ពលរដ្ឋមួយចំនួនលើកឡើងថា ដីរមណីយដ្ឋានទន្លេបាទីកាន់តែរួមតូច ដោយសង្ស័យថាមានអ្នកមានអំណាចបានចាក់ដីលុបតាមមាត់ច្រាំងទន្លេ ដើម្បីយកមកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន និងគ្មានការអើពើពីសំណាក់អាជ្ញាធរឡើយ។
ពលរដ្ឋរស់នៅឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ លោក ជា រិទ្ធ អាយុ៥៩ឆ្នាំ ដាក់ការសង្ស័យថា ដីដែលគេចាក់លុប គឺជាដីរបស់អ្នកមានអំណាច និងថាពលរដ្ឋទូទៅមិនហ៊ាននិយាយអ្វីទេព្រោះខ្លាចមានបញ្ហាដល់ខ្លួន ហើយដីគេលុបនេះ កាលពីមុន គឺជាដីដែលគេឱ្យប្រជាពលរដ្ឋធ្វើស្រែ ប៉ុន្ដែគ្មានកម្មសិទ្ធិធ្វើប្លង់រឹងទេ។
លោកបន្ថែមថា៖ «ពួកខ្ញុំមិនហ៊ាននិយាយអីទេ ខ្លាចគេចោទពួកខ្ញុំថាមិនដឹងរឿងចេះតែនិយាយ បានជាពួកខ្ញុំហ៊ាននិយាយតែគ្នាឯងក្នុងភូមិ។ ប៉ុន្ដែពេលនេះប្រហែលលោកធំៗធ្វើប្លង់ហើយអស់ក៏មិនដឹង បានជាគេដើរដាំបង្គោលនិងធ្វើរបងព្រោងព្រាត គ្មានខាងណាមកហាមឃាត់នោះទេ»។
ពលរដ្ឋម្នាក់ទៀតរស់នៅស្រុកបាទី អ្នកស្រី ញ៉ែម ស៊ីណា ប្រាប់ពលរដ្ឋអ្នកសារព័ត៌មានថា កាលពីមុន គឺពលរដ្ឋប្រើប្រាស់ដីនេះដើម្បីធ្វើស្រែប្រាំង ប៉ុន្ដែក្រោយមក ខាងក្រុមហ៊ុនគេបានចុះមកទិញក្នុងតម្លៃថោកៗ ហើយពលរដ្ឋខ្លះដែលអត់មានលទ្ធភាព បានលក់ដីនោះ ដោយក្នុងម្នាក់ទទួលបានប្រាក់៣០០ទៅ៤០០ដុល្លារ ព្រោះគិតថាវាជាច្រាំងទន្លេ។
អ្នកស្រីបន្ដថា៖ «ឥលូវឃើញគេបោះព្រំ ធ្វើរបង ចាក់ដីលុបចំណីទន្លេ មិនដឹងគេគិតធ្វើអ្វីទេ ឬក៏គេអាចធ្វើប្លង់រឹងបាន? បើធ្វើបានមែន គឺវាមិនយុត្តិធម៌ទេ ព្រោះវាជាដីរួម»។
មេឃុំក្រាំងធ្នង់ លោក ជិន អ៊ីម ប្រាប់ពលរដ្ឋអ្នកសារព័ត៌មានថា ពលរដ្ឋចេះតែបោះបង្គោលតៗគ្នា ដោយសារកាលពីមុន ប្រជាពលរដ្ឋបាននាំគ្នាមកធ្វើស្រែលើដីនេះទាំងគ្មានកម្មសិទ្ធិនោះទេ ហើយរដ្ឋនឹងដកយកវិញ ពេលរដ្ឋត្រូវការ។
លោកបន្ថែមថា៖ «វាជាដីបឹងរបស់រដ្ឋ មិនអាចធ្វើប្លង់រឹងអីបានទេ គ្មានអ្នកណាមានសិទ្ធិយកដីបឹងរដ្ឋមកធ្វើជាកម្មសិទ្ធិឯកជនផ្ទាល់ខ្លួនបាននោះទេ។ ហ៊ានតែធ្វើមើល៍! គឺមានបញ្ហា»។
ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្ដិភាព លោក យង់ គិមអេង មានប្រសាសន៍ថា បើដូចការលើកឡើងមែន វាមិនមែនជារឿងត្រឹមត្រូវនោះទេ ព្រោះវាជាដីរបស់រដ្ឋ ហើយវាជាតំបន់ទេសចរណ៍ទៀតផង។
លោកបន្ថែមថា៖ «អាជ្ញាធរគួរតែចាត់វិធានការឱ្យបានទាន់ពេលវេលា កន្លែងណាត្រូវដោះស្រាយ ឆាប់ដោះស្រាយភ្លាម កុំទុកពេលចាក់ដីហើយ ធ្វើរបងហើយ ចាំដោះស្រាយ វាហួសពេលបាត់»។
រមណីយដ្ឋានទន្លេបាទី មានផ្ទៃដីលាតសន្ធឹងពីស្រុកបាទី ដល់ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ដែលមានទទឹង១ពាន់ម៉ែត្រ និងបណ្ដោយ៧ពាន់ម៉ែត្រ ជាអាងស្តុបទឹកទ្រទ្រង់ប្រាង្គប្រាសាទប្រវត្តិសាស្រ្ដ និងជាអាងស្តុបទឹកសម្រាប់ប្រជាកសិករ២ស្រុក៕
ពលរដ្ឋអ្នកសារព័ត៌មាន CCIM ប្រចាំខេត្តកណ្ដាល