លោក ហ៊ុន សែន បញ្ជា​ឱ្យ​រៀបចំ​មន្ទីរពេទ្យ​«ហ្លួងម៉ែ»​ធ្វើ​ជា​មន្ទីរពេទ្យ​ឯកទេស​ជំងឺ​មហារីក

អាវុធហត្ថធ្វើការត្រួតពិនិត្យមុននឹងអនុញ្ញាតឱ្យចូលមន្ទីរពេទ្យហ្លួងម៉ែ អំឡុងពេលដាក់អ្នកជំងឺកូវីដ-១៩ សម្រាកនិងព្យាបាល ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១។ (ហ្វេសប៊ុក៖ Phnom Penh Gendarmerie)

ប្រមុខរដ្ឋាភិបាល លោក ហ៊ុន សែន បានបញ្ជាឱ្យស្ថាប័នពាក់ព័ន្ធរៀបចំមន្ទីរពេទ្យ «ហ្លួងម៉ែ» ឱ្យទៅជាមន្ទីរឯកទេសផ្នែកជំងឺមហារីក តាមយោបល់របស់កូនប្រសាលោក ដើម្បីធានាឱ្យផ្នែកជំងឺនេះមានទីតាំងព្យាបាលមួយជាក់លាក់នៅកម្ពុជា ដោយថា បច្ចុប្បន្ន អ្នកជំងឺមហារីកមានច្រើនណាស់ក្នុងប្រទេស។

ការថ្លែងនេះធ្វើឡើងនៅព្រឹកថ្ងៃទី២៨ ខែមេសា ក្នុងជំនួបសំណេះសំណាលជាមួយ​កីឡាករ-កីឡាការិនី និងអត្តពលិក ចំនួន៥៦០នាក់ មុនពេលពួកគេចេញទៅប្រកួតកីឡាស៊ីហ្គេម (SEA Game) លើកទី៣១ នៅប្រទេសវៀតណាម។

លោកនាយករដ្ឋមន្ត្រី ​ថ្លែងថា កូនប្រសាស្រីរបស់លោកដែលជាវេជ្ជបណ្ឌិតផ្នែកសុខភាពសាធារណៈ ដែលជាភរិយារបស់លោក ហ៊ុន ម៉ាណែត បានលើកជាសំណួរមកកាន់លោកថា «មន្ទីរពេទ្យហ្លួងម៉ែ» គួរតែរៀបចំឱ្យក្លាយទៅជាមន្ទីរពេទ្យឯកទេសផ្នែកមហារីក ខណៈមន្ទីរពេទ្យនេះពុំមានអ្នកជំងឺកូវីដ-១៩ សម្រាកព្យាបាលទៀតឡើយ។

លោក ហ៊ុន សែន ថាលោកគាំទ្រការលើកឡើងរបស់កូនប្រសារ ដោយថា បើមិនដូច្នេះទេ កម្ពុជានឹងមិនមានមន្ទីរពេទ្យឯកទេសផ្នែកមហារីកនេះនៅទីតាំងមួយជាក់លាក់ឡើយ។

លោកថា៖ «មន្ទីរពេទ្យហ្លួងម៉ែ! ថ្ងៃក្រោយ ខ្ញុំគិតថាអាចរៀបចំមន្ទីរពេទ្យនេះឱ្យទៅជាមន្ទីរពេទ្យឯកទេសផ្នែកមហារីកតែម្ដង។ នេះគឺថ្ងៃមុនកូនស្រីរបស់ខ្ញុំ កូនប្រសារបស់ខ្ញុំ គេជាបណ្ឌិតផ្នែកសុខភាពសាធារណៈ គេនាំកូនទៅបាយជាមួយនឹងឪពុកម្ដាយ។ គេសួរថា “ពុក! មន្ទីរពេទ្យហ្នឹងគួរតែរៀបចំឱ្យក្លាយទៅជាឯកទេសអីមួយ? ជាពិសេសគឺផ្នែកមហារីក”។ ខ្ញុំយល់ថាសមស្រប ថ្ងៃក្រោយអាចរៀបចំមន្ទីរពេទ្យហ្នឹងឱ្យទៅជាផ្នែកឯកទេសខាងមហារីកតែម្តង ដើម្បីធានា ព្រោះឥលូវមហារីក គឺមានច្រើនណាស់ៗ»។

យ៉ាងណា លោក ហ៊ុន សែន បានប្រាប់ឱ្យស្ថាប័នពាក់ព័ន្ធពិភាក្សាយ៉ាងណាផ្ទេរអ្នកជំងឺកូវីដ-១៩ ដែលកំពុងសម្រាកព្យាបាលទៅមន្ទីរពេទ្យចាក់អង្រែវិញ ដោយសារមន្ទីរពេទ្យហ្លួងម៉ែ គឺត្រៀមសម្រាប់រៀបចំទៅជាមន្ទីរពេទ្យឯកទេសផ្នែកមហារីក។

ដោយឡែក លោកថា ទៅអនាគត សម្រាប់ជំងឺកូវីដ-១៩ និងសុខភាពសាធារណៈវិញ កម្ពុជានឹងមានមន្ទីរពេទ្យមួយទៀតត្រៀមបម្រុងរួចហើយ ដែលមានជាងមួយម៉ឺនគ្រែសម្រាប់ទទួលអ្នកជំងឺ។  ​

អគ្គនាយក​បច្ចេកទេស​នៃក្រសួងសុខាភិបាល លោកវេជ្ជបណ្ឌិត ហុក គឹមចេង បដិសេធតបនឹងសំណួរវីអូឌី ដោយ​ថាជាប់រវល់ប្រជុំ។ ចំណែកអ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន មិនអាចទាក់ទងបានទេ​ នៅថ្ងៃព្រហស្បតិ៍នេះ។

ប្រធាន​សមាគមគ្រូពេទ្យគុណធម៌កម្ពុជា លោក អ៊ូច វុទ្ធី សាទរចំពោះការសម្រេចរបស់នាយករដ្ឋមន្ត្រីលើរឿងនេះ ដោយថា ភាគច្រើនពលរដ្ឋកម្ពុជាដែលមានជំងឺមហារីកកន្លងមក បើមានលទ្ធភាព ច្រើនតែង​ចេញទៅព្យាបាលនៅក្រៅប្រទេស​។

យ៉ាងណា លោក​កត់សម្គាល់ថា ពលរដ្ឋកម្ពុជាដែលមានជំងឺមហារីក ច្រើនតែអ្នកមានជីវភាពខ្វះខាត គ្មានលទ្ធភាពព្យាបាលខ្លួន ហើយបណ្ដែតបណ្ដោយរហូតដល់ដំណាក់កាលចុងក្រោយ និងបាត់បង់ជីវិតតែម្ដង។

លោកថា៖ «អ្នកក្រ! ហេតុអីបានជាគាត់ប្រឈម? ដោយសារ ទី១ ការហូបចុក ការរស់នៅអត់ស្អាត បង្កឱ្យគាត់អាចនឹងប្រឈមអាមេរោគមហារីកហ្នឹង វាទៅទំលើខ្លួនគាត់។ ដោយសារគីមីទាំងអស់! ដូចឥលូវគាត់ទៅទិញសាច់ជ្រូក ស្រាប់តែសាច់ជ្រូកហ្នឹងគេបាញ់អាជាតិស្អីម្យ៉ាងចូល គាត់បរិភោគទៅ សាច់ជ្រូកហ្នឹងវាទៅបង្កជាមេរោគមហារីក។ តាមជនបទដាច់ស្រយាល ឱ្យតែថោក គាត់នាំគ្នាទៅទិញហូប។ បន្លែដែលយើងយកមកហូបប្រើជីគីមី អាហ្នឹងហើយដែលប្រឈមនឹងជំងឺមហារីកដែរ»។

បើតាមលោក វុទ្ធី មហារីកជាជំងឺដែលពិបាកព្យាបាល ឬព្យាបាលមិនបានក្នុងដំណាក់កាលធ្ងន់ ព្រោះជំងឺនេះពុំទាន់រកឃើញថ្នាំព្យាបាលនៅឡើយ។ ក្នុងនោះ លោកថា ស្ត្រីនិងបុរសសុទ្ធតែអាចកើតជំងឺមហារីក ដោយសារជាតិគីមី ឬតំណពូជ ប៉ុន្តែស្ត្រីច្រើនតែ​ប្រឈមធ្ងន់ធ្ងរ ដោយសារតែផ្នែកជីវសាស្ត្ររាងកាយរបស់ស្ត្រីមានភាពទន់ខ្សោយជាងបុរស។ ​

ប្រធាន​សមាគមគ្រូពេទ្យរូបនេះបន្ថែមថា ដើម្បីការពារកុំឱ្យកើតជំងឺមហារីក ពលរដ្ឋចាំបាច់ត្រូវប្រយ័ត្នលើរបបអាហារដែលមានជាតិគីមី ថ្នាំពេទ្យគ្មានគុណភាព ពិនិត្យតាមដានសុខភាព និងរស់នៅក្នុងបរិយាកាសដែលមានផាសុកភាព។ ក្រៅពីនោះ លោកចង់ឃើញរដ្ឋាភិបាលដាក់បញ្ចូលការអប់រំពីជំងឺមហារីក​ក្នុងកម្មវិធីសិក្សារបស់រដ្ឋ ដើម្បីឱ្យសិស្សបានឈ្វេងយល់ និងការពារសុខភាពរបស់ពួកគេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ