សង្គមស៊ីវិល​ជំរុញ​ឱ្យ​ពិនិត្យ​តម្លាភាព​ករណី​សាងសង់​ផ្លូវជាតិ​លេខ២​និង២២ មិនមាន​គុណភាព

ក្រុមការងារបច្ចេកទេសក្រសួងសាធារណការ ចុះពិនិត្យការងារគម្រោងសាងសង់ពង្រីក និងលើកកម្ពស់គុណភាពផ្លូវជាតិលេខ២ និង២២ ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២២។ (ហ្វេសប៊ុក៖ ក្រសួងសាធារណការ និងដឹកជញ្ជូន)

សង្គមស៊ីវិលជំរុញទៅរដ្ឋាភិបាលគួរពិនិត្យមើលអំពីបញ្ហាតម្លាភាព និងអំពើពុករលួយ ជុំវិញករណីសាងសង់ផ្លូវជាតិលេខ២ និង២២ ដែលក្រសួងសាធារណការបានរកឃើញថា ផ្នែកខ្លះមិនមានបច្ចេកទេស ឬគុណភាពត្រឹមត្រូវស្របតាមអ្វីដែលក្រសួងចង់បាន។

ការលើកឡើងនេះ ក្រោយពេលរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល បានចុះពិនិត្យគម្រោងសាងសង់ពង្រីក និងលើកកម្ពស់គុណភាពផ្លូវជាតិលេខ២ និង២២ កាលពីថ្ងៃទី២៣ ខែមេសា ដោយ​ក្រសួងបានរកឃើញថា ផ្នែកខ្លះនៃផ្លូវនេះមិនមានគុណភាពស្របតាមស្តង់ដារបច្ចេកទេស ហើយលោកបានដាក់កំហិតឱ្យក្រុមហ៊ុនសាងសង់ពិនិត្យ និងកែតម្រូវឡើងវិញឱ្យបានត្រឹមត្រូវតាម​កិច្ចសន្យា។

នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា លោក ប៉ិច ពិសី មានប្រសាសន៍ថា រដ្ឋាភិបាលគួរតែចាប់ផ្ដើមផ្ដោតសំខាន់លើគុណភាពធ្វើផ្លូវ ដោយមិនត្រូវឱ្យមានការកេងប្រវ័ញ្ចគុណភាពទៀតនោះទេ។ បន្ថែមពីនេះ ការត្រួតពិនិត្យឡើងវិញនូវបញ្ហាតម្លាភាព និងអំពើពុករលួយ ក្នុងគម្រោងដាក់ដេញថ្លៃក៏ជារឿងចាំបាច់ផងដែរ។

លោក ប៉ិច ពិសី មានប្រសាសន៍ថា៖ «ខ្ញុំចង់លើកទឹកចិត្តបន្ថែម គឺអនុវត្តប្រកបដោយតម្លាភាព និងគណនេយ្យភាពខ្ពស់នៃនីតិវិធីនៃការដេញថ្លៃ ជាពិសេសតាំងពីការចាប់ផ្ដើមផ្សព្វផ្សាយ និងជ្រើសរើសយកក្រុមហ៊ុនមកអនុវត្តគម្រោងសាធារណៈនានា»។

យ៉ាងណាមិញ លោកយល់ថា ស្របពេលដែលក្រសួងបានចុះពិនិត្យការសាងសង់ផ្លូវជាតិលេខ២និង២២នេះ គឺជាជំហានមួយល្អ ហើយជាកិច្ចការសំខាន់ដែលក្រសួងបានតាមដានលើការអនុវត្ត​តាមកិច្ចព្រមព្រៀងដែលបានធ្វើពេលដេញថ្លៃជាមួយរដ្ឋ។

លោក​និយាយទៀតថា ពលរដ្ឋ​ខ្វល់ខ្វាយនិងព្រួយបារម្ភច្រើនចំពោះការសាងសង់ផ្លូវខូចម្ដងហើយម្ដងទៀត ដែលទាមទារឱ្យក្រសួងគួរតែចាប់ផ្ដើមកែតម្រូវជាចាំបាច់លើបញ្ហានេះ។

ថ្លែងប្រាប់អ្នកសារព័ត៌មាន កាលពីថ្ងៃទី២៣ ខែមេសា ក្នុងឱកាសចុះពិនិត្យផ្លូវជាតិលេខ២និង២២នោះ រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល បានអះអាងថា ក្រោយធ្វើតេស្តរកឃើញភាពមិនប្រក្រតី បានពន្យារពេល​ឱ្យក្រុមហ៊ុនសាងសង់រហូតដល់ខែសីហា ឆ្នាំ២០២២ ដើម្បីបញ្ចប់ការងាររបស់ខ្លួនជាស្ថាពរ។ លើសពីនេះ លោកបានជំរុញឱ្យក្រុមការងារបច្ចេកទេសពាក់ព័ន្ធធ្វើតេស្តគុណភាពឱ្យបានច្រើនកន្លែងថែមទៀតចាប់ពីដើមទីរហូតដល់ចប់ ដើម្បីបញ្ជាក់​ថាផ្លូវនេះមានគុណភាពតាមអ្វីដែលក្រសួងចង់បានឬក៏អត់។

លោក ស៊ុន ចាន់ថុល បាន​បញ្ជាក់ថា៖ «ក្រុមហ៊ុនសាងសង់មិនមានគ្រឿងចក្រនិងកម្លាំងពលកម្មគ្រប់គ្រាន់ ជាមូលហេតុដែលនាំឱ្យការសាងសង់ផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ២២ មិនអាចបញ្ចប់តាមកិច្ចសន្យាកំណត់ មិនមែនបណ្ដាលមកពីបញ្ហាជំងឺកូវីដ-១៩ ដូចការអះអាងរបស់ក្រុមហ៊ុននោះទេ និងបានបញ្ជាក់ពីគោលជំហរក្នុងការពង្រឹងការគ្រប់គ្រងលើការសាងសង់ឱ្យបានម៉ឺងម៉ាត់ ដើម្បីធានាគុណភាពផ្លូវនេះជាប់បានយូរ»។

រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនរូបនេះ ក៏បានសុំទោសដល់ប្រជាពលរដ្ឋដែលធ្វើដំណើរនៅតាមដងផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ២២ ​ ​ចំពោះការអូសបន្លាយពេលយូរក្នុងការសាងសង់ផ្លូវនេះផងដែរ។

អគ្គនាយកនៃអគ្គនាយកដ្ឋានសាធារណការ លោក ហេង រ័ត្នពិសិដ្ឋ សុំមិនឆ្លើយតបបន្ថែមលើរឿងនេះទេ កាលពីម្សិលមិញ ដោយលោកថាជាប់រវល់ប្រជុំ។ 

នាយកប្រតិបត្តិសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ មានប្រសាសន៍ថា នៅពេលលោកបានធ្វើដំណើរលើកំណាត់ផ្លូវជាតិលេខ២ កាលពីពេលថ្មីៗនេះ ក៏មានការសង្ស័យអំពីបញ្ហាបច្ចេកទេសក្នុងការសាងសង់ផ្លូវនេះផងដែរ។ 

លោកបន្ថែមថា ដើម្បីកាត់បន្ថយបញ្ហាសាងសង់ផ្លូវគ្មានគុណភាព ឬមិនស្របតាមបច្ចេកទេសនេះ រដ្ឋាភិបាលគប្បីពិនិត្យមើលបញ្ហាតម្លាភាពព័ត៌មាននៃគម្រោងសាងសង់ ហើយក្រុមហ៊ុនដែលដេញថ្លៃបានពីរដ្ឋត្រូវធានាឱ្យបាននូវកិច្ចសន្យារបស់ខ្លួន និងកាត់បន្ថយឱ្យបានតិចបំផុតចំពោះការផ្តល់អាជ្ញាបណ្ណបន្តទៅក្រុមហ៊ុនផ្សេងទៀត។

លោក សន ជ័យ មានប្រសាសន៍ថា៖ «យន្តការតាមដានពីសំណាក់ពលរដ្ឋ ពីសង្គមស៊ីវិល គួរតែជាការបើកចំហព័ត៌មានដែរ។ យើងចង់ឃើញផ្លូវមួយ មានព័ត៌មានលម្អិតទាក់ទង ទី១ ជាប្រភេទគម្រោង ហើយនិងការផ្ដល់គម្រោង ឬការផ្ដល់កិច្ចសន្យាហ្នឹងទៅអ្នកម៉ៅការឈ្មោះអី? ហើយផ្លូវហ្នឹងជាផ្លូវប្រភេទណា? ហើយទំហំប៉ុនណា? ហើយជាប្រភេទគុណភាព[មួយណា] អ៊ីចឹងព័ត៌មាននៃផ្លូវថ្នល់បែបនេះ គេគួរតែមាន»។

យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានបច្ចេកទេស នៃក្រសួងសាធារណការ និងដឹកជញ្ជូន ឱ្យដឹងថា វឌ្ឍនភាពការងារនៃគម្រោងសាងសង់ ពង្រីក និងលើកកម្ពស់គុណភាពផ្លូវជាតិលេខ២ និង២២ គិតត្រឹមថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ សម្រេចលទ្ធផលការងារបាន ៧៦,២០%។

គម្រោងផ្លូវនេះមានប្រវែងសរុបជាង៧២​គីឡូម៉ែត្រ ​ក្នុងនោះ កំណាត់ផ្លូវជាតិលេខ២ ចាប់ពីរង្វង់មូលតាខ្មៅ ដល់អូរចំបក់ មានប្រវែងជាង៦២គីឡូម៉ែត្រ និងផ្លូវជាតិលេខ២២ ពីអូរចំបក់ ដល់អង្គតាសោម មានប្រវែងជិត១០គីឡូម៉ែត្រ ស្ថិតក្នុងភូមិសាស្រ្តខេត្តតាកែវ។

គម្រោងធ្វើឱ្យប្រសើរឡើងវិញនូវកំណាត់ផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ២២នេះ បានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ ​ដោយចំណាយថវិកាជាង៥៦លានដុល្លារសហរដ្ឋអាមេរិក ដែលជាហិរញ្ញប្បទានពីរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលគ្រោងចំណាយពេលសាងសង់៣០ខែ គិតចាប់ពីចុងឆ្នាំ២០១៩មក។

គម្រោងសាងសង់ផ្លូវនេះធ្វើឡើងដោយក្រុមហ៊ុនកូរ៉េឈ្មោះ Hasan Engineering & Constructions Co., Ltd និងត្រួតពិនិត្យបច្ចេកទេសដោយសម្ព័ន្ធក្រុមហ៊ុន Dasan Constructions និងក្រុមហ៊ុនចំនួន២ផ្សេងទៀត៕   ​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ