រដ្ឋាករទឹកភ្នំពេញ​កំពុង​ពន្លឿន​ការសាងសង់​រោងចក្រ​ផលិតទឹកស្អាត​ថ្មីមួយទៀត ខណៈ​ពលរដ្ឋ​កំពុង​ខ្វះទឹក​ប្រើប្រាស់

សកម្មភាពក្រុមការងារជំនាញរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ចុះសិក្សាពិនិត្យលទ្ធភាពដើម្បីបញ្ជូនទឹកស្អាតទៅជួយផ្គត់ផ្គង់តំបន់បុរីពិភពថ្មីឈូកវ៉ា២ ស្ថិតក្នុងសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ (ហ្វេសប៊ុក៖ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ)

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ អះអាងថា ខ្លួនបាននិងកំពុងពន្លឿនការងារសាងសង់រោងចក្រផលិតទឹកស្អាតថ្មីមួយទៀត នៅសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ ដែល​​គ្រោងនឹង​បញ្ចប់​ការ​សាងសង់​ក្នុង​ឆ្នាំ២០២៣ ខណៈពលរដ្ឋរស់នៅក្នុងបុរី​ពិភពថ្មី ឈូកវ៉ា​២ កំពុងខ្វះទឹកស្អាតប្រើប្រាស់។

ក្នុងសេចក្ដីជូនដំណឹងរបស់​រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ស្ដីពីបញ្ហាកង្វះទឹកស្អាត​នៅបុរីពិភពថ្មី ឈូកវ៉ា២ ចុះថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ បាន​លើកឡើង​ថា ចាប់​តាំង​ពី​ដើម​ឆ្នាំ២០២២មក ការរីករាលដាល​នៃជំងឺកូវីដ-១៩ មានការថមថយ ដែល​ធ្វើឱ្យលំហូរពលរដ្ឋ​ចូល​មក​កាន់រាជធានីភ្នំពេញ និងក្រុង​តាខ្មៅ ខេត្តកណ្ដាល កាន់​តែមានច្រើន ខណៈ​ការវិនិយោគវិស័យសំណង់តូច-ធំ វិស័យពាណិជ្ជកម្ម វិស័យ​ទេស​ចរណ៍ និង​វិស័យផ្សេងៗជាច្រើនទៀតមាន​​ការ​កើន​ឡើង​យ៉ាង​ឆាប់​រហ័សពីមួយថ្ងៃទៅមួយថ្ងៃ ដែលជាហេតុនាំឱ្យមានតម្រូវការប្រើប្រាស់ទឹកស្អាតកើនឡើងខ្ពស់លើសពីសមត្ថភាពផលិត។

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បញ្ជាក់ថា៖ «ដើម្បីឆ្លើយតបទៅនឹងកំណើនតម្រូវការប្រើប្រាស់ទឹកស្អាតនេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បាននិងកំពុងពន្លឿនការងារសាងសង់រោងចក្រផលិតទឹកស្អាតថ្មីមួយទៀត នៅសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ ដែលនឹងគ្រោងបញ្ចប់ការសាងសង់ និងដាក់ឱ្យដំណើរការផលិតទឹកស្អាតក្នុងឆ្នាំ២០២៣ ហើយអាចផលិតទឹកស្អាតបានបន្ថែមប្រមាណ៤០០ ០០០ម៉ែត្រ​គូបក្នុងមួយថ្ងៃ លើសមត្ថភាពផលិតដែលមានស្រាប់៦០០ ០០០ម៉ែត្រគូបថ្ងៃ»។

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បង្ហាញសុទិដ្ឋិនិយមថា ចាប់ពីឆ្នាំ២០២៣តទៅ ខ្លួននឹង​មាន​សមត្ថភាព​ផលិត​ទឹក​ស្អាត​សរុប១ ០០០ ០០០ម៉ែត្រគូបក្នុងមួយថ្ងៃ ដើម្បីបិទបញ្ចប់នូវបញ្ហាកង្វះទឹកស្អាតនៅរាជធានី​ភ្នំពេញ និងក្រុងតាខ្មៅ។

ជាដំណោះស្រាយក្នុងអំឡុងពេលមានបញ្ហាកង្វះទឹកស្អាតសម្រាប់ប្រជាពលរដ្ឋរស់នៅបុរីពិភពថ្មីឈូកវ៉ា២នេះ រដ្ឋាករទឹកថា ក្រុមការងាររបស់ខ្លួនបានដឹកជញ្ជូនទឹកស្អាតទៅបំពេញធុងទឹក សម្រាប់ចែកចាយឱ្យពលរដ្ឋនៅតំបន់នោះ​អាចទៅយកប្រើប្រាស់បាន។

ពលរដ្ឋរស់នៅបុរីពិភពថ្មីឈូកវ៉ា២ អ្នក​ស្រី ទៀង ឡាយលក្ខិណា ថ្លែងថា នៅទីតាំងដែលអ្នកស្រីរស់​នៅកំពុង​ជួប​បញ្ហា​ខ្វះទឹក​​ស្អាត​​ប្រើប្រាស់​ប្រចាំថ្ងៃ ស្រប​ពេល​ផ្ទះអ្នកស្រីបើក​​អាជីវកម្ម​ទៀត​នោះ ធ្វើ​ឱ្យ​ស្ថានភាព​នេះគឺកាន់តែយ៉ាប់យ៉ឺនថែមទៀត។

អ្នកស្រីបន្ត​​​ថា គាត់​រស់​នៅ​បុរីនេះជាង៣ឆ្នាំមក​​ហើយ ខណៈឆ្នាំដំបូងមានទឹកប្រើគួរសម​ដោយសារប្រើម៉ូទ័រ​ជំនួយ ប៉ុន្តែចាប់​តាំង​ពី​ឆ្នាំ២០២១​មក ទឹកចាប់ផ្ដើមខ្វះ ដោយសារតែពលរដ្ឋ​ទៅរស់នៅក្នុងបុរីនោះ​កាន់តែច្រើន។

យ៉ាងណា អ្នកស្រីថា រដ្ឋាភិបាលបានប្រើវិធីបណ្ដោះអាសន្ន ដោយចែកចាយទឹកតាមស៊ីទែន ប៉ុន្តែទឹកនោះក៏ប្រើប្រាស់មិនគ្រប់គ្រាន់ដែរ។

អ្នក​ស្រី ទៀង ឡាយលក្ខិណា និយាយថា៖ «ដូចខ្ញុំអ៊ីចឹង នៅឆ្ងាយពីស៊ីទែនតិចដែរ! យើងមើលអត់ឃើញទេ យើងចង់ដឹងទាល់តែជិះទៅរកស៊ីទែនហ្នឹង បានដឹងថាស៊ីទែនហ្នឹងមានទឹកឬក៏អត់។ អ៊ីចឹងទាល់តែឧស្សាហ៍ជិះទៅមើល ព្រោះអីទឹកដាក់តែមួយភ្លែតគឺអស់ហើយ។ អត់មានថាចាំមួយម៉ោងឬពីរម៉ោងក្រោយបានទៅយកទេ ដោយសារ[អាកាសធាតុ]​រាងក្ដៅអី គឺអត់ទេ។ បើឃើញទឹកមកហើយ គឺប្រញាប់ទៅយក បើមិនអ៊ីចឹងទេ យកអត់ទាន់គេ គឺអស់! អត់មានទឹកប្រើ»។

បើតាមអ្នក​ស្រី ទៀង ឡាយលក្ខិណា ពលរដ្ឋរស់នៅក្នុងបុរីមានប្រមាណជាង៤ ០០០ផ្ទះ ប៉ុន្តែផ្ទះទាំងនោះ​​មានពលរដ្ឋរស់នៅ​ប្រមាណតែ៦០% ទៅ៧០%ប៉ុណ្ណោះ​ ហើយ​ពលរដ្ឋ​​​ទាំងនោះសុទ្ធតែខ្វះទឹកស្អាតប្រើ​ប្រាស់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ