មន្ត្រីជាន់ខ្ពស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបានវាយតម្លៃថា ស្ថានភាពនិងសិទ្ធិរបស់ជនជាប់ឃុំនៅក្នុងពន្ធនាគារកម្ពុជាមានភាពល្អប្រសើរឡើង ខណៈមានការរិះគន់កន្លងមកថា ស្ថានភាពនៅក្នុងពន្ធនាគារកម្ពុជាកំពុងមានភាពចង្អៀតណែន។
ការវាយតម្លៃនេះបានធ្វើឡើងបន្ទាប់ពីក្រុមការងារគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ដឹកនាំដោយលោក ជិន ម៉ាលីន បានទៅធ្វើទស្សនកិច្ចនៅមណ្ឌលអប់រំកែប្រែទី១-ម១ ឬ ពន្ធនាគារព្រៃស កាលពីថ្ងៃទី២៦ ខែមេសា ក្នុងគោលដៅដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងកិច្ចការលើកស្ទួយនិងការពារសិទ្ធិជនជាប់ឃុំ ព្រមទាំងពិនិត្យមើលពីស្ថានភាពនិងការរស់នៅរបស់ជនជាប់ឃុំផងដែរ។
អនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងជារដ្ឋលេខាធិការក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន បានថ្លែងថា គោលបំណងនៃទស្សនកិច្ចនេះ គឺដើម្បីបង្ហាញនូវអ្វីដែលគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជារកឃើញ ដើម្បីឱ្យមានដំណោះស្រាយពីអគ្គនាយកដ្ឋានពន្ធនាគារ ការកែទម្រង់ពន្ធនាគារ ការគ្រប់គ្រងជនជាប់ឃុំ ដើម្បីជាមូលដ្ឋានសម្រាប់គណៈកម្មាធិការសិទ្ធិមនុស្សឆ្លើយតបទៅភាគីពាក់ព័ន្ធ។
យ៉ាងណាក្ដី មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលរូបនេះបានវាយតម្លៃបឋមថា ស្ថានភាពនិងសិទ្ធិរបស់ជនជាប់ឃុំមានភាពល្អប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ ខណៈបញ្ហាប្រឈមនានាក៏មានដែរ ប៉ុន្តែអាជ្ញាធររដ្ឋាភិបាលកំពុងខិតខំដោះស្រាយ។
លោកថា៖ «អ៊ីចឹងការជួបនេះ គឺយើងលើកយកពីបញ្ហាដែលយើងសង្កេតឃើញពាក់ព័ន្ធបញ្ហាសិទ្ធិមនុស្ស តាមរយៈការចុះត្រួតពិនិត្យជាប្រក្រតីតាមការកំណត់ និងការចុះត្រួតពិនិត្យតាមបណ្ដឹងរបស់សាច់ញាតិរបស់ជនជាប់ឃុំ របស់អង្គការស្ថាប័នសង្គមស៊ីវិល អន្តរជាតិ អង្គការយូអ៊ិន [អង្គការសហប្រជាជាតិ] ដែលធ្វើការខាងសិទ្ធិមនុស្សហ្នឹង ដើម្បីធ្វើការបង្ហាញនូវបញ្ហាទាំងអស់នោះជូនទៅអគ្គនាយកដ្ឋានពន្ធនាគារ ដើម្បីគាត់រៀបចំជាយន្តការក្នុងការកែសម្រួលនិងធ្វើការដោះស្រាយបញ្ហាទាំងអស់នោះ។ តែជារួមយើងឃើញថា ស្ថានភាពរបស់ជនជាប់ឃុំ ក៏ដូចជាសិទ្ធិរបស់ជនជាប់ឃុំហ្នឹង មានភាពល្អប្រសើរឡើងពីមួយពេលទៅមួយពេល ហើយបញ្ហាដែលនៅសេសសល់ទាំងប៉ុន្មានហ្នឹង វាកំពុងធ្វើការដោះស្រាយ ហើយវាត្រូវការពេល វាមិនអាចដោះស្រាយតែមួយថ្ងៃឬតែមួយយប់បាននោះទេ»។
ការលើកឡើងរបស់មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលនេះ គឺផ្ទុយពីការរកឃើញរបស់អង្គការសង្គមស៊ីវិលជាតិនិងអន្តរជាតិ ដោយថា ស្ថានភាពអ្នកជាប់ឃុំនៅក្នុងពន្ធនាគារកម្ពុជាកំពុងចង្អៀតណែន ដែលទាមទារឱ្យមានការដោះស្រាយជាបន្ទាន់។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការលីកាដូ លោក អំ សំអាត បានថ្លែងថា ទោះបីជាមានការលើកឡើងបែបនេះក្ដី តែអង្គការសង្គមស៊ីវិលជាតិនិងអន្តរជាតិនៅតែព្រួយបារម្ភពីស្ថានភាពសិទ្ធិអ្នកជាប់ឃុំក្នុងពន្ធនាគារដដែល បើទោះបីជាចំនួនអ្នកជាប់ឃុំបានថយចុះបន្តិចក្ដី។
លោកថា៖ «យើងជាអង្គការសង្គមស៊ីវិលនៅតែមានការព្រួយបារម្ភដដែលទេ ពីស្ថានភាពអ្នកជាប់ឃុំ ពីព្រោះយើងឃើញថា ពន្ធនាគារទូទាំងប្រទេស និងភាពចង្អៀតណែនហ្នឹង មិនទាន់ដោះស្រាយបានល្អប្រសើរនៅឡើយទេ។ ទោះបីជាចំនួនអ្នកជាប់ឃុំបានថយចុះមួយផ្នែកបើធៀបនឹងឆ្នាំមុនៗក៏ដោយ ប៉ុន្តែបើយើងគិតពីអតិបរមានៃការផ្ទុកចំនួនអ្នកជាប់ឃុំរបស់ពន្ធនាគារមួយៗហ្នឹង គឺស្ថិតនៅក្នុងភាពចង្អៀតណែនដដែល។ អ៊ីចឹងអាភាពចង្អៀតណែនហ្នឹង វានាំឱ្យប៉ះពាល់ច្រើនពាក់ព័ន្ធនឹងបញ្ហាសុខភាព អនាម័យ និងការប្រើប្រាស់ទឹក ភ្លើង ម្ហូបអាហារអីជាដើម ជាពិសេសទាក់ទងជំងឺឈឺថ្កាត់ ថ្នាំសង្កូវអីជាដើម។ ហើយជារឿយៗមានអតីតអ្នកជាប់ឃុំដែលគាត់ត្រូវបានរួចខ្លួន គាត់ក៏បានលើកឡើងអំពីបញ្ហានេះ។ សូមឱ្យមានការកែប្រែ និងកែលម្អឱ្យស្ថានភាពហ្នឹងមានភាពល្អប្រសើរ»។
អង្គការលើកលែងទោសអន្តរជាតិ (Amnesty International) និងអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (Human Rights Watch) បានចេញសេចក្ដីថ្លែងការណ៍រួមគ្នាមួយកាលពីខែឧសភា ឆ្នាំមុន ដោយទទូចឱ្យរដ្ឋាភិបាលកម្ពុជាដោះលែងអ្នកជាប់ឃុំក្នុងបទល្មើសស្រាលៗ ឬអ្នកជាប់ឃុំដែលកំពុងរង់ចាំការកាត់ទោស ឱ្យនៅក្រៅឃុំជាបណ្តោះអាសន្នសិន ខណៈជំងឺកូវីដ-១៩ បានឆ្លងរាលដាលចូលទៅក្នុងពន្ធនាគារ។
បើតាមរបាយការណ៍របស់អង្គការអន្តរជាតិទាំងពីរ យ៉ាងហោចណាស់ មានអ្នកជាប់ឃុំប្រមាណ ៣៥% នៃចំនួនអ្នកជាប់ឃុំសរុបជិត៤ម៉ឺននាក់ (៣៩ ០០០) នៅក្នុងពន្ធនាគារទូទាំងប្រទេស គឺជាអ្នកជាប់ឃុំបណ្តោះអាសន្ន ដើម្បីរង់ចាំសវនាការកាត់ទោស ហើយពួកគេគួរត្រូវបានដោះលែងឱ្យនៅក្រៅឃុំជាបណ្តោះអាសន្នដោយភ្ជាប់ជាមួយលក្ខខណ្ឌ។
ដោយឡែក កាលពីខែមីនា ឆ្នាំ២០២២នេះ ការិយាល័យឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា (OHCHR) បានចេញសេចក្ដីថ្លែងការណ៍មួយ ជំរុញឱ្យមានវិធានទប់ស្កាត់ការធ្វើទារុណកម្មទៅលើអ្នកជាប់ឃុំ ក្រោយរកឃើញថា តុលាការកម្ពុជាបានខកខានផ្តល់យុត្តិធម៌ដល់ក្រុមគ្រួសារអ្នកស្លាប់នៅក្នុងពន្ធនាគារ។
ក្នុងរបាយការណ៍នោះបានលើកឡើងថា កាលពីឆ្នាំ២០២១ ចំនួនអ្នកជាប់ពន្ធនាគារនៅកម្ពុជាមានច្រើនជាង៣ដងនៃសមត្ថភាពដែលពន្ធនាគារអាចដាក់អ្នកជាប់ឃុំបាន គឺដល់ទៅ ៣៤៣ភាគរយ។ ករណីនេះ ការិយាល័យឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា (OHCHR) ចាត់ទុកថា «ស្ថានភាពនៅក្នុងពន្ធនាគារ ជាហានិភ័យដែលអាចឈានទៅបង្កឱ្យមានការប្រព្រឹត្តអំពើឃោរឃៅ អមនុស្សធម៌ ឬធ្លាក់ដុនដាបធ្ងន់ធ្ងរ»៕