ឧបការី​រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​អាមេរិក​នឹង​មក​​ទស្សន​កិច្ច​នៅ​កម្ពុជា

បុរសម្នាក់រៀបចំដោតទង់​ជាតិកម្ពុជា នៅតាមផ្លូវ ទល់មុខស្ថានទូតអាមេរិក ក្នុងក្រុងភ្នំពេញ ថ្ងៃទី១៣ ខែមេសា ២០១៨។ (រូបភាព៖បញ្ញា ឆពណ្ណ)

ឧបការីរដ្ឋមន្ត្រីការបរទេសទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ​ នឹងមកបំពេញទស្សនកិច្ចនៅកម្ពុជា​ និងឡាវ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៧ ខែឧសភា ខណៈកម្ពុជាដែលជាប្រធានអាស៊ានផងនោះ នឹងត្រូវចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក នៅទឹកដីប្រទេសមហាអំណាចមួយនេះនៅសប្តាហ៍ទី២ ក្នុងខែឧសភា។

​សេចក្តីប្រកាសព័ត៌មានរបស់ការិយាល័យអ្នកនាំពាក្យក្រសួងការបរទេសអាមេរិក កាលពីថ្ងៃទី២៩ ខែមេសា បានឱ្យដឹងថា លោក Daniel J. Kritenbrink ឧបការីរដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិក សម្រាប់កិច្ចការតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក នឹងធ្វើទស្សនកិច្ច​នៅប្រទេសកម្ពុជា និងឡាវ។

ក្រសួងការបរទេសបន្តថា ទស្សនកិច្ច​នេះ នឹងផ្តោតលើការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកចំពោះប្រទេស​មានភាពរស់រវើកបំផុតក្នុងតំបន់​​ ដោយពង្រឹងបន្ថែម​នូវមជ្ឈភាពអាស៊ាន ភាពជាដៃគូរវាងសហរដ្ឋអាមេរិក និងតំបន់ទន្លេមេគង្គ ដើម្បីដោះស្រាយបញ្ហាប្រឈមឆ្លងដែន និងជំរុញឱ្យអនុតំបន់ទន្លេមេគង្គមានវិបុលភាព ភាពបើកចំហ និងសន្តិសុខច្រើនថែមទៀត។

សេចក្តីប្រកាសព័ត៌មានអះអាងថា ក្នុងដំណើរទស្សនកិច្ច​នៅ​កម្ពុជា ឧបការីក្រសួងការបរទេសរូបនេះ នឹងជួបមន្ត្រីជាន់ខ្ពស់កម្ពុជា ព្រមទាំងថ្នាក់ដឹកនាំ​អង្គការសង្គមស៊ីវិលផងដែរ។

សេចក្តីប្រកាសព័ត៌មានបន្ថែមថា៖ «នៅប្រទេសកម្ពុជា លោកឧបការីរដ្ឋមន្រ្តី​​ Kritenbrink នឹងជួបជាមួយលោកប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការបរទេស និងមន្ត្រីជាន់ខ្ពស់ដទៃទៀត ព្រមទាំងយុវជន និងថ្នាក់ដឹកនាំសង្គមស៊ីវិល ដើម្បីពិភាក្សាពីទំនាក់ទំនងទ្វេភាគីរបស់យើង និងការគាំទ្ររបស់អាមេរិក សម្រាប់កម្ពុជាក្នុងនាមជាម្ចាស់ផ្ទះកិច្ចប្រជុំអាស៊ាន» ។

ស្ថានទូតអាមេរិកប្រចាំកម្ពុជាក៏បានលើកឡើងដែរថា ទស្សនកិច្ចរបស់លោកឧបការី នឹងផ្តោតពីការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិក​ ចំពោះប្រជាជនកម្ពុជា​ និងការបន្តគាំទ្រកម្ពុជា​ ក្នុងនាមជាប្រធានកិច្ចប្រជុំអាស៊ាន​។

ការិយាល័យអ្នកនាំពាក្យក្រសួងការបរទេសអាមេរិកឱ្យដឹងទៀតថា នៅប្រទេសឡាវ លោកឧបការីរដ្ឋមន្រ្តី Kritenbrink នឹងដឹកនាំកិច្ចពិភាក្សាសហរដ្ឋអាមេរិក-ឡាវ លើទំនាក់ទំនងទ្វេភាគីគ្រប់ជ្រុងជ្រោយ ដែលនិយាយពីកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងប្រទេសទាំងពីរ។ លើសពីនេះ  នឹងជំរុញទំនាក់ទំនងគ្នាស៊ីជម្រៅជាមួយឡាវ ក្នុងនាមជាសហប្រធាន ទាក់ទងនឹងភាពជាដៃគូរវាងសហរដ្ឋអាមេរិក និងតំបន់ទន្លេមេគង្គ ឆ្នាំ ២០២២។

ប្រភពដដែលបន្ថែមថា លោកឧបការី នឹងជួបជាមួយលោករដ្ឋមន្រ្តីការបរទេស​ Saleumxay Kommasith លោកអនុរដ្ឋមន្រ្តីការបរទេស Thongphane Savanphet និងមន្រ្តី​គណ:កម្មការទន្លេមេគង្គ។ ​

ក្នុងដំណើរទស្សនកិច្ចកម្ពុជា និងឡាវនេះ លោកឧបការីរដ្ឋមន្រ្តី Kritenbrink នឹងពិភាក្សាពីកិច្ចប្រជុំ​កំពូលពិសេសអាស៊ាន-អាមេរិក នៅពេលខាងមុខ​នេះ ដែលលោកប្រធានាធិបតី ចូ បៃឌិន នឹងរៀបចំ​នៅរដ្ឋធានីវ៉ាស៊ីនតោន(Washington) នៅថ្ងៃទី១២ និង១៣ ខែឧសភា។

កាលពីថ្ងៃទី១៦ ខែមេសា សេចក្តីថ្លែងការណ៍របស់ប្រធានអាស៊ាន ​ បានលើកឡើងថា ​ អាស៊ាន និង​អាមេរិក នឹងរៀបចំកិច្ចប្រជុំកំពូលពិសេស នៅសប្តាហ៍ទី២ នៃខែឧសភា  ដើម្បីអបអរសាទរទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-សហរដ្ឋអាមេរិក ដែលមានវ័យ ៤៥ឆ្នាំមកហើយ។

សេចក្តីថ្លែងការណ៍​បញ្ជាក់ថា  ថ្នាក់ដឹកនាំអាស៊ាន និងប្រធានាធិបតី ចូ បៃឌិន នឹងពិភាក្សាគ្នាអំពីមធ្យោបាយ និងវិធីសាស្ត្រនានា ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យជាច្រើនរួមមាន ការឆ្លើយតបនឹងជំងឺកូវីដ-១៩ សន្តិសុខ សុខភាពសកល ការផ្លាស់ប្តូរបញ្ហាអាកាសធាតុ ការអភិវឌ្ឍប្រកបដោយចីរភាព កិច្ចសហប្រតិបត្តិការលំហសមុទ្រ ការអភិវឌ្ឍធនធានមនុស្ស ការអប់រំ និងចំណងទាក់ទងរវាងប្រជាជន និងប្រជាជន ក៏ដូចជាការតភ្ជាប់ទំនាក់ទំនងសេដ្ឋកិច្ចជាដើម។

សេចក្តីថ្លែងការណ៍ប្រធានអាស៊ានឱ្យដឹងថា កិច្ចប្រជុំនេះ គឺជាកិច្ចប្រជុំកំពូលពិសេសលើកទី២ គិតពីឆ្នាំ ២០១៦ ហើយជាការជួបប្រជុំគ្នាដោយផ្ទាល់មុខលើកទី១ សម្រាប់ថ្នាក់ដឹកនាំ​អាស៊ាន គិតចាប់តាំងពីឆ្នាំ២០១៧ មក៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ