ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន បានថ្លែងឱ្យដឹងនៅថ្ងៃអង្គារម្សិលមិញថា ប្រទេសរបស់លោកនិងភាគីអ៊ុយក្រែននៅតែកំពុងបន្តការពិភាក្សាគ្នាតាមប្រព័ន្ធអនឡាញ។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ការថ្លែងបញ្ជាក់របស់ប្រធានាធិបតីរូបនេះបានធ្វើឡើង ខណៈលោកជួបជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres នៅក្នុងទីក្រុងមូស្គូ។
ក្នុងកិច្ចចាប់ផ្ដើមនៃកិច្ចប្រជុំនេះ លោក ពូទីន បានលើកឡើងដោយសង្ឃឹមថា កិច្ចពិភាក្សានានាជាមួយភាគីអ៊ុយក្រែននឹងផ្ដល់ជាលទ្ធផលវិជ្ជមាន។
គួរបញ្ជាក់ថា លោក Antonio Guterres នៅក្នុងទីក្រុងមូស្គូ កាលពីថ្ងៃអង្គារ ក៏បានអំពាវនាវឱ្យមានការបង្កើតលក្ខខណ្ឌសម្រាប់ការអនុវត្តបទឈប់បាញ់នៅអ៊ុយក្រែនឱ្យបានឆាប់រហ័សតាមដែលអាចធ្វើទៅបានផងដែរ។
លោកថា៖ «យើងចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការស្វែងរកមធ្យោបាយ ដើម្បីបង្កើតលក្ខខណ្ឌឱ្យមានកិច្ចសន្ទនាប្រកបដោយប្រសិទ្ធភាព លក្ខខណ្ឌសម្រាប់ការអនុវត្តបទឈប់បាញ់ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន និងបង្កើតលក្ខខណ្ឌសម្រាប់ដំណោះស្រាយដោយសន្តិវិធីមួយផងដែរ»។
គិតរហូតមកដល់ពេលនេះ ការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែនកំពុងតែឈានចូលមកដល់សប្ដាហ៍ទី៩ហើយ ដែលបានបង្កឱ្យជនស៊ីវិលរាប់ពាន់នាក់បានស្លាប់បាត់បង់ជីវិត តំបន់ទីក្រុងជាច្រើនប្រែក្លាយទៅជាគំនរបាក់បែក និងបង្កឱ្យមានជាវិបត្តិមនុស្សធម៌ធ្ងន់ធ្ងរកើតឡើង ខណៈមនុស្សរាប់លាននាក់ក៏បានភៀសខ្លួនចេញពីប្រទេសផងដែរ។
ទោះជាយ៉ាងណា រុស្ស៊ីធ្លាប់បានលើកឡើងកាលពីពេលកន្លងទៅថា សកម្មភាពរបស់ខ្លួននេះ គឺជាការអនុវត្ត «ប្រតិបត្តិការយោធាពិសេសមួយ» ដើម្បីបញ្ឈប់រដ្ឋាភិបាលអ៊ុយក្រែនពីការប្រព្រឹត្តអំពើប្រល័យពូជសាសន៍ប្រឆាំងនឹងប្រជាជនរបស់ខ្លួន ខណៈដែលការចោទប្រកាន់នេះត្រូវបានប្រទេសលោកខាងលិចចាត់ទុកថា ជាការលើកឡើងដោយគ្មានមូលដ្ឋានច្បាស់លាស់៕












