ក្រុម​សង្គមស៊ីវិល​ស្នើ​រដ្ឋាភិបាល​ស៊ើបអង្កេត​ឡើងវិញ​ករណី​ឃាតកម្ម​លើ​លោក ឈុត វុទ្ធី

សាច់ញាតិ និងសង្គមសង្គមស៊ីវិលផ្សេងទៀត ចូលរួមរម្លឹកខួប១០ឆ្នាំនៃមរណភាពសកម្មជនការពារព្រៃឈើ លោក ឈុត វុទ្ធី ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២។ (ជន ចាន់រ៉ែន)

ក្រុមអង្គការសង្គមស៊ីវិលបានស្នើដល់រដ្ឋាភិបាល​ស៊ើបអង្កេតឡើងវិ​ញ​​ករណី​ឃាតកម្ម​លើ​លោក ឈុត វុទ្ធី ដោយ​ថា ការ​បិទ​បញ្ចប់​សំណុំរឿង​នេះ មិនសមហេតុផល និងគ្មានយុត្តិធម៌សម្រាប់ជនរងគ្រោះ។

លោក ឈុត វុទ្ធី ជាអ្នកការពារបរិស្ថានដ៏ល្បីល្បាញមួយរូប ត្រូវបានឃាតករបាញ់សម្លាប់នៅស្រុកមណ្ឌលសីមា ខេត្តកោះកុង កាល​ពីថ្ងៃទី២៦ ខែ​មេសា ឆ្នាំ២០១២ ខណៈ​លោក និង​​អ្នកកាសែត​ ឌឹ ខេមបូឌា ដេលី ពីររូបចុះអង្កេត និងយកព័ត៌មានពីបទល្មើសព្រៃឈើនៅតំបន់នោះ។

ក្នុងពិធីរម្លឹកខួប១០ឆ្នាំរបស់​សកម្មជន​ព្រៃ​ឈើ លោក ឈុត វុទ្ធី នៅថ្ងៃទី២៥ ខែមេសានេះ ក្រុមអង្គការសង្គម​បានលើកឡើងពីវីរភាពរបស់លោក​ក្នុងការចូលរួមការពារធនធានធម្មជាតិ និងបានទាមទារទៅរដ្ឋាភិបាលឱ្យស៊ើបរឿងក្ដីឃាតកម្មនេះឡើងវិញ។

នាយកទទួលបន្ទុកកិច្ចការទូទៅ​​នៃអង្គការ​ការពារសិទ្ធិមនុស្ស​លីកាដូ (Licadho) លោក អំ សំ​​អាត ថ្លែងថា របាយ​ការណ៍​របស់​សមត្ថកិច្ចលើឃាត​កម្មលោក ឈុត វុទ្ធី មានការប្រែប្រួល និងភាពមិនប្រក្រតី​ជាច្រើន ដែល​ធ្វើឱ្យមានការសង្ស័យ និងមិនសមហេតុផល។

មន្ត្រីសិទ្ធិមនុស្សរូប​នេះឱ្យដឹង​ថា របាយ​ការណ៍​ទី១ គឺសមត្ថកិច្ចបានដាក់បន្ទុកទៅលើលោក ឈុត វុទ្ធី ដោយ​ថា លោក ឈុត វុទ្ធី ជាអ្នកបាញ់ទៅមន្ត្រីកងរាជអាវុធហត្ថឱ្យស្លាប់ ហើយបាញ់ទៅបាញ់មកបណ្ដាលឱ្យ​ស្លាប់​ទាំង​២នាក់ ប៉ុន្តែ​របាយ​ការណ៍​ទី​២ សមត្ថកិច្ច​បាន​ចោទ​ថា មន្ត្រីកង​រាជអាវុធហត្ថជាអ្នកបាញ់លោក ឈុត វុទ្ធី នៅក្នុង​ឡាន​ឱ្យ​ស្លាប់ ហើយបាន​ផ្លាត​គ្រាប់​កាំភ្លើង​មក​ត្រូវ​ខ្លួនឯង​បណ្ដាលឱ្យស្លាប់ដែរ។

លោកបន្ថែមថា៖ «ចំពោះរបាយការណ៍ទី៣ ដែលយើងទទួលបានថា ប៉េអឹម​បានបាញ់ទៅលើលោក ឈុត វុទ្ធី នៅក្នុងរថយន្តស្លាប់ ហើយមានសន្តិសុខក្រុមហ៊ុនជាយុវជន​ឈ្មោះ រ៉ាន បូរ័ត្ន រត់មក​ប្រតាយ​ប្រតប់ដើម្បី​កុំ​ឱ្យ​បាញ់ ហើយ​កាំភ្លើងហ្នឹងក៏រាលកៃត្រូវប៉េអឹមហ្នឹង​ស្លាប់​ទៅ។ អាហ្នឹង​វារឹតតែអត់សមទៀត ដោយ​សារ​គាត់​ជា​ប៉េអឹម គាត់ជាអ្នកជំនាញក្នុងការប្រើប្រាស់កាំភ្លើង ហើយមិនមែនកាំភ្លើងខ្លីទេ ជាកាំភ្លើងវែង។ យើង​ស្រមៃមើល​ថាតើ​ប្រតាយ​ប្រតប់​គ្នា​របៀប​ណាបាន​ជាកាណុង​កាំភ្លើងវែង​បាញ់​​មកត្រូវ​ខ្លួន​បាន។ ចំណុច​ទាំង​អស់​ហ្នឹង​ហើយ​ជាចំណុចសង្ស័យថា ភាពយុត្តិធម៌របស់លោក ឈុត វុទ្ធី គឺមិ​ន​ត្រូវ​បាន​ទទួលនៅ​ឡើយ​ទេ ដោយ​សាររបាយការណ៍ស៊ើបអង្កេតមាន​ការប្រែប្រួល។ អ៊ីចឹង​ក្នុងនាមយើងជាអង្គការសង្គមស៊ីវិល​មើល​ទៅ​ថា ឃាត​កម្មលើលោក ឈុត វុទ្ធី មិន​មែន​បញ្ចប់​ត្រឹម​ហ្នឹង​ទេ»។

លោក អំ សំអាត បន្ថែមថា តាមការស៊ើបអង្កេត គឺលោក ឈុត វុទ្ធី បាន​ធ្វើដំណើរ​ពី​ឃុំអូរ​សោម ស្រុកវាលវែង ខេត្ត​ពោធិ៍សាត់ ទៅដល់កន្លែងកើតហេតុត្រង់ចំណុចវាល​បី ក្នុង​ឃុំបា​ក់​ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះ​កុង។ លោកថា មុនកើតហេតុ លោក ឈុត វុទ្ធី និងអ្នកកាសែត ឌឹ ខេមបូឌា ដេលី ពីរនាក់​ បាន​ចូល​ទៅក្រុម​ហ៊ុន ធីមប៊ឺគ្រីន (Timber Green ) ដោយបានថតរូបភាពជាច្រើននៅទីនោះ ហើយពេលចេញមកវិញ ក៏​មានការប្រតាយប្រតប់​ និងដេញតាមដោយមន្ត្រីកងរាជអាវុធហត្ថ២នាក់ និងមន្ត្រីយោធា២នាក់ ដើម្បីដក​យក​កាមេរ៉ា​​ និងឱ្យលុបរូបភាពចោល រហូតមានការឃាត់ឡាន និងផ្ទុះអាវុធបណ្ដាលឱ្យលោក ឈុត វុទ្ធី ស្លាប់នៅកន្លែងកើតហេតុ។

ប្រធាន​​សមាគម​​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ លោក វន់ ពៅ មាន​ប្រសាសន៍​ថា លោក ឈុត វុទ្ធី បាន​លះបង់​ជាច្រើន ដើម្បីការពារព្រៃឈើកម្ពុជាសម្រាប់មនុស្សជាតិ និងបាន​បណ្ដុះបណ្ដាល​ដល់​​ប្រជាពលរដ្ឋ​ឱ្យចេះស្រឡាញ់ និងចូលរួម​ការពារព្រៃឈើ។

ប្រធានសមាគមរូបនេះបាន​ស្នើ​ទៅរដ្ឋាភិបាលឱ្យធ្វើការស៊ើបអង្កេត​ឡើងវិញ ជុំវិញករណី​ឃាតកម្មលើលោក ឈុត វុទ្ធី នេះ ​ដោយ​ស្វែង​រក​ឃាត​ករ​ពិត និងអ្នកនៅពីក្រោយមកផ្ដទ្ទាទោសទៅតាមផ្លូវច្បាប់​ ដើម្បី​ផ្ដល់​យុត្តិធម៌ជូនជនរងគ្រោះនិងក្រុមគ្រួសារ។

លោកបន្ថែមថា៖ «ក្នុងឱកាសនេះ សុំរាជរដ្ឋាភិបាលមេត្តារកយុត្តិធម៌ រកឃាតករពិត និងអ្នកនៅពីក្រោយខ្នង​នៃការសម្លាប់លោក ឈុត វុទ្ធី ដើម្បីឱ្យក្រុមគ្រួសារគាត់ស្ងប់ចិត្ត ដើម្បីឱ្យយើងជាសង្គមស៊ីវិលស្ងប់ចិត្ត។ ហើយសច្ចាថា យើងនឹងធ្វើពិធីរម្លឹកខួបនេះ​ជារៀងរាល់ឆ្នាំ ដើម្បីរម្លឹកនិងគោរពវីរភាពរបស់លោក ឈុត វុទ្ធី»

នាយិកា​​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​​កម្ពុជា លោកស្រី ចក់ សុភាព មាន​ប្រសាសន៍​ថា កន្លងមកនេះ កម្ពុជា​មានឃាត​កម្មជាច្រើនទៅលើសកម្មជនសង្គម សហជីព និងសកម្មជនព្រៃឈើ ​ជាដើម ដោយរដ្ឋាភិបាលមិនបានចាត់វិធានការច្បាប់ទៅរកឃាតករពិត និងអ្នកនៅពីក្រោយឡើយ។ លោកស្រីថា បញ្ហានេះបាន​បន្តនូវ​វប្បធម៌និទណ្ឌភាព​នៅ​កម្ពុជា​ ដែលបង្កផលប៉ះពាល់ដល់អភិបាលកិច្ចនៅក្នុងសង្គម និង​មុខមាត់កម្ពុជាលើឆាកអន្តរ​ជាតិ​ផង​ដែរ។

លោក​​ស្រីបន្ថែមថា៖ «សម្រាប់សង្គមយើងមានករណីជាច្រើនដែលប៉ះពាល់ដល់អ្នកកាសែត ដល់សហជីព ចុងក្រោយនេះមានឃាតកម្មទៅលើលោក​បណ្ឌិត កែម ឡី ជា​ដើម​ហ្នឹង យើងឃើញថា កម្រនឹង​មាន​ការដុត​ដៃដុតជើងពីអាជ្ញាធរ កម្រនឹងទទួលបានយុត្តិធម៌ណាស់។ អ៊ីចឹង​ទាំងអស់នេះ ​​បើយើងនៅតែបន្តវប្បធម៌​និទណ្ឌ​ភាព​ទៀត វានឹងប៉ះពាល់ដល់អភិបាលកិច្ចនៅក្នុងសង្គមយើង»

អ្នកនាំពាក្យ​​ក្រ​សួង​យុត្តិធម៌ លោក ជិន ម៉ាលីន មានប្រសាសន៍ថា ករណី​ឃាត​កម្ម​លើ​លោក ឈុត វុទ្ធី នេះ សមត្ថកិច្ច​បាន​​ផ្ដល់​យុត្តិធម៌​តាម​ផ្លូវ​ច្បាប់​ជូនជនរងគ្រោះរួចហើយ។ លោកបន្តថា សាច់ញាតិ​និង​សង្គមស៊ីវិលគួរតែមានការ​​ផ្ដល់ភស្តុតាង​ និងសហការជាមួយសមត្ថកិច្ច​ ក្នុងករណីបាន​ដឹង​ ​ឬរកឃើញ​​ជនដៃដល់​ផ្សេង​ទៀត។

លោកបន្ថែមថា៖ «មកដល់ពេលនេះ យើងមិនដឹងថាពួកគាត់ត្រូវការយុត្តិធម៌បែបណា ពីព្រោះយុត្តិធម៌ដែល​សមត្ថកិច្ច​ផ្ដល់ឱ្យ គឺយុត្តិធម៌តាមផ្លូវច្បាប់។ ជនដៃដល់ដែលបានប្រព្រឹត្ត ត្រូវបានផ្ដន្ទាទោសតាមផ្លូវច្បាប់​រួច​ហើយ។ ហើយប្រសិនបើពួកគាត់យល់ថា អ្នកហ្នឹងមិនមែនជាជនដៃពិតប្រាកដ​ មានអ្នកផ្សេងទៀត សុំផ្ដល់ជាភស្តុតាង ហើយសហការជាមួយសមត្ថកិច្ច។ ប្រសិនបើរកឃើញទៅមានអ្នកផ្សេងដែលបានប្រព្រឹត្ត មិនមែនជនដៃដល់ដែលតុលាការបានផ្ដទ្ទាទោសទេ គេនឹងបើកសំណុំរឿងហ្នឹងឡើងវិញ។ ប៉ុន្តែ​រហូតមកដល់ពេលនេះ វាអត់មានអីសោះ ក្រៅពីការចោទប្រកាន់អ៊ីចឹង»

សំណុំ​រឿងឃាតកម្ម​លើ​លោក ​ឈុត​ វុទ្ធី​ ត្រូវ​បានតុលាការបិទបញ្ចប់​ ដោយ​អះអាង​ថា ​អ្នក​ដែល​បាញ់​សម្លាប់លោក ឈុត វុទ្ធី នោះ ​គឺមន្ត្រី​អាវុធហត្ថខេត្តកោះកុងម្នាក់ ឈ្មោះ អ៊ិន រតនា ដែល​លោក អ៊ិន រតនា ត្រូវ​មន្ត្រី​ស៊ើប​​​អង្កេត​របស់​រដ្ឋា​ភិបាលអះអាងថាបានបាញ់សម្លាប់ខ្លួនឯង ក្រោយពីបាញ់សម្លាប់​លោក ឈុត វុទ្ធី ប៉ុន្តែក្រុមគ្រួសារសាច់ញាតិជនរងគ្រោះនៅតែអះអាងថា យុត្តិធម៌ពិតមិនទាន់ទទួលបាននៅឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ