ក្រសួងសុខាភិបាល ឱ្យដឹងថា មនុស្ស៦នាក់បន្ថែមទៀតបានឆ្លងជំងឺកូវីដ-១៩ បំប្លែងថ្មីប្រភេទ «អូមីក្រុង» ខណៈមិនមានអ្នកស្លាប់ដោយសារជំងឺនេះ កាលពីថ្ងៃម្សិលមិញ។
សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២ បានឱ្យដឹងថា អ្នកឆ្លងជំងឺកូវីដ-១៩ថ្មីដែលបានរកឃើញចំនួន៦នាក់នេះ សុទ្ធតែជាអ្នកឆ្លងប្រភេទអូមីក្រុង និងជាករណីឆ្លងក្នុងសហគមន៍ទាំងអស់។ ចំណែកអ្នកជាសះស្បើយថ្មីវិញ ក្រសួងថាមានចំនួន២៧នាក់។
បើតាមក្រសួងសុខាភិបាល គិតត្រឹមព្រឹកថ្ងៃសុក្រនេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន១៣៦ ២៤៦នាក់ ក្នុងនោះ អ្នកជំងឺព្យាបាលជាសះស្បើយចំនួន១៣៣ ០៥០នាក់ និងអ្នកស្លាប់មានចំនួន៣ ០៥៦នាក់។ ចំណែកករណីឆ្លងអូមីក្រុងក្នុងសហគមន៍វិញ ក្រសួងថាគិតមកដល់ពេលនេះបានកើនដល់១៤ ៤៤៣នាក់៕