វិភាគ៖ តើ​គ្រឹះ​សន្តិភាព​ខ្វះ​ការ​លើក​កម្ពស់​សិទ្ធិមនុស្ស​បាន​ដែរ​ឬទេ?

ក្រុម​ស្ត្រីជា​សាច់ញាតិ​របស់​អតីតមន្ត្រី​បក្ស​ប្រឆាំង​ដែល​កំពុង​ជាប់ឃុំ​ខ្លួន ​ប្រមូលផ្ដុំ​តវ៉ា​ទាមទារឱ្យដោះលែងក្រុមគ្រួសារពួកគេ​ ព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០។ (ហ៊ី ឆាយ)

​​សង្វៀនប្រ​កួត​​អំណា​ចនាប៉ុន្មានឆ្នាំចុងក្រោយនេះ ហាក់បា​នបន្សល់ទុកនូ​វ​ប៉ូលនយោ​បាយ​​ពីរ​ផ្ទុយ​ពី​​គ្នា ​​​ជំ​រុញ​​ឱ្យអ្នក​ឃ្លាំមើ​​ល​មានកា​រ​ព្រួយបារម្ភពីវិបត្តិសង្គម ដែល​​​ត្រូវ​​ស្វែង​រក​កា​រព​ន្យល់ពី​បុគ្គល​ឯ​ករាជ្យស​ម្រា​ប់​ជាមូល​ដ្ឋាន​ពិ​​ចា​​រ​ណា​​ ដើម្បី​​កុំ​ឱ្យ​​ល្បែង​​នយោ​បាយនា​សម័​យទំនើប​នេះឈា​នទៅ​បំបែកបំបា​​​ក់​​​ជាតិ​ដូចពី​​អ​តីតកា​ល។​

ការព្រួយបារម្ភនេះកើតឡើង​ក្រោយ​ពីមានការ​​អះអាងរបស់ប្រមុខរដ្ឋាភិបាលអំ​ពីការប្ដេជ្ញា​ចិត្តការពា​រសន្តិ​ភាព​ ស្រប​ពេ​​លដែល​ប​ញ្ហាស​ង្គម​ជាច្រើន ​មិនទា​ន់ត្រូ​វបានដោះ​ស្រាយ​​​នៅ​ឡើយ​ ​ដូច​ជា​ ប​ញ្ហាដី​ធ្លី អយុ​ត្តិធ​ម៌សង្គម កា​របំផ្លាញធនធានធម្ម​ជាតិ ​រួ​​ម​​ទាំងការគំ​រាម​កំ​ហែងខា​ងន​យោបា​យ ជា​ដើម​។

​ដើម​ច​មនៃបញ្ហាទាំងនេះបានកើ​តឡើ​ងចា​ប់ពី​ចុ​ងឆ្នាំ​២០១៧មក ​ពោ​លគឺក្រោយពីតុ​លាការកំ​ពូល​បានរំ​លា​​​យ​​​​គណប​ក្សសង្គ្រោះ​ជាតិ​ចេ​ញពីឆាកនយោ​​បាយ​​ ដែ​លគ​ណបក្សនោះ​ជាដៃ​​គូប្រ​​ជែ​ង​អំ​ណា​ច​​ដ៏មា​ន​ស​ក្ដានុ​ព​លជាមួ​យគណ​បក្សប្រជា​ជន​កម្ពុ​ជា។​

វិធាន​នេះជំ​រុញ​ឱ្យស​ហគមន៍អ​ន្តរជា​តិ រួមទាំ​ង​ក្រុ​មអង្គ​កា​រស​ង្គមស៊ី​វិលក្នុង​ស្រុក និងព​លរដ្ឋដែលនិយម​ល​​ទ្ធិ​​ប្រ​ជា​​ធិបតេយ្យ បាន​រិះគន់​ថា ការ​ប្រកួត​អំណាច​នៅ​កម្ពុជា​បាន​ងា​​ក​ចេ​​ញពី​គន្លងប្រជា​ធិប​តេយ្យ បើទោះបី​​ច្បាប់​កំពូល​បាន​ចែង​ថា កា​រអ​នុវត្ត​នយោបាយប្រជា​ធិប​តេយ្យមិនអាចកែប្រែបានក្ដី។

​រប​ត់​នយោ​បាយ​ថ្មីនេះ​ធ្វើឱ្យ​មេដឹ​ក​នាំ​គណ​បក្ស​ប្រឆាំ​ង​ខ្លះ​ស​ម្រេច​និរ​ទេស​ខ្លួន​ ខ្លះ​ជាប់ពន្ធ​នាគា​រ ​​​រីឯ​ស​ក​ម្ម​ជន​ខ្លះត្រូវ​គេឆ្ម​ក់វា​យឱ្យរ​ងរបួ​សជាង១០នាក់​ ក្នុងនោះ សកម្ម​ជន​​ខ្លះរងរបួស​​​បាក់​ដៃ​ និ​ង​ខ្លះ​ទៀ​ត​ស្រាំ​ល​លាដ៍​​ក្បាល​ ត្រូវ​វះកាត់​បន្ទាន់ទៀត​ផង​ ប៉ុន្តែ​​​ជន​ដៃដល់មិ​នទាន់​ត្រូវបានវែកមុខនៅឡើយ។

ក្រោយ​របត់នយោបាយថ្មីនេះ​ សហភា​ព​អឺរ៉ុបបាន​សម្រេច​កាត់ផ្ដាច់​ផ្នែក​ខ្លះ​​​នៃ​ប្រព័ន្ធអនុគ្រោះពន្ធដែលជា​អំណោយផលខាងផ្នែ​ក​ពាណិជ្ជកម្មពីកម្ពុជាមុនកា​លកំ​ណត់​ ដែ​លមា​ន​ទំហំ​ទឹក​ប្រាក់​ប្រ​មា​ណ​ជា​ង​១​០​០​លាន​ដុល្លា​រក្នុ​ង១​ឆ្នាំ ​ដើម្បីជាសា​រព្រ​មា​ន​ឱ្យ​ស្ដារ​ស្ថា​​​ន​ការណ៍ន​យោ​បា​យ​ឡើ​ង​វិ​ញ​។

ដូចគ្នា​នេះ​ដែ​រ​ ស​ហរដ្ឋអាមេរិក​​បា​ន​ប្រើ​វិធា​ន​កា​រ​ប​ង្កក​​ទ្រ​ព្យ​សម្បត្តិ​របស់​ម​ន្ត្រី​ជា​ន់​ខ្ព​ស់​យោធាចំ​នួ​ន​​៤​រូ​ប​ ​ក្នុ​ង​នោះ​​មា​ន​ទាំង​មេ​ប​ញ្ជា​អ​ង្គ​រ​ក្ស​រប​ស់នា​យករដ្ឋ​ម​ន្ត្រី​ ​គឺ​លោក ហ៊ី​ង​ ​ប៊ុ​ន​ហៀ​ង​ ផងដែ​រ។​

​ជា​កា​រ​ក​ត់​​ស​ម្គាល់​ នៅ​ពេ​ល​ដែ​ល​មា​ន​កា​រ​ជំ​រុ​ញពី​ស​ហ​គ​ម​ន៍​អ​ន្ត​រ​ជា​តិ​​​ឱ្យ​ដោះ​ស្រា​យ​ប​ញ្ហា​ផ្ទៃ​ក្នុ​ង​ នូវអ្វីដែ​ល​ប្រទេស​ហ​ត្ថ​លេ​ខី​នៃ​កិ​ច្ច​ព្រ​ម​ព្រៀ​ង​ស​ន្តិ​ភាព​ទី​ក្រុ​ង​ប៉ា​រី​ស​ទាំ​ង​នោះ​ចង់​ឃើ​ញ​​​ក​ម្ពុជាស្ដារ​ស្ថា​នភា​ព​សិ​ទ្ធិ​ម​នុ​ស្ស​និ​ង​ប្រ​ជា​ធិ​ប​តេ​យ្យ​ឡើង​វិ​ញ​ ​លោ​ក​នា​យករ​ដ្ឋ​ម​ន្រ្តី​បា​ន​ផ្ញើ​សា​រ​ឱ្យ​មា​ន​វិ​ធានការបង្ក្រា​បក្រុមដែល​ប្រ​ឆាំង​នឹ​ង​កា​រ​ដឹក​នាំរបស់លោក។

ជាថ្មី​ម្ដង​ទៀ​ត ​ក្នុង​​​ពិ​ធី​​​ស​ម្ពោធដា​ក់ឱ្យ​ប្រើប្រាស់​ផ្លូ​វ​៣​៨ខ្សែ​ ​​នៅ​ខេ​​ត្ត​សៀ​ម​រា​ប​ ​កា​លពី​ថ្ងៃ​ទី​៤ ខែមេសា ​ឆ្នាំ​២​​០​​​២​២​ ​លោ​ក​នា​យ​ក​រ​ដ្ឋ​ម​ន្តី្រ​​​ ហ៊ុ​ន​ ​សែ​ន​ ​​​រ​ម្លឹ​ក​ថា​ ​ក្នុងត​ម្លៃ​ណា​ក៏​ដោយ ត្រូ​វ​ទ​ប់​ស្កា​ត់​ឱ្យ​បា​ន​ដើ​ម្បីកា​រ​ពា​រស​​​ន្តិ​​​ភាពជូ​ន​ប្រ​ជា​ព​ល​រ​ដ្ឋ​។​

លោក​ថា៖​ «ដូ​ច្នេះ យើងកុំញញើតបំផ្លា​ញចោលក្រុមដែលបំផ្លាញសន្តិភាព ដើម្បីការពារជីវិតប្រជាជន​រា​ប់​​លាន​នាក់ យើង​ក៏ត្រូវតែហ៊ាន​ប្ដូរ​ផ្ដាច់»។

​ដោយ​ឡែក​ លោក កឹម សុខា ប្រធាន​គណ​ប​ក្ស​សង្គ្រោះ​ជាតិ​​ដែលតុលាការបានរំលាយ ហើយបច្ចុប្បន្នកំពុង​ជាប់​ក្ដីក្ដាំដ៏ចម្រូងចម្រាសនៅតុលាការ តាមបណ្ដឹងរដ្ឋាភិបាល ព្រមទាំងត្រូវបាន​​​​តុលាការ​ហាម​​ធ្វើសកម្ម​ភាព​នយោបាយនោះ លោកបានបង្ហោះសារ​នៅលើ​ហ្វេសប៊ុក កាលពីថ្ងៃទី១៧ ខែ​មេសា ឆ្នាំ២០២២​នេះ​ថា ការ​កម្ចាត់និង​បំបាត់​អ្នក​ដែល​មាន​ទស្សនៈ​ផ្សេ​ងគ្នា អាចបានត្រឹមតែបង្កើតភាពស្ងប់ស្ងាត់បណ្ដោះអាសន្ន​ប៉ុណ្ណោះ។

លោកសម្អាងថា ក្នុងសង្គមនីមួយៗ មនុស្សតែងតែមានទស្សនៈផ្សេងៗគ្នា តែផ្ទុយទៅវិញ លោក​គូសបញ្ជាក់​ថា៖ «ដើម្បីទទួលបានសន្តិភាពពិតប្រាកដនិងយូរអង្វែង សង្គមឬ​ប្រទេស​មួយត្រូវ​តែ​គោរព​សិ​ទ្ធិ​មូល​ដ្ឋាន​របស់​មនុស្ស​គ្រប់​រូប»។

ជាការ​កត់​សម្គាល់​មួយ​ទៀត អ្នក​មាន​ជម្លោះ​ដីធ្លី រួមទាំងក្រុមគ្រួសារសកម្មជនបក្សប្រឆាំង ដែលស្វាមីរបស់ពួក​គេនៅជាប់​ឃុំក្នុង​ពន្ធនាគារ​នៅ​ឡើយនោះ បាន​បន្ត​ចេញតវ៉ាដោយសន្តិវិធី ដោយ​ដើរ​ដាក់​ញត្តិ​តាមស្ថាន​ទូតនិង​ស្ថាប័នរដ្ឋ ដើម្បីស្វែងរកយុត្តិធម៌ក្រោមដំបូលសន្តិភាពរបស់រដ្ឋាភិបាល។

បញ្ហាទាំង​នេះបង្កើតជាសំណួរថា តើគ្រឹះសន្តិភាពខ្វះការលើកកម្ពស់សិទ្ធិមនុស្សបាន​ឬទេ?

អ្នក​ស្រាវជ្រាវ​ការអភិវឌ្ឍសង្គម លោក​បណ្ឌិត មាស នី យល់​ថា សន្តិភាព​ពិត​ប្រាកដមាន​តម្លៃ​មិនអា​​ច​កា​ត់ថ្លៃបាន​នៅ​ក្នុង​សង្គម។ ប៉ុន្តែលោ​​​​​កថា​ ស​ន្តិភាព​ពិតប្រា​កដ​ត្រូវផ្សារ​ភ្ជាប់នឹង​យុត្តិ​ធម៌សង្គម​ ព្រោះ​​​ថា​​​ បើកា​លណាមានយុត្តិធម៌សង្គមនឹងមានសន្តិភាព ហើយយុត្តិធម៌សង្គមនឹងធ្វើឱ្យសន្តិភាពនៅស្ថិតស្ថេរយូរអង្វែង។

ប៉ុន្តែផ្ទុយទៅវិញ លោកមើលឃើញថា កា​​រគំរាមដើម្បីពង្រឹ​ងស​ន្តិភាព ​ទាំង​មិន​បានធានាយុត្តិធម៌សង្គម ឬ​លើក​ក​ម្ពស់​សិទ្ធិមនុស្សនិង​សន្តិភាពនោះទេ នោះ​សន្តិភាពក៏​មិន​នៅ​​​​យូរអ​ង្វែងដែរ ​ព្រោះថា ​​ជម្រើ​សនេះ អ្នក​​ដែល​រង​គ្រោះទំនង​ជាមិន​នៅ​ស្ងៀម ហើយ​រដ្ឋាភិបាល​ខ្លាច​បាត់​បង់​អំណាច នោះ​នឹង​ប្រើ​វិធាន​ទប់​ស្កាត់ឬ​បង្ក្រាប ដែលកា​រណ៍​នេះនឹងជំរុញឱ្យមានវិបត្តិសង្គមកើតឡើង។

លោក​ថា​៖ «​អ៊ីចឹ​ងជម្រើ​សដើម្បីឱ្យមានសន្តិភាពយូរអង្វែង វាត្រូវការយកស​​​ន្តិភា​ពផ្សារភ្ជាប់ជាមួយយុត្តិ​ធម៌​សង្គម ដើម្បីទៅពង្រឹងសន្តិភាព អាហ្នឹងបានវាមាននិរន្តរភាព មានសន្តិភាពពិតប្រាកដ»។

លោក មាស នី បន្ត​ថា​ ការគំរាមទប់ស្កាត់ពួកភេរវករ ឬភេរវកម្មពិតប្រាក​ដែលមករំខានសន្តិភាព ជារឿងត្រឹមត្រូវ​​។ ​ប៉ុន្តែ​​លោក​ថា​ បរិ​ប​ទនយោបា​យនៅកម្ពុជា អំ​ឡុង​ឆ្នាំ​២​០១​៧​ មាន​ព​ល​រ​ដ្ឋ​ជិ​តពា​ក់​កណ្ដាលប្រ​ទេ​ស​បានបង្ហា​ញ​ជំ​ហ​រ​ចង់​ផ្លាស់​ប្ដូរ ​ដោ​យ​មិន​បោះឆ្នោ​តគាំ​ទ្រប​ក្ស​កា​ន់អំ​ណា​ច​ ​ដែ​ល​កា​រ​ណ៍​នេះ​ ​​​​លោកថា ​ប្រ​សិ​ន​​បើការគំរាមនោះសំដៅដល់មនុស្សជាទ្រង់ទ្រាយធំបែបនោះ នឹងបង្ហាញពីការព្រួយរបារម្ភរបស់រដ្ឋាភិបា​លទៅលើភាពមិនទុកចិត្តខ្លួនឯង។

ប​ញ្ហា​នេះ លោ​​កបា​រម្ភ​ថា បើ​គ្មាន​អ្វីប្រែប្រួលទេ ​វិធាន​ការ​បង្ក្រា​ប​ទៅ​លើ​អ្នកតវ៉ានឹ​ងកើតឡើង​​ ហើ​យការ​ប្រ​កួត​អំណាចតាមរយៈ​កា​របោះ​ឆ្នោត ​បក្ស​កាន់អំណាច​អាច​នឹង​គ្រប់​គ្រង​គណៈកម្មា​ធិការ​ជាតិ​រៀប​ចំការ​បោះ​ឆ្នោតឱ្យខាន​តែបាន ដើម្បីបន្ត​គ្រប់​គ្រងអំណាច​។

តែ​យ៉ាងណា លោ​កផ្ដល់ជាយោ​បល់​ថា បញ្ហា​ទាំង​នេះអាចដោះស្រាយបាន បើអ្ន​កនយោបាយបង្កើនការទុកចិត្ត​គ្នា ហើយគិតពីប្រយោជន៍ជាតិ។

​​​សាស្ត្រាចា​រ្យ​វិទ្យា​សាស្ត្រ​នយោបា​យ លោក ឯម ​សុវណ្ណរ៉ា មា​នប្រសាស​ន៍ថា ជាគោលការណ៍ រ​បបនយោ​បាយ​របស់​រដ្ឋ​មួយ ​​​​គេ​ត្រូវការសន្តិភាព ព្រោះសន្តិភាព​​​​​ជាលក្ខ​ណៈ​ស​ម្បត្តិ​នៃការដឹកនាំរបស់រដ្ឋ​។

ដោយឡែក លោកថា សម្រាប់ក​ម្ពុជា បាន​ប្រកាន់យកតាម​គោលកា​រណ៍​នៃ​កិច្ចព្រ​មព្រៀងសន្តិភាពទីក្រុងប៉ារីស​ ដែលខ្លឹម​សារនៃកិច្ចព្រមព្រៀង​នេះ ចេញពីធម្មនុញ្ញអង្គការសហប្រជាជាតិ ហើយបានបញ្ចូលទៅ​ក្នុង​រដ្ឋធម្ម​នុញ្ញកម្ពុជា ដែលច្បាប់កំពូលនេះបាន​ផ្តល់​សិទ្ធិ​ពេញ​លេញដល់ប្រជាពលរដ្ឋគ្រប់រូប​។

លោក​បន្ថែមថា​ ការណ៍នេះ ​រាល់ការប្រកាន់​យកគោលនយោបាយនិងទស្សនៈនយោបា​យ ​​​​​មិនអាចប្រាសចាក​​ពីគោលការ​ណ៍សិទ្ធិមនុស្ស ប្រជាធិបតេយ្យ សេរីពហុបក្ស​ ដូចដែលកម្ពុជាបានសន្យានិងផ្ដល់សច្ចាប័នទៅឱ្យក្របខណ្ឌអន្តរជាតិនោះទេ។

ករណីនេះ លោកថា បើរបត់នយោបាយ​មិនបានភ្ជាប់កាតព្វកិច្ចអាជ្ញាធររដ្ឋទៅនឹងការលើក​កម្ពស់សិទ្ធិមនុស្ស តែបែរ​ជាប្រើអំណាច​ទៅបង្ក្រាបដៃគូប្រកួត រំលោភសិទ្ធិពលរដ្ឋ បង្កឱ្យមានភាពអយុត្តិធម៌សង្គម ជាដើមនោះ ភាពផុសស្រួយនៃការបែកបាក់ជាតិនឹងកើតឡើង។

លោកថា៖ «បើកាលណាសង្គមខ្វះយុត្តិធម៌ហើយ វាធ្វើឱ្យសង្គមថ្ងៃក្រោយលែងដំណើរការតាមច្បាប់ លែងតាមគោលការណ៍ប្រជាធិបតេយ្យ តាមរយៈនៃការបោះឆ្នោតដោយសេរីនិងយុត្តិធម៌ហ្នឹងទៀតហើយ វាប្រើអំពើហិង្សាដោយកម្លាំងទៅវិញ»។

តែយ៉ាងណា លោកយល់ថា ដើម្បីទប់ស្កាត់កុំឱ្យកម្ពុជាវិលទៅរករបបផ្ដាច់ការ​ដូចពីអតីតនោះ​ ត្រូវ​មាន​ការចូល​រួម​តាម​ដាន​ពីប្រជាពលរដ្ឋទៅលើយន្តការអនុវត្ត​ច្បាប់​របស់ស្ថាប័នរដ្ឋ។

ប្រ​​​​ធាន​សមា​គម​​ការ​ពារសិទ្ធិ​មនុស្សអា​ដហុ​ក​ លោ​ក នី ​សុខា​ មើ​លឃើញថា​ ការ​យល់​​ឃើញ​ផ្សេង​គ្នា​​​ជា​រឿ​ង​ធ​ម្មតា​ក្នុងសង្គ​មប្រជាធិបតេយ្យ ហើយមិនថាពលរដ្ឋកម្ពុជាទេ សូម្បីតែប្រជាពលរដ្ឋ​លើពិភព​លោកក៏ត្រូវ​កា​​រ​សន្តិភាព​ដែរ។

តែលោកថា សន្តិភាព​​នឹង​​មិន​ស្ថិតស្ថេរនៅយូរអង្វែង​ទេ បើមាន​​មនុស្ស​មួយ​ក្រុម​ត្រូវ​បាន​គេ​កម្ចាត់ចោលទាំង​​មិ​ន​គោ​រព​គោល​ការណ៍សិទ្ធិមនុស្សនោះ។

លោកថា៖ «នៅក្នុងសេចក្ដីប្រកាសជាសកលហ្នឹង គេបានប្រកាសពីបញ្ហាហ្នឹងហើយ បើសិនជាយើងមិនគោ​រពគោលការណ៍សិទ្ធិមនុស្សហ្នឹងទេ អាហ្នឹងហើយដែលធ្វើឱ្យប្រទេសមិនអាចរក្សាសន្តិភាពបាន ធ្វើឱ្យពិភពលោករក្សាសន្តិភាពបានទេ»។

អ្នកឃ្លាំមើលរូបនេះបង្ហាញការព្រួយបារម្ភថា នៅពេលប្រព័ន្ធយុត្តិធម៌​​មិនអាចរកយុត្តិធម៌ឱ្យពលរដ្ឋដែ​ល​រង​គ្រោះដោយអំពើអយុត្តិធម៌ក្នុងសង្គម​បាន ពេល​នោះ​ហើយ​​ជាគ្រោះថ្នាក់ធ្ងន់ធ្ងរសម្រាប់ប្រទេសជាតិ​ ដែល​ការណ៍​នេះ​ លោកចង់ឃើញការប្រកួតអំណាចដោយសុច​រិត និង​តម្កល់ប្រយោជន៍ជាតិជាធំ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ