មេធាវី​ការពារ​ក្តី​លោក​ សៀម​ ភ្លុក​ ​ស្នើ​តុលា​ការ​ចេញ​ដីកា​បង្គាប់​ឱ្យ​ចូល​ខ្លួន​ជំនួស​ដីកា​នាំ​ខ្លួន​វិញ

លោក សៀម ភ្លុក និងមេធាវី ជូង ជូងី ធ្វើដំណើរចាកចេញពីតុលាការកំពូល ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១។ (អ៊ូច សូនី)

មេធាវីការពារក្តីឱ្យស្ថាបនិកគណបក្សបេះដូងជាតិ លោក សៀម ភ្លុក ស្នើទៅតុលាការចេញដីកាបង្គាប់ឱ្យចូលខ្លួនជំនួសការចេញដីកាបង្គាប់ឱ្យនាំខ្លួនវិញ ដោយសារកន្លងមកសមត្ថកិច្ចបានបញ្ជូនដីកាទៅកូនក្តីរបស់លោកខុសអាសយដ្ឋានស្នាក់នៅ ខណៈកូនក្តីក៏មិនបានទទួលដីកាពីតុលាការនោះដែរ។

លោក ជូង ជូងី មេធាវីការពារក្តីឱ្យស្ថាបនិកគណបក្សបេះដូងជាតិ លោក សៀម ភ្លុក បានប្រាប់វីអូឌីនៅថ្ងៃអាទិត្យទី២៤ ខែមេសានេះថា កាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២២ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបង្គាប់ឱ្យនាំខ្លួនកូនក្តីលោកប្រគល់ជូនសាលាដំបូងរាជធានីភ្នំពេញ តាមរយៈកម្លាំង     សាធារណៈ ឱ្យបានមុនថ្ងៃទី២៥ ខែដដែល ពាក់ព័ន្ធ​នឹង​បទ​ចោទ «ក្លែងបន្លំ និងប្រើប្រាស់លិខិតក្លែង» ក្នុងការបង្កើត​គណបក្សបេះដូងជាតិ ដើម្បីធានាដល់ការស៊ើបសួរឱ្យបានពេញលេញនៅចំពោះមុខចៅក្រមស៊ើបសួរ។​

លោកបន្តថា ដីកាបង្គាប់ឱ្យនាំខ្លួនកាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាកោះ ប៉ុន្តែតាមរបាយការណ៍ចុះថ្ងៃ៤ ខែមីនា ឆ្នាំ២០២២ របស់ប៉ុស្តិ៍នគរបាលរដ្ឋបាលឬស្សីកែវបានបញ្ជាក់ថា សមត្ថកិច្ចបានបញ្ជូនដីកាកោះទៅដល់អាសយដ្ឋានរបស់ជនត្រូវចោទ តែទីតាំងនោះត្រូវបានបិទតាំងពីឆ្នាំ២០២១ ហើយមិនអាចទាក់ទងកូនក្តីបាននោះទេ។

ករណីនេះ លោកមេធាវី ជូង ជូងី  ចាត់ទុកការចេញដីកាបង្គាប់ឱ្យនាំខ្លួនកូនក្តី  មិនទាន់សមស្របតាមនីតិវិធីច្បាប់នៅឡើយ ដោយសារតែសមត្ថកិច្ចបញ្ជូនដីកាកោះកន្លងមកទៅកូនក្តីលោកខុសអាសយដ្ឋានស្នាក់នៅ      ខណៈកូនក្តីរបស់លោកមិនមានចេតនាគេចវេស មិនចូលបំភ្លឺនៅតុលាការនោះទេ ។

លោកមានប្រសាសន៍ថា៖ «ដីកាបង្គាប់ឱ្យនាំខ្លួន សមត្ថកិច្ចបញ្ជូនទៅខណ្ឌឬស្សីកែវទៅវិញ អាសយដ្ឋានគាត់អត់មាននៅឬស្សីកែវទេ អាសយដ្ឋានគាត់នៅទួលស្វាយព្រៃ ហើយដីកាកោះហៅនៅដំណាក់កាលអយ្យការ បានចុះអាសយដ្ឋានគាត់ត្រូវ ប៉ុន្តែអ្នកបញ្ជូនដីកាអត់បញ្ជូនតាមអាសយដ្ឋានដែលត្រឹមត្រូវជាមួយនឹងដីកាទេ»។

លោកបន្ថែមថា៖ «ខ្ញុំសុំឱ្យបញ្ឈប់ការនាំខ្លួន ប៉ុន្តែខ្ញុំសុំឱ្យចេញដីកាបង្គាប់ឱ្យចូលខ្លួនវិញ មានន័យថា ចេញដីកាបញ្ជូនដល់អាសយដ្ឋានរបស់គាត់នៅទួលស្វាយព្រៃ បង្គាប់ឱ្យចូលថ្ងៃណាមួយជាក់លាក់ទៅ ខ្ញុំនឹងប្រាក់កូនក្តី និងណែនាំគាត់ [សៀម ភ្លុក] ចូលបំភ្លឺតាមតុលាការ»។

វីអូឌីមិនអាចសុំការបំភ្លឺពីអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក អ៊ី រិន្ទ បានទេនៅថ្ងៃអាទិត្យនេះ ដោយលោកអះអាងថា ជាប់រវល់ ។

ស្ថាបនិកគណបក្សបេះដូងជាតិ លោក សៀម ភ្លុក កាលពីថ្ងៃទី ២០ ខែមេសានេះ បានចេញសេចក្តីប្រកាសព័ត៌មានថា លោកនឹងចូលខ្លួនទៅឆ្លើយបំភ្លឺតាមការកោះហៅរបស់តុលាការ ដោយមិនមានចេតនាគេចវេះ ដូចការផ្សព្វផ្សាយពាក្យចចាមអារ៉ាមតាមបណ្ដាញសង្គមនិងសារព័ត៌មានខ្លះនោះឡើយ។

នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត មានប្រសាសន៍ថា បើសិនជាតុលាការចេញដីកាបង្គាប់ឱ្យលោក សៀម ភ្លុក ចូលខ្លួន ហើយបញ្ជូនដីកាដល់អាសយដ្ឋាន លោកមិនចូល នោះតុលាការចេញដីកាបង្គាប់ឱ្យនាំខ្លួនបាន ស្របតាមនីតិវិធីច្បាប់ ។

ផ្ទុយទៅវិញលោកថា បើសិនជាតុលាការចេញដីកាបង្គាប់ឱ្យចូលខ្លួន ហើយសមត្ថកិច្ចយកដីកានោះបញ្ជូទៅខុសអាសយដ្ឋានដូចការលើកឡើងរបស់មេធាវីរបស់លោក សៀម ភ្លុក នោះជាការធ្វេសប្រហែសរបស់មន្ត្រីអនុវត្តច្បាប់។ ករណីនេះ នឹងធ្វើឱ្យរងការរិះគន់ពីមជ្ឈដ្ឋានជាតិ និងអន្តរជាតិ ដោយសាររឿងនេះជាប់ពាក់ព័ន្ធរឿងនយោបាយផងដែរ ។

លោកមានប្រសាសន៍ថា៖ «កាលណាយើងកំណត់អត្តសញ្ញាណមិនច្បាស់លាស់ និងទីលំនៅមិនច្បាស់លាស់ បង្ហាញពីភាពខ្វះចន្លោះ ហើយដំណើរការរឿងក្តីមិនយុត្តិធម៌ ហើយសមត្ថកិច្ចបើសិនជាតុលាការចេញដីកាមកមានអាសយដ្ឋានច្បាស់លាស់ ហើយយកទៅអាសយដ្ឋានផ្សេងជាការធ្វេសប្រហែស។ អញ្ចឹងជាធម្មតាស្ថាប័នតុលាការទាំងមូលអនុវត្តច្បាប់មិនត្រឹមត្រូវ ធ្វើឱ្យគេមិនទុកចិត្ត»។

លោក សៀម ភ្លុក ត្រូវបានសាលាដំបូងរាជធានីភ្នំពេញចេញដីកាកោះហៅឱ្យចូលខ្លួនទៅឆ្លើយបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញម្ដងរួចមកហើយ កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ ពាក់ព័ន្ធនឹងរឿងក្លែងបន្លំស្នាមមេដៃសមាជិកដើម្បីបង្កើតគណបក្សនយោបាយ។ ប៉ុន្តែនៅថ្ងៃទី២២ ខែមីនានោះ លោកមិនបានចូលទៅបំភ្លឺទេ ដោយសារមិនបានទទួលដីកាពីតុលាការ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ