លោក ហ៊ុន សែន សម្អាង​ថា​ប្រជាធិបតេយ្យ​គ្មាន​ស្តង់ដារ​អន្តរជាតិ ខណៈ​មាន​ការ​រិះគន់

ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជួបសំណេះសំណាល និងផ្តល់អនុសាសន៍ដល់កីឡាករ-កីឡាការិនី និងអត្តពលិក ចំនួន៥៦០នាក់ មុនពេលពួកគេចេញទៅប្រកួតកីឡាស៊ីហ្គេម (SEA Game) លើកទី៣១ នៅប្រទេសវៀតណាម។ (ហ្វេសប៊ុកលោក ហ៊ុន សែន)

​​លោកនា​យក​រដ្ឋម​ន្ត្រី ហ៊ុន ​សែន ​​បន្ត​លើក​ឡើងថា​ កា​រអនុ​វត្តលទ្ធិ​ប្រជា​ធិបតេយ្យ​គ្មា​នស្តង់​ដារអ​​ន្តរជា​តិទេ ដោយសម្អាងថា សូម្បី​ប្រទេស​​មហា​​អំណាចលោកសេរីខ្លះក៏អនុវត្ត​ខុ​សគ្នា​​ដែរ​ ខ​ណៈមានការរិះគន់អំ​​ពីការ​ដឹ​​កនាំ​រ​បស់លោកធ្វើឱ្យក​ម្ពុជា​ងាក​ចេ​ញពី​គន្ល​ងប្រ​ជា​ធិប​តេយ្យ​។

​ការ​ថ្លែ​ង​រ​បស់​នាយក​រ​ដ្ឋម​ន្ត្រីនេះ​ ធ្វើ​ឡើងក្នុងពិធីសំ​ណេះសំណាល​ជាមួយ​ប្រតិ​ភូ​កី​ឡា​ក​ម្ពុជាស៊ីហ្គេម (SEA​ G​​​am​​​es) លើកទី៣១​ ក្នុង​រាជធា​នីភ្នំពេញ​ នាព្រឹក​​ថ្ងៃ​​ព្រ​ហ​​ស្ប​​តិ៍នេះ។

ក្នុ​​ងពិធីនោះ លោក ​ហ៊ុន សែន បាន​ណែនាំក្រុម​កីឡាក​រដែ​លត្រៀមចេ​ញទៅប្រកួ​នទាំ​ងនោះឱ្យគោរព​ស្តង់ដារអន្តរជាតិដែលគេបានកំណត់​​ ដោយហាមកីឡាករកុំឱ្យប្រើប្រាស់សារធាតុញៀន ឬភេសជ្ជៈប៉ូវកម្លាំងដើម្បីបានឈ្នះការប្រកួ​ត រំលោភលើលក្ខខណ្ឌនៃការប្រកួត។

លោកបន្ថែមថា ការទៅប្រកួតនេះ ពួកគេជាតំណាងរដ្ឋខ្មែរទូទាំងប្រទេសជិត១៧លាននាក់ ឬតំ​ណាងឱ្យមុខមាត់ប្រទេសជាតិទាំងមូល ហើយថាបើកីឡាករណាម្នាក់ប្រព្រឹត្តកំហុស ឬប្រើសារធាតុញៀន លោកថា ជារឿង​«អាស្រូវ»សម្រាប់មុខមាត់ប្រទេសលើឆាកអន្តរជាតិ។

ដោយឡែកពីនេះ ​ការអនុវត្តលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស គ្មានស្ត​ង់ដារ​អន្តរជាតិទេ ដោយលោក ហ៊ុន សែន អះអាងថា សូម្បីប្រទេ​ស​មហាអំណាចលោកសេរីមួយចំនួនក៏អនុវត្តខុសគ្នាដែរ។

ក្នុង​ន័យនេះ លោកកត់សម្គាល់ថា ការបោះឆ្នោតនៅសហរដ្ឋអាមេរិក សន្លឹកឆ្នោតក្រោម៤០ភាគរយអា​ចជ្រើសរើសប្រ​ធានាធិបតីបាន តែប្រទេសបារាំងវិញ សន្លឹកឆ្នោតទាល់តែលើ​ស៥​០ភាគរយ ទើបអា​ច​ជ្រើ​​សរើសប្រធានាធិ​បតី​បា​ន ខណៈប្រទេសខ្លះទៀតជ្រើសរើសការដឹកនាំរដ្ឋតា​​មបែបប្រធានា​ធិបតី និ​​ងខ្លះជ្រើសរើសយករបបសភានិយមនោះ។

លោកថា៖ «កុំនិយាយស្តង់ដារអន្តរជាតិលើសិទ្ធិមនុស្ស លើបញ្ហានេះ បញ្ហានោះ គ្មានទេ! ស្តង់ដារអន្តរជា​​តិមានតែវិស័យកីឡាទេៗ ប៉ុន្តែស្តង់ដារលើបញ្ហានយោបាយ លើបញ្ហាគ្រប់គ្រង លើបញ្ហាបែបផែនប្រ​ជា​​ធិបតេយ្យ សិទ្ធិមនុស្សស្អី វាអត់មានស្តង់ដារអន្តរជាតិទេ»។

ការលើកឡើងជាថ្មីទៀតរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ​សែន នេះ ចំពេលដែលការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ នឹងចូលមកដល់នៅជាង១ខែទៀតនេះ។ លើសពីនេះ ក៏ស្របពេ​លដែលការដឹកនាំរបស់លោករងការរិះគន់ថា បានធ្វើឱ្យកម្ពុជាដើរចេញពីគន្លងប្រជាធិបតេយ្យ ចា​ប់តាំងពីមានការំលាយគណបក្សសង្គ្រោះជាតិចេញពីឆាកនយោបាយអំឡុងចុងឆ្នាំ២០១៧មក។

អតីតតំណាងរាស្ត្រគណបក្សប្រឆាំង បច្ចុប្បន្នជាអនុប្រធានបណ្ដោះអាសន្នគណបក្សកែទម្រង់កម្ពុជា លោក អ៊ូ ច័ន្ទរ័ត្ន យល់ឃើញថា លទ្ធិប្រជាធិបតេយ្យមានមូលដ្ឋានគ្រឹះសម្រាប់តម្រង់ទិសបន្ទាត់នយោបាយ ពិសេសគោលការណ៍គោរពសិទ្ធិមនុស្ស តែនៅត្រង់ថា ប្រទេសខ្លះអនុវត្តប្រព័ន្ធប្រធានាធិបតីនិយម ហើយប្រទេសខ្លះទៀតអនុវត្តប្រព័ន្ធសភានិយម។

លោកថា៖ «ប្រជាធិបតេយ្យ គេមានគោលការណ៍ជាមូលដ្ឋានគ្រឹះរបស់គេត្រឹមត្រូវណាស់ គេមិនចេះតែថាទេ! គ្រាន់តែថាមេដឹកនាំខ្លះណាស់ គ្រាន់ថាអ្នកដឹកនាំយល់ថាអាហ្នឹងជាប្រជាធិបតេយ្យអត់ស្តង់ដារ ហើយខ្លួនចង់ធ្វើអីតាមចិត្ត អាហ្នឹងមួលបង្កាច់ថាប្រជាធិបតេយ្យអត់ស្តង់ដារហើយ»។

យ៉ាងណា លោកបារម្ភថា សាររបស់នាយករដ្ឋមន្ត្រីនេះអាចនឹងមានឥទ្ធិពលដល់ដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់នៅពេលខាងមុខ ចំពោះការធានាបាននូវភាពសេរី ត្រឹមត្រូវ និងយុត្តិធម៌។

នាយកកិច្ចការទូទៅនៃអង្គការលីកាដូ លោក អំ សំអាត លើកឡើងថា ជាគោលការណ៍សកល ការអនុវត្តលទ្ធិប្រជាធិបតេយ្យ គេផ្ដោតសំខាន់លើគោលការណ៍សិទ្ធិមនុស្ស និងការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌។ ប៉ុន្តែលោកថា កម្ពុជាបានខកខានបំពេញកាតព្វកិច្ច ដើម្បីឆ្លើយតបទៅនឹងគោលការណ៍សកលនេះ និងធម្មនុញ្ញរបស់កម្ពុជាផងដែរ។

លោកបន្តថា៖ «ដោយសារតែយើងមិនបានអនុវត្តនិងគោរពតាមគោលការណ៍គ្រឹះជាសកលដែលមានចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ ហើយនិងគោលការណ៍គ្រឹះនៃលទ្ធិប្រជាធិបតេយ្យ អ៊ីចឹងបានជាយើងឃើញសហគមន៍អឺរ៉ុប និងប្រទេសផ្សេងៗហ្នឹង គេទាមទារឱ្យកម្ពុជាយើងស្ដារឡើងវិញនូវលទ្ធិប្រជាធិបតេយ្យ ឬក៏ការគោរពសិទ្ធិមនុស្ស ពីព្រោះលទ្ធិប្រជាធិបតេយ្យពេញលេញ វាផ្សារភ្ជាប់នឹងសិទ្ធិនុស្ស វាអត់អាចបែងចែកពីគ្នាបានទេ»។

សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ លោក ឯម សុវណ្ណរ៉ា លើកឡើងថា កម្ពុជាបានប្រកាន់យកតាមគោលការណ៍នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដែលខ្លឹមសារនៃកិច្ចព្រមព្រៀងនេះកើតចេញពីធម្មនុញ្ញអង្គការសហប្រជាជាតិ ហើយបានបញ្ចូលទៅក្នុងរដ្ឋធម្មនុញ្ញកម្ពុជា ដែលច្បាប់កំពូលនេះបានផ្ដល់សិទ្ធិពេញលេញដល់ប្រជាពលរដ្ឋគ្រប់រូប។

លោកយល់ថា ផ្អែកលើច្បាប់កំពូលរបស់កម្ពុជាដែលប្រសូត្រចេញពីធម្មនុញ្ញអង្គការសហប្រជាជាតិនោះ ការអនវុត្តនយោបាយប្រជាធិបតេយ្យ គឺមានស្តង់ដារតែមួយ។

លោកថា៖ «រដ្ឋធម្មនុញ្ញ វាមានលក្ខណៈប្រជាធិបតេយ្យ គោរពសិទ្ធិមនុស្ស ផ្ដល់សិទ្ធិពេញលេញដល់ប្រជាពលរដ្ឋ តាមគោលការណ៍ប្រជាធិបតេយ្យ ហើយអត់មានប្រជាធិបតេយ្យមានស្តង់ដារពីរស្តង់ដារបីអីទេ»។

មួយវិញទៀត អ្នកជំនាញសិទ្ធិមនុស្សរបស់អង្គការសហប្រជាតិ ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា លោក វីទិត ម៉ុនតារប៊ន (Vitit Muntarbhorn) បាននិយាយនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ កាលពីចុងខែមីនា ឆ្នាំ២០២២នេះថា «លំហពលរដ្ឋ និងនយោបាយនៅកម្ពុជា កាន់តែរួមតូចទៅ និងដើរថយក្រោយ ដោយសារតែការគ្រប់គ្រងបែបឯកបក្ស»

បញ្ហានេះ លោកអំពាវនាវទៅអាជ្ញាធរកម្ពុជាឱ្យគោរពសិទ្ធិមនុស្សជាមូលដ្ឋាន និងច្បាប់សិទ្ធិមនុស្សអន្តរជាតិ ដែលកម្ពុជាជារដ្ឋភាគី រួមទាំងសេរីភាពជាមូលដ្ឋានក្នុងការបញ្ចេញមតិ និងការជួបប្រជុំ ដើម្បីបើកលំហប្រជាធិបតេយ្យឡើងវិញ ខណៈការបោះឆ្នោតខិតជិតមកដល់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ