ស្ថិតលើផ្លូវដីក្រួសក្រហមមួយខ្សែស្ថិតនៅភាគខាងជើងខេត្តកោះកុង អ្នកយកព័ត៌មានបានប្រទះឃើញព្រះភូមិចាស់មួយ ដែលត្រូវបានស្គាល់ថា ជាទីតាំងសម្រាប់រម្លឹកវិញ្ញាណក្ខន្ធដល់អ្នកការពារបរិស្ថានដ៏ល្បីល្បាញមួយរូបគឺ លោក ឈុត វុទ្ធី។
ជាមួយគ្នានេះ អ្នកយកព័ត៌មានក៏សង្កេតឃើញមានប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ក្នុងតំបន់នោះទៅមក ដោយជជែកគ្នាអំពីប្រាក់ចំណូលដែលពួកគេអាចរកបានពីដើមចន្ទន៍ក្រឹស្នានៅក្នុងព្រៃផងដែរ។
ទីតាំងខាងលើនេះ គឺជាអតីតទីតាំងព្រៃដែលលោក ឈុត វុទ្ធី ត្រូវបានគេបាញ់សម្លាប់ ខណៈរូបលោកព្យាយាមទប់ស្កាត់បទល្មើសព្រៃឈើ និងអំពើពុករលួយ កាលពី១០ឆ្នាំមុន។
សម្រាប់កូនប្រុសរបស់អ្នកការពារបរិស្ថានដ៏ល្បីល្បាញរូបនេះដែលរស់នៅក្រៅប្រទេស បានឱ្យដឹងថា ការស្លាប់បាត់បង់ជីវិតឪពុករបស់ខ្លួន គឺជាប់ពាក់ព័ន្ធនឹងសកម្មភាពដែលឪពុករបស់លោកព្យាយាមការពារព្រៃឈើ។
មុនពេលដែលត្រូវបានគេបាញ់សម្លាប់នៅឆ្នាំ២០១២ លោក ឈុត វុទ្ធី ត្រូវបានគេស្គាល់ថា ជាសំឡេងនាំមុខមួយសម្រាប់ការអភិរក្សព្រៃឈើ ការពារពារព្រៃឡង់ ដែលបន្ទាប់មកបានក្លាយជាដែនជម្រកសត្វព្រៃ និងកំណត់ព្រំប្រទល់នៃតំបន់ព្រៃការពារភ្នំក្រវាញ។
លោក ឈុត វុទ្ធី បានចាប់ផ្ដើមដំបូងដោយធ្វើការជាមួយនឹងអង្គការក្រៅរដ្ឋាភិបាលផ្នែកបរិស្ថានអន្តរជាតិនានា។ បន្ទាប់មក លោកក៏បានបង្កើតក្រុមការពារធនធានធម្មជាតិ ដែលបច្ចុប្បន្ននេះនៅតែដំណើរការនៅឡើយ ក្រោមការដឹកនាំដោយសកម្មជនដ៏ល្បីមួយរូបគឺ លោក អ៊ូច ឡេង។

បន្ទាប់ពីបង្កើតក្រុមការពារធនធានធម្មជាតិផ្ទាល់ខ្លួន លោក ឈុត វុទ្ធី បានចាប់ផ្ដើមសកម្មភាពក្នុងការប្រឆាំងនឹងអំពើពុករលួយកាន់តែខ្លាំង។ យោងតាមអ្នកស្រី Olesia Plokhii ជាអតីតអ្នកកាសែត ឌឹខេមបូឌា ដេលី (The Cambodia Daily) មួយរូប ដែលបានសម្ភាសលោក ឈុត វុទ្ធី ក្នុងឆ្នាំ២០១២ ក្នុងពេលធ្វើយុទ្ធនាការការពារព្រៃឈើ បានឱ្យដឹងថា អ្នកការពារព្រៃឈើរូបនេះ គឺត្រូវប្រឈមមុខនឹងទាហានដែលកំពុងកាប់ឈើក្នុងតំបន់ការពារ ដើម្បីចែករំលែកភស្តុតាងនៃឧក្រិដ្ឋកម្មជាមួយអ្នកកាសែត ផ្ដល់សក្ខីកម្មប្រមូលពីសាក្សីដល់អ្នកសារព័ត៌មាន អំពីអំពើពុករលួយ និងការសូកប៉ាន់នានា។
នៅថ្ងៃចុងក្រោយនៃជីវិតរបស់ខ្លួន លោក ឈុត វុទ្ធី នៅពេលនោះ បាននាំអ្នកកាសែត ឌឹខេមបូឌា ដេលី ពីររូប ទៅកាន់តំបន់ជួរភ្នំក្រវាញនៃខេត្តកោះកុង ជាចំណុចក្បែរព្រំដែនក្នុងខេត្តពោធិ៍សាត់ ដែលស្គាល់ថាជា«តំបន់វាលបី»។
នៅពេលនោះ ពួកគេបានឈប់ ដើម្បីធ្វើការស៊ើបអង្កេតក្នុងទីតាំងមួយនៅជិតព្រៃដែលមានប្រជាពលរដ្ឋកំពុងតែប្រមូលវល្លិរមៀត។
ទីតាំងខាងលើនេះ ស្ថិតនៅក្នុងដីសម្បទានដែលគ្រប់គ្រងដោយក្រុមហ៊ុន ធីមប៊ើរហ្គ្រីន (Timber Green) ដែលមានម្ចាស់ភាគហ៊ុនធំគឺ អ្នកស្រី ខៀវ សស៊ីលាភ។
យោងតាមអ្នកស្រី Olesia Plokhii បានបន្តទៀតថា លោក ឈុត វុទ្ធី អំឡុងពេលនោះមានការទាស់ពាក្យសម្ដីគ្នាជាមួយកងកម្លាំងប្រដាប់ដោយអាវុធ ដែលបានបង្កឱ្យកើតមានជាការខ្វែងគំនិងគ្នាខ្លាំង ស្របពេលដែលរថយន្តរបស់លោកមិនអាចបើកទៅមុខបាន។ បន្ទាប់ពីឮស្នូរកាំភ្លើង អ្នកកាសែតដែលរត់គេចចូលទៅក្នុងព្រៃ បានត្រឡប់មកកាន់ទីតាំងកើតហេតុវិញ ដោយបានប្រទះឃើញលោក ឈុត វុទ្ធី និងមន្រ្តីកងរាជអាវុធហត្ថម្នាក់ឈ្មោះ អ៊ិន រតនា បានស្លាប់បាត់បង់ជីវិត។
ការសង្ស័យដ៏គួរឱ្យភ្ញាក់ផ្អើល
ក្នុងរយៈពេល៥ម៉ោងបន្ទាប់ពីទទួលបានដំណឹងអំពីការស្លាប់របស់ឪពុកខ្លួន លោក ឆឺយ ឧត្ដមរស្មី ដែលបច្ចុប្បន្នមានវ័យ២៩ឆ្នាំ បានឱ្យដឹងថា រដ្ឋាភិបាលនៅពេលនោះបានបង្កើតគណៈកម្មាធិការពិសេសមួយយ៉ាងប្រញាប់ ដើម្បីស៊ើបអង្កេតរឿងនេះ។
លោកបានបន្តប្រាប់ វីអូឌី តាមរយៈទូរសព្ទឱ្យដឹងថា គណៈកម្មាធិការនេះក៏បានចេញរបាយការណ៍ចំនួន៣ ក្នុងរយៈពេលមួយថ្ងៃ ដោយរបាយការណ៍ទី១ បានចោទថា លោក អ៊ិន រតនា បានបាញ់ឪពុករបស់ខ្លួន ហើយបន្ទាប់មកគ្រាប់កាំភ្លើងក៏ផ្លាតចំមន្ត្រីកងរាជអាវុធហត្ថរូបនេះបណ្ដាលឱ្យស្លាប់បាត់បង់ជីវិត។ ក្នុងរបាយការណ៍ទី២ ដែលចេញក្នុងរយៈពេលប៉ុន្មានម៉ោងបន្ទាប់ បានរកឃើញថា លោក អ៊ិន រតនា បានបាញ់សម្លាប់លោក ឈុត វុទ្ធី ហើយក៏មានបុរសម្នាក់ទៀត គឺលោក រ៉ាន់ បូរ័ត្ន ដែលជាសន្តិសុខក្រុមហ៊ុន ធីមប៊ើរហ្គ្រីន បានទៅដណ្ដើមកាំភ្លើងពីលោក អ៊ិន រតនា បណ្ដាលឱ្យកាំភ្លើងរាលកៃត្រូវចំលោក អ៊ិន រតនា ស្លាប់នឹងកន្លែងកើតហេតុតែម្ដង។ ចំពោះរបាយការណ៍ទី៣ បានឱ្យដឹងថា លោក អ៊ិន រតនា បានបាញ់សម្លាប់ខ្លួនឯងក្រោយពីបាញ់សម្លាប់លោក ឈុត វុទ្ធី រួច។
ទាក់ទិនករណីនេះ កូនប្រុសច្បងលោក ឈុត វុទ្ធី បានឱ្យដឹងថា អាវុធប្រភេទ AK-47 ដែលលើកឡើងថា ត្រូវបានប្រើប្រាស់ក្នុងហេតុការណ៍នេះ ហាក់មិនសមហេតុផលនោះទេ ខណៈភាពខុសគ្នារវាងរបាយការណ៍ទាំង៣ ក៏មិនត្រូវបានបកស្រាយលម្អិតផងដែរ។
សម្រាប់ការបាញ់សម្លាប់ខ្លួនដោយមន្ត្រីកងរាជអាវុធហត្ថ លោក ឆឺយ ឧត្ដមរស្មី យល់ឃើញថា វាជារឿងដែលមិនពិតនោះទេ ដោយលោកលើកឡើងជាសំណួរថា តើមានអ្នកណាអាចកាន់កាំភ្លើងវែងប្រភេទ AK-47 មកតម្រង់និងបាញ់ចំខ្លួនបាន? ខណៈរបាយការណ៍ ២ ផ្សេងទៀតដែលចេញដោយរដ្ឋាភិបាលក៏បានធ្វើឱ្យរូបលោកមិនអស់ចិត្តផងដែរ។
លោកបានបន្ថែមឱ្យដឹងតាមទូរសព្ទថា៖ «វាអាចមានជាករណីអ្វីផ្សេងនៅពីក្រោយរឿងរ៉ាវនេះ ដោយខ្ញុំមិនជឿថា មន្ត្រីកងរាជអាវុធហត្ថថ្នាក់ទាបមួយរូបអាចសម្រេចចិត្តបាញ់ឪពុករបស់ខ្ញុំបាននោះទេ បើគ្មានបញ្ជាពីមេ ឬអ្នកមានអំណាចក្នុងជួររដ្ឋាភិបាល»។
លោក អ៊ិន គង់ជិត អតីតតំណាងអង្គការសិទ្ធិមនុស្សលីកាដូប្រចាំខេត្តកោះកុង ក៏មានចម្ងល់អំពីរឿងរ៉ាវនេះផងដែរ ដោយលោកក៏មិនសង្កេតឃើញមានភស្តុតាងបន្ថែមណាមួយត្រូវបានបង្ហាញឡើង បន្ទាប់ពីការស៊ើបអង្កេតរបស់រដ្ឋាភិបាលបានបិទបញ្ចប់ទៅ។
លោកដាក់ជាការសង្ស័យថា លោក អ៊ិន រតនា ច្បាស់ជាបានទទួលបញ្ជាពីថ្នាក់លើ ឱ្យចុះមកយកអង្គចងចាំ (Memory Card) ម៉ាស៊ីនថត ពីលោក ឈុត វុទ្ធី ដោយសារតែក្រុមហ៊ុនដែលពាក់ព័ន្ធនឹងអំពើពុករលួយមិនចង់ឱ្យរូបថតក្នុងទីតាំងរបស់ពួកគេត្រូវបានបែកធ្លាយចេញក្រៅនោះទេ។
អ្នកកាសែតភ្នំពេញប៉ុស្តិ៍ក៏ធ្លាប់អះអាងឱ្យដឹងថា កាលពីឆ្នាំ២០១២នោះថា សន្តិសុខក្រុមហ៊ុននេះក៏បានរារាំងពួកគេមិនឱ្យថតរូបផងដែរ។
លោក អ៊ិន គង់ជិត បន្តទៀតថា ប្រជាពលរដ្ឋដែលរស់នៅជុំវិញដីសម្បទាននៅពេលនោះ ហាក់មានការភ័យខ្លាចក្នុងការរាយការណ៍អំពីបទពិសោធន៍របស់ពួកគេជាមួយក្រុមហ៊ុន ធីមប៊ើរហ្គ្រីន និងទាក់ទងហេតុការណ៍ថ្ងៃការបាញ់ប្រហារសម្លាប់លោក ឈុត វុទ្ធី។
លោកប្រាប់វីអូឌីថា៖ «អ្នកភូមិនៅទីនោះនិយាយថា ពួកគេមិនបានដឹង មិនឃើញ។ ពួកគេមិនចង់ឆ្លើយនោះទេ ដូច្នេះក៏បានប្រើលេសថា ពួកគេថាមិននៅទីនោះ ហើយមិនឃើញ ឬថាពួកគេស្ទើរតែភ្លេចអំពីករណីនេះបាត់ទៅហើយ»។
គួរបញ្ជាក់ថា សាលាដំបូងខេត្តកោះកុងបានបើកការស៊ើបអង្កេតមួយលើការស្លាប់របស់លោក ឈុត វុទ្ធី ប៉ុន្តែបានទម្លាក់ចោលវិញក្នុងរយៈពេលបីខែបន្ទាប់។
នៅក្នុងករណីនេះ លោក រ៉ាន់ បូរ័ត្ន ដែលជាសន្តិសុខក្រុមហ៊ុន ត្រូវបានតុលាការកាត់ទោសក្នុងខែតុលា ឆ្នាំដដែលនោះ ឱ្យជាប់ពន្ធនាគារ២៤ខែ ពីបទ «មនុស្សឃាតដោយអចេតនា» ប្រព្រឹត្តលើលោក អ៊ិន រតនា ប៉ុន្តែទោសចំនួន១៨ខែត្រូវបានព្យួរ ហើយសន្តិសុខរូបនេះត្រូវបានដោះលែងវិញភ្លាមៗក្រោយប្រកាសសាលក្រមរួច។
ចំពោះការកាត់ក្ដីលើករណីស្លាប់បាត់បង់ជីវិតរបស់លោក ឈុត វុទ្ធី គឺមិនត្រូវបានធ្វើឡើងនោះទេ ដោយចៅក្រមខេត្តបានប្រកាសដាក់បន្ទុកលើមន្ត្រីកងរាជអាវុធហត្ថ [អ៊ិន រតនា] ដែលស្លាប់បាត់បង់ជីវិតក្នុងករណីនេះ។
ត្រលប់មកកាន់អតីតតំណាងអង្គការសិទ្ធិមនុស្សលីកាដូប្រចាំខេត្តកោះកុងវិញ បានបន្ថែមថា តាមរយៈការចូលរួមសវនាការលើករណីរបស់លោក រ៉ាន់ បូរ័ត្ន លោកសង្កេតឃើញថា ការអះអាងរៀបរាប់ពីសកម្មភាពដែលបុគ្គលរូបនេះសម្លាប់លោក អ៊ិន រតនា ដោយអចេតនានោះ ហាក់មិនសមហេតុផលឡើយ។
លោកថា៖ «ប្រសិនបើ [កាំភ្លើង] រាលកៃ ហេតុអ្វីបានជាវាបាញ់ចំគោលដៅដល់ទៅពីរគ្រាប់? តើ [លោក រ៉ាន់ បូរ័ត្ន] អាចព្យាយាមដណ្ដើមកាំភ្លើងបានដោយរបៀបណា? ខណៈលោក អ៊ិន រតនា មានមាឌធំជាង»។
ចំពោះលោក ឆឺយ ឧត្ដមរស្មី បានឱ្យដឹងថា ខ្លួនមិនដែលទៅចូលរួមថ្លែងជាសាក្សីក្នុងការជំនុំជម្រះក្ដីទាំងនេះឡើយ ហើយក៏មិនធ្លាប់ទទួលបានឯកសារណាមួយដែលប្រើក្នុងការស៊ើបអង្កេតនោះដែរ។
លោកថា៖ «ខ្ញុំមិនបានតាមដាននោះទេ ព្រោះវាគ្មានប្រយោជន៍សម្រាប់ខ្ញុំ ដោយខ្ញុំដឹងថាតុលាការមិនឯករាជ្យ»។
ជំនួសមកវិញ លោកបានសម្រេចចំណាយពេលវេលាក្នុងការលើកកម្ពស់ការយល់ដឹងជាអន្តរជាតិ ដោយអះអាងថា លោកបច្ចុប្បន្នកំពុងតែព្យាយាមនាំយកករណីស្លាប់ឪពុករបស់ខ្លួន ការស៊ើបអង្កេតបិទជិត និងឧក្រិដ្ឋកម្មព្រៃឈើនេះទៅកាន់តុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC)។
ជាការឆ្លើយតបទៅនឹងការអំពាវនាវស្វែងរកយុត្តិធម៌នេះ អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន បានដាក់ជាសំណួរថា តើការផ្ដន្ទាទោសអ្វីដែលលោក ឆឺយ ឧត្ដមរស្មី ចង់បានសម្រាប់ឪពុករបស់ខ្លួន?។
អ្នកនាំពាក្យរូបនេះថ្លែងប្រាប់វីអូឌីថា៖ «យុត្តិធម៌ដែលអាជ្ញាធរផ្ដល់ឱ្យគឺស្របតាមច្បាប់ ហើយជនល្មើសដែលបានប្រព្រឹត្ត [បទឧក្រិដ្ឋ] ក៏ត្រូវបានផ្ដន្ទាទោសតាមច្បាប់រួចហើយផងដែរ»។
លោកបន្តថា៖ «ប្រសិនបើពួកគេយល់ឃើញថាគាត់ [លោក អ៊ិន រតនា] មិនមែនជាជនល្មើសពិតប្រាកដ ហើយមានអ្នកជាប់ពាក់ព័ន្ធផ្សេងទៀត ពួកគេអាចផ្ដល់ជាភស្តុតាង និងសហការជាមួយអាជ្ញាធរបាន។ ហើយប្រសិនបើពួកគេរកឃើញមានអ្នកផ្សេងទៀតបានប្រព្រឹត្ត [ឧក្រិដ្ឋកម្ម] ដែលមិនមែនជាលោក អ៊ិន រតនា តុលាកានឹងបើកសំណុំរឿងឡើងវិញ។ ប៉ុន្តែរហូតមកដល់ពេលនេះ យើងមិនទាន់ឃើញមានអ្វីថ្មីពីពួកគេនោះទេ»។

ទិដ្ឋភាពព្រៃជួរភ្នំក្រវាញ. (Danielle Keeton-Olsen)
អ្វីដែលសកម្មជនទទួលបាន
អ្នកស្រី Olesia Plokhii ជាអតីតអ្នកកាសែត ឌឹខេមបូឌា ដេលី បានរំឭកពីសកម្មភាពដែលខ្លួនឃើញលោក ឈុត វុទ្ធី ច្រៀងបទចម្រៀងស្នេហាប៉ុន្មានម៉ោងមុនហេតុការណ៍កើតឡើង។ កញ្ញាបានអះអាងថា នៅពេលនោះ ខ្លួនក៏បានសួរលោក ឈុត វុទ្ធី ថាគាត់សប្បាយចិត្តដែរឬទេ ដោយលោកបានឆ្លើយតបថា៖ «ខ្ញុំពេញចិត្តរាល់ពេលដែលខ្ញុំអាចសម្រេចបាននូវការងារទាំងឡាយ។ ប៉ុន្តែជីវិតរបស់ខ្ញុំ គឺលំបាកណាស់»។
លោក ឆឺយ ឧត្ដមរស្មី បានបញ្ជាក់ថា ឪពុករបស់ខ្លួនធ្លាប់លើកឡើងពីគោលបំណងទៅសម្រាកនៅស្រុកកំណើតក្នុងខេត្តកណ្ដាល នៅក្បែរជីតារបស់លោក [ឪពុកលោក ឈុត វុទ្ធី] ដែលឪពុករបស់លោកបានថ្លែងប្រាប់ក្នុងរយៈពេលពីរខែមុនពេលគាត់ទទួលមរណភាព ខណៈពួកគេបើកឡានឆ្លងកាត់ខេត្តកោះកុង ដើម្បីស៊ើបអង្កេតការកាប់ឈើខុសច្បាប់រួមគ្នាទាំងកណ្ដាលអធ្រាត្រ។
កូនប្រុសរបស់លោក ឈុត វុទ្ធី រូបនេះបន្តថា លោកតែងតែចងចាំនូវការងារឪពុករបស់ខ្លួនដែលបានធ្វើជានិច្ច ហើយប្រជាជនកម្ពុជាក៏ចងចាំដូចគ្នាដែរ បើទោះបីជាលោកជឿថា រដ្ឋាភិបាលកំពុងធ្វើការប្រឆាំងនឹងគោលដៅឪពុករបស់ខ្លួនក៏ដោយ។
លោក ឆឺយ ឧត្ដមរស្មី បន្ថែមថា៖ «ក្ដីស្រមៃរបស់ឪពុករបស់ខ្លួន [លោក ឈុត វុទ្ធី] គឺចង់ឃើញប្រទេសកម្ពុជាបញ្ឈប់ការកាប់បំផ្លាញព្រៃឈើ ហើយទីតាំងកែច្នៃឈើនានាត្រូវតែបិទ ប៉ុន្តែវាពិបាកខ្លាំងណាស់ ដោយសាររដ្ឋាភិបាលមិនមានការប្ដេជ្ញាចិត្តពិតប្រាកដឡើយ ទាក់ទិននឹងករណីនេះ។ ពួកគេ [រដ្ឋាភិបាល] មិនចង់បានវានោះទេ ដោយសារតែក្នុងនោះមានមន្ត្រីជាច្រើនកំពុងតែធ្វើអាជីវកម្មទាក់ទងនឹងឈើ។ ដូច្នេះ ប្រសិនបើពួកគេចាត់វិធានការលើករណីនេះ នោះវានឹងប៉ះពាល់ដល់ខ្លួនឯង»។
គួរបញ្ជាក់ថា ការកាប់បំផ្លាញព្រៃឈើ និងការវិវត្តនានាទាក់ទងនឹងសកម្មភាពនេះ ត្រូវបានសង្កេតឃើញថាមានការរីកចម្រើនកាន់តែខ្លាំងអំឡុងអវត្តមានរបស់លោក ឈុត វុទ្ធី។
សម្បទានព្រៃឈើ
ក្រុមហ៊ុន ធីមប៊ើរហ្គ្រីន ដែលជាគោលដៅនៃយុទ្ធនាការចុងក្រោយរបស់លោក ឈុត វុទ្ធី ត្រូវបានផ្ដល់នូវដីទំហំ ៣ ៥០០ ហិកតា នៅឆ្នាំ២០១០ ក្នុងគោលបំណងដើម្បីត្រួសត្រាយផ្លូវឱ្យក្រុមហ៊ុនយក្សចិនឈ្មោះ China Datang Corporation ក្នុងការសាងសង់ទំនប់វារីអគ្គិសនីចំនួន ២ ដែលរួមមាន «ស្ទឹងតាតៃ» និង «ស្ទឹងឫស្សីជ្រុំ»។
ក្រុមហ៊ុនដដែលនេះមានបំណងរៀបចំដីសម្រាប់អាងស្តុកទឹក ដោយក្រុមហ៊ុនចិន Datang នឹងរៀបចំដើម្បីបង្កើតថាមពល។ ទោះជាយ៉ាងណា ក្រុមហ៊ុន ធីមប៊ើរហ្គ្រីន បានធ្វើសកម្មភាពលើសពីការអនុញ្ញាតនេះ ដែលក្នុងនោះ ខ្លួនបានលួចបង្កើតជារោងចក្រកែច្នៃសម្រាប់ឈើប្រណីត និងវល្លិរមៀត។ នេះបើយោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយមួយចំនួនដែលចេញកាលពីដើមឆ្នាំ២០១០។
ក្រុមហ៊ុន ធីមប៊ើរហ្គ្រីន បានបាត់ខ្លួនទៅវិញ ជាមួយនឹងឈើគ្រញូងជាច្រើនក្នុងខេត្តកោះកុង ភ្លាមៗបន្ទាប់ពីការស្លាប់របស់លោក ឈុត វុទ្ធី ហើយយោងតាមការប៉ាន់ប្រមាណរបស់អ្នកស្រាវជ្រាវ Mira Kakonen ក្រុមហ៊ុននេះក៏បានបន្សល់ទុកនូវការបំភាយឧស្ម័នដែលប៉ះពាល់ដល់អាកាសធាតុផងដែរ។
ក្នុងរយៈពេលប៉ុន្មានខែមុនការស្លាប់របស់លោក ឈុត វុទ្ធី គម្រោងទំនប់ទឹកទាំងនេះត្រូវបានផ្ដល់មូលនិធិដោយយន្តការ Clean Development Mechanism ជាប្រភពហិរញ្ញវត្ថុនៃការប្រែប្រួលអាកាសធាតុមួយដែលត្រូវបានបង្កើតឡើងដោយអង្គការសហប្រជាជាតិជាសកល ដើម្បីលើកកម្ពស់គម្រោងដែលកាត់បន្ថយការបំភាយឧស្ម័ន។ រដ្ឋាភិបាលកម្ពុជាក៏បានទទួលផ្នែកមួយនៃមូលនិធិនោះដែរ។
ក្រៅពីទំនប់វារីអគ្គិសនី ក្រុមហ៊ុនបានសាងសង់ផ្លូវ និងបណ្ដាញអគ្គិសនីចូលទៅក្នុងព្រៃខេត្តកោះកុង ហើយនៅតាមដងផ្លូវទាំងនោះក៏សង្កេតឃើញមានស្នាមនៃការកាប់ព្រៃឈើតាមដងស្ទឹងឫស្សីជ្រុំ ខ្សែបណ្ដាញទំនប់ និងផ្លូវក្រុមហ៊ុនផងដែរ។ នេះបើយោងតាមរូបភាពដែលបង្ហាញដោយស្ថាប័នតាមដានការបាត់បង់ព្រៃឈើ Global Forest Watch។

ផលប៉ះពាល់
ស្ថិតនៅលើដងផ្លូវចេញពីក្រុមហ៊ុន China Datang Corporation អ្នកសារព័ត៌មានសង្កេតឃើញមានតូបតូចមួយដែលលក់ប្រេងសាំង ភេសជ្ជៈ និងមីកំប៉ុងដល់អ្នកដំណើរដែលឈប់សម្រាកដើម្បីទទួលទានអាហារសម្រន់ និងមួយចំនួនទៀតសម្រាកពីការងារ។
ខណៈអ្នកសារព័ត៌មានបានទៅដល់ទីតាំង ពួកគេក៏សង្កេតឃើញមានទាហានមួយក្រុមមានគ្នា៦នាក់ មកពីខេត្តកោះកុង ដែលទើបតែចេញដំណើរតាមផ្លូវទៅឃុំអូរសោម ខេត្តពោធិ៍សាត់ ដោយជិះម៉ូតូដឹកបាវអង្ករ ក្នុងគោលបំណងដើម្បីរកដើមចន្ទន៍ក្រឹស្នានៅក្នុងព្រៃ។ នៅពេលដែលពួកគេឈប់ម៉ូតូសម្រាក ក្នុងនោះមានម្នាក់ក្នុងចំណោមពួកគេបានលាន់មាត់ថា៖ «ចំនួនទឹកប្រាក់ដែលអាចរកបាន គឺអាស្រ័យលើទំហំរបស់ឈើប្រណិត»។
ជាមួយគ្នានេះ បុរសចំណាស់ម្នាក់បានរំឮកប្រាប់អ្នកសារព័ត៌មានពីការដែលគាត់បានឮសំឡេងនៃការបាញ់ប្រហារកាលពីខែមេសា ឆ្នាំ២០១២ និងក្រោយមកបានធ្វើដំណើរចូលទៅក្នុងព្រៃដើម្បីស្វែងរកសាកសពរបស់លោក ឈុត វុទ្ធី។
បុរសដដែលខាងលើនេះក៏នៅចងចាំអំពីសកម្មភាពរបស់អ្នកកាសែតពីររូបដែលអមដំណើរលោក ឈុត វុទ្ធី ត្រូវបានកងរាជអាវុធហត្ថនាំទៅកាន់ការិយាល័យខេត្ត និងការដែលលោកនិងអ្នករស់នៅក្បែរនោះត្រូវបានសួរនាំដោយសមត្ថកិច្ចផងដែរ។ ការអះអាងរបស់បុរសនេះហាក់មានភាពស្របគ្នាទៅនឹងការលើកឡើងដោយអតីតអ្នកកាសែត ឌឹខេមបូឌា ដេលី អ្នកស្រី Olesia Plokhii ផងដែរ។
លោកក៏បានដឹងអំពីករណីតស៊ូចុងក្រោយដើម្បីយកអង្គចងចាំ (ម៉េម៉ូរី) ម៉ាស៊ីនថត ខណៈអ្នកស្រី Olesia Plokhii នៅចាំបានថា លោក ឈុត វុទ្ធី ក្នុងអំឡុងហេតការណ៍នោះបានព្យាយាមរក្សាកាមេរ៉ាម៉ាក Canon របស់ខ្លួន។
ប្រភពដដែលបានបន្ថែមថា បន្ទាប់ពីការបាញ់ប្រហារ គេក៏សង្កេតឃើញមានមនុស្សធ្វើដំណើរតាមឧទ្ធម្ភាគចក្រចុះមកយកសក្ខីកម្មពីខ្លួនផងដែរ។
បុរសរូបនេះបន្តថា៖ «ខ្ញុំបានប្រាប់ទៅកាន់ពួកគេវិញថា ខ្ញុំមិនដឹងអ្វីនោះទេ។ ខ្ញុំនៅផ្ទះ ហើយឮតែសំឡេងផ្ទុះពីចម្ងាយប៉ុណ្ណោះ។ ពេលខ្ញុំមកដល់ទីតាំង គាត់ [លោក ឈុត វុទ្ធី] បានស្លាប់បាត់ទៅហើយ។ ខ្ញុំបានរើកៅអីរថយន្តដើម្បីរំកិលខ្លួនគាត់ចេញ»។
លោកក៏នៅចាំបានថា សន្តិសុខក្រុមហ៊ុនដែលត្រូវបានចាប់ខ្លួននោះជាមនុស្សមានចិត្តល្អ ហើយតែងតែទិញឈើគ្រញូងពីអ្នកភូមិ។ គាត់ក៏រម្លឹកពីការដែលក្រុមហ៊ុន និងសន្តិសុខរបស់ខ្លួនចាកចេញភ្លាមៗ បន្ទាប់ពីការស្លាប់របស់លោក ឈុត វុទ្ធី។
បន្ទាប់ពីក្រុមហ៊ុនបានចាកចេញពីកន្លែងកើតហេតុ បុរសរូបនោះបានអះអាងថា ក្រុមគ្រួសាររាប់សិបនាក់បានរើទៅកាន់តំបន់ជុំវិញកន្លែងឃាតកម្មរបស់លោក ឈុត វុទ្ធី ដោយមួយចំនួនចង់ឃើញពីទីតាំងនៃការបាញ់ប្រហារ និងមួយចំនួនទៀតមានបំណងចង់ចាប់យកដីក្នុងតំបន់នោះដើម្បីអាស្រ័យផល។ ទោះជាយ៉ាងណា ពួកគេទាំងនោះបន្ទាប់មកក៏ត្រូវអង្គការ Wild Aid ដែលបច្ចុប្បន្នជា Wildlife Alliance ស្នើឱ្យរើចេញផងដែរ។
ត្រលប់មកកាន់កូនប្រុសច្បងលោក ឈុត វុទ្ធី គឺលោក ឆឺយ ឧត្ដមរស្មី វិញ យល់ថា បទល្មើសនៅតែបន្តកើតឡើងជាហូរហែ ដោយសារតែតំបន់នោះនៅមានធនធានព្រៃឈើមានតម្លៃដែលនៅសេសសល់។ ទីផ្សារនាពេលបច្ចុប្បន្នបានវិវត្តពីឈើគ្រញូង និងវល្លិរមៀត ទៅជាអគ្គិសនី និងដើមចន្ទន៍ក្រឹស្នាវិញ។
លោកថា៖ «ធនធានធម្មជាតិនៅសេសសល់ជាច្រើន [នៅក្នុងព្រៃនោះ] ជាពិសេសឈើប្រណីតនៅក្នុងដីរបស់ក្រុមហ៊ុន។ ដូច្នេះ ក្រុមហ៊ុនបានព្យាយាមលាក់បាំង [ឧក្រិដ្ឋកម្មរបស់ខ្លួន]»។
ទាក់ទិនករណីនេះ អ្នកស្រី ខៀវ សស៊ីលាភ ដែលជាម្ចាស់ភាគហ៊ុនធំក្នុងក្រុមហ៊ុន ធីមប៊ើរហ្គ្រីន មិនអាចទាក់ទងបានតាមរយៈលេខទូរសព្ទដែលត្រូវបានចុះបញ្ជីដោយអង្គការពាក់ព័ន្ធឡើយ។
ដោយប្រកាន់គោលជំហរក្នុងការស្វែងរកយុត្តិធម៌ លោក ឆឺយ ឧត្ដមរស្មី ផ្ដល់តម្លៃចំពោះការខិតខំប្រឹងប្រែងរបស់ឪពុកខ្លួន ដែលជាគំរូដ៏ល្អមួយក្នុងចំណោមសកម្មជនបរិស្ថានដទៃទៀត ខណៈលោកជឿជាក់ថា មិនទាន់មានអ្នកណាអាចការពារព្រៃឈើបានដូចឪពុករបស់លោកឡើយ។
ទោះជាយ៉ាងណា លោកក៏បន្តលើកទឹកចិត្តដល់អ្នកផ្សេងទៀតឱ្យមានការខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាពក្នុងកិច្ចការងារការពារបរិស្ថានរបស់ពួកគេផងដែរ។
លោកបន្ថែមថា៖ «បើទោះបីជារដ្ឋាភិបាលមិនឱ្យតម្លៃដល់គាត់ [លោក ឈុត វុទ្ធី] ក៏ដោយ ប៉ុន្តែប្រជាជនកម្ពុជាឱ្យតម្លៃដល់គាត់។ អ្វីដែលគាត់បានបន្សល់ទុក គឺការដែលធ្វើឱ្យប្រជាជនកម្ពុជាចេះស្រឡាញ់ព្រៃឈើ ហើយហ៊ានក្រោកឈរការពារដូចគាត់ដែរ»៕
បកប្រែនិងសម្រួលដោយលោក ភុន ច័ន្ទឧសភា ចេញពីអត្ថបទដើមភាសាអង់គ្លេស៖ Forest Crusader’s Death Couldn’t Stop Destruction in Cardamoms