ជំនួយ​វ៉ាក់​សាំង​កូវីដ​-១៩​ ​របស់​អ៊ីតាលី​ ​ជាង​១​លាន​ដូស​​នឹង​ប្រើ​ជា​ដូស​ជំរុញ

រថយន្តដឹកវ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ ប្រភេទអាស្ត្រាហ្សេនីកា ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនអ៊ីតាលីជាង ១លានដូស បានមកដល់កម្ពុជានៅថ្ងៃទី ២៤ ខែមេសា ឆ្នាំ២០២២ ហើយត្រូវបានគេដឹកចេញពីព្រលានយន្តហោះអន្តរជាតិភ្នំពេញ។ (ហ្វេសប៊ុក នាយករដ្ឋមន្ត្រី)

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអះអាងថា ​ជំនួយវ៉ាក់សាំងប្រភេទអាស្ត្រាហ្សេនីកា របស់រដ្ឋាភិបាលអ៊ីតាលី ជាង១លានដូសបានមកដល់ប្រទេសកម្ពុជានៅថ្ងៃអាទិត្យនេះ នឹងយកទៅប្រើប្រាស់ដើម្បី​ចាក់ទៅដល់ប្រជាពលរដ្ឋជាដូសជំរុញ។ ​

ទំព័រហ្វេសប៊ុករបស់នាយករដ្ឋមន្ត្រី នៅយប់ថ្ងៃអាទិត្យនេះបានឱ្យដឹងថា លោកនឹងអញ្ជើញទៅទទួលវ៉ាក់សាំងកូវីដ-១៩ ប្រភេទអាស្ត្រាហ្សេនីកា ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនអ៊ីតាលី នៅថ្ងៃទី២៥ ខែមេសា។

លោកបន្តថា ពិធីប្រគល់និងទទួលអំណោយវ៉ាក់សាំងកូវីដ-១៩នេះ នឹងត្រូវធ្វើឡើងនៅវិមានសន្តិភាព ដោយមានការចូលរួមពីអគ្គរដ្ឋទូតនៃប្រទេសអ៊ីតាលីប្រចាំនៅកម្ពុជាផងដែរ។

ទំព័រហ្វេសប៊ុកនាយករដ្ឋមន្ត្រីសរសេរថា៖«វ៉ាក់សាំង Covid-19 ប្រភេទអាស្ត្រាហ្សេនីកានេះ បានដឹកមកដល់ប្រទេសកម្ពុជា កាលពីព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២២ ហើយវ៉ាក់សាំងនេះ នឹងយកទៅប្រើប្រាស់សម្រាប់ការចាក់ជូនដល់ប្រជាពលរដ្ឋជាដូសជំរុញ»។

លោក ហ៊ុន សែន បន្តថា ការចាក់វ៉ាក់សាំងកូវីដ-១៩ គឺជាយុទ្ធសាស្ត្រដ៏ត្រឹមត្រូវមួយសម្រាប់ប្រទេសកម្ពុជា ដែលធ្វើឱ្យប្រជាជនកម្ពុជាមានភាពស៊ាំរហូតមានការសម្រេចលុបចោលកាតព្វកិច្ចម៉ាស់នៅខេត្តចំនួន៤ នាពេលថ្មីៗនេះទៀតផង។

​ប្រភពដដែលបន្តដោយយោងតាមរបាយការណ៍ថា អ្នកចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅទូទាំងប្រទេស​បានបង្ហាញថា គិតត្រឹមថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២២ គិតចាប់ពីអាយុ​ ៣ឆ្នាំឡើងទៅ ធៀបនឹងចំនួនប្រជាជនសរុប ១៦លាននាក់ សម្រេចបាន៩៣,០៤%។

យោងតាមទិន្នន័យរបស់ក្រសួងសុខាភិបាល គិតត្រឹមថ្ងៃទី២៣មេសា ឱ្យដឹងថា ផែនការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅកម្ពុជា​សម្រេចបានជាង ៩៣ភាគរយដែលមានពលរដ្ឋប្រមាណ១៤.៨លាននាក់បានទទួលវ៉ាក់សាំង​ដូសទីមួយនិងពីរ ​ឬដូសមូលដ្ឋាន។

ប្រភពដដែលបន្ថែមថា ក្នុងចំណោមនោះ មានពលរដ្ឋ​ជាង ៨​លាននាក់ប៉ុណ្ណោះ ដែលបានចាក់នូវដូសទីបី​ ឬដូសជំរុញ ​។

ក្នុងសារជាសំឡេងនៅទី២៤ ខែមេសានេះ លោកនាយករដ្ឋមន្ត្រីបានបញ្ជាទៅរដ្ឋលេខាធិការក្រសួងសុខាភិបាល អ្នកស្រី ឱ វណ្ណឌីន ត្រូវបើកយុទ្ធនាការចាក់វ៉ាក់សាំងនូវដូសទីបីឬដូសជំរុញជាចាំបាច់ ដល់ពលរដ្ឋ ដើម្បីបង្កើនភាពស៊ាំក្នុងសហគមន៍ឱ្យបានកាន់តែខ្ពស់។

លោកបន្តថា ដោយសារភាពស៊ាំក្នុងសហគមន៍នេះហើយ បានជាកាលពីពេលថ្មីៗនេះរដ្ឋាភិបាលបានសម្រេច​ដាក់ខេត្តចំនួន៤ រួមមានខេត្តរតនគិរី ​មណ្ឌលគិរី ​ ស្ទឹងត្រែង និងខេត្តព្រះវិហារ រួចផុតពីកាតព្វកិច្ចពាក់ម៉ាស់។

លោកហ៊ុន សែន បានប្រកាសថា ដំណើរការបើកប្រទេសឡើងវិញទាំងស្រុងឬ និយាយបានថាដំណើរការបើកសេដ្ឋកិច្ច-សង្គមកម្ពុជា នឹងមិនវិលថយក្រោយឡើយ ដោយពលរដ្ឋត្រូវរស់នៅជាមួយកូវីដ-១៩ ផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ