មេធាវី​និង​មន្ត្រី​អាដហុក​ខកចិត្ត​ដែល​តុលាការ​បដិសេធ​កោះហៅ​អ្នកនាង ខុម ចាន់តារាទី ចូល​សវនាការ

មន្ត្រីជាន់ខ្ពស់នៃសមាគមអាដហុក (ADHOC) លោក នី សុខា ផ្ដល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មានពាក់ព័ន្ធករណី «សូកប៉ាន់សាក្សី និងសមគំនិតសូកប៉ាន់សាក្សី» នៅក្រៅសាលាឧទ្ធរណ៍រាជធានីភ្នំពេញ ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២។ (គួយ ឡង់ឌី)

មេធាវី និងអ្នកការពារសិទ្ធិមនុស្សអាដហុក ខក​ចិត្ត​ដែល​សាលាឧទ្ធរណ៍​មិនកោះហៅ​ដើមបណ្ដឹង​​​ ឈ្មោះ​ ខុម ចាន់តា​រា​ទី ហៅ ស្រីមុំ និងអ្នកស្រី ទ្រី ឈួន ចូលក្នុងសវនាការ​ ដើម្បីសួរ​ដេញដោល​ក្នុងសំណុំរឿង «សូកប៉ាន់​​សាក្សី និង​​សមគំនិត​សូកប៉ាន់​សាក្សី​»

សាលាឧទ្ធរណ៍រាជធានីភ្នំពេញ កាលពីថ្ងៃ​ម្សិល​មិញ បាន​បើក​សវនាការ​លើ​បណ្ដឹង​សាទុក្ខរបស់​អតីតបុគ្គលិកនិងបុគ្គលិកស​មាគម​ការពារសិទ្ធិ​មនុស្ស​អាដ​ហុក ៥​រូប រួមមាន លោក  នី សុខា, លោក យី សុខសាន្ត, អ្នកស្រី លឹម មុនី, លោក ណៃ វ៉ងដា និង​លោក នី ចរិយា។

បណ្ដឹង​សាទុក្ខ​នេះ គឺបន្ទាប់សាលាដំបូងរាជធានីភំ្នពេញបានកាត់ទោសឱ្យពួកគេជាប់ពន្ធនា​គារ​ម្នាក់ៗ​​​ចំនួន​៥​​ឆ្នាំ​ ក្រោមបទចោទ​ប្រកាន់​​ «សូកប៉ាន់​​សាក្សី និង​​សមគំនិត​សូកប៉ាន់​សាក្សី​»។ ប៉ុន្តែ​ទោស៥ឆ្នាំនេះ តុលាការសម្រេចឱ្យអនុ​វត្ត​ទោសក្នុង​ពន្ធ​នា​គារ​រយៈ​ពេល​​១៤​​ខែ ​ហើយទោសដែលនៅ​សល់​ត្រូវ​​ព្យួរ​។

មុនពេលចាប់ផ្ដើមសវនាការ សហមេធាវីការពារក្ដីឱ្យអ្នកការពារសិទ្ធិមនុស្សអាដហុក ៣រូប និង​អតីតមន្ត្រីអា​ដហុក ២​រូប បាន​ស្នើទៅ​ប្រធាន​ក្រុម​ប្រឹក្សា​សាលាឧទ្ធរណ៍​ពន្យា​រពេល​សវនាការ​ទៅ​ថ្ងៃ​ក្រោយ ដោយ​សារ​សវនាការនេះមិនមានដើមបណ្ដឹង អ្នក​នាង ខុម ចាន់​តា​រា​ទី ហៅ ស្រីមុំ ចូល​រួម។ ប៉ុន្តែ​ការស្នើសុំរបស់​ក្រុមមេធាវីត្រូវបានបដិសេធ ដោយថា ​សំណុំរឿងនេះបាន​អូសបន្លាយរយៈពេលយូរណាស់ហើយ ដូច្នេះមិនអាចពន្យារពេលទៀតឡើយ។

ក្រោយពីបដិសេធ ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាឧទ្ធរណ៍ លោក ស៊ិន វិសាល បាន​បន្តសវនាការ ដោយបានសួរដេញដោលពីមូលហេតុដែលនាំឱ្យអ្នកការពារសិទ្ធិមនុស្សអាដហុកទាំង៤​រូប និងអតីតអ្នកការពារសិទ្ធិមនុស្សអាដហុក និងជាមន្ត្រី គ.ជ.ប ដាក់បណ្ដឹងសាទុក្ខមកតុលាការជាន់ខ្ពស់បន្តទៀត។

ឈរនៅក្នុងរង្វង់ក្រចកសេះ លោក នី សុខា, លោក យី សុខសាន្ត និងអ្នកស្រី លឹម មុនី រួមទាំងលោក ណៃ វ៉ងដា បានប្រាប់ប្រធានក្រុមប្រឹក្សាជំនុំជម្រះថា មូលហេតុដែលពួកគាត់ប្ដឹងសាទុក្ខ ដោយសារ​តុលាការថ្នាក់ក្រោមកាត់ទោសឱ្យពួកគាត់ជាប់ពន្ធនាគាររហូតដល់៥​ឆ្នាំ ដោយ​មិនបានប្រព្រឹត្តកំហុសអ្វីសោះ។

យ៉ាងណា ទាំងលោក នី សុខា​ និងលោក យី សុខសាន្ត ក៏បានស្នើទៅប្រធានក្រុមប្រឹក្សាជំនុំជម្រះពន្យារពេលសវនាការ ដោយថា ពួកគាត់ចង់ឱ្យតុលាការកោះហៅ​អ្នកនាង ខុម ចាន់តា​រា​ទី ចូលរួមសវនាការដើម្បីតតាំង​​គ្នា ដោយ​ថា នៅដំណាក់កាលសាលាដំបូងរាជធានីភ្នំពេញ ​មិនបានឱ្យអ្នកនាងចូលរួមសវនាការដែរ។

ឆ្លើយតបនឹងសំណួរអ្នកការពារសិទ្ធិមនុស្សអាដហុក ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាឧទ្ធរណ៍ លោក ស៊ិន វិសាល បានបដិសេធ ដោយថា ចម្លើយអ្នកនាង ខុម ចាន់តារាទី មាននៅក្នុងឯកសារហើយ ដូច្នេះគាត់​មិនចាំបាច់ចូលរួមក៏បាន។

លោក ស៊ិន វិសាល ក៏បានសួរទៅមន្ត្រីអាដហុក ៣រូប ដូចគ្នា ខណៈលោក ណៃ វ៉ងដា សុំរក្សាសិទ្ធិមិនឆ្លើយតប។ ចំណែកអតីតបុគ្គលិកសមាគមការពារសិទ្ធិមនុស្សអាដហុក និងបច្ចុប្បន្នជាមន្ត្រីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប លោក នី ចរិយា មិនបានចូលរួមសវនាការនៅថ្ងៃម្សិលមិញនេះទេ ដោយមេធាវីជាអ្នកចូលរួមជំនួស ខណៈលោកជាប់បំពេញបេសកកម្មនៅតាមខេត្ត។

ក្រោយពីបើកសវនាការសួរដេញដោលពេញមួយរសៀលមក ប្រធានក្រុមប្រឹក្សាជំនុំជម្រះបានឱ្យមន្ត្រីអាដហុកសំណូមពរចុងក្រោយ។

អ្នកការពារសិទ្ធិមនុស្ស៣រូប និងអតីតមន្ត្រីអាដហុកមួយរូប បង្ហាញការសោកស្ដាយ ដែលតុលាការមិនកោះហៅ​អ្នក​នាង ខុម ចាន់តា​រា​ទី មកឆ្លើយតតាំងក្ដី និងស្នើសុំឱ្យទម្លាក់ចោលបទចោទប្រកាន់លើពួកគាត់។

ប៉ុន្តែតំណាងមហាអយ្យការស្នើទៅប្រធានក្រុមប្រឹក្សាជំនុំជម្រះ ឱ្យរក្សាបទចោទប្រកាន់ និងបន្ថែម​ទណ្ឌកម្មឬទោសទណ្ឌទៀត តាមបណ្ដឹងសាទុក្ខរបស់អយ្យការដែលបានប្ដឹងកាលពីពេលកន្លងទៅ ដោយសារ​ការដាក់ពន្ធនាគារលើមន្ត្រីអាដហុក ៣​រូប និងអតីតមន្ត្រីអាដហុក ២រូប តិច​ពេក ខណៈក្រុមសហមេធាវីបានស្នើឱ្យទម្លាក់បទចោទប្រកាន់លើកូនក្ដី។

ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាឧទ្ធរណ៍ លោក ស៊ិន វិសាល ​នឹងប្រកាសសាលដីកានៅថ្ងៃទី២៣ ខែឧសភា ខាងមុខ។

យ៉ាងណាក៏ដោយ សវនាការរបស់មន្ត្រីអាដហុក ៣​រូប និងអតីតមន្ត្រីអាដហុក ២​រូប តុលាការបាន​អនុញ្ញាតឱ្យអង្គភាពប្រឆាំងអំពើពុករលួយចូលថតវីដេអូដោយសេរី ដែលខុសប្លែកពីសវនាការផ្សេងៗទៀត។ ក្នុងនោះ អ្នកចូលរួមដែលមានអង្គការសង្គមស៊ីវិល មន្ត្រីទូត និងអ្នកសារព័ត៌មានជាដើម ត្រូវបានសមត្ថកិច្ចដកទូរសព្ទ ខណៈមន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយអាច​យក​ទូរសព្ទចូលបានដោយសេរី។

កាលពី​ខែមេសា ​ឆ្នាំ​២០១៦ មន្ត្រីនិងអតីតមន្រ្តីសមាគមការពារ​សិទ្ធិមនុស្ស​​​អាដហុកទាំង៥​រូប ត្រូវបានចាប់ខ្លួនដោយ​ចោទ​​ប្រកាន់​​​ពី​​បទ​ «សូកប៉ាន់​សាក្សី និង​សមគំនិត​សូកប៉ាន់​សាក្សី​» ក្នុង​សំណុំរឿងផ្ដល់ប្រាក់ជាង២០០ដុល្លារទៅឱ្យស្ត្រីម្នាក់​ឈ្មោះ​ ខុម ចាន់តា​រា​ទី ហៅ ស្រីមុំ ក្នុងនាម​ជនរងគ្រោះដែលរត់មករកអាដហុក​ឱ្យ​ជួយ​​ពេល​នោះ។

​ស្ត្រីឈ្មោះ ខុម​ ចាន់តារាទី នៅពេលនោះ ត្រូវបាន​គេ​ចោទថាជាស្រីកំណាន់របស់​លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ​​ដែល​ត្រូវបានតុលាការ​រំលាយ។ ពួកគេទាំង៥នាក់ត្រូវ​បាន​បញ្ជូន​ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធ​នា​គារ​ព្រៃ​ស ​កាលពី​ថ្ងៃ​ទី​១​ ខែ​ឧសភា ​ឆ្នាំ​២០១៦​ រហូត​ដល់មានការដោះលែងនៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៧៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ