក្រុងខឹម៉ាមូតុ ប្រទេសជប៉ុន នៅព្រឹកថ្ងៃសៅរ៍ ទី២៣ ខែមេសា ឆ្នាំ២០២២នេះ។ ក្នុងកិច្ចប្រជុំនោះ​ លោក ហ៊ុន សែន បានថ្លែងថា ការប្រើប្រាស់ធនធាន​ទឹក​ប្រកបដោយប្រសិទ្ធភាព និងស័ក្ដិសិទ្ធិភាព គឺចាំបាច់ណាស់សម្រាប់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចប្រកបដោយចីរភាព។

របាយការណ៍ដែលចេញផ្សាយដោយគណៈកម្មាធិការទន្លេមេគង្គកាលពីថ្ងៃទី​​១៣ ខែ​មករា  ឆ្នាំ២០២២ បាន​រៀប​រាប់​ថា លំហូរ​ទឹក​ទន្លេ​​ពី​ឆ្នាំ២០១៩ ដល់ឆ្នាំ២០២១​​ បានធ្លាក់ដល់កម្រិតមួយទាបបំផុតដែល​មិនធ្លាប់មានក្នុងរយៈពេល​៦០ឆ្នាំ​ចុង​ក្រោយ ដែល​បញ្ហានេះបណ្ដាលឱ្យប៉ះពាល់​ដល់​ជីវភាពកសិករ ការនេសាទ និងប្រព័ន្ធអេកូឡូស៊ី ជាដើម។

ជាក់ស្ដែង នៅក្នុងរបៀបវារៈឆ្នាំ២០៣០ របស់អង្គការសហប្រជាជាតិសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព ធនធានទឹកត្រូវបានកំណត់នៅគោលដៅទី៦ ស្តីពី «ការធានាឱ្យមាន និងការគ្រប់គ្រងទឹកនិងអនាម័យប្រកបដោយចីរភាព សម្រាប់ប្រជាជនគ្រប់រូប»។ លោកបន្តថា កម្ពុជាបានចាត់ទុកទឹកថាជា «មាស ស» ដែលជាកម្លាំងចលករជំរុញការអភិវឌ្ឍ និងវឌ្ឍនភាពសេដ្ឋកិច្ចសង្គម ប្រកបដោយចីរភាព និងបរិយាបន្ន។

ហេតុដូច្នេះ​ គណៈកម្មាធិការ​ទន្លេមេគង្គបាន​​ជំរុញ​​​ឱ្យ​​ប្រទេស​នៅតាមដងទន្លេមេគង្គ​ត្រូវ​ដោះស្រាយ​ជាបន្ទាន់​​លើលំហូរទឹក និង​គ្រោះរាំងស្ងួតក្នុងតំបន់​នៅក្នុងនោះក៏មានកម្ពុជាផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ