មេធាវី​​ការពារ​ក្ដី​លោក​ ​សៀម​ ​ភ្លុក​ ​ប្ដឹង​ឧទ្ធរណ៍​ជុំ​វិញ​ការ​សម្រេច​ឃុំ​ខ្លួន​កូន​ក្ដី

លោក សៀម ភ្លុក និងមេធាវី ជូង ជូងី ធ្វើដំណើរចាកចេញពីតុលាការកំពូល ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១។ (អ៊ូច សូនី)

មេធាវីការ​ពារក្ដីឱ្យ​ស្ថាបនិកគណបក្សបេះដូងជាតិ បានប្ដឹងឧទ្ធរណ៍ជំទាស់នឹងការសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ ដែលបានចេញដីកាចាប់ និងឃុំខ្លួនកូនក្ដីនៅពន្ធនាគារកាលពីពេលថ្មីៗនេះ។

ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃទី២៧ ខែមេសានេះ បានចេញដីកាចាប់ និងបង្គាប់ឱ្យ​ឃុំខ្លួនស្ថាបនិកគណបក្ស​បេះដូង​ជាតិ លោក សៀម ភ្លុក នៅពន្ធនាគារព្រៃ​ស ក្រោម​បទចោទ​ប្រកាន់​ «ក្លែងបន្លំ និងប្រើប្រាស់លិខិតក្លែង»។

ក្នុងពាក្យបណ្ដឹងរបស់លោក ជូង ជូងី មេធាវីការពារក្ដីឱ្យលោក សៀម ភ្លុក ចុះថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២ ដែលដាក់ទៅសាលាដំបូងរាជធានីភ្នំពេញ បានឱ្យដឹងថា ការប្ដឹងឧទ្ធរណ៍នេះ ពាក់ព័ន្ធនឹងដីកាសម្រេចឃុំខ្លួនបណ្ដោះអាសន្នត្រង់ចំណុចទាំងមូលហេតុនៃសេចក្ដីសម្រេច។

​ចៅក្រម​ស៊ើប​សួរ​សាលាដំបូង​រាជធានីភ្នំពេញ លោក លិ សុខា បានចេញដីកាបង្គាប់​​ឱ្យ​សមត្ថកិច្ចនាំខ្លួន​ស្ថាបនិកគណបក្សបេះដូងជាតិ លោក សៀម ភ្លុក ទៅឃុំខ្លួននៅពន្ធនាគារព្រៃស ពាក់​ព័ន្ធនឹងករណីក្លែងបន្លំ និងប្រើប្រាស់​លិខិត​ក្លែង។ ដីកាដដែលថា ប្រធានមណ្ឌលអប់រំកែប្រែទី១ (១) ទទួល និងឃុំខ្លួនជននេះ រហូតដល់មាន​បទបញ្ជាថ្មីសម្រេច​ផ្សេង​ពីនេះ។

កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ បានព្រមាន​ថា ​ លោក សៀម ភ្លុក ​មិន​អាច​គេច​ចេញ​ពី​សំណាញ់ច្បាប់​កម្ពុជា​បាន​ឡើយ បើទោះជាលោកបានព្យាយាមដល់​ទៅ​២លើក មិនចូលទៅបំ​ភ្លឺ​នៅតុលាការ​តាម​បណ្ដឹងរបស់ក្រសួងក៏ដោយ។

លោក សៀម ភ្លុក ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ​​ ចេញដីកាកោះហៅឱ្យចូលខ្លួនទៅឆ្លើយបំភ្លឺ​ម្ដងរួចមកហើយ កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ ពាក់ព័ន្ធនឹងរឿងក្លែងបន្លំស្នាមមេដៃសមាជិកដើម្បីបង្កើតគណបក្សនយោបាយ។ ប៉ុន្តែនៅថ្ងៃទី២២ ខែមីនានោះ លោកមិនបានចូលទៅបំភ្លឺទេ ដោយថាមិនបានទទួលដីកាពីតុលាការ។

ក្រោយពីលោក សៀម ភ្លុក មិនបានចូលបំភ្លឺនោះ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២២ ក៏បានចេញដីកាបង្គាប់ឱ្យសមត្ថកិច្ចនាំខ្លួនលោក សៀម ភ្លុក ទៅបំភ្លឺនៅតុលាការឱ្យបានមុនថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ ដើម្បីធានាដល់ការស៊ើបសួរឱ្យបានពេញលេញនៅចំពោះមុខចៅក្រមស៊ើបសួរ ប៉ុន្តែលោក សៀម ភ្លុក នៅតែពុំបានចូលខ្លួន​ទៅតាមដីកា ខណៈលោកអះអាងថា មិនទទួលបានដីកា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ