គណបក្សកម្ពុជានិយម ស្នើ​ក្រសួងមហាផ្ទៃ​ជួយ​អន្តរាគមន៍​ដើម្បី​បាន​លើកផ្លាក​គណបក្ស​នៅ​សង្កាត់រលួស

ផ្លាកគណបក្សកម្ពុជានិយម ដែលទុកសម្រាប់លើកបង្ហាញបម្រើឱ្យការបោះឆ្នោតឃុំសង្កាត់ នៅសង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ (ហ្វេសប៊ុក៖ គណបក្សកម្ពុជានិយម-Kampucheaniyum Party)

គណបក្សកម្ពុជានិយម បានស្នើសុំកិច្ចអន្តរាគមន៍ពីក្រសួងមហាផ្ទៃ ដើម្បីបើក​ផ្លូវ​ឱ្យ​គណ​បក្ស​​​ថ្មី​ថ្មោ​​ង​​​​​​​​​​​មួយ​នេះបាន​លើកផ្លាកគណបក្ស​នៅទីសាធារណៈដូចគណបក្សប្រជាជនកម្ពុជាដែរ ខ​​ណៈ​​​​​​​​អាជ្ញាធរសង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ មិនអនុញ្ញាត​ឱ្យគណបក្សនេះលើកផ្លាក។

តាមរយៈលិខិតស្នើសុំរបស់គណបក្សកម្ពុជានិយម​ទៅក្រសួងមហាផ្ទៃ កាលពីសប្ដាហ៍មុន​ ដែល​វីអូឌី​​ទើប​​ទទួល​​បាន​នៅថ្ងៃសុក្រនេះ ឱ្យដឹង​ថា តំណាងគណបក្ស​​បាន​ជួបអាជ្ញាធរសង្កាត់ និង​​​ដាក់លិខិត​សុំ​លើក​ផ្លាកគណបក្ ប៉ុន្តែត្រូវបានចៅសង្កាត់បដិសេធ ដោយសម្អាងថា ថ្នាក់លើ​មិន​​​​អនុ​​​ញ្ញា​ត​។

លិខិតដដែលបន្តថា ទីតាំងដែលគណបក្សកម្ពុជានិយមស្នើសុំលើកផ្លាក​​គណបក្ស​នេះជាទី​​​តាំង​សាធារណៈ ហើយ​ផ្លាកគណបក្សប្រជាជនកម្ពុជា ក៏បានលើករួចហើយដែរ នៅលើទី​​តាំង​​ដែល​ចៅស​ង្កាត់​រលួសបដិសេធនោះ។ គណបក្សកម្ពុជានិយម បានហៅការច្រានចោល​ដោយ​​​អា​ជ្ញា​​​ធរ​​នៅពេលនេះ ថាជាការរើសអើងនិន្នាការនយោបាយ និងពុំ​មានភាព​​ស្មើគ្នា​​ក្នុង​​ការ​​ប្រ​​កួត​ប្រជែង។

ឆ្លើយតបរឿងនេះ អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ បញ្ជាក់​ថា ក្រសួងនៅ​​មិន​​ទាន់​ទទួល​​​បាន​​​លិ​​ខិត​ស្នើសុំកិច្ចអន្តរាគមន៍​ពីគណបក្សកម្ពុជានិយម​នៅឡើយ​។ ប៉ុន្តែ​​លោក​​អះ​​អាង​​ថា ការលើ​ក​ផ្លាក​នេះមិនចាំបាច់ស្នើសុំគោលការណ៍អ្វីនោះទេ។

លោក​បន្តថា៖ «ពូមិនបានដឹងទេក្មួយ ចាំបាច់អីសុំ[ក្រសួង]មហាផ្ទៃ ដាក់តែលើ​គណបក្សទៅ​បាន​ហើយ​​​។ ទេ! ពូ​​​មិនដឹងយ៉ាងម៉េចផង ពូសុំមើលសិន អត់ឃើញ»។

បន្ថែមលើ​លិខិតស្នើសុំកិច្ចអន្តរាគមន៍នេះ បេក្ខជនដែលឈរលំដាប់លេខរៀងទី៣ នៅសង្កាត់​​​រលួស​ នៃ​​​គ​​ណ​​​បក្សកម្ពុជានិយម លោក អូក អ៊ី ឱ្យដឹងថា គណបក្សបាន​​ដាក់​​លិ​​​ខិត​​ទៅក្រសួង​ម​​ហា​​​​​​ផ្ទៃ ដើម្បីសុំកិច្ចអន្តរាគមន៍ ហើយក្រសួងក៏បាន​​ទទួលរួចហើយដែរ តាំងពីថ្ងៃ​​ទី​​២០ ខែមេសា​​។​​​​

លោកបន្តថា៖ «ខាងរដ្ឋបាលក្រសួងមហាផ្ទៃ ក៏បានវាយត្រា​ចូល​ដែរ​ ដូច​ដែល​ឃើញ​មាន​នៅក្នុង​លិខិត​ហ្នឹង។ ហើយព្រោះថា បើអត់ទាន់ទទួលបាន យើងក៏យល់ពីនីតិវិធីរបស់​​រដ្ឋបាលក្រសួង​​មហា​ផ្ទៃ​​​ដែរ។ ​​គិតរហូតមកដល់ពេលនេះ មានរយៈពេលជាង១អាទិត្យហើយ ចាប់​តាំង​ពី​ថ្ងៃ​ដាក់​លិខិត»។

លោក អូក អ៊ី បន្តថា នៅក្នុងលិខិតស្នើសុំ​លើកផ្លាកគណបក្សនៅសង្កាត់​រលួស​នេះ គឺមានចំនួន១១ទីតាំង ហើយទីតាំងទាំងនោះ លោកសង្កេត​​ឃើញ​​​​ថា មានផ្លាកគណបក្សប្រជាជនកម្ពុជាដាក់​ដូច​គ្នា​រួច​ទៅ​ហើយ​ដែរ។

វីអូឌី មិនអាចសុំការបញ្ជាក់ជុំវិញរឿងពីនេះពីចៅសង្កាត់រលួស លោក កឹប ហ៊ន បានទេ នៅ​​ថ្ងៃ​​សុក្រនេះ។

ប៉ុន្តែស្មៀនសង្កាត់រលួស​ លោក ឆុំ ដារ៉ាដា អះអាងថា លោក​​​បាន​បញ្ជូន​លិខិតស្នើសុំលើក​ផ្លាក​គណបក្ស​នេះទៅចៅសង្កាត់រួចអស់ហើយ ប៉ុន្តែ​ត្រង់​​ចៅ​​សង្កាត់​អនុញ្ញាតឬមិន​អនុញ្ញាត លោក​មិន​បាន​ដឹង​ព័ត៌មាន​ទេ។

លោកបន្តថា៖​ «អាហ្នឹងខ្ញុំអត់ដឹងដែរបង ទាល់តែបងទាក់ទងទៅគាត់។ មួយរយៈនេះ ខ្ញុំរវល់ដែរ បើ​​មាន​ឯកសារពីខាងគាត់ [បក្សកម្ពុជានិយម] ដាក់មក ខ្ញុំបញ្ជូនទៅអ៊ុំចៅសង្កាត់អស់ហើយ»។

បើទោះជាបែបណា លិខិតផ្ញើទៅអភិបាលរាជធានី-ខេត្តរបស់​លោក ស ខេង រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​​ ចេញ​កាលពីថ្ងៃទី​៧ ខែ​កុម្ភៈ ឆ្នាំ២០២២ បញ្ជាក់ថា រដ្ឋបាលរាជធានី​ខេត្ត និង​អាជ្ញាធរ​មាន​សមត្ថ​កិច្ច​នៅថ្នាក់​ក្រោម​ជាតិ ត្រូវ​​​បង្ក​​លក្ខណៈងាយស្រួលដល់​គ្រប់​គណបក្ស​នយោបាយ​ដែល​បាន​ចុះ​បញ្ជី​រួច​ហើយនៅ​ក្រសួង​​​មហា​​​ផ្ទៃ ហើយអាចធ្វើសកម្មភាពស្របតាមច្បាប់បាន។

លិខិត​បន្ថែម​ថា ការ​អនុវត្តដូច្នេះ ដើម្បីប្រាកដថា ការ​បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ឆ្នាំ២០២២ និងការបោះឆ្នោត​​ជ្រើសតាំង​​តំណាង​​​រាស្រ្ត ឆ្នាំ២០២៣ ប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌។ ក្រៅពីនេះ លោកថា ប្រសិនបើគណបក្សនយោបាយត្រូវការលើកផ្លាកគណបក្ស នៅតាម​​​ទី​សា​​​ធារណៈ ទីប្រជុំជន ឬតាមដងផ្លូវនានា សាម៉ីគណបក្សគ្រាន់​​តែធ្វើលិខិតជូន​​ដំណឹង​ជា​​​លាយ​​ល​​ក្ខ​​​​ណ៍អក្សរទៅអាជ្ញាធរឃុំសង្កាត់ អំពីការលើកផ្លាកគណបក្សនយោបាយជា​ការ​ស្រេច។

នាយកប្រតិបត្តិអង្គការ​និចហ្វិក លោក សំ គន្ធាមី យល់ឃើញថា អាជ្ញាធរព្យាយាម​បិទផ្លូវ​មិនឱ្យគ​​ណ​បក្ស​នយោបាយបានលើកផ្លាកនៅតាមទីតាំងសាធារណៈនេះ ឆ្លុះបញ្ចាំងឱ្យ​ឃើញ​ពី​ការ​​​រើស​​​អើង​​​និន្នាការ​នយោបាយ។ មួយវិញទៀត​ ​លោកថា ការព្យាយាមរារាំង​ការ​លើកផ្លាក​គណបក្ស​ក្រៅ​រដ្ឋាភិបាល​​​នេះ អាច​​​​ជាកា​រ​​ខ្លាច​ការ​ប្រកួត​មួយដែលត្រឹម​​​ត្រូវតាម​គោល​​ការណ៍លទ្ធិ​ប្រជា​ធិប​តេយ្យ សេរីពហុបក្ស ក្នុងពេលដែល​ផ្លាកសញ្ញាផលិត​ផលផ្សេងៗ​អាច​​​​ដាក់​​តាំង​បង្ហាញ​បាន​ព្រោង​ព្រាត។

លោកបន្តថា៖ «វាមានអីខុសច្បាប់ទេ! ផ្លាកស្រាបៀរកម្ពុជា គេដាក់ពេញហ្នឹងទាំងអស់ វាមិនខុស​​​ច្បាប់​​​​ផង! យើងសាកគិតមើល៍! និយាយឱ្យខ្លីតែម្ដង​ទៅ ​យើងមើលទៅផ្លាកស្រាបៀរ​​ឱ្យពេញ​​តែ​​​ហ្នឹង​​​។ បាទ! នេះហើយ​ជាការរារាំង បើនិយាយឱ្យខ្លីទៅ ហើយផ្លាកគេធំៗផង​។ ចំណែក​​ផ្លាកគណ​​​បក្ស​​​នយោបាយខ្លះតូចៗផង ពេលខ្លះសឹងថាមើលមិនឃើញផង ហើយមិនឱ្យគេដាក់។ រឿងនេះ វា​ពាក់ព័ន្ធនឹងស្ថានភាពនយោបាយហើយ»។

តំណាងគណបក្សកម្ពុជា​និយម ឱ្យដឹង​ថា គិតមកដល់ពេលនេះ ការរឹតត្បិតលើការ​លើក​ផ្លាក​​​គណ​​បក្ស​នៅតាមទីសាធារណៈ​នេះ មិនមែនមានតែនៅសង្កាត់រលួស​នេះទេ បញ្ហាដូច​​គ្នា​​នេះក៏កំពុងតែ​​កើត​​ឡើង​​ដែរនៅសង្កាត់ស្លក្រាម ក្រុងសៀមរាប៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ