រដ្ឋាភិបាលសហរដ្ឋអាមេរិក តាមរយៈទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) បានផ្ដល់ហិរញ្ញប្បទានឥតសំណងប្រមាណ៦២លានដុល្លារសហរដ្ឋអាមេរិក សម្រាប់ឆ្នាំទី១ នៃកិច្ចព្រមព្រៀង៥ឆ្នាំ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា។
យោងតាមសេចក្ដីប្រកាសរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានឱ្យដឹងថា ការចុះហត្ថលេខាដើម្បីផ្ដល់ជំនួយនេះបានធ្វើឡើងកាលពីថ្ងៃទី២៥ ខែមេសា រវាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) ក្នុងគោលបំណងដើម្បីជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា។ ក្នុងនោះ ទឹកប្រាក់ជាង៤០លានដុល្លារ (៤១,៦) ប្រើសម្រាប់វិស័យសុខាភិបាល និងអប់រំ និងប្រាក់ជាង២០លានដុល្លារ (២០,៥) ប្រើសម្រាប់វិស័យកសិកម្ម និងបរិស្ថាន ដែលអនុវត្តដោយភ្នាក់ងារអនុវត្តគម្រោងនានានៅកម្ពុជា។
គិតចាប់តាំងពីឆ្នាំ១៩៩៣ រហូតដល់ឆ្នាំ២០២១ រដ្ឋាភិបាលសហរដ្ឋអាមេរិកបានផ្ដល់ហិរញ្ញប្បទានគាំទ្រដល់ប្រទេសកម្ពុជាជិត ២ពាន់លានដុល្លារ [១,៧ពាន់លាន] ដុល្លារអាមេរិក សម្រាប់គាំទ្រដល់វិស័យអាទិភាព ដូចជា វិស័យសុខាភិបាល អប់រំ បរិស្ថាន កសិកម្ម អភិបាលកិច្ច ការអភិវឌ្ឍបែបប្រជាធិបតេយ្យ និងកម្មវិធីដោះមីន យុទ្ធភណ្ឌមិនទាន់ផ្ទុះ ជាដើម៕












