អង្គការ​អន្តរជាតិ​មួយ​បារម្ភ​ពី​ការបាត់បង់​សួនសត្វ​ភ្នំតាម៉ៅ ក្រោយ​ទទួល​ព័ត៌មាន​ពី​គម្រោង​ឈូសឆាយ​ដី​នៅទីនោះ

សត្វស្វាដែលរស់នៅក្នុងជម្រកសត្វព្រៃភ្នំតាម៉ៅ ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០។ (ហង់ សុខហុង)

អង្គការសម្ព័ន្ធមិត្តសត្វព្រៃ (Wildlife Care)​ បានបង្ហាញការព្រួយបារម្ភពីការបាត់បង់​សួន​សត្វ និង​សត្វព្រៃ​នៅ​ភ្នំតាម៉ៅ ក្នុងខេត្តតាកែវ ក្រោយអង្គការ​នេះ​ទទួល​ព័ត៌មានពីគម្រោ​ង​ឈូសឆាយដីព្រៃនៅតំបន់អភិរក្សសត្វព្រៃមួយនេះ។

ក្នុងវីដេអូឃ្លីប​ជាង៤នាទី ដែល​បានផ្សព្វ​​ផ្សាយលើបណ្ដាញ​សង្គម​​ហ្វេសប៊ុក​រប​ស់អ​ង្គការសម្ព័ន្ធមិត្តសត្វព្រៃ (Wildlife Care) នៅថ្ងៃទី២៦​ ខែមេសា ឆ្នាំ​២០២២​នេះ អ្នក​ជំនាញ​អភិរក្ស​សត្វព្រៃនៅ​អង្គការនេះ លោក នីច ម៉ាក (Nick Marx) មានប្រសាសន៍ថា អង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានសហការជាមួយអង្គការដៃគូផ្សេងទៀត និងរដ្ឋបាលព្រៃឈើ បានអភិរក្សនិងដោះលែងសត្វព្រៃជាច្រើនប្រភេទនៅក្នុងព្រៃតំបន់ភ្នំតាម៉ៅ។ 

លោក​​បន្តថា បច្ចុប្បន្ន នៅភ្នំតាម៉ៅ​មាន​ចំនួន​សត្វ​រមាំង និ​ង​សត្វប្រើសច្រើនជាងគេ​ បើប្រៀបធៀបជាមួយកន្លែងផ្សេង​ទៀត​ក្នុង​ប្រទេស​កម្ពុជា និង​មាន​សត្វកម្រជាច្រើនប្រភេទទៀតកំពុងរស់នៅ បង្ក​កំណើត និងត្រូ​វ​បាន​ជួយ​សង្គ្រោះ​នៅទីនោះ។

លោក នីច ម៉ាក បន្ថែមថា ថ្មីៗនេះ លោកបានទទួលព័ត៌មានដ៏អាក្រក់មួយពីគម្រោងឈូសឆាយដីព្រៃភ្នំតាម៉ៅ ខណៈ​ដីព្រៃជាប់និង​នៅជុំវិញតំបន់នោះមានការឈូសឆាយរួចខ្លះទៅហើយ។

លោកបន្ថែមថា៖ «ផែនការនេះនឹងបំផ្លាញព្រៃដែលជាកន្លែងល្អ មាន​សត្វព្រៃកម្រជាច្រើនប្រភេទរស់នៅ កន្លែង​ល្អសម្រាប់ទេសចរណ៍ សម្រាប់ប្រជាជនខ្មែរទៅលេងជនបទ។ ខ្ញុំ​បាន​ធ្វើការ​អភិរក្សសត្វព្រៃនៅស្រុកខ្មែរជាង២០ឆ្នាំហើយ។ ខ្ញុំអ្នក​តូច​ គ្មាន​អំណាច ប៉ុន្តែខ្ញុំមានបេះដូងស្រឡាញ់​សត្វ និង​រឿង​ធម្មជាតិ។ ខ្ញុំ និង​អ្នក​អភិរក្សផ្សេង​ទៀត សំណូម​ពរ​សម្ដេច ហ៊ុន សែន ជួយ​ការពារភ្នំតាម៉ៅដដែល ដើម្បីទុកជាជម្រកសុវត្ថិភាព​សម្រាប់សត្វព្រៃ និងជាកន្លែងកម្សាន្តធម្មជាតិដ៏ល្អ​សម្រាប់ប្រជាជននៅជិតទីក្រុងភ្នំពេញ»

ប្រធានអង្គភាព​អ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន មានប្រសាសន៍ថា លោក​មិនទាន់បានដឹងរឿងនេះទេ ហើយបានបង្វែរឱ្យទៅសួរអាជ្ញាធរដែនដីវិញ។

អភិបាល​ស្រុកបាទី​ លោក ភួន ឈីម សុំមិនឆ្លើយតប​ពាក់ព័ន្ធករណីនេះទេ ដោយ​លោកបង្វែរឱ្យសួរខាងក្រសួងកសិកម្ម រុក្ខា​ប្រមាញ់​ និងនេសាទវិញ។

ប្រធាន​នាយកដ្ឋានឧទ្យានសួនសត្វ និងមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ លោក ញ៉ឹក រតនៈពេជ្រ ប្រាប់ថា ជាប់រវល់ប្រជុំ មិនអាចនិយាយបាន ខណៈអនុប្រធាន លោក គុយ តុង និយាយថា លោកមិនបានដឹងពីគម្រោងឈូសឆាយដីព្រៃ​នៅ​តំបន់ភ្នំតាម៉ៅនោះទេ ប៉ុន្តែលោកថា ដីព្រៃនៅជុំវិញតំបន់ភ្នំតាម៉ៅមានការឈូស​ឆាយ​ដែរ តែ​​ជាដីរបស់ប្រជាពលរដ្ឋ។

លោកបន្ថែមថា៖ «ខ្ញុំកំពុងធ្វើការងារនៅសួនសត្វហ្នឹងហើយ សួរថាសួនសត្វគេឈូសឆាយ គឺអត់ទេ! ប៉ុន្តែ​ពលរដ្ឋនៅជុំវិញហ្នឹង គេឈូសឆាយធ្វើផ្លូវអីហ្នឹង អាហ្នឹងជាការអភិវឌ្ឍ​របស់​ប្រជាព​លរដ្ឋ»

ប្រធាន​មន្ទីរ​កសិកម្ម​ រុក្ខាប្រមាញ់​ និង​នេសាទ ​ខេត្តតាកែវ លោក ញិប ស្រ៊ន និង​រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់​ និងនេសាទ​ លោក វេង សាខុន ទូរសព្ទចូល គ្មានអ្នកទទួល។

បើតាមគេហទំព័រ demo.cambodia.gov.kh ភ្នំតាម៉ៅ គឺជារមណីយដ្ឋានទេសចរណ៍បែបធម្មជាតិ​មួយ​កន្លែងដែលត្រូវ​បាន​បើក​ឱ្យដំណើរការ​ជា​ផ្លូវការ​ក្នុង​ឆ្នាំ២០០០ ​ស្ថិត​នៅ​ក្នុង​ឃុំ​ត្រពាំង​សាប ស្រុក​បាទី ខេត្ត​តាកែវ​ ​មាន​​ចម្ងាយប្រមាណ​៤០​គីឡូម៉ែត្រ ដោយឆ្លងកាត់​ផ្លូវ​ជាតិ​លេខ​២ ពី​រាជធានី​ភ្នំពេញ។

ប្រភពដដែលប​ញ្ជាក់​ថា ភ្នំតាម៉ៅ​​មាន​ផ្ទៃដីទំហំ២ ៥០០​ហិកតា ក្នុងនោះ ផ្ទៃដី​១ ២០០ហិកតាជា​តំបន់ការ​ពារ​ព្រៃឈើ​ ដែល​ត្រូវ​បាន​ក្រសួង​កសិកម្ម រៀបចំ​ដាំ​ដើមឈើ និង​រៀបចំ​ជា​​សួនសត្វ ហើយ​ក្នុង​នោះ ​​​ផ្ទៃ​ដី​៧០​ហិក​តា ​​មានភ្នំ​ចំនួន​៥ រួមមាន ភ្នំ​តា​ម៉ៅ ភ្នំ​ថ្ម​ដុះ ភ្នំ​ផ្ដៅពន្ធ ភ្នំ​ឆយ និង​ភ្នំ​បាំង​។

គេហទំព័រ​ដដែល​នេះ​បន្តថា ក្នុង​ចំណោម​ភ្នំ​​ទាំង៥នេះ ​​​​មាន​​ប្រាសាទ​បុរាណចំនួន​២ គឺ​​ប្រាសាទ​​តា​ម៉ៅ (​ភ្នំ​តាម៉ៅ​) និង​​ប្រាសាទ​ថ្ម​ដុះ (​ភ្នំ​ថ្ម​ដុះ​) ហើយ​សួនសត្វ​​​ភ្នំ​​តា​ម៉ៅ គឺ​ជា​​សួនសត្វ​ដែល​ធំ​ជាង​គេ​នៅ​ក្នុង​ប្រទេស​កម្ពុជា​។ ក្រៅពី​ជា​សួនសត្វ វា​ក៏​ជា​មជ្ឈមណ្ឌល​សង្គ្រោះ​សត្វព្រៃ​តែមួយគត់​​នៅ​កម្ពុជា​ផង​ដែរ​។

កាសែត​ក្នុង​ស្រុក​មួយ​បាន​ចុះ​ផ្សាយ​កាល​ពីថ្ងៃទី​១៨ ខែមេសានេះ​ថា ដី​​ព្រៃប្រហែល៣០០ហិកតារបស់​សួន​សត្វ​​ភ្នំ​តាម៉ៅ​ដែល​​ជា​ដែន​ជម្រក​របស់​សត្វព្រៃ នឹង​​​ត្រូវ​កាត់ឆ្វៀលទៅឱ្យឈ្មួញក្នុងពេលឆាប់ៗខាងមុខនេះ ដើម្បីធ្វើការអភិវឌ្ឍ​ផ្សេងៗ។

កាសែតមួយនេះ​បន្តថា តាមការបញ្ជាក់ពីប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់​ និង​នេសាទ ​លោក​ ញិប ស្រ៊​ន គឺ​ពិតជាមានគម្រោងកាត់ដីភ្នំតាម៉ៅមែន ដោយថា ​គេ​កំពុង​រត់ការ​​សុំ ស.ជ.ណ ​​ពី​រដ្ឋាភិបាល៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ