សង្គមស៊ីវិល​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ចាត់វិធានការ​ឱ្យ​មាន​ប្រសិទ្ធភាព ដើម្បី​បញ្ចប់​និទណ្ឌភាព​លើ​អ្នកសារព័ត៌មាន

អ្នកកាសែតនិងសង្គមស៊ីវិលចុះថតសកម្មភាពប៉ះទង្គិចគ្នារវាងកូដករនិងសមត្ថកិច្ចពាក់ព័ន្ធករណីក្រុមហ៊ុនណាហ្គាវើលដ៍បញ្ឈប់បុគ្គលិកនិងសហជីព ថ្ងៃទី០៤ ខែមករា ឆ្នាំ២០២២។ (គួយ ឡង់ឌី)

សង្គមស៊ីវិលជាង​២០ ដែល​ធ្វើការលើផ្នែក​លើក​កម្ពស់​សិទ្ធិ​ទទួល​ព័ត៌​មាន ទាម​ទារឱ្យ​រដ្ឋាភិបាលចាត់វិធានការឱ្យមានប្រសិទ្ធភាព​ ដើម្បីបញ្ចប់និទណ្ឌភាព​ចំពោះរាល់បទឧក្រិដ្ឋទាំងឡាយប្រឆាំង​នឹង​អ្នកសារ​ព័ត៌មាន ដោយផ្ដន្ទាទោសជនដៃដល់និងជនពាក់ព័ន្ធដែលប្រព្រឹត្តបទឧក្រិដ្ឋលើអ្នកសារព័ត៌មានទៅ​តាម​ច្បាប់ ដើម្បីផ្ដល់យុត្តិធម៌ដល់ជនរងគ្រោះ ព្រមទាំងដើម្បីឱ្យពួកគេអាចបន្តចូលរួមសកម្មភាពផ្ដល់ព័ត៌មានជូនពលរដ្ឋបន្តទៀត។

ការទាមទារនេះធ្វើឡើងតាមរយៈសេចក្ដីថ្លែងការណ៍រួម អបអរសាទរ​ទិវាសេរីភាពសារព័ត៌មានពិភពលោកឆ្នាំ២០២២ ក្រោមប្រធានបទ «សារព័ត៌មានក្នុងសម្ពាធប្រព័ន្ធឌីជីថល» ចុះថ្ងៃទី​២ ខែ​ឧសភា ឆ្នាំ២០២២ របស់​ស្ថាប័នក្រៅរដ្ឋាភិបាល​ចំនួន២២ រួម​មាន សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ​(CamboJA), មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ​(CCIM), មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា​ (CCHR), គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី​ និងយុត្តិធម៌នៅកម្ពុជា ​(COMFREL), អង្គការ​សមាគមធាងត្នោត ​(STT), មណ្ឌលព័ត៌មានស្ត្រីកម្ពុជា ​(WMC) និង​​អង្គការ​តម្លាភាព​កម្ពុជា​ (TI) ជាដើម។

ក្រុមអង្គការ-សមាគមសារព័ត៌មាន និងអង្គការសមាគម​មិនមែនរដ្ឋាភិបាល ដែលអះអាងថា​កំពុង​ធ្វើការ​ងារ ដើម្បី​លើក​កម្ពស់​សិទ្ធិ​ទទួល​ព័ត៌​មាន សេរីភាព​សារ​ព័ត៌​មាន និង​សេរីភាពបញ្ចេញមតិនៅកម្ពុជា បាន​ទទូច​ដល់​រដ្ឋាភិបាលនិងដៃគូពាក់ព័ន្ធបន្តយកចិត្តទុកដាក់ពិនិត្យតាមដាន និងដោះស្រាយសំណើមួយ​ចំនួន ក្នុង​នោះ​ ពួក​គេ​ទាមទារឱ្យ​ចាត់វិធានការ​ឱ្យមានប្រសិទ្ធភាព ដើម្បីបញ្ចប់និទណ្ឌភាពចំពោះរាល់បទឧក្រិដ្ឋទាំងឡាយប្រឆាំងនឹងអ្នកសារព័ត៌មាន។ ក្រៅពីនោះ ពួកគេ​ក៏បាន​ស្នើឱ្យ​​​ផ្តល់សុពលភាពនូវ​អាជ្ញាបណ្ណព័ត៌មាន​ឡើងវិញ​ ដល់​បណ្ដាញ​សារព័ត៌មាន​មួយ​ចំនួនដែលក្រសួងព័ត៌មាន​បានដកក្នុងឆ្នាំ២០១៧ មកដល់បច្ចុប្បន្ន ដើម្បី​ឱ្យពួកគេអាចបន្តចូលរួមក្នុងសកម្មភាពផ្តល់ព័ត៌មានជូនពលរដ្ឋបន្តទៀត។

សេចក្ដីថ្លែងការណ៍រួមនោះ គូសបញ្ជាក់ថា៖ «សូមចាត់វិធានការឱ្យមានប្រសិទ្ធភាព ដើម្បីបញ្ចប់និទណ្ឌភាពចំពោះរាល់បទឧក្រិដ្ឋទាំងឡាយប្រឆាំងនឹងអ្នកសារព័ត៌មាន ដោយនាំយកជនដៃដល់និងអ្នកដែលរួមប្រព្រឹត្តឃាតកម្ម ការវាយប្រហារ ការគំរាម​​កំហែង ការបៀតបៀនរូបរាងកាយ និងការបៀតបៀនផ្លូវភេទ ជាដើម មកផ្តន្ទាទោសទៅតាមផ្លូវច្បាប់ ដើម្បីផ្ដល់យុត្តិធម៌ដល់ជនរងគ្រោះ និងសាច់ញាតិ»។

ស្ថាប័នក្រៅរដ្ឋាភិបាលដែលធ្វើការលើការលើកកម្ពស់សេរីភាពសារព័ត៌មានទាំងនោះ​ ក៏​ចង់ឃើញរដ្ឋាភិបាលចាត់ទុកអ្នកសារព័ត៌មានជាដៃគូដែលមិនអាចខ្វះបាន ឆ្លើយតបឱ្យទាន់ពេល និងដោះស្រាយនូវរាល់បញ្ហាដែលប្រឈមដល់ការងាររបស់​ពួកគេ ដើម្បីជំរុញឱ្យមានគណនេយ្យភាពសង្គម លុបបំបាត់អំពើអសកម្ម អំពើពុករលួយ និងធ្វើឱ្យប្រសើរនូវសិទ្ធិទទួលព័ត៌មាន។

អ្នកសារព័ត៌មាននៅវិទ្យុបារាំងអន្តរ​ជាតិ ​(RFI)​ កញ្ញា សួង សុខភារី ថ្លែង​ថា និទណ្ឌ​ភាពចំពោះ​បទ​ឧក្រិដ្ឋ​ប្រឆាំង​អ្នក​សារ​ព័ត៌មាន​បានកើតឡើងតាំងពីយូរណាស់មកហើយ ដូចជា ករណីគំរាមកំហែង ការ​ប្រើប្រាស់​តុលាការ​ធ្វើ​ទុក្ខ​បុក​ម្នេញ ការ​ដាក់សម្ពាធ​លើ​អ្នក​សារ​ព័ត៌​មាន និ​ងការ​​ធ្វើឱ្យអ្នកសារព័ត៌មានក្លាយជាអ្នករងបញ្ហាផ្លូវច្បាប់ដោយអ​យុត្តិធម៌ ជាដើម។

ករណីនេះ កញ្ញា ភារី បានស្នើ​ដល់​រដ្ឋាភិបាលគួរពិចារណា​សម្រប​សម្រួល​បញ្ចប់​និទណ្ឌ​ភាពចំពោះ​បទ​ឧក្រិដ្ឋ​ប្រឆាំង​លើ​អ្នក​សារ​ព័ត៌​មាន និង​ស្វែងរកយុត្តិធម៌ពិតដល់ពួកគេ​ តាមរយៈការដោះស្រាយសំណុំរឿង​ដោយ​តម្លាភាព​តាម​ផ្លូ​វ​ច្បាប់ ទាន់ពេលវេលា និងកុំអូសបន្លាយម្តងហើយម្តងទៀត។

កញ្ញាថា៖ «ករណី​ជាច្រើន ជាពិសេស​ករ​ណី​អ្នក​នយោបាយ ករណី​អ្នក​សារ​ព័ត៌​មាន តែងតែមានការលើកពេលដដែល​ជាដដែល មាន​ការ​ពន្យារពេល​ ដែលធ្វើឱ្យសំណុំរឿងហ្នឹងអូសបន្លាយមែនទែន។ ហើយ​ការអូសបន្លាយសំណុំរឿងនីមួយៗ គឺប៉ះពាល់ខ្លាំងណាស់ដល់បុគ្គលម្នាក់ៗ ព្រោះវាធ្វើឱ្យបុគ្គលនោះអត់អាចទៅធ្វើអីបានទេ ព្រោះគេនៅជាជនសង្ស័យ ឬជនជាប់ចោទអ៊ីចឹង គេអត់អាចទៅបំពេញការ​ងារ​អ្វីបានទេ»។

អ្នកនាំពាក្យក្រសួងព័ត៌មាន លោក ផុស សុវណ្ណ ថ្លែងថា ការលើកឡើងរបស់សង្គមស៊ីវិលជារឿងដដែលៗ។ យ៉ាងណា លោកទទួលស្គាល់ថា កន្លងមក ពិតជាមានករណី​ឃាតកម្ម និង​ការ​​បៀត​បៀនលើ​​អ្នក​សារព័ត៌​មានមួយចំនួន​​ពិត​​មែន ប៉ុន្តែរដ្ឋាភិបាលបានចាត់វិធានការផ្លូវច្បាប់ទៅលើជន​ល្មើស​រួច​​ហើយ។

លោកថា៖ «ប៉ុន្តែករណីមួយចំនួនដែលត្រូវបានអ្នកសារព័ត៌មានលើកឡើងនោះ ខ្ញុំចង់បញ្ជាក់ថា វាមា​នបញ្ហាហ្នឹង ហើយការងារហ្នឹង រដ្ឋាភិបាល តុលាការ អាជ្ញាធរបានស្រាវជ្រាវ បានធ្វើការហើយ ប៉ុន្តែវាអត់មានភស្តុតាងថ្មីណាដែលដាក់បន្ទុកលើអ្នកណាទៀត អ៊ីចឹងវានៅសល់។ ហើយ​សំណុំរឿងទាំងអស់ហ្នឹងក៏អត់ទាន់មានឃើញបិទដែរ ទាក់ទងជាមួយការស្លាប់របស់អ្នកសារព័ត៌មានអីកន្លងទៅហ្នឹង។ អ៊ីចឹងខ្ញុំមិនដឹងថាគាត់ជំរុញឱ្យទៅធ្វើយ៉ាងម៉េចទេ ជំរុញទាល់តែមានរបស់មួយនៅនឹងមុខ ហើយរដ្ឋាភិបាលមិនធ្វើ អាហ្នឹងបានថា! ឬក៏អង្គការទាំងអស់ហ្នឹងមានភស្តុតាងថ្មីដាក់ទៅតុលាការ ហើយតុលាការមិនចាត់ការ? ខ្ញុំក៏មិនដឹងដែរ»។

របាយការណ៍របស់មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ CCIM ស្តីពី «ការប្រឈមរបស់អ្នកសារព័ត៌មានឯករាជ្យប្រចាំឆ្នាំ២០២១» ដែលផ្សព្វផ្សាយកាលពីថ្ងៃទី១០ ខែមីនា បានរកឃើញថា ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា កាលពីឆ្នាំមុន កាន់តែអាក្រក់ បើប្រៀបធៀបនឹងឆ្នាំ២០២០។

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា បានកត់ត្រាពីការធ្វើទុក្ខបុកម្នេញទៅលើអ្នកសារព័ត៌មានចំនួន៥១ករណី ឬស្មើនឹងអ្នកសារព័ត៌មានរងគ្រោះចំនួន៩៣នាក់ (មាន៥នាក់ជាស្ដ្រី) ក្នុងនោះ អ្នកសារព័ត៌មានចំនួន៣២នាក់ត្រូវបានចាប់ឃាត់ខ្លួន ហើយ២៤នាក់ប្រឈមបណ្ដឹងផ្លូវច្បាប់ និង១៨នាក់ទៀតអះអាងថាបានទទួលរងការគំរាមកំហែងនិងការធ្វើទុក្ខបុកម្នេញ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ