សហជីព​ថា​ ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​កម្មករ​រង​ការ​រំលោភ​សិទ្ធិ​ធ្ងន់​ធ្ងរ​ពី​ថៅកែ​

ប្រធាន​សហភាព​ការងារ​កម្ពុជា លោក អាត់ ធន់ ផ្ដល់បទសម្ភាសន៍​ក្នុង​ពិធី​រំឭក​ខួប១៧ឆ្នាំ​នៃ​ការ​បាញ់សម្លាប់​លោក ជា វិជ្ជា ព្រឹក​ថ្ងៃទី២២ ខែមករា ឆ្នាំ២០២១។ (ហ៊ី ឆាយ)

ថ្នាក់ដឹកនាំសហជីពមួយចំនួនបានថ្លែងថា នាប៉ុន្មានឆ្នាំចុងក្រោយនេះ កម្មករក្នុងវិស័យកាត់ដេររងការរំលោភសិទ្ធិធ្ងន់ធ្ង​រ​ជាបន្តបន្ទាប់ ពីថៅកែរោងចក្រ ស្របគ្នានឹងវិធានទប់ស្កាត់ជំងឺកូវីដ-១៩​ របស់រដ្ឋាភិបាល​ ដែលធ្វើឱ្យពួកគេត្រូវប្រឈមបញ្ហាជីវភាពគ្រួសារជាខ្លាំង។

ក្នុងពិធីរំលឹកខួប១៦៣ឆ្នាំ នៃទិវាពលកម្មអន្តរជាតិ ១ឧសភា ប្រធានសហភាពការងារកម្ពុជា លោក អាត់ ធន់ ថ្លែងនៅព្រឹកថ្ងៃអាទិត្យនេះថា  ចាប់តាំងពីពេលរដ្ឋាភិបាល​អនុវត្តវិធានទប់ស្កាត់ជំងឺកូវីដ-១៩ ជាង២ឆ្នាំមកនេះ​ កម្មករដែលជាសមាជិក​ជាង១០០០នាក់​ ត្រូវបានថៅកែខិលខូចមួយចំនួនបញ្ឈប់​ពីការងារ​  ព្រមទាំងមិនបានទូទាត់សំណង​តាមច្បាប់ការងារ ខណៈក្រសួងពាក់ព័ន្ធ​​ខកខានជួយអន្តរាគមន៍​  ដើម្បីចាប់បង្ខំថៅកែ​ទាំងនោះឱ្យគោរពច្បាប់របស់កម្ពុជា ។

ករណីនេះ លោកជំរុញទៅរដ្ឋាភិបាលពិនិត្យឡើងវិញជុំវិញបញ្ហានេះ ដើម្បីទប់ស្កាត់ និងកាត់បន្ថយកុំឱ្យថៅកែ បន្តរំលោភបំពានសិទ្ធិធ្ងន់ធ្ងរលើកម្មករ ស្របពេលក្រុមកម្មករជួបបញ្ហាប្រឈមច្រើន​ក្នុងសេដ្ឋកិច្ចគ្រួសារ។

លោកជំរុញដូចនេះថា៖ «៣ឆ្នាំចុងក្រោយនេះ នៅក្នុងវិស័យការងារមានបញ្ហាខ្លាំងជាងគេ គឺការបញ្ឈប់កម្មករ ចៅកែបិទរោងចក្រ បិទសណ្ឋាគារ បិទភោជនីយដ្ឋានរំលោភសិទ្ធិកម្មករ ដោយអ្នកខ្លះឱ្យចូលធ្វើការវិញ អ្នកខ្លះមិនឱ្យចូលធ្វើការវិញ។ ពួកគាត់គ្មានកិច្ចសន្យាច្បាស់លាស់ ពួកគាត់ត្រូវបានថៅកែបញ្ឈប់ដោយមិនទូទាត់សំណងបានត្រឹមត្រូវតាមច្បាប់។ យើងស្នើទៅរដ្ឋាភិបាល ជាពិសេសក្រសួងការងារពិនិត្យឡើងវិញ »។

លោកបន្ថែមថា៖ «ក្នុងឆ្នាំ២០២២នេះ យើងស្នើទៅរដ្ឋាភិបាលដំឡើងប្រាក់ខែ២៥០ដុល្លារជូនកម្មករ បញ្ចុះតម្លៃជីកសិកម្ម បញ្ចុះការប្រាក់ធនាគារទាប។ បញ្ចុះតម្លៃប្រេងសាំង ហើយកាត់បន្ថយពន្ធនាំចូលប្រេងសាំង អាចធ្វើឱ្យអ្នកវិនិយោគដំណើរការក្រុមហ៊ុនបាន នៅពេលនោះកម្មករក៏មានការងារធ្វើ សេដ្ឋកិច្ចក៏ដំណើរការល្អ»។

អ្វីដែលគួរឱ្យកត់សំគាល់ លោក អាត់ ធន់ បញ្ជាក់ថា ថ្ងៃបុណ្យជាតិក្នុង១ឆ្នាំ មានចំនួន២៨ថ្ងៃ ប៉ុន្តែជាក់ស្តែងនៅក្នុងឆ្នាំ២០២២នេះ រដ្ឋាភិបាលបានកាត់ថ្ងៃឈប់សម្រាកបុណ្យជាតិ៧ថ្ងៃ ដែលនៅសល់តែ២១ថ្ងៃតែប៉ុណ្ណោះក្នុង១ឆ្នាំ។ ចំណែកថ្ងៃបុណ្យជាតិចំនួន២ថ្ងៃក្នុង១ឆ្នាំ ចំថ្ងៃអាទិត្យ លោកថា រដ្ឋាភិបាល ក៏លែងលើកថ្ងៃសម្រាកទៀតដែរ មានន័យថា កម្មករត្រូវបាត់បង់ប្រាក់អត្ថប្រយោជន៍ចំនួន ៩ថ្ងៃក្នុង១ឆ្នាំ ដែលគិតជាទឹកប្រាក់ប្រហែល​ជា ៦០ដុល្លារក្នុង១ឆ្នាំ។

ទោះជាបែបនេះក្តី លោក អាត់ ធន់ អះអាងថា ក្រោយពីប្រារព្ធទិវាពលកម្មអន្តរជាតិនេះ ក្រុមសហជីពទាំងក្នុងនិងក្រៅប្រព័ន្ធ យកសំណើ​

រួមគ្នាដាក់ជូនទៅរដ្ឋសភា រដ្ឋាភិបាល ក្រសួងកសិកម្ម ក្រសួងឧស្សាហកម្ម ក្រសួងមហាផ្ទៃ  ក្រសួងការងារ និងតុលាការ ដើម្បីជួយដោះស្រាយបញ្ហាប្រឈមទាំងនោះជូនកម្មករ និងកសិករផងដែរ។

វីអូឌី មិនអាចសុំការបំភ្លឺពីអ្នកនាំពាក្យក្រសួងការងារ លោក ហេង សួរ បានទេនៅថ្ងៃអាទិត្យនេះ ។

យ៉ាងនេះក្តី នៅថ្ងៃខួបលើកទី១៣៦ នៃទិវាពលកម្មអន្តរជាតិ ​១ឧសភានេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញ​លិខិតដែលមានខ្លឹមសារថា  ទិវាពលកម្មអន្តរជាតិ ​១ឧសភា​នេះ ត្រូវបានរដ្ឋាភិបាលប្រារព្ធតិចក្តី ច្រើនក្តី ជារៀងរាល់ឆ្នាំ ចាប់ពីតាំងពីថ្ងៃរំដោះពីរបបប្រល័យពូជសាសន៍ ថ្ងៃ៧មករា ឆ្នាំ១៩៧៩ រហូតដល់បច្ចុប្បន្ន ទោះបីឆ្នាំនេះ​កម្ពុជា និងប្រទេសនានានៅក្នុងសកលលោកកំពុងប្រឈម​វិបត្តិកូវីដ-១៩ក៏ដោយ ។

ករណីនេះ រដ្ឋាភិបាលអះអាងថា ទោះកម្ពុជាស្ថិតនៅក្នុងស្ថានភាពលំបាកនៃជំងឺកូវីដ-១៩ ប្រភេទថ្មី ក៏រដ្ឋាភិបាលនៅតែខិតខំរក្សាការងារដែលមានស្រាប់ និងបង្កើតការងារថ្មីគ្រប់ប្រភេទជូនប្រជាពលរដ្ឋ ដែលនាំឱ្យប៉ះពាល់លើចំនួនការងារស្ថិតក្នុងកម្រិតមួយដែលអាចគ្រប់គ្រងបាន។

សារលិខិតដដែលបន្តថា រដ្ឋាភិបាលក៏បានដាក់អនុសាសន៍១០ចំណុច រួមមាន គ្រប់គ្រងរោចក្រទាំងអស់ ត្រូវអនុវត្តប្រាក់ឈ្នួលអប្បបរមា និងបើកប្រាក់ឈ្នួលអប្បបរមាឆ្នាំ២០២២នេះចំនួន១៩៤ដុល្លារ ដោយបើក២ដងក្នុងមួយខែ។ លើសពីនេះ កម្មករព្យាបាលជំងឺមិនបង់ប្រាក់ ហើយ កម្មការិនីទទួលបានប្រាក់ឈ្នួល ១២០% និងឈប់សម្រាករយៈពេល៣ខែ ក្នុងពេលសំរាលកូន និងផ្តល់ជូនកូន ១នាក់ ចំនួន៤០ម៉ឺនរៀល ព្រមទាំងទទួលបានប្រាក់បន្ថែមពីរដ្ឋាភិបាល ៥លានរៀលទៀតផងដែរ។

បន្ថែមពីនេះ រដ្ឋាភិបាលនឹងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយប្រទេសដៃគូ រួមមាន ថៃ ម៉ាឡេស៊ី កូរ៉េ ជប៉ុន ហុងកុង សិង្ហបុរី និប្រទេសមួយចំនួនទៀត ដើម្បីផ្តល់ឱកាសការងារជូនពលករ ការពារសិទ្ធិ និងផលប្រយោជន៍ពលករ ដែលកំពុងបម្រើការងារនៅប្រទេសទាំងនោះ បង្កលក្ខណៈសម្បតិ្តជូលពលករឱ្យបានទទួលរបបគាំពារសង្គមទាំងបច្ចុប្បន្ន និងពេលដែលវិលត្រឡប់មកវិញជាដើម ។

ក្នុងសារលិខិតដដែលបញ្ជាក់ថា ប្រាក់ឈ្នួលអប្បបរមារបស់កម្មករនយោជិតផ្នែកវាយនភណ្ឌកាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរ និងកាបូប ត្រូវបានឡើងពី ១៩២ដុល្លារ ដល់១៩៤ដុល្លារ ក្នុង១ខែ សម្រាប់ឆ្នាំ២០២២ បើបូកទាំងអត្ថប្រយោជន៍ផ្សេងៗ កម្មករនិយោជិតម្នាក់ៗ អាចទទួលបានប្រាក់ឈ្នួលចាប់ពី២១១ដុល្លារ ដល់២២២ដុល្លារក្នុង១ខែ ។

ប្រភពដដែលបន្តថា រដ្ឋាភិបាលបានផ្តល់ឱកាសការងារដល់ពលករធ្វើការនៅក្រៅប្រទេសសរុបចំនួន ១ ៣០១ ៦០៩នាក់ ក្នុងនោះប្រទេសថៃមានចំនួន ១​ ២២០ ១៩៧នាក់ ប្រទេសកូរ៉េខាងត្បូង ៤៥ ៨៦៦នាក់។ ដោយឡែកប្រទេសម៉ាឡេស៊ី ចំនួន ២៣ ០២៧នាក់ ហើយជប៉ុន ១១ ៤៥៣នាក់​ សិង្ហបុរី ៨២១នាក់ ដែនដីហុងកុង ២០២នាក់ និងអារ៉ាប់ប៊ីសាអូឌីតចំនួន ៤៣នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ