មន្ត្រី​រដ្ឋាភិបាល​ថា ការ​កេងប្រវ័ញ្ច​ផ្លូវភេទ​លើ​កុមារ​តាម​ប្រព័ន្ធ​អនឡាញ​ស្ថិត​ក្នុង​ការ​ព្រួយ​បារម្ភ

លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ថ្លែងក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពីកិច្ចការពារកុមារពីការកេងប្រវ័ញ្ចផ្លូវភេទតាមប្រព័ន្ធអនឡាញ ដែលត្រូវបានរៀបចំឡើងក្រោមកិច្ចសហការរវាងក្រសួងយុត្តិធម៌ និងក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ ព្រមទាំងដៃគូដែលមានការពាក់ព័ន្ធផ្សេងទៀត ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២។ (ហ្វេសប៊ុក៖ ក្រសួងយុត្តិធម៌)

រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ លើកឡើងថា​ ការរីកចម្រើន​ផ្នែក​បច្ចេក​វិទ្យានិង​អ៊ីន​ធឺ​ណិត ធ្វើ​ឱ្យ​ការកេង​ប្រវ័ញ្ច​ផ្លូវ​ភេទ​លើ​កុមារ​តាម​ប្រព័ន្ធអនឡាញកំពុងរីករាលដាល និងក្លាយជាក្ដីបារម្ភសម្រាប់​ពិភព​លោកទាំង​មូល និយាយ​ជារួម និង​សម្រាប់​កម្ពុជា​ផង​ដែរ។

ការ​បង្ហាញក្ដីបារម្ភរបស់ថ្នាក់ដឹកនាំ​​ក្រសួងយុត្តិធម៌ ធ្វើឡើង​ក្នុង​ពិធី​បើក​វគ្គបណ្ដុះបណ្ដាលស្ដីពី «កិច្ចការពារកុមារពីការកេងប្រវ័ញ្ចផ្លូវភេទតាមប្រព័ន្ធអនឡាញ» ដែលត្រូវបានរៀបចំឡើងក្រោមកិច្ចសហការរវាងក្រសួងយុត្តិធម៌ និងក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ ព្រមទាំងដៃគូដែលមាន​ការពាក់ព័ន្ធផ្សេងទៀត កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២។

ក្នុងពិធី​នោះ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌​ លោក កើត រិទ្ធ ថ្លែងថា កន្លងមក កម្ពុជាបានរៀបចំច្បាប់និង​លិខិត​បទដ្ឋានគតិយុត្តយ៉ាងច្រើន ដែលបង្កើតបានជាក្របខណ្ឌគតិយុត្ត​រឹង​មាំ ដើម្បីផ្ដល់នូវ​ការ​គាំពារ​ផ្លូវ​ច្បាប់​ដល់​កុមារ​ ប្រឆាំង​រាល់​ទម្រង់​នៃ​ការ​ជួញ​ដូរ និង​ការ​កេងប្រវ័ញ្ចផ្លូវភេទលើកុមារ។

លោកបន្តថា ក្នុងបរិការណ៍នៃការរីកចម្រើនខាងផ្នែកបច្ចេកវិទ្យានិងអ៊ីនធឺណិត ពាក់ព័ន្ធនឹងការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ កំពុងរីករាលដាល និងកំពុងក្លាយជាក្ដីបារម្ភសម្រាប់ពិភពលោកទាំងមូល និង​សម្រាប់​កម្ពុជា និយាយដោយឡែក។

ករណី​នេះ លោក​​បាន​ទាមទារនូវការយកចិត្តទុកដាក់ និងកិ​ច្ចសហប្រតិបត្តិការល្អបន្ថែម​ទៀតពីគ្រប់​តួអង្គ​ពាក់​ព័ន្ធ ទាំងលើការលើកកម្ពស់កា​រអប់រំ និងផ្សព្វផ្សាយ​ ដើម្បី​បង្កើន​ការយល់​​​ដឹងដ៏​ត្រឹម​​ត្រូវ​​អំពី​​ការ​​កេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ ទាំងការពង្រឹងប្រសិទ្ធភាព​នៃការអនុវត្តវិធានការច្បាប់ចំពោះបទល្មើស។

ជាមួយគ្នានេះដែរ លោក កើត រិទ្ធ ក៏បានណែនាំ​ដល់​មន្រ្តីអនុវត្តច្បាប់ និងត្រូវយល់ដឹងឱ្យបានស៊ីជម្រៅអំពីទម្រង់ផ្សេងៗ​នៃអំពើរំលោភបំពាន រួមទាំងការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធ​​អនឡាញ អំពីចរិតលក្ខណៈនិងកលល្បិចរបស់ជនល្មើស ដែលឧត្តម្មានុវត្តក្នុងការស៊ើបអង្កេត និងកិច្ចការពារជនរងគ្រោះ។

លោកថា៖ «រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានកំណត់យកការងារការពារសិទ្ធិកុមារ និងការគាំពារកុមារពីការរំលោភបំពានផ្សេងៗតាមគ្រប់រូបភាព គឺជាការងារអាទិភាព ដោយហេតុថា កុមារគឺជាទំពាំងស្នងឫស្សី និងជាសសរទ្រូងរបស់ប្រទេសជាតិ ហើយការអភិវឌ្ឍកុមារ គឺជាកូនសោគន្លឹះដើម្បីសម្រេចបាននូវការកាត់​​​បន្ថយភាពក្រីក្រ ក៏ដូចជាការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងរយៈពេលវែង»។

វីអូឌី មិនអាចសុំការបញ្ជាក់បន្ថែមពីរដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងការជួញ​ដូរមនុស្ស លោកស្រី ជូ ប៊ុនអេង បានទេ​ នៅថ្ងៃ​នេះ។

នាយ​កទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត មានប្រសាសន៍​ថា រដ្ឋាភិបាល​ត្រូវចាត់វិធាន​ការ​ទប់​ស្កាត់​​បញ្ហានេះ​ឱ្យមាន​ប្រសិទ្ធ​ភាព ដើម្បី​ការ​ពារសិទ្ធិ​កុមារ និងស្ត្រី កុំឱ្យមានការរំលោភបំពានបន្តទៀត ខណៈកន្លងមក​សហរដ្ឋអាមេរិក​បានចាត់​ថ្នាក់​ប្រទេស​កម្ពុជា​ជាប់​ចំណាត់​ថ្នាក់​លេខ​២ ពាក់ព័ន្ធនឹងការជួញដូរមនុស្ស និង​ស្ថិត​នៅក្រោម​ការត្រួតពិនិត្យ​និងតាមដាន​។

លោកបន្តថា បញ្ហាកេងប្រវ័ញ្ចផ្លូវភេទតាមប្រព័ន្ធអនឡាញ ជាវិធីសាស្ត្រ​ថ្មីមួយសម្រាប់ជនឆ្លៀត​ឱកាស​មួយ​ចំនួនក្នុងការប្រើប្រាស់កេងប្រវ័ញ្ច​ផលប្រយោជន៍របស់ស្ត្រី និងកុមារ តាមរយៈ​​ការ​កេង​ប្រវ័ញ្ច និងបៀតបៀនផ្លូវភេទ។

លោក អំ សំអាត បានជំរុញ​ដល់​រដ្ឋាភិបាលបង្ហាញ​​ឆន្ទៈ​ពិតប្រាកដក្នុង​ការ​​​​​​ទប់​ស្កាត់និង​​ជួយ​ការ​​ពារជន​រង​​​​គ្រោះ​ បើពុំនោះទេ នឹង​ធ្វើឱ្យ​​​ប៉ះពាល់ដល់មុខមាត់រដ្ឋាភិបាល។

លោកថា៖ «កេរ្តិ៍ឈ្មោះយើងក៏មិនសូវល្អដែរ តាំងពីដាក់ចំណាត់ថ្នាក់ការជួញដូរមនុស្ស។ ទី២ វាប៉ះពាល់​ទៅលើស្ត្រី និងកុមារ បញ្ហារងគ្រោះដោយសារ​ការកេងប្រវ័ញ្ចផ្លូវភេទ និងការបៀតបៀន​ផ្លូវភេទតាមប្រព័ន្ធអនឡាញ ក៏វាធ្វើឱ្យជនរងគ្រោះដែលជាស្ត្រី​និងកុមារហ្នឹងអាចនឹងឱ្យ​ពួកគេ​ឈប់ប្រើប្រាស់ប្រព័ន្ធអនឡាញ​ ដូចជាបណ្ដាញសង្គម​ផ្សេងៗ ដើម្បីធានាពីសុវត្ថិភាពរបស់ខ្លួន អ៊ីចឹងវាប៉ះពាល់ច្រើន​។ អ៊ីចឹង​វាធ្វើឱ្យប៉ះពាល់សិទ្ធិប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា​ និងមួយទៀតនឹងធ្វើឱ្យប៉ះពាល់ធនធានមនុស្សសម្រាប់ថ្ងៃក្រោយ ជាពិសេសទៅលើកុមារ»។

យោងតាមការសិក្សាស្រាវជ្រាវស្ដីពី «ការវិភាគស្ថានភាពដំបូងនៃការកេងប្រវ័ញ្ចផ្លូ​វភេទកុមារតាមអនឡាញនៅកម្ពុជា ​ឆ្នាំ២០២០» របស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ បង្ហាញថា ៦០ភាគ​​រ​យ​​​នៃ​កុមារ​កម្ពុជា​ដែល​បាន​ចូល​រួម​ក្នុង​ដំណើរ​ការ​អង្កេត ត្រូវ​បាន​រាយ​ការណ៍​ថា ធ្លាប់បាន​​ជួបប្រទះ​ហានិភ័យ​​នៃការកេងប្រវ័ញ្ចផ្លូវភេទតាមអនឡាញ នៅពេលពួកគេប្រើប្រាស់អ៊ីនធឺណិត។

កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ថ្លែងថា បើ​តាម​ការ​រាយការណ៍ពីសាធារណជនមកកាន់សមត្ថកិច្ច និង​បណ្ដាញរាយការណ៍តាមអ៊ីនធឺណិត (Internet Hotline) គឺ​ជាមធ្យមមាន​ជាង១៥០ករណីក្នុង១​ឆ្នាំ ដែល​ជាករណីសង្ស័យ​ទាក់ទងនឹងការលួងលោមកុមារតាមអនឡាញ ការផលិត និងចែកចាយរូបភា​ព-សម្ភារអាសអាភាសកុមារ និងគំរាមខាងផ្លូវភេទ ជាដើម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ