ប្រមុខរដ្ឋាភិបាលបានអះអាងថា ចាប់តាំងពីឆ្នាំ២០១៨ រហូតដល់បច្ចុប្បន្ន អត្រាអ្នកស្លាប់ដោយសារជំងឺគ្រុនចាញ់លែងមានទៀតហើយ ដោយភាពជោគជ័យនេះ គឺសម្រេចមុនការគ្រោងទុកថែមទៀតផង។
ក្នុងលិខិតអបអរឱកាសប្រារព្ធទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ និងទិវាគ្រុនចាញ់ពិភពលោក ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ ក្រោមប្រធានបទ «រួមគ្នាអនុវត្តគន្លងសកម្មភាពថ្មីៗ ឈានទៅកាត់បន្ថយបន្ទុកជំងឺគ្រុនចាញ់សកល ដើម្បីលើកកម្ពស់សុខុមាលភាព» នាយករដ្ឋមន្ត្រី ហ៊ុន សែន បានអះអាងថា ចាប់តាំងពីឆ្នាំ២០១៨ ករណីស្លាប់ដោយសារជំងឺគ្រុនចាញ់លែងមានរហូតមកដល់បច្ចុប្បន្ន។ លោកថា អត្រាគ្មានអ្នកស្លាប់ដោយសារជំងឺនេះមានន័យថា ជាការសម្រេចបានជោគជ័យមុនគោលដៅគ្រោងទុកឆ្នាំ២០២០។
លិខិតដដែលបន្ថែមថា ទិវានេះប្រារព្ធឡើងក្នុងគោលបំណងរម្លឹកនិងបង្ហាញឱ្យឃើញនូវក្ដីរំពឹងរបស់រាជរដ្ឋាភិបាល ព្រមទាំងសាធារណជនគ្រប់រូបដែលកំពុងខិតខំប្រឹងប្រែងរួមគ្នាឈានទៅសម្រេចគោលដៅ «គ្មានជំងឺគ្រុនចាញ់» ក្នុងភូមិសាស្ត្រប្រទេស ក៏ដូចជាមហាអនុតំបន់ទន្លេមេគង្គ និងពិភពលោកទាំងមូល។
ក្នុងសារលិខិតសរសេរថា៖ «ក្នុងនាមរាជរដ្ឋាភិបាល ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំ សូមសម្ដែងនូវការគាំទ្រយ៉ាងពេញទំហឹងចំពោះគ្រប់សកម្មភាពទាំងអស់ដែលបាននិងកំពុងអនុវត្ត ក្នុងការជំរុញនិងបំផុសការយល់ដឹងផ្លាស់ប្ដូរផ្នត់គំនិតនិងទម្លាប់សាធារណៈឱ្យកាន់តែបានទូលំទូលាយនិងមានប្រសិទ្ធភាពបន្ថែមទៀតនៅទូទាំងប្រទេស ពិសេសក្នុងភូមិសាស្រ្តព្រៃភ្នំប្រឈមការចម្លងជំងឺគ្រុនចាញ់ខ្ពស់ ដើម្បីឈានទៅគ្មានការចម្លងជំងឺគ្រុនចាញ់ និងគ្មានករណីជំងឺគ្រុនចាញ់»។
យោងរបាយការណ៍របស់កម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់បានបង្ហាញថា ប្រទេសកម្ពុជាធ្លាប់មានករណីជំងឺគ្រុនចាញ់ជាង១៧ម៉ឺនករណីឈឺ នាទសវត្សរ៍ឆ្នាំ៨០ និងស្លាប់ជិត១ ០០០នាក់។
យ៉ាងណា ឆ្នាំ២០២១ ជំងឺគ្រុនចាញ់សរុបមាន៤ ២៧៩ករណីឈឺ ដោយចំនួននេះបានបន្តថយចុះ ៥៤% បើប្រៀបធៀបនឹងឆ្នាំ២០២០ ដែលមាន ៩ ២៣៤ករណី។
ក្នុងលិខិតរបស់នាយករដ្ឋមន្ត្រីលើកឡើងថា ជំងឺគ្រុនចាញ់មិនត្រឹមតែធ្វើឱ្យប៉ះពាល់ដល់សុខភាព ចំណាយថវិកាដោយផ្ទាល់លើការព្យាបាល ការខាតបង់ការងារ ការបាត់បង់ផលិតភាព និងអាយុជីវិតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កផលប៉ះពាល់ជាអវិជ្ជមានដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរទៀតផង។
ជាចុងក្រោយ សារលិខិតបានអំពាវនាវដល់ភាគីពាក់ព័ន្ធទាំងអស់ ទាំងក្នុងជួររាជរដ្ឋាភិបាល វិស័យឯកជន អង្គការជាតិ-អន្តរជាតិ ដៃគូអភិវឌ្ឍ សប្បុរសជន ព្រះសង្ឃ ប្រជាពលរដ្ឋទាំងអស់ ត្រូវបន្តសហការគ្នាជាប្រព័ន្ធ ដើម្បីឈានដល់ការសម្រេចនូវបេសកកម្មលុបបំបាត់ជំងឺគ្រុនចាញ់ឱ្យមានប្រសិទ្ធភាពទាំងស្រុង៕