កូដករ​ណាហ្គា​ប្រកាស​រក​ជំនួយ​សប្បុរសធម៌ ក្រោយ​វិវាទការងារ​អូសបន្លាយ​ជាង៤ខែ

កូដករណាហ្គាវើលដ៍ប្រមូលផ្ដុំគ្នាធ្វើកូដកម្មតវ៉ាទាមទារដំណោះស្រាយការងារ ក្រោយពេលក្រុមហ៊ុនណាហ្គាវើលដ៍បញ្ឈប់បុគ្គលិកនិងសហជីពជាច្រើននាក់ ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១។ (ត្រាន់ តិចសេង)

សហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍ អំពាវនាវរកជំនួយសប្បុរសធម៌ ក្រោយវិវាទការងារជាមួយក្រុមហ៊ុនល្បែងមួយនេះបានបន្តជាង​៤ខែ ដោយពុំទាន់ឈានដល់ការដោះស្រាយបញ្ចប់។

សេចក្ដីប្រកាសរបស់សហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរ​នៃក្រុមហ៊ុនណាហ្គាវើលដ៍ ចុះថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ បានឱ្យដឹងថា កម្មករនិយោជិតដែលជាសមាជិកសហជីពណាហ្គាវើលដ៍ និង​ភាគ​ច្រើន​ជាស្ត្រី បានធ្វើការតស៊ូមតិដើម្បីការពារសិទ្ធិសេរីភាព​សហជីព និង​សិទ្ធិការងាររបស់ខ្លួន អស់រយៈពេលជាច្រើនខែមកហើយ ចាប់តាំងពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ ប៉ុន្តែនៅមិនទាន់ទទួលបានដំណោះ​ស្រាយ​ដ៏យុត្តិធម៌សម្រាប់ពួកគេនៅឡើយ។

ពួកគេថា ទោះបីជាមានការដោះលែងថ្នាក់ដឹកនាំ និងសកម្មជនសហជីពឱ្យនៅក្រៅឃុំជាបណ្ដោះអាសន្ន​នៅពាក់កណ្ដាលខែមីនា ឆ្នាំ២០២២នេះ ហើយមានការរៀបចំឱ្យមានកិច្ចប្រជុំរវាងក្រុមហ៊ុនណាហ្គាវើលដ៍ និងតំណាងកម្មករនិយោជិតចំនួន៦ដងកន្លង​មក​ក៏ដោយ ប៉ុន្តែពួកគេមើលមិនឃើញពីចេតនា​ក្នុងការដោះស្រាយរបស់ក្រុមហ៊ុនណាហ្គាវើលដ៍ឡើយ។

បើតាមសហជីព ក្រុមហ៊ុនតែងតែបដិសេធរាល់សំណើរបស់កម្មករនិយោជិត បើទោះបីជាបុគ្គលិកបានបង្កើតជម្រើសផ្សេងៗ ដូចជា ការដោះដូររវាង​បុគ្គលិក​ដែល​ទាម​ទារ​បន្តការងារនៅណាហ្គាជាមួយនឹងបុគ្គលិក​ដែលស្ម័គ្រចិត្តឈប់ជំនួស ថែមទាំងស្ម័គ្រចិត្ត​កាត់បន្ថយម៉ោងការងារ ដើម្បីសម្រួលដល់ក្រុមហ៊ុនជាដើម។

សហជីពណាហ្គាវើលដ៍បញ្ជាក់ថា៖ «នេះជាចេតនាចង់អូសបន្លាយពេលវេលា ដើម្បីដាក់គំនាបផ្នែកសេដ្ឋកិច្ចដល់កម្មករនិយោជិត បង្ខំឱ្យពួកគាត់បោះបង់យុត្តិធម៌និងសិទ្ធិការងាររបស់ខ្លួន ដោយសារក្នុងរយៈពេលនៃការតស៊ូតមតិនេះ កម្មករនិយោជិតមិនមានប្រាក់ខែនិងចំណូល ដើម្បីផ្គត់ផ្គង់ជីវភាពរស់នៅប្រចាំថ្ងៃឡើយ»។

សហជីពបន្ថែមថា ដើម្បីការពារសេរីភាពសហជីព សិទ្ធិការងារ និងយុត្តិធម៌សង្គម កម្មករនិយោជិតទាំងអស់ដែលភាគច្រើនជាស្ត្រី សុខចិត្តប្រឈមនឹងជីវភាពរស់នៅយ៉ាងលំបាក ដោយសារគ្មានចំណូល រីឯការចំណាយលើម្ហូបអាហារ ឈ្នួលផ្ទះ ទឹកភ្លើង ការសិក្សារបស់កូន ថ្នាំព្យបាលជំងឺ និងបំណុលផ្សេងៗនៅដដែល ប៉ុន្តែពួកគេ​នៅមានឆន្ទៈក្នុងការតស៊ូមតិបន្តរហូតដល់មានដំណោះស្រាយ។

ករណីនេះ សហជីព​បាន​​អំពាវនាវស្វែងរកជំ​នួយ​ពី​សាធារណជន សប្បុរសជនជាតិនិងអន្តរជាតិ ក៏ដូចជាស្ថាប័នសប្បុរសធម៌នានា ជួយចូលរួមឧបត្ថម្ភជាស្បៀង ថវិកា សម្ភារ ដល់សមាជិកសហជីពដែលកំពុង​ប្រឈមនឹងការខ្វះខាតជាក់ស្ដែងនាពេលបច្ចុប្បន្ននេះ ដើម្បីអាចឱ្យពួកគេទប់ទល់នឹងជីវភាពដ៏លំបាក​នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ