ប្រជាពលរដ្ឋមួយចំនួនដែលកំពុងមានជម្លោះដីធ្លីជាមួយក្រុមហ៊ុនឯកជនមួយ ស្ថិតក្នុងឃុំរលួសមានជ័យ ស្រុកសំបូរ ខេត្តក្រចេះ សុំឱ្យអាជ្ញាធរពាក់ព័ន្ធកាត់ឆ្វៀលដីរបស់ពួកគេចេញពីគម្រោងដីវិនិយោគរបស់ក្រុមហ៊ុនឯកជន។
កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ អ្នកភូមិប្រហែល១៥០នាក់ បាននាំគ្នាតវ៉ានិងព្រមានដុតគ្រឿងចក្ររបស់ក្រុមហ៊ុន ដោយអះអាងថា ក្រុមហ៊ុននោះបានដាក់គ្រឿងចក្រឈូសឆាយប៉ះពាល់លើដីធ្លីរបស់ពួកគេ។
ពលរដ្ឋម្នាក់រស់នៅឃុំរលួសមានជ័យ លោក គិត ចាន់ថុល ប្រាប់វីអូឌីថា នៅព្រឹកថ្ងៃសុក្រនេះ អាជ្ញាធរស្រុកបានចុះទៅសម្របសម្រួលរកដំណោះស្រាយ ប៉ុន្តែពុំមានលទ្ធផលជាផ្លែផ្កានោះទេ។
តែយ៉ាងណា លោកថា ក្រុមពលរដ្ឋបានស្នើទៅអាជ្ញាធរឱ្យកាត់ឆ្វៀលដីរបស់ពួកគេចេញពីដីគម្រោងអភិវឌ្ឍន៍របស់ក្រុមហ៊ុន ដោយថា ដីនោះពួកគាត់បានប្រមូលទិញតាំងពីឆ្នាំ២០១៨ តាមរយៈអាជ្ញាធរមូលដ្ឋាន ដោយអស់លុយរាប់ពាន់ដុល្លារក្នុងមួយគ្រួសារ។
លោកបន្ថែមថា៖ «ពលរដ្ឋគាត់មក គាត់មិនមែនមកចាប់ដីយកទេ។ គាត់មកទិញ ម្នាក់ៗអស់រាប់ពាន់ដុល្លារ។ ព្រឹកមិញ អភិបាលរងស្រុកគាត់មកហ្នឹង គាត់បានប្រមូលយកឯកសារយើង។ គាត់បើកភ្នែកធំៗតែម្ដង ហើយបានបង្ហាញឯកសារទៅគាត់អស់ហើយ ថាពួកខ្ញុំហ្នឹងមិនមែនចូលកាន់កាប់តាមអំពើចិត្តទេ គឺខ្ញុំមកទិញតាមរយៈអាជ្ញាធរមូលដ្ឋាន។ គាត់ផ្សាយលក់ បានខ្ញុំហ៊ានមកទិញ»។
លោក អ៊ិន ធាច អាយុ៥០ឆ្នាំ ជាជនជាតិដើមភាគតិចពូនង នៅឃុំរលួសមានជ័យ អះអាងថា ជនជាតិភាគតិចពូនងជាង១០០គ្រួសារ កំពុងមានជម្លោះដីធ្លីជាមួយក្រុមហ៊ុន ដោយមួយគ្រួសារមានដីចន្លោះពី២ទៅ៣ហិកតាប៉ុណ្ណោះ សម្រាប់ធ្វើស្រែចម្ការ ខណៈដីនោះ ពួកគាត់បានកាន់កាប់បន្តពីឪពុកម្ដាយជាច្រើនឆ្នាំមកហើយ។
លោកបន្តថា គ្រួសារមានដីតែ២ហិកតាប៉ុណ្ណោះ កំពុងកាន់កាប់អាស្រ័យផល ហើយថ្មីៗនេះតំណាងក្រុមហ៊ុនបានប្រាប់ឱ្យពួកគាត់រុះរើផ្ទះ និងចាកចេញពីដីរបស់ខ្លួន ប៉ុន្តែលោកមិនព្រម និងបានចូលរួមតវ៉ាជាពលរដ្ឋផ្សេងទៀត។
លោកបន្ថែមថា៖ «ប៉ះពាល់ទាំងអស់១០០គ្រួសារជាង។ គេដើរវាយផ្លាកតាមផ្ទះប្រជាពលរដ្ឋ ឱ្យយើងរុះរើផ្ទះចោលទៀត អ៊ីចឹងហើយបានជាពួកយើងខឹងណាស់ហ្នឹង ប្រជាពលរដ្ឋយើងខឹងមិនសុខចិត្ត។ ខ្ញុំចង់ឱ្យរដ្ឋាភិបាលជួយដល់ពួកយើងផង ប្រជាពលរដ្ឋគ្នាក្រីក្រអត់ឃ្លានណាស់ គ្នាមានដីតិចតួចធ្វើការកាប់គាស់តាមកម្លាំង មិនប្រើគ្រឿងចក្រគេអីណា មួយឆ្នាំធ្វើបានតិចៗហ្នឹង»។
វីអូឌី មិនអាចសុំការឆ្លើយតបពីអភិបាលស្រុកសំបូរ លោក សូម សារិត បានទេ ពាក់ព័ន្ធករណីនេះ ដោយទូរសព្ទចូលគ្មានអ្នកទទួល។
ប៉ុន្តែបើតាមក្រុមប្រជាពលរដ្ឋ អាជ្ញាធរស្រុកដែលចុះសម្របសម្រួលដោះស្រាយនោះ បានសន្យាយកសំណើរបស់អ្នកភូមិទៅពិភាក្សាជាមួយថ្នាក់លើ ដើម្បីឈានទៅដោះស្រាយបញ្ចប់។
អភិបាលខេត្តក្រចេះ លោក វ៉ា ថន ប្រាប់វីអូឌីកាលពីថ្ងៃម្សិលមិញថា ពលរដ្ឋទាំងនោះបានចាញ់បោកមេខ្យល់ ទិញដីជាន់លើដីរបស់ក្រុមហ៊ុន ហើយអាជ្ញាធរភូមិនិងឃុំបានចេញលិខិតបញ្ជាក់ការទិញលក់ជូនពលរដ្ឋទាំងខុសច្បាប់ ប៉ុន្តែលោកមិនប្រាប់ឈ្មោះក្រុមហ៊ុន និងម្ចាស់ក្រុមហ៊ុនឡើយ។
អភិបាលខេត្តរូបនេះបន្តថា លោកនឹងឱ្យមន្ត្រីចុះស្រាវជ្រាវករណីនេះ ដើម្បីដោះស្រាយជូនពលរដ្ឋ និងបានព្រមានចាត់វិធានការច្បាប់ចំពោះមេខ្យល់ដែលនាំពលរដ្ឋទៅទិញដីនោះផងដែរ។
លោកបន្ថែមថា៖ «តាមដំណឹងដែលបងប្អូនរាយការណ៍មកខ្ញុំហ្នឹង គឺមានមេឃុំយើងហ្នឹងបានចុះហត្ថលេខាបញ្ជាក់ការទិញលក់ ដែលវាធ្វើឱ្យខុសឆ្គងផ្នែកនីតិវិធី។ ខ្ញុំនឹងឱ្យមន្ត្រីទៅពិនិត្យជាក់ស្ដែងលើដីនៅទីនោះ ហើយភាគច្រើនបញ្ហាដីធ្លីច្រើនតែមានមេខ្យល់ជាអ្នកនាំ។ ហើយបើចាត់វិធានការ យើងចាត់វិធានការតែមេខ្យល់ទេ យើងមិនចាត់វិធានការប្រជាជនទេ ប៉ុន្តែយើងនឹងខិតខំដោះស្រាយជូនប្រជាជន»។
មន្ត្រីសម្របសម្រួលសមាគមអាដហុកប្រចាំខេត្តក្រចេះ លោក ធីម ហ៊ន បានជំរុញឱ្យអាជ្ញាធរពាក់ព័ន្ធ ជាពិសេសអាជ្ញាធរ ត្រូវស្រាវជ្រាវឱ្យបានច្បាស់លាស់ពីដើមចមជម្លោះដីធ្លីនេះ និងដោះស្រាយជូនពលរដ្ឋដោយឈើលើគោលការណ៍យុត្តិធម៌និងតម្លាភាព ដើម្បីកុំឱ្យពលរដ្ឋខាតប្រយោជន៍ រងការឈឺចាប់ និងជួបការលំបាក។
បើតាមការអះអាងរបស់ពលរដ្ឋ គឺពួកគេប្រហែល២០០គ្រួសារបានកំពុងរងផលប៉ះពាល់ដីធ្លីដោយក្រុមហ៊ុនឯកជនមួយដែលពួកគេមិនស្គាល់ឈ្មោះ ខណៈដីនោះពលរដ្ឋខ្លះទិញ១ហិកតាតម្លៃ២០០ដុល្លារ និងពលរដ្ឋខ្លះទៀតទិញ១ហិកតាតម្លៃ១ ០០០ដុល្លារទៅ១ ៥០០ដុល្លារ៕