សង្គមស៊ីវិល​ខកចិត្ត​នឹង​ក្រសួងមហាផ្ទៃ​ដែល​បដិសេធ​ញត្តិ​ទាមទារ​ស៊ើបអង្កេត​ឃាតកម្ម​លោក ឈុត វុទ្ធី ឡើងវិញ

តំណាងសង្គមស៊ីវិលផ្ដល់បទសម្ភាសន៍ពាក់ព័ន្ធនឹងការដាក់ញត្តិនៅក្រសួង ដើម្បីសុំបើកការស៊ើបអង្កេតករណីស្លាប់លោក ឈុត វុទ្ធី ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២។ (ពលរដ្ឋអ្នកសារព័ត៌មាន)

ក្រុមអង្គការសង្គមស៊ីវិលសម្ដែងការខកចិត្តចំពោះក្រសួងមហាផ្ទៃដែលបដិសេធញត្តិទាមទារឱ្យអាជ្ញាធរបន្ដការស៊ើបអង្កេតដោយឯករាជ្យនិងតម្លាភាព ចំពោះករណីឃាតកម្មលោក ឈុត វុទ្ធី ដែលត្រូវបានគេបាញ់សម្លាប់នៅខេត្តកោះកុងកាលពី១០ឆ្នាំមុន។

នៅរសៀលថ្ងៃទី២៦​ ខែមេសា​ ឆ្នាំ២០២២នេះ អង្គការសង្គមស៊ីវិលចំនួន២៨បាននាំយកញត្តិដាក់ទៅក្រសួងចំនួន២ គឺក្រសួងយុត្តិធម៌ និងក្រសួងមហាផ្ទៃ​​​ ដើម្បីស្វែងរកយុត្តិធម៌ជូនលោក ឈុត វុទ្ធី ក្នុងគម្រប់ខួប១០ឆ្នាំនៃមរណភាពរបស់លោក។ ការនាំញត្តិទាមទារយុត្តិធម៌នេះត្រូវបានក្រសួងយុត្តិធម៌ព្រមទទួលយក ប៉ុន្ដែខាងក្រសួងមហាផ្ទៃ បែរជាការិយាល័យរដ្ឋបាលមិនព្រមទទួលយក ដោយមូលហេតុថា ញត្តិគ្មានភាពច្បាស់លាស់ ឬជាញត្តិអនាមិក និងគ្មានលេខតំណាង។

ប្រធានកម្មវិធីនៃសមាគមយុវជនកម្ពុជា (CYN) លោក ហេង គីមហុង ដែលអះអាងថាជាតំណាងសង្គមស៊ីវិល ចាត់ទុកថា ការបដិសេធញត្តិពីសំណាក់មន្ដ្រីក្រសួងមហាផ្ទៃនេះ គឺជារឿងពុំត្រឹមត្រូវ និងពុំអាចទទួលយកបាន ដោយលោកថា អ្នកធ្វើការផ្នែកសង្គមស៊ីវិលបានខិតខំជជែកពីបញ្ហាយុត្តិធម៌សង្គម និងការបាត់បង់ជីវិតមនុស្ស ​ប៉ុន្ដែចុងក្រោយបែរជាក្រសួងមួយនេះទាមទារឱ្យបំពេញលក្ខណៈរដ្ឋបាល ដើម្បីខ្លួនអាចយកបានទៅវិញ។

លោកបន្ថែមថា៖ «ទោះបីជាយើងព្យាយាមពន្យល់ថា​ យើងមានអ្នកតំណាងយ៉ាងណា ក៏រដ្ឋបាលមិនព្រមទទួលដែរ! រហូតថាបើគ្មានហត្ថលេខា គឺយើងហ៊ានស៊ីញ៉េឱ្យទៀត នៅតែមិនព្រមទទួល។ យើងចាត់ទុកថាជារឿងអយុត្តិធម៌សម្រាប់ការស្លាប់លោក ឈុត  វុទ្ធី»។

 លោក ហេង គីមហុង ថ្លែងបន្ដថា៖ «តើយុត្តិធម៌និងរដ្ឋបាលមួយណាសំខាន់ជាង? នេះជាសំណួរដែលខ្ញុំសួរទៅបងប្អូនប្រជាពលរដ្ឋខ្មែរ ហើយក្រសួងមហាផ្ទៃ»

ពលរដ្ឋអ្នកសារព័ត៌មាន CCIM ព្យាយាមទាក់ទងអ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ ​សុភ័គ ប៉ុន្ដែលោកមិនលើកទូរសព្ទ។

​ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA) លោក ​វន់ ​ពៅ ប្រាប់ពលរដ្ឋអ្នកសារព័ត៌មាន CCIM ថាគោលបំណងនៃការដាក់ញត្តិនេះ គឺអង្គការសង្គមស៊ីវិលចង់ស្វែងរកយុត្តិធម៌ពិតជូនគ្រួសារលោក ឈុត វុទ្ធី ហើយវាមិនមែនជាញត្តិអនាមិកដូចការលើកឡើងរបស់ក្រសួងនោះទេ ​ដោយថាញត្តិនេះមានឈ្មោះអង្គការ និងតំណាងត្រឹមត្រូវ។

លោកបន្ដថា នីតិវិធីរដ្ឋបាលរបស់ក្រសួងមហាផ្ទៃមានភាពស្មុគស្មាញនិងវែងពេក ម្យ៉ាងទៀត វាជាការទទួលខុសត្រូវរបស់អាជ្ញាធររដ្ឋជាអ្នកដោះស្រាយនិងពន្លឿននីតិវិធី កាលណាបើការទាមទារឬការដាក់ញត្តិពីប្រជាពលរដ្ឋរងគ្រោះ។

​លោក វន់ ​ពៅ បន្ថែមថា៖ «​យើងចង់ឃើញយុត្តិធម៌ពិតជូនលោក ឈុត វុទ្ធី និងសុំអំពាវនាវដល់គ្រប់ក្រសួងទាំងអស់ត្រូវតែទទួលខុសត្រូវនូវកាតព្វកិច្ចនិងតួនាទីរបស់ខ្លួន ដើម្បីផ្ដល់សេចក្ដីទុកចិត្តឱ្យប្រជាពលរដ្ឋ ជាពិសេសជិតបោះឆ្នោតផង មិនគួរណាធ្វើបែបហ្នឹងទេ»

ក្នុងញត្តិដដែលនោះ ក្រុមអង្គការសង្គមស៊ីវិលទាមទាររដ្ឋាភិបាលបង្កើតគណៈកម្មការឯករាជ្យ ដើម្បីស៊ើបអង្កេតដោយឯករាជ្យលើករណីឃាតកម្មនេះ ដើម្បីស្វែងរកយុត្តិធម៌ និងចាប់ឃាតករពិតប្រាកដមកផ្ដន្ទាទោស ព្រមទាំងបញ្ឈប់ការរឹតត្បិត និងការធ្វើទុក្ខបុកម្នេញលើសិទ្ធិសេរីភាពរបស់សហគមន៍មូលដ្ឋាន យុវជន និងអ្នកការពារធនធានធម្មជាតិ ក្នុងការចូលយាមល្បាត និងការពារព្រៃឈើនិងធនធានធម្មជាតិនៅក្នុងប្រទេសកម្ពុជា។

គួររម្លឹកថា លោក ឈុត វុទ្ធី ប្រធានអង្គការការពារធនធានធម្មជាតិ មានស្រុកកំណើតនៅភូមិ​ស្វាយមាស ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ដែលត្រូវបានគេបាញ់សម្លាប់កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១២ នៅខេត្តកោះកុង គិតមកដល់ថ្ងៃនេះមានរយៈពេល១០ឆ្នាំហើយ។


ពលរដ្ឋអ្នកសារព័ត៌មាន CCIM ប្រចាំខេត្តកណ្ដាល

Facebook
Twitter
Telegram
LinkedIn

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។