អ្នកជំនាញ​ថា វត្តមាន​អតីត​មេបញ្ជាការ​អូស្ត្រាលី​ក្នុង​សម័យ​អ៊ុនតាក់​ចាំបាច់​សម្រាប់​ការ​កែទម្រង់​ប្រជាធិបតេយ្យ​នៅ​កម្ពុជា

លោកឧត្តមសេនីយឯក ចនសេន ដឺសុន (Jonh Sanderson) អតីតមេបញ្ជាការរបស់កងកម្លាំងអន្តរជាតិ នៃអាជ្ញាធរបណ្តោះអាសន្នអង្គការសហប្រជាជាតិប្រចាំកម្ពុជា(UNTAC) ជួបពិភាក្សាជាមួយលោក ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងដំណើរការសន្តិភាពនៅកម្ពុជា នាព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ នៅវិមានសន្តិភាព។ (ហ្វេសប៊ុកលោក ហ៊ុន សែន)

ក្រុមអ្នកជំនាញវិទ្យាសាស្រ្ត​នយោបាយដែលមានជំហរកណ្ដាល និងអង្គការមិនមែនរដ្ឋាភិបាល​​ផ្នែក​​​​​សិទ្ធិ​​​​​​មនុស្ស យល់ឃើញស្របគ្នា​ថា ដំណើរបំពេញទស្សនជាកិច្ចផ្លូវការរបស់អតីតមេ​​បញ្ជាការ​​ជាន់​​​ខ្ពស់​​អូស្ត្រាលីនៅក្នុងសម័យអ៊ុនតាក់ (UNTAC) មកកម្ពុជានេះ ជាការរំ​ឭក​​​​​​ឡើង​​​វិញ និង​​​​ជា​​​ការត្រួតពិនិត្យពី​​​ដំ​​ណើ​​​រ​​​​ការប្រជាធិបតេយ្យនិងសិទ្ធិមនុស្ស ដែល​​កម្ពុជា​​​បាន​​​ឆ្លង​​កាត់​​​កាល​​ពី៣០ឆ្នាំមុន តាម​​រ​​យៈយ​​​ន្ត​​​កា​រ​​នៃ​​ការ​​​បោះ​ឆ្នោត ហើយមានការវិវត្តខ្លួនធំធាត់កម្រិតណាមកដល់ពេលបច្ចុប្បន្ន។

ដំណើរទស្សនកិច្ចជាផ្លូវការរបស់លោក ចន សាន់ដឺសុន (John Sanderson) រយៈពេល១០ថ្ងៃ ដោយ​​​គិត​ចាប់ពីថ្ងៃទី២៣​ ខែ មេសា ដល់ថ្ងៃទី២ ខែឧសភានេះ លោកបានជួបគ្រប់ភាគីពាក់ព័ន្ធ ដែល​​ជាតួអង្គសម្រាប់ដំណើរការប្រជាធិបតេយ្យ រួមមាន ព្រះមហាក្សត្រ រដ្ឋាភិបាល និងអង្គ​​ការ​​សង្គមស៊ីវិល ជាដើម។ អតីតមេបញ្ជាការជាន់ខ្ពស់អូស្ត្រាលីនៅក្នុង​​សម័​យ​អ៊ុតាក់(UNTAC) លោក ចន សាន់ដឺសុន ពេលនេះ មានវ័យប្រមាណ៨០ឆ្នាំហើយ។

សេចក្ដីប្រកាសព័ត៌មានរបស់ស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា បានបញ្ជាក់ថា ការបំពេញ​​ទស្សន​​កិច្ច​ជាផ្លូវការរបស់អតីតមេបញ្ជាការ លោក ចន សាន់ដឺសុន (John Sanderson) នៅពេលនេះ ប្រារព្ធ​​ឡើង ​នៅ​ចំ​ពេល​​​នៃខួប៣០ឆ្នាំ នៃការបង្កើតអាជ្ញាធរ​​ប​​ណ្ដោះអាសន្ន អង្គ​​ការ​​ស​ហ​​ប្រ​​ជា​​ជាតិ ដែលហៅ​​​កាត់​​ថា អ៊ុនតាក់ (UNTAC)។ កាលពី៣០ឆ្នាំមុន អូស្ត្រាលីបានដើ​​រតួនា​​​ទី​​យ៉ាង​​សំខាន់ ទាំងលើវិស័យយោធានិងស៊ីវិល ក្នុងកា​​​រ​ស្វែ​​​ង​​​រកសន្តិភាព និងឈានទៅ​​​បញ្ចប់​​ជម្លោះ​​ផ្ទៃ​​ក្នុងនៅកម្ពុជា រហូតឈានដល់ការបោះឆ្នោតសកលជាលើកដំបូងរបស់ខ្លួន កាលពីថ្ងៃទី២៣ ខែឧសភា។

ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា លោកបណ្ឌិត ប៉ា ចន្ទរឿន យល់ឃើញថា ទោះតិចឬច្រើន ​​វត្ត​​​មា​នលើកនេះរបស់អតីតមេបញ្ជាការជាន់ខ្ពស់អូស្ត្រាលីរូបនេះ អាចនឹងធ្វើឱ្យមានការប្រែប្រួលផ្នែកខ្លះ​​សម្រាប់​​ដំណើរការប្រជាធិបតេយ្យដែលកំពុងធ្លាក់ចុះនៅពេលនេះសម្រាប់កម្ពុជា។

អ្នក​​ជំនាញ​​​ផ្នែក​​​គោលនយោបាយនិងប្រជាធិបតេយ្យរូបនេះបន្តថា ជារូបភាព អូស្ត្រាលីធ្វើកិច្ចការដោយមិន​​រឹង​​រូសដូចបណ្ដាប្រទេសបស្ចិមលោកដទៃទៀតទេ ប៉ុន្តែឥរិយាបថរបស់អូស្ត្រាលីជាផ្នែកមួយដ៏​​សំ​​ខាន់ក្នុងការកសាង និងពង្រឹងប្រជាធិបតេយ្យសម្រាប់កម្ពុជា តាំងពីក្នុងអតីតកាល និងបន្ត​​ទៅ​​​មុខ​ទៀត​​។

លោកបន្តថា៖ «ជាការពិត ទំនាក់ទំនងការទូតអូស្ត្រាលីមានលក្ខណៈទន់ភ្លន់ និងមានលក្ខណៈមិន​​ប្រ​​​ឈមមុខខ្លាំងដូចទៅនឹងសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបទេ។ ប៉ុន្តែទោះជាយ៉ាងណា ពីស​​​កម្ម​​ភា​​ព​មួយទៅសកម្មភាពមួយ ឬក៏សកម្មភាពដែលស្ថាន​​ទូតអូស្ត្រាលីនេះធ្វើ សុទ្ធបាន​​ឆ្លុះ​​​បញ្ចាំ​​ង​​​ និ​​​ងមានគោលបំណងជាក់លាក់ គ្រាន់តែថាពេលខ្លះគេជ្រើសរើសវិធីទន់ភ្លន់ និងប្រយោល ជា​​ជាង​​បង្ហាញឬក៏លើកចំៗចំពោះមុខជាសាធារណៈដូចដែលស្ថានទូតអាមេរិក ឬសហភាពអឺរ៉ុប​​​ធ្វើ​​កន្លង​​មក ​»។

ចំពោះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបង្ហោះសារ​​នៅលើបណ្ដាញ​​​សង្គមហ្វេស​​​ប៊ុក​​របស់​លោក ក្រោយជំនួបបានបញ្ចប់ កាលពីថ្ងៃទី២៧ ខែមេសា ថាអតីតបញ្ជាការជាន់ខ្ពស់ក្នុងសម័យ​​​អ៊ុន​​តាក់ លោកឧត្ដម​​សេនី​​យ៍ ចន សាន់ដឺសុន បង្ហាញការភ្ញាក់ផ្អើល ដែលឃើញកម្ពុជាមានកា​​​រ​​​អ​ភិ​វឌ្ឍ​​និង​​ស៊ីវិ​​​ល័យ​ដូច​​បច្ចុ​​ប្បន្ន ហើយនេះជាការផ្លាស់ប្តូរមួយដ៏អស្ចារ្យ។

លោកនាយករដ្ឋមន្ត្រីបន្ថែ​​ម​​​​ទៀតថា អ្នកជំនាញ​​ផ្នែក​​​​យោធារូបនេះក៏ផ្ដល់តម្លៃចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុង​​ការថែរក្សាសន្តិសុខក្នុង​​តំបន់​និងពិភពលោក ជាពិសេសវឌ្ឍនភាព ដែលរដ្ឋាភិបាលដើរ​​តួនា​​ទីជាប្រធានអាស៊ាន​ប្ដូរ​​វេន​​​​​ជា​​​ថ្មី​ទៀត​។

បើទោះបែបណា ដំណើរនៃការបំពេញទស្សនកិច្ចនេះ គេសង្កេតឃើញថា ស្របពេលកម្ពុជារងនូវ​​ការ​​រិះគន់ពីការធ្លាក់ចុះនៃការអនុវត្តប្រជាធិបតេយ្យនិងសិទ្ធិមនុស្ស ជាពិសេសស្របពេលដែលកម្ពុជា​ជិត​​​នឹង​​ឈានទៅរក​​ការ​​​បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលនឹងត្រូវចាប់​​ផ្ដើមនៅ​​​ដើម​​ខែមិថុនា ខាង​​មុខ​​នេះ​​។

តែសម្រាប់អ្នកជំនាញគោលនយោបាយ មើលឃើញថា ដំណើរទស្សន​​កិច្ច​​ដ៏កម្រនេះ វានឹងមិនធ្វើឱ្យមានការប្រែប្រួលទេ ទៅលើដំណើរការបោះឆ្នោតឃុំសង្កាត់នេះ ប៉ុន្តែ​​នេះជាសញ្ញាបង្ហាញ​​ទៅរដ្ឋាភិបាលឱ្យមានការប្រុងប្រយ័ត្នពីការធ្លាក់ចុះនៃលទ្ធិប្រជាធិបតេយ្យ ដែល​​រដ្ឋាភិបាលកំពុងតែជួបប្រទះនេះ។

សាស្ត្រាផ្នែកវិទ្យាសាស្រ្តនយោបាយ លោក ឯម សុវណ្ណរ៉ា ចាត់ទុកវត្តមានរបស់លោកឧត្ត​​ម​​​​សេនីយ៍ឯក ចន សាន់ដឺសុន នេះថា ជាសារប្រាប់ឱ្យភាគីកម្ពុជាត្រូវត្រួតពិនិត្យមើលឡើងវិញ ​​​ក្រោ​យ​​​មា​​នការជ្រោមជ្រែងពីសហគមន៍អន្តរជាតិក្នុងដំណើរការប្រជា​​ធិតេ​​យ្យ​​​​នេះ។

លោកបន្តថា សម្រា​​​ប់រូបលោក​នៅ​​​តែ​មើលឃើញពីដំណើរនៃការបំពេញទស្សនកិច្ចដ៏កម្រនេះ វាជា​ការឆ្លុះបញ្ចាំងឱ្យឃើ​​​​​ញពីការខាតប្រយោជន៍ដ៏ធំសម្រាប់កម្ពុជា ប្រសិនបើរដ្ឋាភិបាលនៅតែយល់ឃើញថា ការកម្ទេច​ធាតុសំខាន់ៗដែលជាតួអង្គប្រជាធិតេយ្យ គឺជារឿងត្រឹមត្រូវ។

លោកបន្តថា៖ «អូស្ត្រាលីមកបំពេញទស្សនកិច្ចចង់ពញ្ញាក់ឱ្យឃើញថា ឱ្យយើងមើលឃើញពីតម្លៃនៃ​​កា​រួមចំណែករបស់សហគមន៍អន្តរជាតិសម្រាប់កម្ពុជា។ ដូច្នេះ បើសិនជាភាគីកម្ពុជានៅតែមិន​​ឆ្លើយ​​តប​ទៅនឹងកង្វល់ ឬក៏ការលើកឡើងពីសហគមន៍អន្តរជាតិទេ កម្ពុជាអាចបាត់​​​អត្ថប្រ​​យោជន៍​​ដែល​​ខ្លួនទទួលបានកើតចេញពីការទំនាក់ទំនងពីសហគមន៍អន្តរជាតិ ដែលមានអូស្ត្រាលីជាដើម »។

សេចក្ដីប្រកាសព័ត៌មានដែលចេញដោយស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា បង្ហាញថា អ៊ុនតាក់ ជា​​ស​​​ម័​​យ​​កាលប្រវត្តិសាស្រ្តមួយ សម្រាប់កម្ពុជា ដែលមានការរួមចំណែកពីប្រទេសជប៉ុន និងបណ្ដារដ្ឋ​​ដ​​​ទៃ​​ទៀតនៅក្នុងប្លុកអាស៊ាន។​​ ហើយវាបានដើរតួនាទីយ៉ាងសំខាន់និងជាគំរូដ៏ល្អ នៃ​​កិច្ចសហ​​ប្រ​តិ​​​​​បត្តិ​​នយោបាយនិងសន្តិសុខអន្តរជាតិ។

សេចក្ដីប្រកាសបន្ថែមថា អ៊ុនតាក់ គឺ​​ត្រូវបានបង្កើតឡើងដោយ​​​​​​អង្គ​​​ការ​​សហ​​ប្រ​​ជា​​ជាតិ ក្នុង​​ឆ្នាំ​​​១៩៩២។ ការបង្កើតយន្តការអន្តរជាតិនេះ ដើម្បីត្រួតពិនិត្យកិច្ច​​​ព្រមព្រៀងសន្តិ​​ភាពទីក្រុង​​​ប៉ា​​រីស ស្ដីពី «កម្ពុ​ជា និងការធ្វើ​​មាតុ​​​​​ភូមិវត្តន៍​​ប្រ​​កបដោយសុវត្ថិភាពរប​ស់​​​​​ប្រជាជនកម្ពុជា»។

សេចក្ដីប្រកាសព័ត៌មានរបស់ស្ថានទូតអូស្ត្រាលីបន្ថែមទៀតថា លោកឧត្ដមសេនីយ៍ឯក ចន សាន់​​ដឺសុន ជាអតីតមេបញ្ជាការយោធាជាន់ខ្ពស់របស់អូស្ត្រាលី ហើយក៏​ជាអ្នកបញ្ជា​​កង​​​កម្លាំ​ង​ពហុភាគីដ៏ធំ ដែល​​មាន​​​កងវរសេនាតូចថ្មើរជើង អង្គភាពគាំទ្រ អ្នកសង្កេត​ការ​ណ៍​​យោធា និងនគរបាលស៊ីវិល មក​​​ពី​​ប្រ​ទេស​ប្រមាណ៤០ប្រទេសផ្សេងគ្នា សរុប២ម៉ឺន២ពាន់​​នាក់​​។

បើតាមសេចក្តីប្រកាសព័ត៌មានដដែលនេះ បង្ហាញថា ដំណើរទស្សនកិច្ចនេះ វាគឺជាការ​ឆ្លុះបញ្ចាំងនៃ​​កា​​ររួមចំណែកផ្ទាល់ខ្លួន និងមិត្តភាព ដែលកម្ពុជា និងអូស្ត្រាលី បានកសាងគ្រឹះនៃចំណង​​​សម្ព័ន្ធ​​មិត្ត​​​​​​​៧០ឆ្នាំ​​កន្លង​​​ទៅ​នេះ​​​ ហើយក៏ជាការចូលរួមរំឭកខួប៣០ឆ្នាំនៃការបង្កើតអាជ្ញាធរ​​​បណ្ដោះអា​​សន្ននៃអង្គការសហប្រជាជាតិ ដែលហៅកាត់ថា «អ៊ុនតាក់» ផងដែរ។

នាយិកាប្រតិបត្តិនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) លោកស្រី ចក់ សុភាព ដែល​​ជា​​តួ​​អង្គ​​​ពី​​សង្គមស៊ីវិលមួយរូប បញ្ជាក់ថា វាមិនខុសទេ នៅក្នុងជំនួបក្រៅផ្លូវការជាមួយ​​​លោក ចន សាន់​​​ដឺ​​សុន ដំណើរទស្សនកិច្ចរបស់លោកមកកម្ពុជានេះ គឺដើម្បីរម្លឹកឡើងវិញពីប្រវត្តិតស៊ូ រហូតរៀបចំ​​ឱ្យ​​​​មានការបោះឆ្នោតមួយកាលពី៣០ឆ្នាំមុន ដែលធានាពីសេរី ត្រឹមត្រូវ និងយុត្តិធម៌។

លោកស្រីបន្តថា បើតាមលោក ចន សាន់ដឺសុន ពេលនេះ រូបលោក​​ក៏ចង់ឃើញ​​​ដំណើរការ​​​ប្រជាធិ​​ប​​​តេយ្យ​នៅកម្ពុជាពីពេលនេះទៅមុខទៀតរីកធំធាត់តាមយន្តការនៃការ​បោះឆ្នោត ដែលទទួល​​បាន​​​ការគាំទ្រពីគ្រប់ភាគីពាក់ព័ន្ធ មិន​​​ខុស​​ពី៣០ឆ្នាំ​​​មុន​​ប៉ុន្មានដែរ។

លោកស្រីបន្តថា៖ «យើងជជែកអំពីបរិយាកាសនៃការបោះឆ្នោតលើកដំបូងនៅកម្ពុជា ក្រោមការ​​សម្របសម្រួលរបស់ភ្នាក់ងារអ៊ុនតាក់ហ្នឹង។ អ៊ីចឹងយើងលើកអំពីបរិយាកាសដែលភាគច្រើនពលរដ្ឋមានភាពរីករាយនៅក្នុងការចេញទៅបោះឆ្នោតអីអ៊ីចឹងជាដើម។ ហើយនោះជាអ្វីដែលយើងទាំងអស់គ្នាចង់ឃើញប្រទេសកម្ពុជាយើងទៅមុខ ដែលយើងត្រូវមានបរិយាកាសបោះឆ្នោតមួយ ដែល​​ពល​រដ្ឋគួរ​​តែរីករាយក្នុងការចូលរួមនិងសម្រេចចិត្តចំពោះគណបក្ស​​ដែលខ្លួនពេញចិត្តហ្នឹង»។

ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា លោកបណ្ឌិត ប៉ា ចន្ទរឿន បញ្ជាក់ថា តាមពិតទៅ កម្ពុជា និងអូស្ត្រាលី បានភ្ជាប់ទំនាក់ទំនងការទូតជាមួយគ្នាតាំងពីមុនកម្ពុជាទទួលបានឯករាជ្យ​​ពេញ​​​លេ​​ញ​។ ហើយអូស្ត្រាលីក៏ជាតួអង្គដ៏សំខាន់មួយដែរ ដែលជួយសម្របសម្រួលឱ្យមានកិច្ចព្រម​​ព្រៀង​​​​​ទី​​ក្រុងប៉ារីស។ ទន្ទឹមនឹងនេះ អូស្ត្រាលី ក៏ជាដៃគូអភិវឌ្ឍ និងជាម្ចាស់ជំនួយដ៏ធំមួយដែរសម្រា​​​ប់​​​កម្ពុជា ហើយក៏ជាប្រទេសទី២សម្រាប់ពលរដ្ឋកម្ពុជាដែលជ្រើសរើសទៅរស់នៅនិង​​សិក្សា​​។

បើគេពិនិត្យអំពីឥទ្ធិពលជាអន្តរជាតិវិញ អូស្ត្រាលីក៏ជាសម្ព័ន្ធភាពអូឃឺស៏ (AUKUS) មួយដ៏​​សំ​ខាន់​​សម្រាប់​​ពិភពលោក និងតំបន់។ សម្ព័ន្ធមិត្តដែលមានសហរដ្ឋអាមេរិក អង់គ្លេស និងអូស្ត្រាលី​​ខ្លួន​​​​ឯង​​ផង​​នេះ ដែលហៅកាត់ «អូឃឹស៍» គឺមានអំណាច ដែលជួយ​ធ្វើឱ្យសណ្ដាប់​​​ធ្នាប់ពិភព​​​លោក​​​ល្អ​ជាង​​មុន តាមរយៈយន្ត​​ការ​​​នៃការកសាងកង​​កម្លាំងសន្តិសុខរួមគ្នា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ