ក្រសួងសុខាភិបាល ឱ្យដឹងថា មនុស្ស២នាក់បន្ថែមទៀតបានឆ្លងជំងឺកូវីដ-១៩ បំប្លែងថ្មីប្រភេទ «អូមីក្រុង» ខណៈមិនមានអ្នកស្លាប់ដោយសារជំងឺនេះ កាលពីថ្ងៃម្សិលមិញ។
សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២២ បានឱ្យដឹងថា អ្នកឆ្លងជំងឺកូវីដ-១៩ថ្មីដែលបានរកឃើញចំនួន២នាក់នេះ សុទ្ធតែជាអ្នកឆ្លងប្រភេទអូមីក្រុង និងជាករណីឆ្លងក្នុងសហគមន៍ទាំងអស់។ ចំណែក អ្នកជាសះស្បើយថ្មីវិញ ក្រសួងថាមានចំនួន២១នាក់។
បើតាមក្រសួងសុខាភិបាល គិតត្រឹមព្រឹកថ្ងៃចន្ទនេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន១៣៦ ២៥៤នាក់ ក្នុងនោះ អ្នកជំងឺព្យាបាលជាសះស្បើយចំនួន១៣៣ ១១៦នាក់ និងអ្នកស្លាប់មានចំនួន៣ ០៥៦នាក់។ ចំណែកករណីឆ្លងអូមីក្រុងក្នុងសហគមន៍វិញ ក្រសួងថាគិតមកដល់ពេលនេះបានកើនដល់១៤ ៤៥១នាក់៕