កម្ពុជា​អរគុណ​អូស្ត្រាលី​ដែល​បោះបង់​របបខ្មែរក្រហម​មុនគេ​នៅ អ.ស.ប

លោកឧត្តមសេនីយឯក ចនសេន ដឺសុន (Jonh Sanderson) អតីតមេបញ្ជាការរបស់កងកម្លាំងអន្តរជាតិ នៃអាជ្ញាធរបណ្តោះអាសន្នអង្គការសហប្រជាជាតិប្រចាំកម្ពុជា(UNTAC) ជួបពិភាក្សាជាមួយលោក ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងដំណើរការសន្តិភាពនៅកម្ពុជា នាព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ នៅវិមានសន្តិភាព។ (ហ្វេសប៊ុកលោក ហ៊ុន សែន)

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអរគុណប្រទេសអូស្ត្រាលីដែលទទួលស្គាល់កម្ពុជា មុនកម្ពុជាទទួលបានឯករាជ្យ និងមិនគាំទ្រ​កៅអី​របបខ្មែរក្រហមនៅអង្គការសហប្រជាជាតិមុន​គេ។

ការថ្លែងបែបនេះបានធ្វើឡើងក្នុងពេលលោកនាយករដ្ឋមន្ត្រីជួបលោកឧត្ដមសេនីយ៍ឯក ចន សេនដឺសុន (Jonh Sanderson) អតីតមេបញ្ជាការរបស់កងកម្លាំងអន្តរជាតិ នៃអាជ្ញាធរបណ្ដោះអាសន្នអង្គការសហប្រជាជាតិប្រចាំកម្ពុជា ហៅកាត់ថា អ៊ុនតាក់ (UNTAC) នៅក្នុងដំណើរការសន្តិភាពនៅកម្ពុជា នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ នៅវិមានសន្តិភាព។

នៅក្នុងជំនួបនេះ លោក ចន សេនដឺសុន បានបង្ហាញទឹកចិត្តរំភើបដែលបានវិលត្រលប់មកកម្ពុជាវិញ ដើម្បីប្រារព្ធខួប៣០ឆ្នាំនៃប្រតិបត្តិការស្វែងរកសន្តិភាពនៅកម្ពុជា និងខួប៧០ឆ្នាំនៃទំនាក់ទំនងការទូតរវាងកម្ពុជា និងអូស្ត្រាលី។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលអូស្ត្រាលី ដែលបានចូលរួមចំណែកក្នុងការស្វែងរកសន្តិភាពរបស់កម្ពុជា ការទទួលស្គាល់កម្ពុជា មុនកម្ពុជាទទួលបានឯករាជ្យ និងមិនទទួលស្គាល់កៅអី​ខ្មែរក្រហម​នៅ​អង្គការសហប្រជាជាតិមុនគេ។ លោកបន្ត​ថា ប្រទេសអូស្ត្រាលី ក៏​ជាប្រទេសដែលជួយកម្ពុជាឱ្យ​ទទួល​បាន​ឯករាជ្យ ក្រោយកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ថ្ងៃទី២៣ ខែ​តុលា ឆ្នាំ១៩៩១។

លោកឧត្ដមសេនីយ៍ឯក ចន សេនដឺសុន (Jonh Sanderson) អតីតមេបញ្ជាការរបស់កងកម្លាំងអន្តរជាតិ នៃអាជ្ញាធរបណ្ដោះអាសន្នអង្គការសហប្រជាជាតិប្រចាំកម្ពុជា ហៅកាត់ថា អ៊ុនតាក់ (UNTAC) កំពុងបំពេញទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជា។ មុនជួបលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លោក ចន សេនដឺសុន ក៏បានជួបរដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា លោក ប្រាក់ សុខុន កាលពីថ្ងៃទី២៥ ខែមេសា ផងដែរ។

ស្ថានទូត​អូស្ត្រាលី​ប្រចាំកម្ពុជា នឹងរៀបចំ​ពិព័រណ៍​រូបថតដើម្បី​រំឭក​ខួប​លើកទី៣០ឆ្នាំ​នៃ​បេសកកម្ម​ថែរក្សា​សន្តិភាព​របស់​អង្គការ​សហប្រជាជាតិ​នៅកម្ពុជា ហៅកាត់ថា អ៊ុនតាក់ (UNTAC)។ ពិព័រណ៍​នេះ​នឹង​បើកជូន​សាធារណជនទស្សនា​ដោយ​សេរី ចាប់ពី​ថ្ងៃទី២៩ ខែមេសា ដល់ថ្ងៃទី២៨ ខែឧសភា នៅសណ្ឋាគារ​រ៉ាហ្វល ហូតែល ឡឺរ៉ូយ៉ាល់ (Raffles Hotel Le Royal) ក្រុងភ្នំពេញ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ