រដ្ឋាភិបាល​ឱ្យ​ប្រារព្ធ​ទិវា​ពលកម្ម​អន្តរជាតិ​ទ្រង់ទា្រយតូច ក្រោម​ហេតុផល​ទប់ស្កាត់​ជំងឺ​កូវីដ-១៩

សហជីពនិងកម្មករជិត ២ ពាន់នាក់ ប្រារព្ធទិវាពលកម្មអន្តរជាតិលើកទី១៣២ ឆ្នាំ២០១៨។ (រូបថត៖ ហេង វិចិត្រ)

ប្រមុខរដ្ឋាភិបាលណែនាំទៅភាគីពាក់ព័ន្ធ​ឱ្យ​ប្រារព្ធ «ទិវាពលកម្មអន្តរជាតិ» ដែលនឹងចូលមកដល់​នៅ​​សប្ដាហ៍​ក្រោយ​នេះ​ក្នុង​ទ្រង់​ទ្រាយ​តូច ក្រោម​ហេតុ​ផល​ថា ​ប្រជាជា​​តិកំ​ពុង​ចូលរួ​មទ​ប់ស្កាត់​ការរី​ករាលដាល​នៃ​ជំ​​​ងឺកូ​វីដ-១៩បំប្លែងថ្មី «អូមីក្រុ​ង»។

យោង​តាមសារាចរណែនាំ​របស់រដ្ឋាភិបាល ​ចុះថ្ងៃទី៦ ខែ​មេ​សា ឆ្នាំ២០២២ ស្តីពី «ការរៀបចំខួប​អនុស្សាវរីយ៍​លើក​ទី១៣៦ នៃទិវាពលកម្មអន្តរជាតិថ្ងៃទី១ ខែឧសភា ឆ្នាំ២០២២» ដែល VOD ទទួលបាននៅថ្ងៃចន្ទនេះ បានលើកឡើងថា ក្នុងបរិបទ​​​ដែលប្រជា​ជាតិ​កំពុងចូលរួមប​ង្ការ ទប់ស្កា​ត់ និងប្រយុទ្ធប្រឆាំងការរីករាលដាលនៃជំងឺកូវីដ-១៩ បំប្លែងថ្មី អូមី​ក្រុង រដ្ឋាភិបាល​តម្រូវ​ឱ្យ​ស្ថាប័ន​ពាក់​ព័ន្ធស​ហកា​រជាមួយអង្គការវិជ្ជាជីវៈ ព្រមទាំងនិ​យោជ​ក ត្រូវរៀបចំកម្មវិធីសំណេះ​សំណាល​នៃទិវាពលកម្មអន្តរជាតិថ្ងៃ​១ឧសភានេះ «ក្នុងទ្រង់ទ្រាយតូច» ហើយនិ​យោជ​ក [ថៅកែ] ត្រូវរៀបចំក្នុងកម្រិត​រោងចក្រ សហគ្រាស តាមស្ថានភាពជាក់ស្ដែង»។ 

​​បន្ថែម​ពីនេះ រដ្ឋាភិបាលក៏បានអំពាវនាវ​ទៅក្រសួងនិងស្ថាប័នពាក់ព័ន្ធ រួមទាំងជន​បរទេសទាំងអស់ ដែលចូលរួមរម្លឹក​ខួប​​អបអរសា​ទរទិ​វាពលកម្មអន្តរជាតិ១ឧសភានេះ «ក្នុងបរិយាកា​សសោម​នស្ស​រីក​រាយ ដើ​ម្បីឱ្យស័ក្តិ​សមជាបុណ្យការងារ​របស់​ជាតិ និងអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការ​៣កុំ និង​៣ការពារ»

អគ្គលេខាធិការរងនៃសមាគមរោងចក្រកាត់ដេរកម្ពុជា លោក កាំង មូនីកា ឱ្យដឹងថា ខួបនៃទិវាពលកម្មអន្តរជាតិឆ្នាំនេះក៏ដូចឆ្នាំមុនដែរ គឺសមាគមនឹងធ្វើរួមគ្នាជាមួយក្រសួងការងារ។

លោកថា៖ «យើងអត់មានធ្វើពិធីអីដាច់ដោយឡែកទេ គឺយើងចូលរួមជាមួយ​គេ ដែលរៀបចំដោយក្រសួងការងារ [ធ្វើនៅតាមសហគ្រាស ឬក៏នៅកន្លែងណា?] ខ្ញុំគិតថាជាកម្មវិធីតាមអនឡាញ»។

ប្រធានសហភាពការងារកម្ពុជា លោក អាត់ ធន់ ឱ្យដឹងថា ក្នុងទិវាពលកម្មអន្តរជាតិ ១ឧសភា ឆ្នាំ២០២២នេះ ក្រុមការ​ងារ​លោក​គ្រោង​ជួប​ជុំគ្នា​នៅ​ជិត​វត្ត​ភ្នំ ដែលមានអ្នកចូលរួមប្រមាណជា១ ០០០នាក់ ហើយដើរហែក្បួនទៅរដ្ឋសភា ដើម្បីដាក់ញត្តិនិង​ថ្លែងសារមួយចំនួនពីទុក្ខលំបាករបស់កម្មករ ដែលក្រសួងពាក់ព័ន្ធមិនទាន់ដោះស្រាយបាន។ ប៉ុន្តែ​លោក​ថា សំណើនេះត្រូវបានសាលារាជធានីភ្នំពេញច្រានចោលកាលពីសប្ដាហ៍មុន។

លោកបន្ថែម​ថា បញ្ហានេះ សាលារាជធានីតម្រូវឱ្យក្រុមការងារលោកទៅធ្វើកម្មវិធីនេះនៅទីលានប្រជាធិបតេយ្យ ក្នុងខណ្ឌឫស្សីកែវ​វិញ តែក្រុមការងារមិនព្រម ដែលការណ៍នេះ សាលារាជធានីបានបញ្ជូនសំណើទៅក្រសួងម​ហាផ្ទៃជាអ្នកសម្រេច។

តែយ៉ាងណា លោកគិតថា សារាចរណែនាំរបស់រដ្ឋាភិបាលនឹងមិនរារាំងដល់ការជួបជុំ​ដោយសន្តិវិធី ដើម្បីប្រារព្ធទិវាពល​កម្មអន្តរជាតិ នៅថ្ងៃ១ឧសភានោះទេ។

លោកថា៖ «នៅតាមរោងចក្រសហគ្រាសខ្លះ មិនតូចទេ មានគ្នាប្រហែលជា៤ទៅ៥ពាន់​​នាក់ដែរ អ៊ីចឹងការដែលយើងធ្វើនៅទីសាធារណៈត្រឹម១ពាន់នាក់ ខ្ញុំគិតថាវាមិនធំទេ វាតូចសមរម្យដែរ អីចឹងគួរតែអនុញ្ញាតទៅ»។

ប្រធានមជ្ឈ​មណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស លោក មឿន តុលា មើលឃើញថា សារាចរណែនាំ​របស់រដ្ឋាភិបាលហាក់​បង្កប់​នូវ​ការ​ភ័យ​ខ្លាច​ការងើបឡើងរបស់មហាជន ស្រប​ពេល​ដែល​រដ្ឋាភិបាលមិនទាន់ដោះស្រាយបញ្ហាសង្គម​ជាច្រើន ដូចជា ការរំលាយគណបក្សសង្គ្រោះ​ជាតិ ជម្លោះដីធ្លី រួមទាំងលក្ខខណ្ឌការងារ ជាដើម។

លោកថា៖ «រដ្ឋមួយដែលមិនទាន់បានគោរពនូវសិទ្ធិការងារ សិទ្ធិរបស់ប្រជាពលរដ្ឋពេញលេញ គឺរមែងបារម្ភអំពីការងើបតវ៉ានិងការទាមទាររបស់ប្រជាពលរដ្ឋហ្នឹងឯង»។

តែយ៉ាងណា លោកចង់ឃើញរដ្ឋាភិបាលបើកទូលាយនូវ​ការចូលរួម​អបអរ​ទិវា​​ពលកម្មអន្តរជាតិ​នេះ ដោយ​ថា ទិវានេះជាទិ​វា​សកល ហើយធម្មនុញ្ញ​របស់កម្ពុជាក៏ទទួលស្គាល់សិទ្ធិនេះ រហូតមានច្បាប់ការងារ និងតម្រូវឱ្យមានថ្ងៃឈប់​សម្រាក ជាដើម​។ មួ​យវិញទៀត លោកថា អ្នកចូលរួមប្រារព្ធទិវាពលកម្មអន្តរជាតិ ១ឧសភា នា​ពេល​ខាងមុខ អាចមាន​ត្រឹម​១ភាគ​រយ​ប៉ុ​ណ្ណោះ បើធៀបនឹង​ចំនួនអ្នកដែលបានដើរកម្សាន្តក្នុងពិធីចូលឆ្នាំប្រពៃណីជាតិ​ ដែលរដ្ឋាភិបាលមិន​បាន​ដាក់​បម្រាម​នោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ