មន្រ្តីជាន់ខ្ពស់គណបក្សភ្លើងទៀន បញ្ជាក់ថា ខ្លួននឹងដាក់លិខិតជាថ្មីទៀតទៅក្រសួងមហាផ្ទៃ នៅដើមសប្ដាហ៍ក្រោយ ដើម្បីសុំកិច្ចអន្តរាគមន៍រឿងការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយទៅលើអ្នកគាំទ្រ សកម្មជននយោបាយ និងមន្រ្តីគណបក្សក្រៅរដ្ឋាភិបាលមួយនេះ។
អនុប្រធានគណបក្សភ្លើងទៀន លោក សុន ឆ័យ ប្រាប់វីអូឌីនៅថ្ងៃចន្ទនេះថា នៅពេលនេះ ក្រុមការងារគណបក្សកំពុងធ្វើសេចក្ដីព្រាងលិខិតជាថ្មីទៀត។ លោកបន្តថា មូលហេតុដែលគណបក្សគ្រោងនឹងស្នើសុំកិច្ចអន្តរាគមន៍ម្ដងទៀតនេះ ដោយសារមានការបើកភ្លើងខៀវពីរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក្នុងពេលកន្លងទៅនេះ ខណៈការគំរាមកំហែងនិងការយាយីទៅលើសកម្មជនគណបក្សនៅថ្នាក់មូលដ្ឋាននៅតែបន្តកើតមាន។
បើតាមលោក សុន ឆ័យ អមដោយលិខិតអន្តរាគមន៍លើកនេះ ក៏មានភ្ជាប់បញ្ជីឈ្មោះមន្រ្តីគណបក្សទៅជាមួយដែរ ដែលពួកគេសុទ្ធតែទទួលរងការយាយី ធ្វើទុក្ខបុកម្នេញផ្នែកនយោបាយ និងជាអ្នកដែលត្រូវបានឃុំខ្លួនដោយអយុត្តិធម៌។
លោកបន្តថា៖ «លិខិតដែលធ្វើនោះ គឺតាមសំណូមពររបស់រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដែលបានមានប្រសាសន៍ជាសាធារណៈផ្ដោតមកលើករណីដែលមានការំលោភបំពានទៅលើសមាជិកគណបក្សភ្លើងទៀន ហើយគណបក្សភ្លើងទៀនបានសម្ដែងការមិនពេញចិត្តជាសាធារណៈ»។
ផ្តើមចេញពីបញ្ហានេះហើយ គណបក្សភ្លើងទៀន ក៏ធ្លាប់បានដាក់លិខិតដូចគ្នាដែរទៅក្រសួងមហាផ្ទៃ កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២នេះ ដោយលើកឡើងនៅចំពោះមុខក្រសួងមហាផ្ទៃ ពីបញ្ហាប្រឈមទៅលើសកម្មជន និងបញ្ជីបេក្ខភាព បម្រើឱ្យការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ នៅក្នុងអាណត្តិទី៥នេះ។ ប៉ុន្តែសម្រាប់លិខិតអន្តរាគមន៍ជាថ្មីទៀតនេះ លោក សុន ឆ័យ បញ្ជាក់ថា នឹងមិនលើកយកបញ្ហាបញ្ជីបេក្ខភាពមេឃុំចៅសង្កាត់ ដើម្បីស្នើសុំការយោគយល់ពីក្រសួងមហាផ្ទៃទៀតទេ ព្រោះដំណើរការនេះបានចប់សព្វគ្រប់អស់រួចទៅហើយ។
វីអូឌី បានព្យាយាមសុំការឆ្លើយតបជាច្រើនលើកពីអ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ នៅថ្ងៃចន្ទនេះ ប៉ុន្តែមិនអាចទំនាក់ទំនងបាន។
បើទោះជាបែបណា ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក ស ខេង បានថ្លែងជាសាធារណៈកាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០២២ ដោយលើកឡើងថា គណបក្សភ្លើងទៀន គួរផ្ដល់ព័ត៌មានជាក់លាក់ទៅលើបញ្ហាដែលកើតឡើង ហើយបើគ្រាន់តែលើកយកបញ្ហារួម និងមិនមានភាពច្បាស់លាស់ទៀតនោះ គឺពិបាកនឹងឈានទៅរកដំណោះស្រាយណាស់។
លោកបន្តថា៖ «មូលហេតុអីគេដកបណ្ណក្រីក្រ? មូលហេតុគាត់ឈរឈ្មោះបេក្ខជនឱ្យគណបក្សភ្លើងទៀន ឬមួយក៏មូលហេតុណាមួយផ្សេងទៀត យើងក៏អត់ដឹងដែរ។ ប៉ុន្តែអំឡុងពេលហ្នឹង ជាពេលបោះឆ្នោតអ៊ីចឹងទៅ ក្រែងលោព័ត៌មានហ្នឹងវាចេះតែមកអ៊ីចឹងទៅ តើវាពិតកម្រិតណា? អ៊ីចឹងយើងខ្ញុំសូមស្វាគមន៍ព័ត៌មានដែលពិត»។
ប្រធានអង្គការអភិវឌ្ឍន៍ផ្នត់គំនិត លោក សេក សុជាតិ យល់ឃើញថា ការស្នើសុំកិច្ចអន្តរាគមន៍របស់គណបក្សភ្លើងទៀនជាថ្មីទៀតនេះ ទំនងជាមិនសូវទទួលបានផលប៉ុន្មានទេ ព្រោះករណីនេះទាក់ទងទៅនឹងឆន្ទៈនយោបាយក្នុងការដោះស្រាយបញ្ហារបស់តួអង្គដែលពាក់ព័ន្ធ។
លោក សេក សុជាតិ ហៅការដោះស្រាយរបស់តួអង្គដែលគណបក្សភ្លើងទៀនគ្រោងនឹងស្នើសុំឱ្យរកដំណោះស្រាយនេះ ថាជាក្រុមដែលនឹងត្រូវឡើងប្រកួតលើសង្វៀននយោបាយតែមួយ ហេតុនេះចង់ឬមិនចង់ គឺពិបាកនឹងទទួលបានផលណាស់។
លោកបន្តថា៖ «ខ្ញុំជឿជាក់ថា គណបក្សកាន់អំណាច រួមទាំងក្រសួងមហាផ្ទៃ និង គ.ជ.ប នឹងមិនដោះស្រាយជូនគណបក្សភ្លើងទៀនតាមសំណើទេ។ មានបញ្ហាជាច្រើន យើងឃើញហើយ វាពាក់ព័ន្ធនឹងរឿងនយោបាយ។ ដូច្នេះ នយោបាយវាជារឿងមួយហើយ ប៉ុន្តែរឿងមួយដែលជាប់នឹងរឿងនយោបាយនេះមួយទៀតដែរ គឺស្ថាប័នរដ្ឋាភិបាល ឬគណបក្សកាន់អំណាច និង គ.ជ.ប នឹងច្រានចោលបញ្ហានេះ ដោយយោងទៅលើស្ថាប័នឯករាជ្យមួយទៀត គឺស្ថាប័នតុលាការ»។
កិច្ចអន្តរាគមន៍ប្រហាក់ប្រហែលគ្នានេះ គណបក្សភ្លើងទៀន ក៏ធ្លាប់ណាត់ជួបពិគ្រោះយោបល់ជាមួយស្ថាប័នជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)ដែរ កាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០២២។ ជាលទ្ធផល ភាគីទាំងពីរបានត្រឹមសន្យាថា នឹងបន្តពិនិត្យមើលទៅលើបញ្ហាដែលបានកើតឡើងនេះបន្តទៀត។
តំណាងគណបក្សភ្លើងទៀន លើកឡើងថា សម្រាប់បញ្ជីឈ្មោះដែលគណបក្សគ្រោងនឹងស្នើឱ្យក្រសួងមហាផ្ទៃពិនិត្យពីការយាយីផ្នែកនយោបាយជាថ្មីនេះ មានឈ្មោះមន្រ្តី និងសកម្មជនគណបក្សបឋមប្រមាណ១៦នាក់ដែលកំពុងរងការធ្វើទុក្ខបុកម្នេញ និងអ្នកដែលមានឈ្មោះកំពុងឃុំខ្លួននៅពន្ធនាគារផងដែរ៕












