របាយការណ៍របស់គណៈកម្មការអន្តរក្រសួង ឱ្យដឹងថា ក្នុងរយៈពេល២ខែចុងក្រោយនេះ យ៉ាងហោចណាស់ មនុស្ស២៤នាក់ត្រូវបានឃុំខ្លួន ក្នុងចំណោមជនសង្ស័យ៤៥នាក់ ខណៈមនុស្ស២០នាក់ត្រូវបានតុលាការចេញដីកាកោះហៅ និងជាង៤ ៣០០នាក់ទៀតត្រូវបានអប់រំ ពាក់ព័ន្ធការនេសាទខុសច្បាប់នៅបឹងទន្លេសាប។
គណៈកម្មការអន្តរក្រសួង ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទនៅបឹងទន្លេសាប បានចេញផ្សាយរបាយការណ៍មួយកាលពីថ្ងៃទី២ ខែឧសភានេះថា ការបង្ក្រាបបទល្មើសនេសាទខុសច្បាប់នៅបឹងទន្លេសាបក្នុងរយៈពេល២ខែ គឺចាប់ពីថ្ងៃទី២ ខែមីនា ដល់ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២២ អាជ្ញាធរពាក់ព័ន្ធបានបញ្ជូនសំណុំរឿងទៅតុលាការចំនួន៤៤នាក់ ក្នុងចំណោមជនសង្ស័យ៤៥នាក់ ខណៈជនសង្ស័យ២៤នាក់ត្រូវបានឃុំខ្លួន មនុស្ស២០នាក់ត្រូវបានតុលាការចេញដីកាកោះហៅ និងមនុស្ស៤ ៣២៦នាក់ត្រូវបានអប់រំ។
របាយការណ៍ដដែលបន្តថា ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសនោះដែរ អាជ្ញាធរក៏បានដកហូតមធ្យោបាយប្រព្រឹត្តបទល្មើសនេសាទមួយចំនួនផងដែរ ក្នុងនោះរួមមាន កាណូត ៧០គ្រឿង, ម៉ាស៊ីនកាណូត ២៥គ្រឿង, អួនអូសទឹកសាប ៣៤វង់, ម៉ាញ់ ៣វង់, ឆក់ត្រជាក់ឆក់ក្ដៅ ៦៥៥គ្រឿង, ឈិបយន្ត ៥គ្រឿង, អួនហ៊ុម ១៦វង់, របាំងស្បៃមុងឬសាច់អួន ៤៩ ៤១០ម៉ែត្រ, លូឬលប ៤៣៥មាត់, និងបង្គោលឬចម្រឹង ៥៨ ៥០៤ដើម។
វីអូឌី មិនអាចសុំការបញ្ជាក់បន្ថែមពីរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន បានទេ ពាក់ព័ន្ធករណីនេះ។
ប៉ុន្តែលោកបានសរសេរលើហ្វេសប៊ុករបស់លោកនៅថ្ងៃនេះថា គណៈកម្មការអន្តរក្រសួង ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទនៅបឹងទន្លេសាប បានជួបប្រជុំគ្នាកាលថ្ងៃទី២ ខែឧសភានេះ ដោយមានការចូលរួមពីអគ្គស្នងការនគរបាលជាតិ លោក នេត សាវឿន មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក សៅ សុខា និងអភិបាលខេត្តទាំង៦នៅជុំវិញបឹងទន្លេសាប ដើម្បីពិនិត្យ តាមដាន និងវាយតម្លៃលើលទ្ធផលការងារបង្ក្រាបបទល្មើសជលផលនៅបឹងទន្លេសាបក្នុងរយៈពេលកន្លងមក និងលើកទិសដៅបន្ត។
លោក វេង សាខុន បន្តថា ការប្រជុំពិភាក្សាលើការងារបង្ក្រាបបទល្មើសនៅបឹងទន្លេសាប និងរៀបចំលើកទិសដៅបន្តនេះ គឺដើម្បីអនុវត្តបទបញ្ជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឱ្យបានម៉ឺងម៉ាត់ មានប្រសិទ្ធភាពខ្ពស់ និងមាននិរន្តរភាព ដោយបានដាក់ចេញនូវវិធានការចាំបាច់មួយចំនួននៅចំពោះមុខ និងរយៈពេលវែង ក្នុងការទប់ស្កាត់ រួមទាំងបង្ក្រាបបទល្មើសជលផលខុសច្បាប់នៅបឹងធម្មជាតិមួយនេះ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២នេះ បានដាក់បទបញ្ជាផ្ទាល់មាត់ឱ្យកងទ័ព និងកងកម្លាំងនគរបាលចូលរួមជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់នៅលើបឹងទន្លេសាប ក្រោយលោកទទួលបានព័ត៌មានថា បទល្មើសនេសាទនៅបឹងធម្មជាតិមួយនេះកំពុងកើតឡើងក្នុងទ្រង់ទ្រាយធំ។
សហគមន៍នេសាទនៅខេត្តបាត់ដំបង ដែលជាខេត្តជាប់បឹងទន្លេសាប លោក ជា សារិន មានប្រសាសន៍ថា បច្ចុប្បន្ននេះ បទល្មើសនេសាទនៅបឹងទន្លេសាបនៅតែបន្តកើតមានជាលក្ខណៈទ្រង់ទ្រាយតូចៗ។ លោកថា បទល្មើសនេះបន្តកើតមានដោយសារការគប់គិតគ្នាជាប្រព័ន្ធរវាងមន្ត្រីនិងជនល្មើស។
លោក ជា សារិន បន្តថា នៅពេលដែលលោករាយការណ៍ឬលើកឡើងពីបទល្មើសនេះ ត្រូវមន្ត្រីជលផលរើសអើង និងលាបពណ៌ថាជាពួកប្រឆាំងទៅវិញ។
លោកបន្ថែមថា៖ «បើចង់លុបបំបាត់បទល្មើសនេះឱ្យស្អាតល្អ ទាល់តែដូរនាយខណ្ឌ ដូរប្រធានមន្ទីរកសិកម្ម កុំឱ្យនៅដដែល។ ដូច្នេះ វាមានបណ្ដាញ វាខ្សែរបក្ខពួកវាម៉ាគ្រប់។ បើដូរ២ឆ្នាំម្ដង ឱ្យទៅខេត្តនេះ ទៅខេត្តនោះ អ៊ីចឹងវាស្គាល់អត់អស់ទេ អ៊ីចឹងវារកពេលឆ្លៀតគប់គិតគ្នាអត់បាន»។
ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ៥១ នៅខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លើកឡើងថា បទល្មើសនេសាទនៅបឹងទន្លេសាបនៅតែបន្តកើតឡើង ដោយសារតែមន្ត្រីអនុវត្តច្បាប់ធ្វើការបង្ក្រាបតែពេលលោកក្រើនរម្លឹកប៉ុណ្ណោះ ដែលករណីនេះ ធ្វើឱ្យវិធានការទប់ស្កាត់បទល្មើសដែលបានដាក់ចេញគ្មានប្រសិទ្ធភាព៕