ការ​សិក្សា​ថ្មី​មួយ​រកឃើញ​ថា​អ្នកសារព័ត៌មាន​តាម​ប្រព័ន្ធ​ឌីជីថល​ជាង​៨០ភាគរយ​គ្មាន​សុវត្ថិភាព

អ្នកសារព័ត៌មានជាតិនិងអន្តរជាតិ និងសង្គមស៊ីវិល រងការរឹតត្បិតនូវការចុះថតសកម្មភាពតវ៉ារបស់កូដករណាហ្គាវើលដ៍ពីសំណាក់អាជ្ញាធរមូលដ្ឋាន ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២។ (គួយ ឡង់ឌី)

​​​អ្នកធ្វើការផ្នែកវិស័យព័ត៌មានឯករាជ្យ ជំរុញទៅរដ្ឋាភិបាល​​ឱ្យកែស​ម្រួលពង្រាងច្បា​ប់ស្ដីពី «​ច្រ​ក​អ៊ីនធឺណិត​ជា​តិ» ដើម្បីបើ​ក​​​លំ​ហ​​សេរីភាពអ្នកសារព័ត៌មាន ក្រោយពីរកឃើញ​ថា​ ​អ្ន​​កសា​រព័ត៌មាន​​តាម​​ប្រព័​​ន្ធ​ឌី​ជីថ​ល (អនឡាញ) ​ប្រមាណជា​ ​៨២ភាគរយ ​​​​​​បំពេ​ញ​ការងា​រ​ទាំ​ង​គ្មា​ន​សុវ​​​ត្ថិ​​​​ភាព។

កា​របង្ហាញរបាយការណ៍​ថ្មី​នេះ ធ្វើឡើងក្នុ​​ងពិធីប្រា​រព្ធទិវា​សេរីភាពសារព័ត៌មានពិភពលោក ដែលធ្វើឡើង​​ក្នុង​រាជធា​នីភ្នំ​ពេ​ញ នាថ្ងៃទី២ ខែ​ឧសភា ឆ្នាំ២០២២​នេះ។

​​មន្ត្រីគ្រ​ប់គ្រង​កម្ម​វិ​ធីស្រា​វជ្រាវ ​និងតស៊ូមតិ នៃសម្ព័ន្ធ​អ្នកសារព័ត៌មានកម្ពុជា (​ខេមបូចា) លោ​​​ក ហ៊ីម ​ខ​ទៀត​ បា​​នលើ​​កឡើ​ង​ថា តាម​​ការ​សិ​ក្សា​​រួ​មគ្នាពី​ស្ថាប័នឯ​ករាជ្យ ​រ​យៈ​ពេល​ជាង២ខែចុងក្រោ​​​​យនេះ​ បា​​នរ​​​កឃើញថា វិស័យសារព័ត៌មានជាង៨០ភាគរយ បានប្ដូរ​​ទៅធ្វើ​តាមប្រ​ព័ន្ធអនឡាញវិញ​​ ហើយថា មា​​ន​​តែជាង១៩ភាគរយប៉ុណ្ណោះដែលនៅបន្តការងារតាមបែបបុរាណ។

លោកបន្ថែមថា ក្នុងការបំពេញ​ការងារ​តាមប្រព័ន្ធឌីជីថលនេះ អ្នកសារព័ត៌មាន​​ ៨២​ភាគរយ ត្រូវបានរក​ឃើញ​ថា បានបំពេញការងារទាំ​​ង​គ្មា​​នសុវត្ថិភាព និង៦០ភាគរយទៀតខ្លាចមានការប្ដឹងផ្ដល់ ក្រោយពី​មាន​ព​​​ង្រា​​ង​​​ច្បាប់​ស្ដីពី​ច្រកទ្វារអ៊ីនធឺណិតជាតិ។

លោកគូសបញ្ជាក់ថា ក្រុមអ្នកពាក់ព័ន្ធទាំងនោះបានទាមទារឱ្យរដ្ឋាភិបាលពិភាក្សាឡើងវិញ​ទៅលើសេ​ចក្ដីព្រាងច្បាប់ស្ដីពីច្រកទ្វារ​អ៊ីន​ធឺណិត ជាមួយភា​គីពា​ក់​ព័ន្ធ ដើម្បីធានាពីលំហសេរីភាពសារព័ត៌​មា​ន​តា​ម​ប្រព័ន្ធ​​អ៊ីនធឺ​ណិត។

លោកថា៖ «យើងស្នើ​ឱ្យមានការពិភាក្សាបន្ថែមទៀតរវាងក្រុមសង្គមស៊ីវិល និងអង្គកា​រ និងវិស័យឯកជន អំពី​ផលប៉ះពាល់មួយចំនួន ជាពិសេសទៅលើពង្រាងច្បាប់ច្រកអ៊ិនធឺណិតជាតិ»។

បើតាមលោក ខទៀត ការសិក្សា​ស្រាវជ្រាវថ្មីនេះបានធ្វើការ​ស្ទង់​មតិ​តាម​បណ្ដាញ​សង្គមទៅ​លើ​អ្នក​សារព័ត៌​​មា​ន​ដែលមានបទពិសោធន៍ចន្លោះពី ២​ឆ្នាំ ទៅ​១០​ឆ្នាំ ចំនួន​៦៧នាក់ ក្នុង​នោះ ស្ត្រី​ ២១​ភាគ​រយ សម្ភា​​​​សផ្ទាល់ជាមួយ​ពលរដ្ឋអ្នកសារព័ត៌មាន សកម្មជនបរិស្ថាន មន្ត្រីសិទ្ធិមនុស្ស វិស័យឯកជន និងតំ​ណា​ងអ្នកសារព័ត៌មានមកពី១៥​​​ស្ថាប័ន។

អ្នកនាំពាក្យក្រសួងព័ត៌មាន​ លោក មាស សុភ័ណ្ឌ ដែលបាន​ចូល​រួម​ប្រារព្ធ​ពិធី​នេះ​ដែរ បានលើក​ឡើង​ថា ស្រប​ពេលដែល​​បច្ចេកវិទ្យា​រីកចម្រើន ព័ត៌មានក្លែងក្លាយដែលបង្កឱ្យមានប៉ះពាល់ដល់សន្តិសុខសង្គមក៏កើតឡើងដែរ ដែលការណ៍នេះ លោកជំរុញឱ្យអ្នក​សារព័ត៌មានបន្តពង្រឹងវិជ្ជាជីវៈ ដើម្បីជាឧត្ដមប្រយោជន៍សម្រាប់ពលរដ្ឋនិងសង្គមជាតិ។

មួយវិញទៀត លោកថា ក្រសួងព័ត៌មានដែលជាសេនាធិការរបស់រដ្ឋាភិបាល នៅតែរក្សាជំហរគំាទ្រ ដើម្បីលើក​កម្ពស់សេរីភាពសារព័ត៌មាននៅកម្ពុជា ដោយអនុលោមទៅតាមច្បាប់លិខិតបទដ្ឋានគតិយុត្តិដែលមានជាធរមានរបស់កម្ពុជា។

លោក មាស សុភ័ណ្ឌ ថ្លែងថា៖ «ព្រមជាមួយគ្នានោះ អ្នកសារព័ត៌មានក៏ជាកញ្ចក់សម្រាប់ឆ្លុះបញ្ចាំង​នូវតថភាពសង្គមគ្រប់ជ្រុងជ្រោយ ដើម្បីកសាងជាតិមួយប្រកបដោយភាពយុត្តិធម៌ លទ្ធិប្រជា​ធិប​តេយ្យ ការ​គោរព​សិទ្ធិ​មនុស្ស រក្សាបាននូវសុខសន្តិភាព និងមាន​ការអភិវឌ្ឍ​យូរ​អង្វែង​ ដែល​ជា​បំណង​ប្រាថ្នា​រួម​របស់​ប្រជាជន​កម្ពុជា​ទាំង​មូល»។

បើតាមលោក មាស សុភ័ណ្ឌ បច្ចុប្បន្ន កម្ពុជាមានអង្គភាពផ្សព្វផ្សាយទាំងបែបប្រពៃណី និងតាមប្រព័ន្ធឌីជីថលមានចំនួន២ ១០០ស្ថាប័ន និងមានអ្នកសារព័ត៌មានជាតិ និងអន្តរជាតិសរុបជិត៦ ០០០នាក់។

ចាងហ្វាងគេហទំព័រ «កម្ពុជាថ្ងៃនេះ» ដែលក្រសួងព័ត៌មានដកអាជ្ញាបណ្ណថ្មីៗនេះ ក្រោយចេញផ្សាយពីភាពមិនប្រក្រតីនៃការដេញថ្លៃទិញសម្ភារការិយាល័យនៅក្រសួងការងារ ដែលថាធ្វើឱ្យរដ្ឋបានខាតបង់ថវិការាប់លានដុល្លារក្នុងមួយឆ្នាំៗ លោក ទូច យុទ្ធា សាទរចំពោះការបង្ហាញ​ការតាំងចិត្តរបស់មន្ត្រីក្រសួងព័ត៌មាននេះ។

តែយ៉ាងណា លោកថា ករណីនេះមិនបាន​ឆ្លុះបញ្ចាំងការពិតទេ ព្រោះ​បើអ្នកសារព័ត៌មានហ៊ាន​សរសេរពីបទល្មើសធនធានធម្មជាតិ រួមទំាំងអំពើពុករលួយក្នុងសង្គម ដើម្បីជំរុញតម្លាភាពសង្គមនោះ គឺ​ពួកគេតែងប្រឈម​នឹង​ការ​ដកអាជ្ញាបណ្ណ ឬ​បញ្ចប់សុពលភាពនៃការផ្សាយ។

លោកថា៖ «ខ្ញុំនេះ​បានជូនដំណឹងពិតដែលអស់លោកមិនបានដឹង ខំបញ្ជូនដំណឹងទៅ មិនបានទាំង​អរគុណខ្ញុំផង បែរជាមកគំរាមកំហែង មកបញ្ចប់សុពលភាពអ៊ីចឹងទៅ វាហាក់ដូចជាមិនល្អ​មើល​ទេ។ ឯណាទៅសេរីភាពសារព័ត៌មាន? លទ្ធិប្រជាធិបតេយ្យ? ភាពត្រឹមត្រូវនៃការចុះផ្សាយ​របស់សារព័ត៌មាន? បើលេងតែអ៊ីចឹង! បានផ្ដល់ព័ត៌មានម៉េចពិតជូនដល់សង្គម ជូនដល់ប្រជា​ពលរដ្ឋ ជូនដល់ថ្នាក់ដឹកនាំ ក្នុងការសម្រេចចិត្ត? វាអត់មាន»។

យ៉ាងណា អំឡុងខែកុម្ភៈ ឆ្នាំ២០២១ រដ្ឋាភិបាល​បាន​សម្រេច​ពន្យា​រពេល​អនុវត្ត​អនុក្រឹត្យ​​ស្ដីពី «ច្រកទ្វារអ៊ីនធឺណិត​ជាតិ» ក្រោម​ហេតុផលវិបត្តិ​​កូវីដ-១៩។

ក៏ប៉ុន្តែក្រុមអ្នកជំនាញអង្គការសហប្រជាជាតិ កាល​ពីថ្ងៃទី៣១ ខែ​មករា ឆ្នាំ២០២១ បានចេញសេច​ក្ដីថ្លែង​កា​រណ៍​រួម​គ្នា ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ផ្អាក​ផែន​ការ​អនុវត្តអនុក្រឹត្យស្ដីពី «ច្រកទ្វារអ៊ីនធឺណិត» ដោយអះអាងថា អនុក្រឹត្យ​នេះមាន​ការ​រឹត​ត្បិត ព្រមទាំងធ្វើឱ្យប៉ះពាល់ដល់សិទ្ធិឯកជន និងសេរីភាពបែបប្រជាធិប​តេយ្យ​នៅប្រទេស​កម្ពុជា។

អ្នកជំនាញសិទ្ធិមនុស្សអន្តរជាតិ មើល​ឃើញ​ថា អនុក្រឹត្យនេះនឹងជះឥទ្ធិពល​​អវិជ្ជមានយ៉ាងធ្ងន់ធ្ងរលើសេរីភាពប្រព័ន្ធអ៊ីនធឺណិត អ្នកការពារសិទ្ធិមនុស្ស និងសង្គមស៊ីវិលនៅក្នុងប្រទេសកម្ពុជា ដែលនឹងធ្វើឱ្យលំហសង្គម​ស៊ីវិលដែលមានលក្ខណៈរឹតត្បិតរួចទៅហើយនោះ កាន់តែរួមតូចទៅៗ។ បន្ថែមពីនេះ ពួក​គេ​ថា អនុក្រឹត្យ​នេះនឹង​អនុញ្ញាត​ឱ្យ​រដ្ឋាភិបាល អាចតាមដានសកម្មភាពលើប្រព័ន្ធអ៊ីនធឺណិត ស្កាត់​ចាប់​យក និងត្រួត​ពិនិត្យ​ការប្រាស្រ័យទាក់ទងគ្នាតាមប្រព័ន្ធបច្ចេកវិទ្យា ព្រមទាំងប្រមូល រក្សាទុក និងចែករំលែកព័ត៌​មាន​បុគ្គល​រប​ស់អ្ន​កប្រើប្រាស់នីមួយៗ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ