ប្រជាពលរដ្ឋនៅស្រុកសំបូរ ខេត្តក្រចេះ ព្រមានដុតគ្រឿងចក្ររបស់ក្រុមហ៊ុនឯកជនមួយ ប្រសិនបើមិនមានដំណោះស្រាយរឿងដីធ្លីពីអាជ្ញាធរពាក់ព័ន្ធ ខណៈពួកគេអះអាងថា ក្រុមហ៊ុននោះបានដាក់គ្រឿងចក្រឈូសឆាយប៉ះពាល់លើដីធ្លីរបស់ពួកគេ។
ពលរដ្ឋម្នាក់រស់នៅឃុំរលួសមានជ័យ ស្រុកសំបូរ លោក គិត ចាន់ថុល ប្រាប់វីអូឌីនៅថ្ងៃព្រហស្បតិ៍នេះថា កាលពីឆ្នាំ២០១៨ គ្រួសារលោកបានទិញដី៥ហិកតា ពីបុគ្គល៤នាក់ឈ្មោះ សែន ហេង, ឡឹក ម៉ៅ និងបុគ្គល២នាក់ផ្សេងទៀត ក្នុងតម្លៃ២០០ដុល្លារក្នុង១ហិកតា។
ក្រៅពីនោះ លោកថា អ្នកភូមិប្រហែល២០០គ្រួសារទៀតក៏បានទិញដីនៅតំបន់នោះដែរ ដោយក្នុងម្នាក់ៗទិញចន្លោះពី២ហិកតារហូតដល់១០០ហិកតា សម្រាប់ទុកបង្កបង្កើនផល ធ្វើស្រែ និងដាំណាំផ្សេងៗ។ ប៉ុន្តែនៅដើមខែមេសា ឆ្នាំ២០២២នេះ ស្រាប់តែមានក្រុមហ៊ុនឯកជនមួយដែលមិនស្គាល់ឈ្មោះ បានដាក់គ្រឿងចក្រប្រហែល១០គ្រឿង ធ្វើសកម្មភាពឈូសឆាយនៅតំបន់នោះ ប៉ះពាល់ដល់ដីធ្លីរបស់ពលរដ្ឋជាបន្តបន្ទាប់ ដែលរហូតមកដល់ពេលនេះប៉ះពាល់ប្រមាណ២០គ្រួសារហើយ។
លោក គិត ចាន់ថុល បន្តទៀតថា កាលពីថ្ងៃពុធម្សិលមិញនេះ អ្នកភូមិប្រហែល១០០នាក់បានទៅសាលាឃុំរលួសមានជ័យ ដើម្បីឱ្យអាជ្ញាធរជួយដោះស្រាយរឿងវិវាទនេះ ប៉ុន្តែមិនបានជួបអាជ្ញាធរនោះទេ ហើយពួកគេបាននាំគ្នាទៅរារាំងគ្រឿងចក្ររបស់ក្រុមហ៊ុននៅកន្លែងដីជម្លោះវិញ។
លោកបន្ថែមថា៖ «ទៅសាលាឃុំ ឃុំគេមិនដោះស្រាយឱ្យទេ អ៊ីចឹងយើងមកតវ៉ានៅកន្លែងដីជម្លោះ ហើយតំណាងអ្នកឈូសឆាយ គាត់បានសន្យាជាមួយពលរដ្ឋ ដោយគេសន្យាថា នៅថ្ងៃទី២៩ ខែមេសានេះ នៅម៉ោង៩កន្លះ នឹងមានតំណាងសាលាឃុំ តំណាងស្រុក តំណាងខេត្ត មកជួបប្រជាពលរដ្ឋដើម្បីដោះស្រាយ។ ក្នុងកិច្ចសន្យាបានសរសេររួចហើយ អ៊ីចឹងបើថ្ងៃទី២៩ មិនធ្វើតាមការសន្យាទេ គ្រឿងចក្រត្រូវដកចេញ បើមិនដកចេញ ប្រជាពលរដ្ឋនឹងដុតចោល»។
ពលរដ្ឋម្នាក់ទៀត លោក ពៅ រិទ្ធី ឱ្យដឹងថា ក្រុមគ្រួសារលោកបានទិញដីពីជនជាតិដើមភាគតិចប្រហែល១០០ហិកតា ដោយក្នុង១ហិកតាតម្លៃ១ ៥០០ដុល្លារ និងមានលិខិតបញ្ជាក់និងទទួលស្គាល់ការទិញលក់ពីអាជ្ញាធរភូមិនិងឃុំត្រឹមត្រូវ។
លោកបន្ថែមថា៖ «ពេលដែលយើងទៅទិញដីហ្នឹង គឺយើងបានស៊ើបសួរគេដែរ យើងបានសួរទៅមេភូមិ មេឃុំដែរ ប្រសិនបើមេភូមិ មេឃុំ អត់ហ៊ានវាយត្រា ពួកខ្ញុំក៏អត់ហ៊ានទិញ អត់ហ៊ានប្រគល់លុយឱ្យគេទេ។ អ៊ីចឹងរាល់ដីដែលខ្ញុំទិញមានលិខិតបញ្ជាក់ពីមេភូមិ មេឃុំ ដោយអាជ្ញាធរឃុំ គេយកថ្លៃត្រា១ហិកតា ២០០ដុល្លារ»។
អភិបាលខេត្តក្រចេះ លោក វ៉ា ថន មានប្រសាសន៍ថា លោកទើបទទួលបានព័ត៌មានជុំវិញពលរដ្ឋតវ៉ាដីធ្លីកាលពីថ្ងៃម្សិលមិញនេះ។ លោកបន្តថា តាមការឱ្យដឹងពីមន្ត្រី គឺពលរដ្ឋបានទិញដីជាន់ដីរបស់ក្រុមហ៊ុន ហើយអាជ្ញាធរមូលដ្ឋានបានចេញលិខិតបញ្ជាក់ទិញលក់ជូនពលរដ្ឋដោយខុសច្បាប់ទៀត។
អភិបាលខេត្តរូបនេះឱ្យដឹងថា ក្រុមហ៊ុនទទួលបានសិទ្ធិវិនិយោគពីរដ្ឋាភិបាលជាច្រើនឆ្នាំហើយ ដោយដំបូងឡើយ គ្រោងដាំកៅស៊ូ ប៉ុន្តែក្រោយមកត្រៀមដាំឈើម៉ៃសាក់ និងអាកាស្យាវិញ។ យ៉ាងណា លោកមិនប្រាប់ឈ្មោះក្រុមហ៊ុន និងម្ចាស់ដីនោះទេ។
លោក វ៉ា ថន បន្ថែមថា លោកនឹងឱ្យមន្ត្រីចុះស្រាវជ្រាវនិងស៊ើបអង្កេតករណីនេះ ដើម្បីរកដំណោះស្រាយសមស្របជូនពលរដ្ឋ។
លោកបន្ថែមថា៖ «រឿងនេះមានមេខ្យល់ជាអ្នកណែនាំឱ្យពលរដ្ឋទិញ អ៊ីចឹងយើងនឹងចាត់វិធានការលើមេខ្យល់ហ្នឹងហើយ យើងមិនចាត់វិធានការលើប្រជាជនទេ។ យើងនឹងខិតខំដោះស្រាយជូនប្រជាជន ព្រោះប្រជាជនគាត់ជាអ្នករងគ្រោះដែរ»។
វីអូឌី មិនអាចរកការឆ្លើយតបពីបុគ្គលឈ្មោះ សែន ហេង, ឡឹក ម៉ៅ និងអ្នកផ្សេងទៀត រួមទាំងតំណាងក្រុមហ៊ុន ដែលបានរងការចោទបានទេ ពាក់ព័ន្ធករណីនេះ។
មន្ត្រីសម្របសម្រួលសមាគមអាដហុកប្រចាំខេត្តក្រចេះ លោក ធីម ហ៊ន មានប្រសាសន៍ថា តាមព័ត៌មានដែលលោកទទួលបាន គឺពលរដ្ឋដែលកំពុងរងគ្រោះដោយសារដីធ្លីនោះ ជាពលរដ្ឋរស់នៅក្នុងខេត្តក្រចេះផង និងពលរដ្ឋមកពីបណ្ដាខេត្តផ្សេងៗផង ហើយពួកគេបានទិញដីតាមរយៈមេខ្យល់ដែលមានការធានាការទិញលក់ដោយអាជ្ញាធរមូលដ្ឋាន។
មន្ត្រីសិទ្ធិមនុស្សរូបនេះបានស្នើដល់អាជ្ញាធរពាក់ព័ន្ធ ជាពិសេសអាជ្ញាធរខេត្ត ត្រូវចុះស្រាវជ្រាវ និងស៊ើបអង្កេតឱ្យបានច្បាស់លាស់ ជុំវិញការទិញលក់ និងបញ្ហាជម្លោះដីធ្លីនេះ ដើម្បីឈានទៅរកការដោះស្រាយដែលអាចទទួលយកបានពីគ្រប់ភាគីពាក់ព័ន្ធ។
លោកបន្ថែមថា៖ «ក្នុងករណីគាត់ [អាជ្ញាធរមូលដ្ឋាន] ស៊ីញ៉េទទួលស្គាល់ហើយ ដល់ពេលចុងក្រោយតំបន់កន្លែងដីហ្នឹង [ជារបស់ក្រុមហ៊ុនឯកជនទៅវិញ] អ៊ីចឹងទី១ អ្នករត់ការ និងអាជ្ញាធរមូលដ្ឋាន គាត់ត្រូវមានការទទួលខុសត្រូវចំពោះអ្វីដែលគាត់បានធ្វើ ពួកគាត់មិនអាចយករួចខ្លួន ទុកពលរដ្ឋចោលទេ។ ហើយមួយទៀត ត្រូវបញ្ជាក់ឱ្យច្បាស់ផងដែរថា ដីដែលកំពុងមានជម្លោះហ្នឹងជាប់ពាក់ព័ន្ធជាមួយអ្នកណាខ្លះ ជាមួយក្រុមណា ឬអ្នកមានអំណាចណា ព្រោះពលរដ្ឋប្រាប់ថាដីនោះទិញលក់ បើទិញលក់ លុះត្រាតែដីនោះជារបស់ឯកជនណាមួយ បើដីរដ្ឋ គាត់មិនអាចទិញលក់បានទេ»៕












