សកម្មជន​នយោបាយ​ម្នាក់​ស្នើ​តុលាការ​កំពូល​ទម្លាក់​បទចោទ

ក្រុមស្ត្រីថ្ងៃសុក្រ ប្រមូលផ្ដុំជាថ្មីទាមទារឱ្យទម្លាក់បទចោទនិងដោះលែងស្វាមីនិងសាច់ញាតិ នៅមុខតុលាការកំពូល ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២។ (ជន ចាន់រ៉ែន)

សកម្មជនគណបក្សសង្គ្រោះជាតិ​ដែលត្រូវបានតុលាការរំលាយម្នាក់ ស្នើទៅ​តុលាការ​កំពូល​ទម្លាក់​បទ​ចោទ ក្រោយ​​​​ពី​​តុលាការ​​ថ្នាក់​ក្រោម​បាន​កាត់​ទោស​ឱ្យ​ជាប់​ពន្ធនាគារ៧​ឆ្នាំ ជុំវិញ​ការ​បង្ហាញ​សារគាំទ្រ​លោក សម រង្ស៊ី លើហ្វេស​ប៊ុក។

តុលាការកំពូល​ ​នៅថ្ងៃ​ពុ​​ធ​នេះ បានបើកសវនាការ​​បណ្ដឹងសាទុក្ខ​លើសំណុំរឿង​លោក គង់ សំអាន សមាជិក​គណបក្សសង្គ្រោះជាតិដែល​ត្រូវ​បាន​តុលាការរំលាយកាលពីឆ្នាំ​២០១៧ បន្ទាប់ពី​សាលាដំបូង និងសាលាឧទ្ធរណ៍ខេត្តត្បូងឃ្មុំ បាន​កាត់ទោ​សឱ្យលោកជាប់ពន្ធនាគារ៧​ឆ្នាំ កាល​ពី​ឆ្នាំ​២០២០។

ឈរនៅរង្វង់ក្រចកសេះ ក្នុងស្លៀកបំពាក់ពណ៌ស្លាទុំ លោក គង់ សំអាន ប្រាប់ទៅប្រធាន​ក្រុមប្រឹក្សាជំនុំ​ជម្រះនៃ​តុលាការ​កំពូល​ លោក គង់ ស្រ៊ីម ថា​មូលហេតុដែល​ប្ដឹង​សាទុក្ខនេះ ដោយ​សារ​ការ​សម្រេច​កាត់​ទោស​ឱ្យ​គាត់ជាប់ពន្ធនាគារ​៧​ឆ្នាំ ជា​រឿង​អយុត្តិធម៌។ លោក​បញ្ជាក់​ថា ភាព​អយុត្តិធម៌​នោះ ដោយ​សារ​សមត្ថកិច្ចចាប់ខ្លួនគាត់ទាំងគ្មាន​ដីកា ហើយ​ឃុំខ្លួន​បាន៦​ថ្ងៃ តុលាការក៏បើក​សវនាការភ្លាម។

បន្ថែមពីនេះ លោកថា តុលាការឱ្យគាត់ផ្ដិតស្នា​មមេ​ដៃ​លើ​ក្រដាស​សចំ​នួន៧​សន្លឹក ទាំង​ដៃជាប់​​ខ្នោះ ក្រោម​ហេតុផល​ថា​សរសេរ​មិន​ទាន់ ខណៈភស្តុតាងដាក់បន្ទុកលើរូបគាត់​គ្មានឡើយ ដោយ​យក​ចម្លើយ​ដែល​សមត្ថកិច្ច និងតុលាការសាកសួរនោះ មកដាក់បន្ទុកទៅវិញ។

លោកថា៖ «គេចោទខ្ញុំ រួមគំនិតក្បត់ ប៉ុន្តែនៅសាលាដំបូង​អត់មានបង្ហាញភស្តុតាងទេ យក​ខ្ញុំ​មក​សួរ​ចុះ​ឡើង ហើយ​សន្និដ្ឋានតាមចម្លើយខ្ញុំឆ្លើយ រួមទាំង​និយាយ​ថា តាមចម្លើយខ្ញុំ សមត្ថកិច្ចនិងតុលាការអាចឃុំខ្លួនខ្ញុំបាន ទាំងអត់មានភស្តុតាងអី»។

ក្រោយពីមានការអះអាងបែបនេះ ប្រធានក្រុមប្រឹក្សាជំនុំជម្រះតុលាការកំពូល លោក គង់ ស្រ៊ីម បានឱ្យលោក គង់ សំអាន បង្ហាញភស្តុតាង​នូវអ្វីដែលគាត់​បាន​និយាយ។ លោក​បន្ត​ថា អំឡុង​ពេល​តុលាការ​ថ្នាក់​ក្រោម​កាត់​ទោស​ឱ្យ​ជាប់​ពន្ធនាគារ៧​ឆ្នាំ ​ហេតុអ្វីបានជាលោក គង់ សំអាន មិនតវ៉ាភ្លាមៗ។

លោកថា៖ «តើម៉េច​ទើបលោកមិនតវ៉ាភ្លាមៗ ពេល​តុលាការកាត់ទោស? ខ្ញុំមើលក្នុងឯកសារ រូបលោកអត់មានតវ៉ា​ទេ។ តើលោកមាន​បញ្ហាអ្វី រឿងឱ្យផ្ដិតស្នាមមេដៃលើក្រដាសស និងការចាប់ខ្លួនគ្មានដីកាទេ?»

ឆ្លើយតបនឹងប្រធានក្រុមប្រឹក្សាជំនុំជម្រះ លោក គង់ សំអាន អះអាងថា កន្លងមក រូបគាត់បានតវ៉ា តែតុលាការថ្នាក់ក្រោមមិនបានកត់ត្រា​។ លោកថា តុលាការបានចោទប្រកាន់លើរូបគាត់​ថា «រួមគំនិតក្បត់» ទាំងគ្មានភស្តុតាង និងគ្រាន់តែបង្ហាញរូបថតមួយសន្លឹក រួចធ្វើសេចក្ដីសន្និ​ដ្ឋាន​ដោយ​ចោទប្រកាន់​ និងឃុំខ្លួនលោកនៅពន្ធនាគារតែម្ដង។

លោក គង់ សំអាន ស្នើទៅប្រធានក្រុមប្រឹក្សាជំនុំជម្រះតុលាការកំពូល​ បដិសេធសាលាដីកាសាលាឧទ្ធរណ៍ខេត្តត្បូងឃ្មុំ ដោយទម្លាក់បទចោទប្រកាន់ និងដោះលែងរូបគាត់ឱ្យមានសេរីភាព​វិញ។

លោកថា៖ «ខ្ញុំសំណូមពរទៅតុលាការកំពូលទម្លាក់ចោលបទចោទប្រកាន់លើរូបខ្ញុំ។ ខ្ញុំធ្វើគ្រូបង្រៀនបម្រើប្រទេសជាតិជិតកណ្ដាលជីវិតហើយ អត់មានចេតនាក្បត់ជាតិទេ។ ខ្ញុំស្រឡាញ់ប្រទេសជាតិខ្ញុំណាស់»។

ប៉ុន្តែការស្នើរបស់លោក គង់ សំអាន ត្រូវបានតំណាងមហាអយ្យការតុលាការកំពូល លោក​ ឈួន ចាន់​ថា ជំទាស់ ដោយ​ចាត់ទុកការកាត់ទោស៧ឆ្នាំរ​បស់​តុលាការ​ថ្នាក់​ក្រោម ថា​ជារឿ​ង​ត្រឹមត្រូវ ក្រោមហេតុផលថា សកម្មភាពជួបជុំ និងកៀរគរគ្នា ក្នុងចេតនា​ចង់ផ្ដួលរំលំរដ្ឋាភិបាល។

ប្រាប់អ្នកសារព័ត៌​មានបន្ទាប់ពី​ចប់​សវនាការ មេធាវីការពារក្ដីឱ្យ​លោក គង់ សំអាន គឺ​​​​លោក សំ សុគង់ ថាភស្តុតាង​ដែល​តុលាការ​យក​ចោទ​ប្រកាន់ និង​ដាក់​បន្ទុកកូនក្ដីរបស់លោក​នោះ គឺ​ពាក់​ព័ន្ធ​នឹងការជួបជុំគ្នា​បរិ​ភោគ​នំ​បញ្ចុក ការ​លើក​ម្រាម​ដៃ​៩ រួម​ទាំង​ការ​ផុស​សារ​លើបណ្ដាញសង្គម​បង្ហាញពី​ការ​គាំទ្រគោល​ការណ៍៥​ចំណុចដែល​លោក សម រង្ស៊ី និងថ្នាក់ដឹកនាំជាន់ខ្ពស់​គណបក្ស​ប្រឆាំង​នៅក្រៅ​ប្រទេស​បង្កើតឡើង។

តែយ៉ាងណា លោកថា ភស្តុតាងទាំងអស់នេះមិន​អាច​ដាក់​បន្ទុក​ដោយ​កាត់​ទោស​ឱ្យ​កូន​ក្ដីជាប់​ពន្ធនាគារ​រហូតដល់៧​ឆ្នាំ​នោះ​ទេ។ លោកចាត់ទុកការចាប់ខ្លួនកូន​ក្ដី និង​ការកាត់ទោសដាក់ពន្ធនាគារច្រើនឆ្នាំបែបនេះ ថា​ជា​រឿង​នយោ​បាយ ខណៈ​កូនក្ដីជា​សកម្មជន​គណបក្ស​សង្គ្រោះជាតិ​​ដែលត្រូវបានតុលាការរំលាយ​កាលពីឆ្នាំ២០១៧។

លោកថា៖ «​មូលហេតុដែលចាប់ខ្លួន គឺជាមូលហេតុនយោបាយច្រើនជាង​ផ្លូវច្បាប់ ​ដោយសារ​គាត់​ជា​អតីតសកម្ម​ជន​គណបក្ស​សង្គ្រោះ​ជាតិ។​ ក្រោយ​រំលាយ​ គាត់​គ្រាន់​តែ​ចូល​រួម​សកម្មភាព​ផ្សេងៗ​ អាជ្ញាធរ​ចោទ​គាត់ចូល​រួម​គាំទ្រ ចូល​រួម​សកម្ម​ភាព​រួម​គំនិត​ក្បត់​ដែរ​ទៅ»។

កាលពីខែ​កុម្ភៈ ឆ្នាំ​២០២០ សាលាដំបូង​ខេត្ត​ត្បូង​ឃ្មុំ បានកាត់ទោសឱ្យសកម្មជនបក្សសង្គ្រោះជាតិដែលត្រូវតុលាការរំលាយចំនួន៧​នាក់ ក្នុង​សំណុំរឿង​ «រួម​គំនិត​ក្បត់» ក្នុងនោះមាន​ជន​​ជាប់ចោទ​២​នាក់ ជាប់​ពន្ធនាគារ៥ឆ្នាំ និង​៥​នាក់​ទៀតជាប់​​ពន្ធនាគារ៧​ឆ្នាំ។ ក្នុងចំណោម​​ជនជាប់​ចោទទាំង៧រូប គឺ​មាន​​តែ​​លោក គង់ សំអាន ម្នាក់គត់ដែលនៅជាប់​ពន្ធនាគារ ក្រៅពីនោះ គឺតុលាការ​បាន​អនុញ្ញាតឱ្យ​ពួកគេ​​នៅក្រៅឃុំ​បណ្ដោះអាសន្ន​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ