ក្រសួងសុខាភិបាលឱ្យដឹងថា ចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ ប្រភេទ«អូមីក្រុង» កាលពីម្សិលមិញត្រូវបានរកឃើញមានតែម្នាក់ប៉ុណ្ណោះ ដែលនេះជាករណីទាបបំផុតចាប់តាំងពីមានព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ឆ្នាំ២០២១ ខណៈអ្នកស្លាប់ថ្មីដោយសារជំងឺនេះមិនមានទេ។
ក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២២ បានឱ្យដឹងថា អ្នកជំងឺកូវីដ-១៩ ម្នាក់ដែលឆ្លងនោះ ជាករណីឆ្លងក្នុងសហគមន៍ ហើយអ្នកជាសះស្បើយថ្មីវិញមានចំនួន ២២នាក់។
គិតត្រឹមព្រឹកថ្ងៃអាទិត្យនេះ កម្ពុជារកឃើញករណីជំងឺកូវីដ-១៩ ប្រភេទបំប្លែងខ្លួន «អូមីក្រុង» បានឆ្លងចូលទៅក្នុងសហគមន៍មានចំនួនសរុប ១៤ ៤៤៩ករណី។
បើតាមក្រសួងសុខាភិបាល គិតត្រឹមព្រឹកថ្ងៃទី១ ខែឧសភានេះ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុប ១៣៦ ២៥២នាក់ ក្នុងនោះ អ្នកជំងឺព្យាបាលជាសះស្បើយចំនួន ១៣៣ ០៩៥ នាក់ និងអ្នកស្លាប់មានចំនួន៣ ០៥៦នាក់៕